សេវាកម្ម​បម្រើអតិថិជន​របស់ក្រុមហុ៊ន Nintendo ពិតជាគួរអោយសរសើរណាស់

អោយតែជាទំនិញមិន​ថាផលិតផល​ម៉ាកល្បី រក្សាល្អយ៉ាងណាក៏ដោយគង់តែមាន​ថ្ងៃត្រូវ​ខូច។ នៅពេល​ខូចត្រូវ​ទិញ​ថ្មី ប៉ុន្តែ​ប្រសិន​បើផលិតផល​ឈប់ផលិត​តើត្រូវ​ធ្វើយ៉ាងណា?

នេះជារឿងពិតរបស់ស្ត្រីចំណាស់ម្នាក់អាយុ ៩៥ ឆ្នាំ នៅតែចូលចិត្តលេងម៉ាស៊ីនហ្គេមដោយដៃរបស់ក្រុមហ៊ុន Nintendo – អ្នកផលិតនៅពីក្រោយម៉ាកហ្គេមល្បីឈ្មោះគឺ Mario ។ ថ្ងៃមួយ​ម៉ាសុីនលេងហ្គេមរបស់គាត់ខូច។

ម៉ាស៊ីននេះគឺជា Game boy បច្ចុប្បន្ន​គេ​បញ្ឈប់ការផលិតហើយ។

រូបភាព https://www.gizmodo.jp/2020/02/classic-gameboy.html?utm_source=facebook&utm_medium=feed&utm_campaign=029d1af2442dcd41932a2f80dd906b0a

ម៉ាស៊ីន Game boy ផលិតនៅឆ្នាំ ១៩៨៩ នៅពេលផលិតផល​បញ្ឈប់ការផលិតគេលក់អស់ ១០០ គ្រឿង។ គាត់ប្រើម៉ាសុីននេះលេង Game Tetris ទាំងយប់ទាំងថ្ងៃ។

រូបភាព http://udontaro.blog79.fc2.com/blog-entry-2126.html

គាត់មិន​ត្រឹម​តែ​ចូលចិត្ត​លេង​ហ្គេមនេះប៉ុណ្ណោះទេ ថែម​ទាំងចូលចិត្តម៉ាសុីនហ្គេមនេះផងដែរ។ កាលពីមុនគាត់ធ្វើខូចប៉ុន្មាន​គ្រឿងនៅតែទិញថ្មីឬប្តូរ គាត់​ប្តូរប្រហែល ៣ គ្រឿង។ ប៉ុន្តែក្នុង​ឆ្នាំ ២០០៣ ផលិតផល​នេះ​បញ្ឈប់ការផលិត។ គាត់ទៅហាងជាច្រើន ប៉ុន្តែដោយសារផលិតផលចាស់ពេកគេមិន​អាចជួសជុល។

គាត់ប្រាប់រឿងនឹងទៅ​ចៅរបស់គាត់ ហើយទទួល​បាន​យោបល់ពីចៅនិយាយថា៖

“ដោយសារតែក្រុមហ៊ុន Nintendo ល្បីផ្នែក​បម្រើសេវាកម្មពី Kami ហេតុ​អ្វី​បានជាលោកយាយមិន​សាកល្បងទាក់​ទង​ទៅដោយផ្ទាល់?”

សេវាកម្មពី Kami សំដៅទៅលើសេវាកម្មថែទាំអតិថិជនរបស់អាជីវកម្ម មានទទួលជួសជុលឬប្តូរផលិតផលចាស់។ 

ដូច្នេះ​លោក​យា​យយល់ច្រឡំន័យហើយ។

ពាក្យ Kami (神) គាត់ច្រឡំទៅជា Kami (紙) – ក្រដាស។ ដូច្នេះ​គាត់ពឹងកូន​ប្រុសអោយ​សរសេរសំបុត្រផ្ញើទៅក្រុម​ហ៊ុន Nintendo ។ នៅក្នុង​សំបុត្របុរសជាកូន​ប្រុស​បាននិយាយបន្ថែម​ថា “ខ្ញុំ​ចង់អោយ​ម្តាយ​ខ្ញុំលេង Game Boy ដោយសប្បាយរីករាយម្តងទៀត”។

សំបុត្របាន​ទៅដល់​ក្រុមហ៊ុន Nintendo ហើយដូចជារាល់ដងក្រុមហ៊ុន​បាន​បំ​ពេញ​សេវាបម្រើអតិថិជនរបស់ខ្លួន។

Game boy បាន​បញ្ឈប់ការផលិតអស់រយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្តែ​សំណាង​ល្អនៅមាន​ផលិតផលមួយសល់ក្នុងស្តុក ដូច្នេះហើយទើបក្រុមហ៊ុន Nintendo ផ្ញើជូន​លោក​យាយដូចជាកាដូ។

លោក​យាយ​សប្បាយ​ចិត្ត​ខ្លាំងណាស់ដែល​ទទួល​បាន​ម៉ាសុីន​លេងហ្គេម​ទី ៤ នេះ ដូច្នេះលោក​យាយ​អាច​លេង Game Boy យ៉ាងសប្បាយរីករាយរហូតដល់គាត់ទទួលមរណភាពនៅអាយុ ៩៩ ឆ្នាំ។

ខ្ញុំក៏​ធ្លាប់​ធ្វើការផ្នែក​ថែទាំអតិថិជនដែរ អតិថិជនជាច្រើនដែលទាក់ទងមកផ្នែកនេះច្រើនតែតាន​តឹងដោយសារបញ្ហារបស់ពួកគេមិនត្រូវបានដោះស្រាយ អ្នក​ខ្លះ​ថែម​ទាំងស្រែក​តាម​ទូរស័ព្ទទៀតផង។ បុគ្គលិក​ក្រុម​ហ៊ុនមួយ​ចំនួន​​មិនចង់ថែទាំអតិថិជន ដូច្នេះអាជីវកម្មច្រើនតែជួលភ្នាក់ងារខាងក្រៅ។

ទោះយ៉ាងណាក៏ដោយខ្ញុំនៅតែគិតថាអាជីវកម្មគួរតែមានផ្នែកថែទាំអតិថិជនរបស់ខ្លួន ព្រោះតែ​ផ្នែក​នេះទទួលខុសត្រូវស្តាប់មតិយោបល់របស់អតិថិជនវាយតម្លៃលើផលិតផល​។ នេះគឺជាកត្តាសំខាន់ណាស់ដើម្បីពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ។

ខ្ញុំគិតថាក្រុមហ៊ុន Nintendo គឺជាគំរូដ៏ល្អផ្នែកសេវាកម្មបម្រើអតិថិជនគួរយកតម្រាប់តាម។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: