របៀបរៀបចំគម្រោងការលម្អិតជួយអោយការងារដំណើរការឆាប់រហ័ស និងមានប្រសិទ្ធភាព
ជារៀងរាល់ថ្ងៃការរស់នៅ និងការងារនៅការិយាល័យធ្វើអោយអ្នកធុញទ្រាន់ទេ? អ្នកចង់បញ្ចប់ការងារនេះអោយបានលឿន ហើយសង្ឃឹមថាខ្លួនចូលចិត្តការងារជាងមុន។
ជាមួយនឹងគំនិតបែបនេះជំហានដំបូងដែលអ្នកត្រូវធ្វើគឺកំណត់លំដាប់លំដោយការងាររបស់អ្នក។
តាមបទពិសោធរបស់ខ្ញុំរួមជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវចិត្តវិទ្យា ខ្ញុំសុំអនុញ្ញាតប្រាប់អំពីគម្រោងការដើម្បីបញ្ចប់ការងារបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
មូលដ្ឋានផ្លូវចិត្ត
យោងតាមការស្រាវជ្រាវរបស់ Yaacov Trope និង Nira Liberman “អ្នកនឹងធ្វើការលឿនជាងមុនប្រសិនបើអ្នកមានគម្រោងលំដាប់លំដោយការងារជាជាងព្យាយាមរកមូលហេតុ និងអត្ថន័យនៃការងារ”។
មនុស្សជាច្រើនជឿថាប្រសិនបើពួកគេដឹងពីអត្ថន័យនៃការងារអាចជំរុញទឹកចិត្តធ្វើអោយការងារដំណើរការបានលឿន។ ប៉ុន្តែអត្ថន័យនៃការងារគឺមិនច្បាស់ទេ ឧទាហរណ៍តើការងារសម្អាតមានន័យពិសេសអ្វី? តើអ្នកអាចនឹងធ្វើការអស់ពីចិត្តដើម្បីនាំមកនូវភាពរីករាងសម្រាប់អតិថិជនទេ? មនុស្សមួយចំនួនមិនដឹងថាខ្លួនជានរណាផង។
ទន្ទឹងនឹងនេះ Teresa Amabile អ្នកជំនាញខាងចិត្តវិទ្យាបានស្រាវជ្រាវអំពីកម្លាំងចិត្តដោយបង្ហាញថាកម្លាំងចិត្តកើតចេញពីអារម្មណ៍រីកចម្រើន។
នាងយល់ថាការស្វែងរកជោគជ័យមានសារៈសំខាន់ណាស់។ ផ្ទុយទៅវិញទោះបីជាបរាជ័យបន្តិចក៏អាចធ្វើអោយកម្លាំងចិត្តរបស់អ្នកចុះខ្សោយដែរ។
ប្រសិនបើអ្នកកំណត់គោលដៅធំពេកអាចនឹងជួបឧបសគ្គផ្សេងៗរារាំងអ្នកមុនពេលទៅដល់ភាពជោគជ័យ។
កម្លាំងចិត្តកើតចេញពីភាពជោគជ័យ រីកចម្រើន។ ប្រសិនបើអ្នកបង្កើតគម្រោងការលម្អិតយកឈ្នះលើបញ្ហាតូចៗអ្នកនឹងទទួលបានភាពរីករាយ ហើយអាចបំពេញគម្រោងការនៅទីបំផុតនឹងសម្រេចបានគោលដៅធំដែលអ្នកបានកំណត់។
បទពិសោធផ្ទាល់ខ្លួន
ធ្វើការក៏ដូចជាលេងហ្គេមត្រូវធ្វើតាមជំហាននីមួយៗ។
តើអ្នកដឹងទេថាហេតុអ្វីបានជាយើងអាចលេងហ្គេមពេញមួយថ្ងៃដោយមិនធុញទ្រាន់? នោះក៏ព្រោះតែអ្នកបង្កើតហ្គេមបានរៀបចំដំណាក់កាលពីកម្រិតស្រួលដល់កម្រិតពិបាកដើម្បីអោយយើងយកឈ្នះ។ អារម្មណ៍យកឈ្នះឧបសគ្គនីមួយៗដូចជាការជំរុញទឹកចិត្តធ្វើអោយអ្នកចង់លេងបន្ត។
ស្រដៀងនឹងការងាររបស់អ្នកដែរ ប្រសិនបើអ្នកអាចរៀបចំជំហានការងារលម្អិត អ្នកអាចនឹងដឹងថាជំហានណាមិនចាំបាច់ ជំហានណាជំនួយដល់ជំហានណា រឿងអ្វីដែលគួរតែធ្វើមុន និងរឿងអ្វីដែលគួរតែពន្យារពេល។
អ្នកអាចនឹងក្លាយទៅជាអ្នករៀបចំគម្រោងដ៏ឆ្លាតវៃសម្រាប់ជីវិតរបស់អ្នក។
ប្រសិនបើដឹងច្បាស់ថាត្រូវធ្វើជំហានណាដើម្បីសម្រេចគោលដៅ អ្នកនឹងរកឃើញមុខងារនៃជំហាននីមួយៗ ហើយយល់ពីអត្ថន័យនៃអ្វីដែលអ្នកកំពុងធ្វើ។ ខ្ញុំគិតថានេះជាវិធីល្អបំផុតដើម្បីរក្សាកម្លាំងចិត្ត។
ឧទាហរណ៍មនុស្សម្នាក់ធ្វើការងាររៀបចំកម្មវិធីគេនឹងទទួលបានការបណ្តុះបណ្តាល និងប្រតិបត្តិតាមជំហាននីមួយៗ។ ប្រសិនបើកំហុសកើតឡើងនៅជំហានណាមួយប្រព័ន្ធទាំងមូលមិនអាចដំណើរការបានត្រឹមត្រូវទេ។
អ្នកគួរតែអនុវត្តសរសេរគម្រោងការងាររបស់ខ្លួនដោយលម្អិត និងចែករំលែកព័ត៌មានក្នុងក្រុមដើម្បីអោយមិត្តរួមការងារ និងថ្នាក់លើមើលឃើញចំនុចខ្វះខាតដើម្បីផ្តល់ដំបូន្មាន។ វិធីនេះជួយកាត់បន្ថយកំហុសនៅក្នុងការងារ ហើយក៏ល្អសម្រាប់អ្នកសិក្សាបន្ថែមផងដែរ។
ខ្ញុំគិតថាអ្នកសរសេរកម្មវិធីប្រសិនបើគ្រាន់តែផ្តោតលើការសរសេរកូដ និងបច្ចេកទេសដែលមានស្រាប់ប្រាកដជាមិនអាចសម្របខ្លួនទាន់បច្ចេកវិទ្យាឡើយ។ ដូចគ្នាដែរបើអ្នកគ្រាន់តែធ្វើការងារបច្ចុប្បន្ន ហើយមិនកែកម្អឬធ្វើអោយប្រសើរឡើង អ្នកពិបាកនឹងរក្សាកម្លាំងចិត្តបានយូរណាស់។
វិធីនេះអាចប្រើបានតាមផ្នែកផ្សេងៗគ្នាដូច្នេះទោះបីអ្នកប្តូរការងារ អ្នកនៅតែអាចបន្តប្រើវិធីនេះដើម្បីរក្សាកម្លាំងចិត្តក្នុងការងារ។
លើសពីនេះប្រសិនបើអ្នកស្ទាត់ អ្នកអាចរៀបចំកម្មវិធីដំណើរការអាជីវកម្មកាន់តែស្មុគស្មាញដឹងអំពីការរំពឹងទុករបស់អតិថិជនច្បាស់ មានន័យថាអ្នកនឹងត្រូវបានតំឡើងឋានៈ ហើយរកលុយបានច្រើន។
ការខំប្រឹងនឹងទទួលបានជោគជ័យ
ខ្ញុំនឹងយកឧទាហរណ៍រូបមន្តចម្អិនម្ហូបមកនិយាយ។
ប្រសិនបើមាននរណាម្នាក់សួរអ្នកពីរបៀបធ្វើនំបែបជប៉ុន (Tamagoyaki) តើអ្នកនឹងឆ្លើយបែបណា?
វាយពងមាន់ចំនួនពីរគ្រាប់បន្ថែមស្ករប្រហែល ៣ ក្រាម និងអំបិលបន្តិច។ បន្ទាប់មកចាក់ចូលខ្ទះដែលប្រើដើម្បីធ្វើ Tamagoyaki ចៀនជាស្រទាប់ស្តើងហើយមូលវា។ ធ្វើច្រើនដងរហូតដល់រួចរាល់។
ជាមួយនឹងបទពិសោធការងារផ្នែកសរសេរកម្មវិធី ពេលត្រូវស្នើអោយរាយការណ៍ការងារ ភាគច្រើនគេឆ្លើយយ៉ាងខ្លី។
លើកក្រោយសូមពន្យល់អោយបានលម្អិត។
ឧទាហរណ៍យើងអាចសរសេររូបមន្តធ្វើ Tamagoyaki ឡើងវិញដូចខាងក្រោម៖
វត្ថុធាតុដើម៖
- ស៊ុត (ទំហំមធ្យម)៖ ២ គ្រាប់
- ស្ករ៖ ១ ស្លាបព្រាកាហ្វេ (៣ ក្រាម)
- អំបិល៖ បន្តិច
- ប្រេងឆា៖ បរិមាណល្មម
ឧបករណ៍
- ចាន
- ខ្ទះជ្រុងប្រើសម្រាប់ធ្វើ Tamagoyaki
- ចង្កឹះ
- ក្រដាស (ប្រើសម្រាប់ស្រូបយកប្រេង)
របៀបធ្វើ
១. វាយស៊ុតចូលក្នុងចាន
២.បន្ថែមអំបិល និងស្ករបន្តិចក្នុងចាន
៣. ប្រើចង្កឹះលាយស៊ុតចូលគ្នា (កុំអោយមានពពុះ)
៤. កំដៅខ្ទះអោយក្តៅល្មម
៥. នៅពេលដែលខ្ទះក្តៅចាក់ប្រេងក្នុងបរិមាណល្មម
៦. ប្រើក្រដាសជូតប្រេងក្នុងខ្ទះ
៧. បន្ថយភ្លើង
៨. ចាក់ស៊ុត ១/៤ ចូលខ្ទះអាស្រ័យលើកម្រិតភ្លើង និងពេលឆ្អិនរួចមូលពងមាន់ដែលបានចៀនរួច។
៩. ដាក់ពងមាន់ដែលបានមូលទៅម្ខាង
១០. ជូតប្រេងនៅលើខ្ទះដូចជំហានទី ៦
១១. ធ្វើឡើងវិញជំហានទី ៨
១២. ម្ហូបរួចរាល់បន្ទាប់ពីចៀនពងមាន់ទាំងអស់ដាក់ក្នុងចាន។
ជាមួយនឹងការណែនាំជំហាននីមួយៗបែបនេះអ្នកអាចធ្វើនំ Tamagoyaki យ៉ាងឆាប់រហ័សដោយមិនចាំបាច់រំលងជំហានណាមួយ។
ក្នុងករណីធ្វើមិនត្រូវអ្នកអាចកំណត់ជំហានដែលខុសរួចធ្វើឡើងវិញ។ មនុស្សមួយចំនួនសរសេររូបមន្តម្ហូបរបស់ពួកគេយ៉ាងលម្អិត ហើយផុសនៅលើអ៊ិនធឺណេត បន្ទាប់មកអ្នកផ្សេងទៀតអាចផ្តល់យោបល់។
តាំងពីដំបូងអ្នកអាចនឹងពិបាករៀបគម្រោងលម្អិត ប៉ុន្តែកាន់តែធ្វើកាន់តែស្ទាត់ យូរទៅមិនចាំបាច់សរសេរក៏អាចធ្វើបានដែរ។
ខ្ញុំគិតថានេះជាវិធីដែលសំខាន់ណាស់មិនថាអ្នកកំពុងបំពេញការងារអ្វីក៏ដោយ។ តោះអនុវត្តទាំងអស់គ្នា!
Mr.O