គ្រាន់តែស្តាប់រឿងខ្មោចស្រីដាច់ពាក់កណ្តាលខ្លួនអ្នកនឹងមិនហ៊ានចេញក្រៅពេលយប់ទៀតទេ
បណ្តាប្រទេសនៅលើពិភពលោកនេះមានវប្បធម៌រៀងខ្លួនជាមួយនឹងប្រវត្តិសាស្រ្តអាស្រ័យលើពេលវេលារបស់ប្រទេសនីមួយៗ។ ក្រៅពីវប្បធម៌ដូចជាកន្លែងសម្រាប់ទស្សនាប្រវត្តិសាស្ត្រ ធម្មជាតិ និងសកម្មភាពក្នុងប្រទេសផ្សេងទៀត នៅក្នុងប្រទេសនីមួយៗមានរឿងព្រេង រឿងនិទានប្លែកៗជាច្រើន។
ប្រទេសជប៉ុនក៏ដូចជាបណ្តាប្រទេសអាសុីដទៃទៀត នៅប្រទេសជប៉ុនមានទីសក្ការៈបូជា និងព្រលឹងវិញ្ញាណ។ ប្រភេទនីមួយៗមានរឿងរ៉ាវប្រវត្តិសាស្ត្រកំណើតខុសគ្នា។ ពេលរំលឹកអំពីរឿងព្រេងនិទានជប៉ុនប្រាកដជាមិនអាចរំលងវិស័យរឿងរន្ធត់ឡើយ។
រហូតមកដល់ពេលនេះ JAPO នាំមកនូវរឿងរ៉ាវជាច្រើនរៀបរាប់អំពីប្រភេទរឿងគួរឱ្យខ្លាច កំប្លែង និងអស់សំណើច។ ប៉ុន្តែនៅពេលអានរឿងខាងក្រោមនេះអ្នកប្រហែលជាភ័យខ្លាចពេលរាត្រី។ ប្រវត្តិរឿងស្រមោលខ្មោច Teke Teke ។
នៅពេលបង្កប់រឿងរ៉ាវដ៏គួរអោយភ័យខ្លាចតាមរយៈពាក្យចចាមអារាមរបស់មនុស្ស រឿងនិយាយពីស្រមោលខ្មោចកាន់តែធ្វើអោយយើងមានភាពតក់ស្លុត ឧទាហរណ៍ដូចជារឿងដែលបានរៀបរាប់ខាងក្រោមនេះ។
រឿងកើតឡើងចំពោះតួអង្គ Satoshi នៅរាត្រីដ៏ស្ងាត់ គាត់ដើរម្នាក់ឯងទៅផ្ទះអ្នកជិតខាងមើលឃើញនារីស្រស់ស្អាតម្នាក់ក្នុងផ្ទះដែលគេបោះបង់ចោល។ នាងផ្អែកខ្លួនលើបង្អួច កែងដៃរបស់នាងដាក់លើគែមបង្អួច ក្រឡេកមើល Satoshi ដោយក្រសែភ្នែកមិនខ្វល់។
ស្រាប់តែនាងលោតចេញមកពីបង្អួចផ្ទះ បុរសឈ្មោះ Satoshi មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ស្រឡាំកាំងឈរមើលនាងលោតចុះមក។ ប៉ុន្តែអ្វីដែលចម្លែកពេលនាងលោតចុះមកទើបបុរសនោះឃើញរឿងដែលគួរអោយខ្លាចបំផុត។ នោះគឺមនុស្សស្រីម្នាក់មានតែពាក់កណ្តាលរាងកាយផ្នែកខាងលើ ត្រឹមចង្កេះ និងជើងរបស់នាងបាត់ដូចជាមានអ្វីកាត់ផ្តាច់។
ភ្លាមៗនោះបុរសនេះនឹកឃើញរឿងសោកនាដកម្មរបស់សិស្សស្រីម្នាក់ត្រូវរថភ្លើងកិនដាច់ពាក់កណ្តាលខ្លួន។ ប៉ុន្តែឥឡូវនេះនាងនៅចំពោះមុខ Satoshi ហើយដើរឆ្ពោះទៅរកគាត់។ ដៃម្ខាងកាន់កណ្តៀវ ដៃម្ខាងទៀតរបស់នាងប៉ះចិញ្ចើមផ្លូវបង្កើតជាសម្លេង “teke teke” សម្លេងនោះដិតជាប់អារម្មណ៍របស់ Satoshi ។
Satochi ភាំងស្មារតីពេលនាងឆ្ពោះមកជិត គាត់មានអារម្មណ៍ដូចជាកណ្តៀវកាត់ផ្តាច់ពាក់កណ្តាលខ្លួន ហើយបន្ទាប់មកគាត់ដួលសន្លប់។ ទឹកមុខរបស់នាង និងសម្លេង “teke teke” បន្លឺឡើងក្នុងចិត្តរបស់ Satochi ។
ក្រៅពីរឿងរ៉ាវខាងលើនេះពាក្យចចាមអារ៉ាមផ្សេងទៀតនិយាយថាខ្មោចច្រើនតែបង្ហាញខ្លួនក្នុងបន្ទប់។ នៅពេលនាងឃើញនរណាម្នាក់នាងនឹងសួរថា “តើជើងខ្ញុំនៅឯណា?” ប្រសិនបើអ្នកឆ្លើយមិនត្រូវប្រាកដជាត្រូវកណ្តៀវលើដៃរបស់នាងកាត់ពាក់កណ្តាលខ្លួន។ ប៉ុន្តែបើអ្នកនិយាយថា “ក្នុងនាមព្រះជាម្ចាស់” នាងនឹងលើកលែងអោយអ្នក។
ទោះបីជាមានកំណែជាច្រើននិយាយអំពីរឿងខ្មោចខាងលើ ប៉ុន្តែបច្ចុប្បន្នគ្មានឯកសាររៀបរាប់អំពីដើមកំណើតឬពេលវេលានៃរឿងនេះទេ។ ដោយសារសម្តីនិយាយតគ្នាកាន់តែគួរអោយខ្លាចខ្លាំងឡើងៗ។ នេះគ្រាន់តែជាការស្មានប៉ុណ្ណោះ អ្នកគួរជឿឬអត់អាស្រ័យលើជំនឿរបស់មនុស្សម្នាក់ៗ។
ចុះអ្នកវិញបើចេញក្រៅពេលយប់ស្តាប់ឮសម្លេង “teke teke” តើអ្នកហ៊ានងាកមកមើលដែរទេ?
ប្រភព jpninfo
TT