ទេសភាពជ្រោះទឹកក្តៅ Beppu ខេត្ត Oita

Beppu ជាតំបន់ទឹកក្តៅ (Onsen) មានបរិមាណទឹកបាញ់ច្រើនជាងគេនៅក្នុងប្រទេសជប៉ុន។ បរិមាណទឹកបាញ់ជាប់លេខ ២ លើពិភពលោកបន្ទាប់ពីឧទ្យានជាតិ Yellowstone របស់អាមេរិក សារធាតុទឹកលើពិភពលោក​មាន ១១ ប្រភេទក្នុងនោះ Beppu មានចំនួន ១០ ប្រភេទទៅហើយ។ តំបន់ទឹកក្តៅ Onsen ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់ប្រជាជននៅទីក្រុង Beppu មានបន្ទប់ទឹកសាធារណៈជាង ១០០ បន្ទប់ក្នុងតម្លៃទាបក្រោម ១០០ យ៉េន។ អ្នក​អាចទៅកាន់ទីក្រុង Onsen ដើម្បីរីករាយជាមួយប្រភពទឹករ៉ែធម្មជាតិដ៏អស្ចារ្យ។

នៅ Beppu មិនត្រឹមតែមានប្រភពទឹកក្តៅសម្រាប់ត្រាំប៉ុណ្ណោះទេ ថែម​ទាំងមានប្រភពទឹកក្តៅសម្រាប់ទស្សនា ទាំងនេះគឺជា Jigoku-meguri ។ ពេល​មក​ដល់ Jigoku អ្នកអាចទស្សនាដោយផ្ទាល់តំបន់ទឹកក្តៅទាំង ៨ កន្លែង។ ដូចជាតំបន់ទឹក​ក្តៅ Umi Jigoku និង Kamado Jigoku ពណ៌ខៀវស្រងាត់ រួមទាំងតំបន់ទឹកក្តៅពណ៌ក្រហមដោយសារផ្ទុកសារជាតិដែក តំបន់ទឹក​ក្តៅ Onishibozu Jigoku មានភក់រ៉ែក្តៅ និង​តំបន់ទឹកក្តៅ Tatsumaki Jigoku ទឹកក្តៅបាញ់ឡើងលើ។

ប្រជាជននៅទីនេះដាក់ឈ្មោះទឹកក្តៅ Onsen អាស្រ័យលើពេលវេលាលក្ខណៈពិសេសក្នុងនោះមានភ្ជាប់ពាក្យ “Jigoku” (ក្នុងន័យភាសាជប៉ុនគឺឋាននរក) តំបន់ទឹកក្តៅ Onsen នៅទីនេះសីតុណ្ហភាពរហូតដល់ ១០០ អង្សា ហើយ Onsen នីមួយៗមានលក្ខណៈពិសេសប្លែក។ ជនជាតិ​ជប៉ុន​គិតថា Onsen នេះ​ត្រូវ​បណ្តាសាគ្មាន​នរណាម្នាក់​អាចមក​ត្រាំទឹកព្រោះក្តៅពេក ប៉ុន្តែវិទ្យាសាស្ត្រជប៉ុនបានរកឃើញវិធីកាត់បន្ថយសីតុណ្ហភាព Onsen អោយ​សមល្មមដើម្បីអោយ​ភ្ញៀវអាចមក​ទស្សនា និងរីករាយនឹងចរន្តទឹកហូរ។

Umi Jigoku

តំបន់ទឹកក្តៅ Onsen មានពណ៌ខៀវនៅតែដំណើរការដោយសារភ្នំភ្លើង Tsurumidake តាំងពី ៣០០ ឆ្នាំមុន។ ហេតុ​តែតំបន់​ទឹក​ក្តៅនេះ​មាន​ពណ៌ខៀវដោយសារ Sulfat ក្នុងភ្នំភ្លើងបង្កើតជាប្រតិកម្មគីមី។

តំបន់ទឹកក្តៅនៅទីនេះ​មានសីតុណ្ហភាព ៩៨ អង្សាជនជាតិ​ជប៉ុន​ប្រើវិធី​កាត់​បន្ថយសីតុណ្ហភាពទឹកអោយក្តៅល្មមបង្កើតជាតំបន់ Ashiyu ដែល​ភ្ញៀវអាចមកត្រាំជើង។ 

