តើអ្នកដឹងអំពីភាពខុសគ្នារវាង Geisha និង Maiko ទេ?

ពាក្យ Geisha (ភាសាជប៉ុន 芸者 – សិល្បករ ន័យចំអ្នកចូលចិត្តវិស័យសិល្បៈ) ពាក្យ “សិប្បករ” ចេញមកពីពាក្យ Gei (藝) និង sha (者) មកពីភាសាតូក្យូដែល​ទទួលស្គាល់ដោយប្រទេសលោកខាងលិចជា Geisha ។

ពួកគេជាអ្នកមានទេពកោសល្យ សមត្ថភាពរាំរបាំ ហើយអាចជជែកលេងជាមួយភ្ញៀវគ្រប់រូបផងដែរ។ នារី Geisha ត្រូវបានបណ្តុះបណ្តាលរយៈពេលច្រើនឆ្នាំ ចេះលេងឧបករណ៍ភ្លេង ចេះច្រៀងរាំ ជជែកលេង និងដំករភ្ញៀវផឹក។

Maiko គឺជាអ្នកហាត់ដើម្បីក្លាយទៅជា Geisha នៅក្មេង ហើយបទពិសោធតិចជាង Geisha អាយុចាប់ពី ១៥ ទៅ ២០ ឆ្នាំ។ នារី Maiko ត្រូវបានបណ្តុះបណ្តាល និងណែនាំដោយ Geisha មានបទពិសោធម្នាក់តាំងពីការធ្វើដំណើរ ស្លៀកពាក់ និងតុបតែងខ្លួនរហូតដល់បញ្ចប់វគ្គបណ្តុះបណ្តាលក្លាយជា Geisha ក្នុងពិធីមានឈ្មោះថា Erikae (ប្តូរកអាវ) ។

ខាងឆ្វេង Maiko និងខាងស្តាំ Geisha

តើភាព​ខុសគ្នារវាង Geisha និង Maiko ជាអ្វី?

១. ម៉ូដសក់

នារី Maiko ត្រូវ​ប្តូរម៉ូដសក់អាស្រ័យលើដំណាក់កាលនីមួយៗនៃអាជីពរបស់ពួកគេ សក់ក្បាលត្រូវ​បានរុំយ៉ាងពិសេស និង​តុបតែងស្រស់ស្អាត ចំណែក Geisha អាចប្តូរម៉ូដសក់តាមដែល​ខ្លួន​ចូលចិត្ត ហើយភាគច្រើនពាក់សក់ក្លែងក្លាយ។

ភាគច្រើន Maiko ពិបាកពេលធ្វើសក់ ពួកគេត្រូវ​រក្សាសក់ល្អបំផុតដើម្បីកុំឱ្យសក់រញ៉េរញ៉ៃ។ ពួកគេមិន​គេងលើខ្នើយទេ ប៉ុន្តែដេកលើជើងទម្រតូចមួយហៅថា Takamakura ជួយរក្សាសក់អោយ​ស្អាតពេលភ្ញាក់ពីគេង។

Maiko ភាគច្រើនមិន​តុបតែងចុងសក់ទេ ចំណែក Geisha ត្រូវ​តុបតែងរហូតដល់ចុងសក់ព្រោះពួកគេពាក់សក់។

Maiko មាន​មូ៉ដសក់ចំនួន ៥ សម្រាប់សម្គាល់ដំណាក់កាលខុសគ្នាកំឡុងពេល​ហាត់ការ។

២. Kanzashi

Kanzashi គឺជាគ្រឿងតុបតែងសក់។ Maiko ភាគច្រើនតុបតែងគ្រឿងលម្អសក់មានលក្ខណៈស្មុគស្មាញដូចជាស្នៀតសក់ ផ្កា និង​ក្រាស ហើយអាស្រ័យលើរដូវកាលគ្រឿងលម្អសក់ក៏ត្រូវ​ប្តូរ​ផងដែរ។ ទន្ទឹមនឹងនោះ Geisha គ្រាន់​តែប្រើស្នៀតសក់ និង​ក្រាសតូចសាមញ្ញធម្មតា។

៣. តុបតែងមុខ

ដោយសារតែ Maiko មិនពាក់សក់ដូច្នេះតាមចុងសក់មិន​ចាំបាច់ផាត់ម្សៅ។ រោមចិញ្ចើមរបស់ពួកគេមានពណ៌ក្រហមឬពណ៌ផ្កាឈូក ចំណែកត្របកភ្នែកមានពណ៌ក្រហមឬខ្មៅ។ ក្នុងឆ្នាំដំបូងបបូរមាត់លាបពណ៌ក្រហម ហើយចាប់ពីឆ្នាំទី ២ ទើបគេលាបបបូរមាត់ក្រហមទាំងស្រុង។

Geisha ភាគច្រើនពាក់សក់ដូច្នេះ​ត្រូវ​ផាត់ម្សៅរហូត​ដល់ចុង​សក់ ចិញ្ចើមលាបពណ៌ក្រហម ត្របកភ្នែក​លាបពណ៌ខ្មៅ ហើយបបូរមាត់លាបពណ៌ក្រហម។

ទាំង Maiko និង Geisha សុទ្ធតែ​ផាត់​ម្សៅស ប៉ុន្តែ Maiko ប្រើពណ៌ក្រហមច្រើនលើថ្ពាល់ និងជុំវិញភ្នែក។

Maiko ភាគច្រើន​ផាត់​មុខ​ឆើតឆាយចំណែក Geisha ផាត់មុខសាមញ្ញបង្ហាញភាពចាស់ទុំរបស់នាង។

៤. សម្លៀកបំពាក់

៤.១ Kimono

Maiko ស្លៀកឈុត kimono ចម្រុះពណ៌ហៅថា hikizuri មានដៃអាវវែងស្រដៀងនឹង furisode ។ ពេល​ខ្លះដៃអាវ kimono របស់ Maiko វែងរហូតដល់កជើង។ ពណ៌ និង​ម៉ូដគីម៉ូណូត្រូវអាស្រ័យលើរដូវ​កាល។

ផ្ទុយទៅវិញ Geisha មានអាយុច្រើនជាង សម្លៀកបំពាក់បង្ហាញភាពចាស់ទុំ មិន​ប្រើពណ៌ឆើតឆាយ ប្រើពណ៌តិច ​ការរចនាសាមញ្ញ និងដៃអាវខ្លី។

៤.២ Obi

ខាងឆ្វេង Maiko និងខាងស្តាំ Geisha

ខ្សែក្រវ៉ាត់ (obi) របស់ Maiko គេហៅថា daraki (ចងខ្សែលើត្រគាក) ប្រវែង ៦-៧ ម៉ែត្រវែងរហូតដល់កជើង។ ចំណុច​មួយ​ទៀតរបស់ daraki obi ជាសញ្ញាសម្គាល់អោយដឹងថា Maiko ស្ថិតនៅ okiya (កន្លែងស្នាក់នៅ និងសិក្សារបស់ Geisha និង Maiko) ។

ចំណែក obi របស់ Geisha គឺខ្លី ស្តើង និងចងជារាងការ៉េ។

៤.៣ កអាវ

ខាងឆ្វេង Maiko និងខាងស្តាំ Geisha

កអាវគីម៉ូណូរបស់ Maiko ជាទូទៅខ្លីត្រង់កញ្ចឹងកភាគច្រើនមាន​ពណ៌ក្រហម លឿង និង​ស (ឬពណ៌លឿងស្រាល) រួមទាំងក្បាច់រចនា ចំណែកកអាវរបស់ Geisha មានពណ៌សវែងត្រង់កញ្ចឹងក។

៤.៤ ស្បែកជើង

Maiko ពាក់ស្បែក​ជើងកែងខ្ពស់គេហៅថា okobo  ស្បែក​ជើងកែងឈើមិន​លាបពណ៌។ ​ខ្សែស្បែក​ជើងបង្ហាញអោយយើងដឹងពីរយៈពេលសិក្សារបស់ Maiko ខ្សែស្បែក​ជើងពណ៌ក្រហម​សម្រាប់ Maiko ទើបតែចូលថ្មី ខ្សែ​ពណ៌​លឿង​បង្ហាញថា Maiko ជិតបញ្ចប់ការសិក្សា។ ដោយឡែកនៅរដូវក្តៅ okobo របស់ Maiko ត្រូវលាបពណ៌ខ្មៅ។​

ផ្ទុយទៅវិញស្បែក​ជើងរបស់ Geisha បាតរាបស្មើ zori ពាក់ពេល​ចេញក្រៅ និងពេល​នៅផ្ទះពាក់តែ tabi (ស្រោមជើងពណ៌ស) ។ ពេល​អាកាសធាតុ​អាក្រក់  Geisha នឹងពាក់ស្បែកជើងឈើហៅថា geta ប៉ុន្តែទាបជាង okobo ។

ឥឡូវនេះតើអ្នក​អាចបែងចែក​ Geisha និង Maiko ឬនៅ? សូមមើលវីដេអូខាងក្រោម៖

មានការភាន់ច្រលំជាច្រើននៅជប៉ុនអំពីលក្ខណៈពិសេសនៃវិជ្ជាជីវៈ Geisha មនុស្សជាច្រើនចាត់ទុកជាទម្រង់មុខរបរមិនត្រឹមត្រូវ។ ទោះបីជាភារកិច្ចរបស់ Geisha និយាយលេងជាមួយ​ភ្ញៀវ ប៉ុន្តែគ្មានទំនាក់ទំនងរួមភេទជាមួយអតិថិជនទេ។

Geisha និង Maiko គឺជាអ្នកប្រកបមុខរបរសុចរិត មិន​ប្រព្រឹត្តអំពើពេស្យាចារទេ “លក់ចំណេះមិន​លក់ខ្លួន” ។ Geisha ម្នាក់អាចសម្រេចមាន​ទំនាក់ទំនងជាមួយម្ចាស់ឬភ្ញៀវពេលដែលពួកគេឈប់ពីរបរ Geisha ។

Chisai Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: