ទីសក្ការៈបូជា Shinto មួយ​កន្លែង​ហាម​ឃាត់ជនបរទេសមកទស្សនា

ក្នុងស្ថានភាពកង្វះកម្លាំងពលកម្មជប៉ុនកំពុងជំរុញការជ្រើសរើសកម្លាំងពលកម្មបរទេស។ ទន្ទឹមនឹងនេះក៏កំពុងលើកកម្ពស់វិស័យទេសចរណ៍តាមទម្រង់ផ្សេងៗគ្នាជាច្រើន។ អ្វី​ដែល​ទាក់​ទាញ​ភ្ញៀវទេសចរណ៍ធ្វើដំណើរ​ទៅប្រទេស​ជប៉ុន​គឺទៅទស្សនា​ទីសក្ការៈបូជា Shinto ។

ទោះជាយ៉ាងណាថ្មីៗនេះមានបញ្ហាជាច្រើនកើតឡើងទាក់​ទង​នឹង​បញ្ហា​ទីសក្ការៈបូជា នាំអោយព្រះចៅអធិការប្រា​សាទសម្រេចចិត្ត​ព្យួរផ្លាក “ហាមប្រាមជនបរទេស” មក​ទស្សនា។

រូបភាព https://snjpn.net/archives/175163

ប្រាសាទនេះមានឈ្មោះ Tsushima ស្ថិតនៅខេត្ត Nagasaki ដែលទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េមួយចំនួនធំ។ ជាការពិតមិនមែនបញ្ហាទាំងនេះសុទ្ធតែកើតចេញពីជនជាតិកូរ៉េទេ ប៉ុន្តែមានករណីមួយ​ចំនួនដូចជា៖

  • ជនជាតិកូរ៉េម្នាក់លួច​មន្តគាថា Omamori ដើម្បី​លក់​បន្ត តើវាមាន​តម្លៃរហូតដល់យកទៅលក់​បន្តដែរទេ? 
  • អ្នកមគ្គុទេ្ទសទេសចរណ៍ជនជាតិកូរ៉េជេរ និងប្រើអំពើហិង្សា
  • YouTuber ជនជាតិកូរ៉េដាក់កាមេរ៉ាលួចថត

ហើយអ្វីដែល​ហួស​ហេតុ​ជាង​នេះគឺសរសេរអក្សរលើជញ្ជាំងឈើរបស់ប្រាសាទ។

រូបភាព https://snjpn.net/archives/175163

ដូចជាមាននរណាម្នាក់ប្រើវត្ថុមុតស្រួចសរសេរអក្សរកូរ៉េលើជញ្ជាំងនេះ។ យើង​មិន​យល់​ច្បាស់អំពី​អត្តន័យ ប៉ុន្តែ​តើ​គោល​បំ​ណង​របស់​ពួកគេ​គ្រាន់តែ​ចង់​កត់​ចំ​ណាំវត្តមានដែលធ្លាប់មកទីនេះឬ?

នៅតាមប្រាសាទមួយចំនួនក្នុង​តំបន់ផ្សេងទៀត អ្នក​មើល​ថែ​ប្រាសាទថែម​ទាំង​មើល​ឃើញគំនូរ graffiti ផងដែរ។

ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េមិនសូវជាល្អទេ ដូច្នេះ​ជនមួ​យ​ចំនួនឆ្លៀតយកឱកាសធ្វើដំណើរទៅប្រទេសជប៉ុនបន្ថែម​ការ​យល់ច្រឡំឬសងសឹក​ផ្ទាល់ខ្លួន។ ចំពោះជនជាតិ​ជប៉ុន​ទីសក្ការៈបូជាជាកន្លែងគោរពបូជា ដូច្នេះ​សកម្ម​ភាព​​ទាំង​នេះ​ទោះក្នុង​គោល​បំ​ណង​អ្វី​ក៏​ដោយមិនអាចលើកលែងបានឡើយ។

ព្រះ​ចៅអធិការប្រាសាទមិន​មែនបិទ​ផ្លាកហាមតែជនជាតិ​កូ​រ៉េប៉ុណ្ណោះទេ ប៉ុន្តែសម្រេច​ហាម​ជនបរទេសទាំង​អស់។ ចំពោះការ​ហាម​ប្រាមរបស់ព្រះ​ចៅអធិការគឺមិនស្របតាមច្បាប់របស់ជប៉ុនទេ ប៉ុន្តែក្នុង​ស្ថាន​ភាព​ខ្វះ​អ្នកមើលថែប្រាសាទមានតែវិធីនេះ។

អ្នក​ថែរក្សាប្រាសាទ​បាន​អោយដឹង៖ “ប្រសិនបើអ្នកគិតថានេះជាសកម្មភាពរំលោភសិទ្ធិមនុស្សសូមមកនិយាយជាមួយ​យើងដោយផ្ទាល់។ សុំទោសក្នុងពេល​នេះយើងមិន​អាចទទួលស្វាគមន៍អ្នកទេ។ ប្រសិន​បើ​ទង្វើបំ​ផ្លាញមិន​ថយ​ចុះ ប្រាសាទនានានៅទូទាំងប្រទេសជប៉ុននឹងទទួលនូវផលវិបាក។ ហើយប្រហែលជាប្រាសាទផ្សេងទៀតនឹងដាក់វិន័យដូចជាយើងដែរ។

ខ្ញុំពិតជាចង់អោយអ្នកដែលមកលេងប្រទេសជប៉ុនអាចរីករាយនឹងវប្បធម៌របស់ប្រទេសជប៉ុន។ ប៉ុន្តែ​ចំពោះទង្វើរបស់​ភ្ញៀវទេសចរណ៍ដែល​គូរលើជញ្ជាំងធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍សោកសៅអាណិតដល់បេតិកភណ្ឌដែលមានជាយូរ​មកហើយទាំងនេះ”។

ចុះ​អ្នក​វិញ តើអ្នកគិតយ៉ាងណាចំពោះដំណោះស្រាយរបស់ប្រាសាទ Tsumashi?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: