ចំនុចទាំង ៨ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជប៉ុន តើជនជាតិជប៉ុនសម័យទំនើបគេអបអរបុណ្យចូលឆ្នាំដូចម្តេ៉ច?

អាស្រ័យ​លើទំនៀមទម្លាប់ប្រទេសនីមួយៗគេអបអរឆ្នាំថ្មីខុសៗគ្នា។ នៅប្រទេសជប៉ុនមាន​ចំនុចទាំង ៨ សំ​ខាន់​ដែល​អ្នក​ត្រូវតែធ្វើក្នុង​ថ្ងៃពិសេស។ តើប្រជាជនជប៉ុនអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីដូចម៉េច?

១. Osechi ryori

រូបភាព https://www.tokyoweekender.com/2017/12/exploring-the-meaning-of-osechi-ryori-japans-traditional-new-year-food/

Osechi-ryōri គឺជាម្ហូបប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិជប៉ុន។ ដូចជាប្រអប់ Bento ដ៏ធំត្រូវបាន​គេរៀបចំជាមួយមុខម្ហូបគ្រប់មុខ។ ប្រអប់ Osechi ryori ជាទូទៅមានអាហារក្រៀមឬសារ៉ាយសមុទ្រ Kazunoko, Gomame ឬគេហៅថា Tazukuri,  Kuromame (សណ្តែកខ្មៅ) បន្លែដូចជា Gobo អាហារសមុទ្រ និង Konnyaku -ល-។ ប្រអប់បាយនេះ​ត្រូវការពេលច្រើន​ដើម្បីរៀបចំ ដូច្នេះគ្រួសារជនជាតិជប៉ុនសព្វថ្ងៃធ្វើការបញ្ជាទិញឬទិញ Osechi ពី​ផ្សារទំនើប។ ​គ្រួ​សារជនជាតិ​ជប៉ុន​ភាគ​ច្រើន​អង្គុយជួប​ជុំ​គ្នាក្នុង​ឳកាសឆ្នាំថ្មី និងបរិភោគ Osechi ជាមួយគ្នាក្នុងបរិយាកាសរីករាយ។ 

២. Kagami Mochi

រូបភាព https://www.pinterest.com/pin/193021534001277779/?lp=true

ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុនអ្នកប្រាកដជាធ្លាប់ឃើញ Kagami Mochi លក់ក្នុងផ្សារទំនើប និង​ហាងនានានៅជប៉ុន។ ដំបូងមើល​ទៅដូចរបស់សម្រាប់​តុប​តែង ប៉ុន្តែ​តាម​ពិតនេះជានំ។ អ្នកអាចធ្វើនំនេះជាមួយស៊ុប Ozoni ។ តាមប្រពៃណីបុណ្យចូលឆ្នាំថ្មីនៅប្រទេសជប៉ុន Kagami Mochi គេបរិភោគនៅថ្ងៃដំបូងនៃខែមករា។ រូបរាងនំនេះមានលក្ខណៈពិសេសណាស់ ដុំមូលពីរដាក់លើគ្នា និងមានផ្លែក្រូចនៅពីលើ។ ក្រូចឃ្វិចតំណាងអោយ​ឆ្នាំថ្មីដ៏ល្អ និងវិបុលភាព មានន័យថាមានអាយុយឺនយូរគ្រប់ជំនាន់។

៣. Toshikoshi-Soba

រូបភាព https://asianinspirations.com.au/recipes/japanese-new-years-eve-noodles-toshikoshi-soba/

តាមទំនៀមទម្លាប់ជនជាតិជប៉ុនបរិភោគមី Soba ១ ម៉ោងមុនពេលចូលឆ្នាំថ្មី។ តាំងពីសម័យបុរាណប្រ​ជា​ជន​ជប៉ុនមានជំនឿថាបរិភោគមី Soba មុន​ពេល​ចូលឆ្នាំថ្មីនឹងកាត់បន្ថយសំណាងអាក្រក់ពីឆ្នាំមុន (ដោយសារសរសៃមី​ស្តើងហើយផុយស្រួយ) ។ ក្រៅពីនេះមានការពន្យល់ថាសរសៃមី Soba វែងតំណាងអោយអាយុវែង។

៤. Hatsumōde (初詣) ៖ ទៅវត្តដើមឆ្នាំ

រូបភាព https://www.flickr.com/photos/dolcejp0310/5329590090/

នៅពាក់កណ្តាលយប់ថ្ងៃចូលឆ្នាំសកលឬនៅព្រឹកថ្ងៃទី ១ ជនជាតិជប៉ុននឹងទៅវត្តដើម្បីបួងសួងសុំឆ្នាំថ្មីដ៏ល្អ។ ជួងវត្តបន្លឺឡើង ១០៨ ដងដែល​តំណាងអោយបណ្តេញកង្វល់ទាំង ១០៨ របស់មនុស្សលោក។ យោងតាមពុទ្ធសាសនាទុក្ខវេទនារបស់មនុស្សត្រូវបានបែងចែកជា ៥ ប្រភេទធំៗរួមមានការបារម្ភ ភ័យខ្លាច កំហឹង ច្រ​ណែន ចង់បាន និងអន់ចិត្ត។ ស្តាប់​សម្លេងជួងទាំង ១០៨ ដងជួយ​បំបាត់គំនិតអាក្រក់របស់​អ្នក​។

៥. ផ្ញើសំបុត្រឆ្នាំថ្មី

រូបភាព https://cc-www2.myjcom.jp/special/nenga/

នៅចុងខែធ្នូ និងដើមខែមករាគឺជាពេលវេលាមមាញឹកការងារនៅការិយាល័យប្រៃសណីយ៍។ ព្រោះតែជនជាតិជប៉ុនជាច្រើនផ្ញើសំបុត្រជូនពរ (nengajo/年賀状) ឬ postcard (Nenga-hagaki/年賀はがき) ។ ទំនៀមទម្លាប់នេះមានតាំងពីសម័យ Heian ដូចជាទំនៀមទម្លាប់ផ្ញើសំបុត្រគ្រីស្មាសដែរ។ បច្ចុប្បន្ន​មាន​វិធីច្រើន​អាចជូន​ពរ​ឆ្នាំថ្មីដូចជាផ្ញើសារតាមទូរស័ព្ទ អុីនធឺណេត -ល-។ ប៉ុន្តែនៅសម័យបុរាណប្រជាជនជប៉ុនរើសវិធីសរសេរដោយដៃ ហើយ​ត្រូវ​បានគេរក្សារហូតមក​ដល់សព្វថ្ងៃ។ សំបុត្រសរសេរដោយ​ដៃបង្ហាញពីទឹកចិត្តជាជាងសារតាមទូរស័ព្ទ។

៦. Otoshidama

រូបភាព https://livejapan.com/en/article-a0000768/

Otoshidama គឺជាប្រាក់​អាំងប៉ាវ។ ជនជាតិជប៉ុនក៏មានទម្លាប់អោយអាំងប៉ាវក្មេងៗដើម្បី​សំ​ណាង​ល្អដែរ។ ប្រាក់អាំងប៉ាវ​ត្រូវបានគេដាក់​ក្នុងស្រោមសំបុត្រតូចមួយហៅថា pochi-bukuro ។

៧. Kadomatsu (門松) – lunar New Year pole

រូបភាព https://en.wiktionary.org/wiki/%E9%96%80%E6%9D%BE

Kadomatsu គឺជាគ្រឿងតុបតែងបែបបុរាណធ្វើពីឫស្សី និងស្រល់។ Kadomatsu ត្រូវបានគេធ្វើជាខ្លោងទ្វារដាក់មុខផ្ទះដើម្បីទទួលវិញ្ញាណរបស់ដូនតាត្រលប់​មក​ទទួលឆ្នាំថ្មីឬទេវតាដើម្បី​នាំមក​នូវសំ​ណាង​ល្អក្នុង​ឆ្នាំថ្មី។

៨. Shimekazari

រូបភាព https://medium.com/@lemiche/

Shimekazari គឺជារបស់គេតុបតែងនៅថ្ងៃឆ្នាំថ្មីតំណាងអោយការចាប់​ផ្តើមថ្មី។ តាមទំនៀមទម្លាប់ជនជាតិជប៉ុនព្យួរ Shimekazari មុខទ្វារក្រោយពិធីគ្រីស្ទម៉ាស់ដើម្បីទទួលអ្វីដែលថ្មី និងបំបាត់វិញ្ញាណអាក្រក់។

ឆ្នាំថ្មីរបស់ជនជាតិជប៉ុនសម័យទំនើប

ថ្មីៗនេះយុវវ័យជាច្រើនមានទំនោរឆ្លងឆ្នាំថ្មីជាមួយមិត្តភក្តិមិន​មែន​ក្រុម​គ្រួសារឡើយ។ ពួកគេជួបជុំគ្នានៅកន្លែងមួយរង់ចាំរហូតដល់ថ្ងៃចូលឆ្នាំសកល។ ពិធីជប់លៀងរាប់ថយក្រោយកាន់តែកើនឡើងនៅក្នុងក្លឹបរាត្រី បារ និងសណ្ឋាគារក៏ដូចជាការប្រគំតន្ត្រី។ ទោះជាយ៉ាងណាយុវជនខ្លះក៏មិន​ភ្លេចទៅវត្តជាមួយគ្រួសារដែរ។

រូបភាព https://livejapan.com/en/in-tokyo/in-pref-tokyo/in-shibuya/article-a0001782/

តើអ្នក​បានចំណាយពេលជាមួយនរណាក្នុង​ថ្ងៃចូលឆ្នាំថ្មី? 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: