អត្តន័យបន្តោងនិមិត្តសញ្ញាសម្រាប់​អ្នក​ដែលមាន​បញ្ហាផ្លូវចិត្តរបស់ជប៉ុន

“ខ្ញុំមានជំងឺដែលអ្នកមិនអាចមើលឃើញ” – នេះជាអ្វីដែល​ពួកគេ​ចង់​បង្ហាញតាមរយៈនិមិត្តសញ្ញាពិសេស។

មនុស្សមួយ​ចំនួន​សំបកក្រៅដូចជាមិនអី ប៉ុន្តែនៅក្នុងចិត្តពួកគេឈឺចាប់។ ខុសពីជំងឺខាង​រាងកាយ ចំពោះអ្នកជំងឺផ្លូវចិត្តមិនងាយ​ចែក​រំ​លេងជាមួយ​អ្នកដទៃទេ។ ម៉្យាងវិញទៀតមនុស្សមានទំនោរអាណិតចំពោះអ្នកជំងឺផ្នែករាងកាយជាងអ្នកជំងឺផ្លូវចិត្ត ប៉ុន្តែកម្រិតគ្រោះថ្នាក់​រវាងជំងឺទាំងពីរនេះមានភាព​ប្រហាក់ប្រហែលគ្នា។

សិស្សវិទ្យាល័យ​ម្នាក់​ឈ្មោះ Kaede ទទួលរងបញ្ហាចិត្តវិបល្លាសតាំងពីពេលត្រូវបំពានផ្លូវភេទ។ បញ្ហាផ្លូវចិត្តធ្វើឱ្យនាង​ដកដង្ហើមញាប់ឬដួលសន្លប់ ប៉ុន្តែសំបកក្រៅ Kaede នៅតែជាសិស្សស្រីធម្មាតាម្នាក់។

Kaede និយាយ​ថា “នៅពេលខ្ញុំអង្គុយកៅអីអាទិភាព ស្ត្រីចំណាស់ម្នាក់បានស្តីបន្ទោសខ្ញុំ។ ទោះបីខ្ញុំពន្យល់ក៏គាត់មិនយល់ដែរ”។ Kaede បានចាប់ផ្តើមពាក់បន្តោងនិមិត្តសញ្ញាជំនួយតាំងពី ២ ឆ្នាំមុន។

“ជំងឺរបស់ខ្ញុំ​អ្នក​ផ្សេងមើល​ម​កមិន​ដឹងទេ ប្រហែលជាគេគិតថាខ្ញុំនិយាយកុហក។ ប៉ុន្តែពេល​ពាក់​បន្តោងនិមិត្តសញ្ញានេះជួយអោយខ្ញុំមាន​ភាព​ក្លាហាន”។

តើអ្នកអាចមើលឃើញឧបសគ្គផ្លូវចិត្តរបស់ពួកគេទេ?

 

នេះគឺជាបន្តោងនិមិត្តសញ្ញាចាប់អនុវត្តនៅទីក្រុងតូក្យូក្នុងឆ្នាំ ២០១២ សម្រាប់​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត​មិន​អាចបង្ហាញដូចជាបញ្ហាខ្សោយបេះដូង បញ្ហាភាសា ជំងឺស្មារតីឬស្រ្តី​ដំ​ណាក់​កាល​ដំ​បូង​មាន​ផ្ទៃពោះ។

នៅពីក្រោយបន្តោងនិមិត្តសញ្ញានេះមានព័ត៌មានអំពីជំងឺ និងអាស័យដ្ឋានទំនាក់ទំនងបន្ទាន់ក្នុងករណីអ្នកជំងឺ​ជួបប្រទះស្ថានភាពមិន​អាច​ដោះស្រាយនៅកន្លែងសាធារណៈ។

រូបភាព https://www.buzzfeed.com/jp/kotahatachi/help-mark2

ទោះយ៉ាងណាមិន​សូវមាន​អ្នក​យល់អំពី​អត្ថន័យនៃនិមិត្តសញ្ញាទេ។ Kaede មាន​អារម្មណ៍​ភ្ញាក់​ផ្អើលពេល​ឃើញ​គ្រូបង្រៀន និងបុគ្គលិកពេទ្យមួយចំនួនមិនយល់អត្តន័យរបស់និមិត្តសញ្ញា។ នេះជាមូលហេតុនាងបង្ហោះលើបណ្តាញសង្គម Twitter របស់នាង ហើយទទួលបានមតិឆ្លើយតបវិជ្ជមានជាច្រើន។

Kaede និយាយថាដើម្បីផ្សព្វផ្សាយអត្តន័យរបស់និមិត្តសញ្ញានេះនាងបានចូលរួម アイリス+♡ បង្កើតក្រុមក្មេងស្រីវ័យជំទង់ក្នុង​គោលបំណងផ្សព្វផ្សាយអត្ថន័យនៅពីក្រោយនិមិត្តសញ្ញាស្នើជំនួយមួយ​នេះ។

“ខ្ញុំពិតជាសប្បាយ​ចិត្តព្រោះតែ​មាន​មនុស្សម្នាក់និយាយថា​ចង់​ពាក់និមិត្តសញ្ញានេះ តាមរយៈនិមិត្តសញ្ញានេះខ្ញុំ​ចង់​អោយ​មនុស្សរាល់គ្នាធ្វើ​ល្អដាក់គ្នាទៅវិញទៅមក”។

នេះជារូបភាពបន្តោងនិមិត្តសញ្ញា។

រូបភាព https://www.buzzfeed.com/jp/kotahatachi/help-mark2

សង្ឃឹមថាបន្តោងនិមិត្តសញ្ញានេះអាចជួយដល់អ្នក​ដែល​មាន​បញ្ហាផ្លូវ​ចិត្ត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: