រឿង​រ៉ាវ​បុរស​ម្នាក់​រៀន​ជ្រមុជ​ទឹក​ដើម្បី​ស្វែង​រក​សាក​សព​ភរិយា​របស់​គាត់

ជាច្រើន​ឆ្នាំកន្លងទៅបន្ទាប់ពីរលកយក្សស៊ូណាមិវាយប្រហារភាគឦសានប្រទេសជប៉ុនតាំងពីឆ្នាំ ២០១១ ។  មានបុរសម្នាក់នៅតែព្យាយាមស្វែងរកសាកសពភរិយាក្រោម​មហា​សមុទ្រ​ដ៏​ជ្រៅ​ដើម្បី​នាំ​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

នៅពេលដែលគ្រោះមហន្តរាយកើតឡើង Yusao Takamatsu ពុងធ្វើការ។ គាត់ជាអ្នកបើកឡានក្រុង ចំណែកប្រពន្ធធ្វើការនៅការិយាល័យ។

ក្នុងឆ្នាំ ២០១១ ប្រទេសជប៉ុនទទួលរងរលកយក្សស៊ូណាមិដ៏ធំវាយប្រហារឆ្នេរសមុទ្រជប៉ុន។ សម្លេងប្រកាសអាសន្នបន្លឺឡើង ព័ត៌មានជាច្រើននិយាយអំពីគ្រោះមហន្តរាយ។ Yusao ព្យាយាមទាក់ទងទៅប្រពន្ធរបស់គាត់ កន្លះម៉ោងក្រោយមកពេលសម្លេងទូរស័ព្ទបន្លឺឡើង គាត់​ទទួលបានសារពីប្រពន្ធនិយាយថា “អូនគ្រាន់តែចង់នៅផ្ទះ” ។ 

រូបភាព https://www.nytimes.com/2016/08/07/magazine/the-lost-ones.html

នៅថ្ងៃបន្ទាប់ក្រុមជួយសង្គ្រោះបានដើររើកម្ទេចថ្ម ប្រពន្ធរបស់គាត់មិនអាចឆ្លងផុត ហើយសាកសពរបស់នាងនៅ​តែរក​មិន​ឃើញ។

Yusao ចែករំលែកទុក្ខយ៉ាងក្រៀមក្រំថា “នាងតែងតែនៅជាមួយខ្ញុំទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំនឹកនាង នាងគឺ​ជាផ្នែកមួយ​ដែលមិន​អាចខ្វះ​បានរបស់ខ្ញុំ”។

ប៉ុន្មានឆ្នាំក្រោយ Yusao នៅតែមិនអាចបំភ្លេចពាក្យចុងក្រោយរបស់ប្រពន្ធគាត់។ គាត់​ចង់នាំនាងទៅផ្ទះដើម្បីបំពេញបំណងរបស់ភរិយា។

លោក Yusao សម្រេចចិត្តរៀនជ្រមុជទឹកព្រោះតែចង់​រក​សាកសព​របស់​ប្រពន្ធ។ រៀនជ្រមុជទឹកពិតជាពិបាកខ្លាំងណាស់ ព្រោះរាងកាយរបស់លោក​ Yusao ហែល​មិន​បាន​ល្អ ប៉ុន្តែដោយសារព្យាយាម​ហ្វឹក​ហាត់ គាត់ទទួល​បានវិញ្ញា​បន​ប័ត្រជ្រ​មុជទឹក។ ដំបូងលោក Yusao ត្រឹម​តែ​មាន​បំ​ណង​ស្វែងរកប្រពន្ធ តែក្រោយមកគាត់សង្ឃឹម​ថា អាចរកសាកសពអ្នកផ្សេងទៀត។ លោក Yusao ជាមួយ​នឹង Narita ជាបុរសម្នាក់ក្នុងថ្នាក់រៀន​ជ្រមុជទឹកដែលបាត់កូនស្រីពេលគ្រោះមហន្តរាយកើតឡើង ជារៀងរាល់ថ្ងៃពួកគេជ្រមុជក្នុងឈូងសមុទ្រយ៉ាងជ្រៅបន្តស្វែង​រក។

រូបភាព https://www.nytimes.com/2016/08/07/magazine/the-lost-ones.html

ការរុករករបស់ពួកគេមានការលំបាកដោយសារតែឈូងសមុទ្រជ្រៅ ហើយវត្ថុភាគច្រើន​ត្រូវកប់នៅក្រោមភក់ក្រាស់ នៅពេល​ប្រើឧបករណ៍ខួងពួកគាត់មិនអាចមើលឃើញអ្វីទាំងអស់។ ថ្ងៃមួយ​អ្នក​ទាំងពីររក​ឃើញប្រអប់ប៊ិចមួយមានឈ្មោះក្មេងប្រុសម្នាក់ និងអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍។ វត្ថុទាំងអស់​ដែល​មាន​ឈ្មោះសុទ្ធតែត្រូ​វបានប្រគល់ជូនម្ចាស់វិញ។ កាបូប សៀវភៅ និងត្រាត្រូវបានប្រគល់ជូនប៉ូលីស។ 

លោក Yusao មានប្រសាសន៍ថា៖

“ខ្ញុំចង់បន្តស្វែងរក​ដរាបណាខ្ញុំនៅមានសុខភាព ហើយទោះបីឱកាសរកឃើញប្រពន្ធតិចតួចក៏ដោយ។ ខ្ញុំដឹងថា Yuko បាន​ចាកចេញទៅ ប៉ុន្តែខ្ញុំមិនចង់ឲ្យ​ប្រពន្ធរបស់ខ្ញុំដេកតែលតោលម្នាក់ឯងក្រោមបាតសមុទ្រទេ។ និយាយ​ដោយស្មោះខ្ញុំនៅតែចង់រកនាង ហើយនាំនាងទៅផ្ទះវិញ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: