ស្វែងយល់អំពីជក់ Kumanofude – ដែលល្បីទូទាំងពិភពលោក
ជក់សរសេររបស់ជប៉ុនមានតាំងពីយូរណាស់មកហើយ ល្បីទូទាំងពិភពលោក និងត្រូវបានគេទទួលស្គាល់ដោយសារភាពទន់ល្មើយរបស់ជក់។ សិល្បៈនៃការធ្វើជក់គឺជាសិប្បកម្មប្រពៃណីរបស់ទីក្រុង Kumano ស្រុក Hiroshima ប្រទេសជប៉ុន។
មិនដូចជាទីក្រុង Tokyo ទំនើបនាពេលបច្ចុប្បន្ននេះទេ កន្លែងនេះស្ថិតនៅ Kumano ដែលអ្នកអាចមកទស្សនា និងស្វែងយល់ពីវត្ថុដែលល្បីជុំវិញពិភពលោក។ ប៉ុន្តែជនជាតិជប៉ុនមួយចំនួនបែរជាមិនដឹងពីកន្លែងនេះ ពិតជាមិនគួរអោយជឿណាស់មែនទេ?
Kumanofude មានតាំងពីសម័យ Edo ក្នុងទីក្រុង Kumanofude ប្រទេសជប៉ុន បច្ចុប្បន្នមានសិប្បករប្រមាណ ១៤០០ នាក់ ប៉ុន្តែក្នុងចំណោមនោះមានតែមនុស្ស ២៣ នាក់ប៉ុណ្ណោះមានបទពិសោធការងាររយៈពេល ១២ ឆ្នាំត្រូវបានគេទទួលស្គាល់ថាជា “សិប្បករប្រពៃណី”។
ជក់គឺជាវត្ថុមួយដែលមិនអាចខ្វះបាននៅពេលសរសេរអក្សរ។
នៅសតវត្សរ៍ទី ១៩ ជប៉ុនបានចេញរបបអប់រំដែលតម្រូវអោយប្រជាជនត្រូវប្រើជក់ ជួយអោយសិប្បកម្មធ្វើជក់នៅក្នុងទីក្រុងកាន់តែរីកចម្រើន និងឈានទៅដល់កម្រិតមួយថ្មីក្នុងប្រវតិ្តនៃការផលិតជក់នៅ Kumano។ ជារៀងរាល់ឆ្នាំប្រហែល ១៥ លានជក់ត្រូវបានផលិត។
បច្ចុប្បន្ននេះជាមួយនឹងការផលិតផលប៊ិច ខ្មៅដៃ -ល- ធ្វើអោយការប្រើជក់មិនពេញនិយមដូចមុន។ ដោយប្រឈមនឹងស្ថានភាពទីផ្សារជក់ Kumanofude បានគិតពីវិធីទប់ទល់ ផ្លាស់ប្តូរផលិតផលថ្មីដើម្បីរក្សា និងការពារសិប្បកម្មប្រពៃណីធានានូវតម្រូវការក្នុងសង្គម។
ហើយចាប់តាំងពីពេលនោះមកការផលិតជក់សម្រាប់តុបតែង ជក់សិល្បៈកើនឡើង ក្រៅពីជក់បុរាណ និងបទពិសោធរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ រហូតមកដល់ពេលនេះផលិតផលថ្មីៗបានដណ្តើមទីផ្សារយ៉ាងឆាប់រហ័ស និងនាំយកម៉ាកយីហោទៅពាសពេញពិភពលោក។
Kumanofude ត្រូវបានផលិតចេញពីរោមសត្វផ្សេងៗគ្នា អ្វីដែលធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលព្រោះជក់នេះទន់ល្មើយ។ ប៉ុន្តែជក់ភាគច្រើនធ្វើពីរោមពពែ ចៀម និងកន្ទុយសេះ -ល-។
ធ្វើពីរោមកន្ទុយសេះត្រូវបានគេប្រើច្រើនបំផុតព្រោះវាធន់ ហើយសាកសមសម្រាប់សរសេរអក្សរផ្ចង់ គំនូរពណ៌ និងតុបតែង។
ធ្វើពីរោមកញ្រ្ជោងមានលក្ខណៈរឹងមាំ សាកសមធ្វើជាជក់សរសេរឬសរសេររូបតូចៗ។ រោមឆ្មាមានលក្ខណៈទន់ល្មើយភាគច្រើនគេផលិតធ្វើជាជក់សរសេរអក្សរផ្ចង់ឬតុបតែង។ ចំណែកជក់ដែលធ្វើពីរោមពពែសាកសមសម្រាប់ការសរសេរមានលក្ខណៈស្រាល។ ចំពោះរោមសត្វក្តាន់វិញមានលក្ខណៈរឹងស្ងួតដូច្នេះគេកម្រនឹងប្រើណាស់។ ដើម្បីផលតិជក់សរសេរជាទូទៅគេលាយរោមសត្វទាំងនេះជួយអោយជក់មានភាពរឹងទន់ល្អប្រើ។
នៅថ្ងៃទី ២៣ ខែវិច្ឆិកាជារៀងរាល់ឆ្នាំប្រជាជនជប៉ុននាំគ្នាទៅ Kumanofude ដើម្បីទស្សនា និងចូលរួមក្នុងពិធីជក់។ អ្នកអាចនឹងមានឳកាសទស្សនាផ្លូវដែលមានជក់ ១ មុីនដើមរៀបនៅលើជណ្តើរទាំង ៩៩ កាំជណ្តើរនាំទៅដល់ប្រាសាទ Sakakiyam។ នៅទីនេះអ្នកនឹងឃើញផ្ទាល់គ្រូអក្សរផ្ចង់បង្ហាញពីទេពកោសល្យរបស់ពួកគេសរសេរលើក្រដាសដោយប្រើជក់ធំ។
នេះជាទំនៀមទម្លាប់ពិសេសប្រារព្ធធ្វើឡើងនៅក្នុងពិធីបុណ្យ ហើយជក់ដែលចាស់ត្រូវបានគេប្រមូលមកវិញដើម្បីដុត។ ដុតជក់ចាស់ដើម្បីរំលឹង និងគោរពដល់ព្រលឹងរបស់ជក់ចាស់បានបំពេញបេសកកម្ម។ នៅកន្លែងដុតមានផ្ទាំងថ្មឆ្លាក់ឈ្មោះអ្នកធ្វើជក់ដំបូងនៅក្នុងទីក្រុង។
នេះជាឱកាសលក់បញ្ចុះតម្លៃជក់ បន្ទាប់ពីទស្សនាអ្នកអាចទិញផលិតផលមានតម្លៃមួយចំនួនទុកជាអនុស្សាវរីយ៍។ អ្នកក៏អាចស្នើសុំអោយគេឆ្លាក់ឈ្មោះរបស់អ្នកនៅលើជក់ផងដែរ។
AD