ឆ្លងកាត់ច្រកចូល Umi Jigoku អ្នក​នឹងមើលឃើញសួនស្រស់ស្អាតនៅជាប់បឹងខៀវស្រងាត់។ នៅក្នុងបឹងមានផ្កាព្រលឹត និង​ផ្កា lily រីកលើទឹក។ ហេតុ​តែផ្កានៅតំបន់ត្រូពិចអាចដុះលើបឹងដោយសារនៅក្នុង​បឹងមានបំពង់បង្ហូរទឹកពី Onsen Umi Jigoku ហូរចូល។ ចាប់ពីដើមខែឧសភាដល់ដើមខែវិច្ឆិកាជារដូវផ្ការីកស្គុះស្គាយ ដូច្នេះ​ភ្ញៀវអាចរីករាយនឹងតំបន់នេះ​ និងបរិយាកាសបរិសុទ្ធ។

Chi-no Ike Jigoku

គឺជា jigoku ធម្មជាតិចំណាស់ជាងគេតាំងពី ១៣០០ ឆ្នាំមុន ជាមួយនឹងសមាសធាតុសំខាន់ពីរគឺអុកស៊ីដដែកនិងអុកស៊ីដម៉ាញ៉េស្យូម ដូច្នេះ​មាន​ពណ៌​ក្រហមដូចឈាម។

កាលពីបុរាណគេជ្រលក់ក្រណាត់ សរសរគ្រឹះក្នុងផ្ទះឬធ្វើថ្នាំព្យាបាលស្បែកដោយប្រើភក់ក្រហមនេះ។ បច្ចុប្បន្ន Chi-no-ike Jigoku ត្រូវ​ទទួលស្គាល់ជាកន្លែងកំ​សាន្តជាតិព្រោះតែលក្ខណៈពិសេសរបស់វា។

Tatsumaki Jigoku

Tatsumaki jigoku ត្រូវគេចាត់ទុកជា jigokuគ្រោះថ្នាក់បំផុតដោយសារតែសីតុណ្ហភាព និងលក្ខណៈពិសេសរបស់វា។ គេវាស់សីតុណ្ហភាព Tatsumaki onsen ប្រហែល ១៥០ អង្សា ប៉ុន្តែពេល​បាញ់ទឹកឡើងទៅលើព្រោះតែសីតុណ្ហភាព​ថយ​​ចុះសល់ ១០០ អង្សា ទោះជាយ៉ាងណាទីនេះ​នៅតែ​រក្សាកំណត់​ត្រាតំបន់​ទឹក​ក្តៅបើប្រៀបនឹងកន្លែងផ្សេងទៀត។

Kamado Jigoku 

ឈ្មោះតំបន់ Kamado Jigoku មាន​ប្រភពមក​ពីការចម្អិន​ម្ហូបដោយប្រើបំពង់ចំហាយទឹកក្តៅសីតុណ្ហភាព ៩០ អង្សា។

Onishibozu Jigoku

Onishibozu Jigoku ជាតំបន់ទឹកក្តៅដែល​ល្បីនៅ Beppu ។ ឈ្មោះនៃតំបន់នេះមកពីភក់ពណ៌ប្រផេះមានរាងមូលដូចជាក្បាលទំពែករបស់ព្រះសង្ឃ (ពាក្យ Bozu ភាសាជប៉ុនមានន័យថា “ព្រះសង្ឃ”)។

Yama Jigoku 

គេហៅតំបន់ទឹកក្តៅនេះថាភ្នំព្រោះតែវាមិន​ដូចជា Onsen ផ្សេងទៀតឡើយ វាកើតឡើងដោយសារចំហាយ​ផ្សែងចេញពីថ្មលើភ្នំ។

Shiraike Jigoku 

តំបន់ទឹកក្តៅ Shiraike Jigoku ជាបឹងទឹកក្តៅ សីតុណ្ហភាពខ្ពស់នៅទីនេះបណ្តាលមកពីល្បាយនៃអាស៊ីត boric អំបិល និងសារធាតុផ្សេងទៀត។ ដោយសារតែបរិមាណនេះបណ្តាលអោយ Shiraike គ្របដណ្ដប់ដោយផ្សែងសអ័ព្ទដ៏អាថ៌កំបាំង។ ជុំ​វិញ​តំបន់ទឹកក្តៅគឺជាសួនច្បារដ៏ស្រស់ស្អាត និងអាងចិញ្ចឹមត្រីតូចមួយ។

ពិតជាគួរអោយសោកស្តាយប្រសិន​បើ​អ្នក​ទៅត្រាំ Onsen នៅជប៉ុន​បែរជារំលង Beppu – ជាទីក្រុងជ្រោះទឹកក្តៅ។ កន្លែងដែលត្រូវគេចាត់ទុកជាឋានសួគ៌លំដាប់កំ​ពូល​នៅប្រទេសជប៉ុន។

ប្រភព T&T Travel 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: