ដំណើរ​កំ​សាន្តទៅ Beppu – ឋានសួគ៌នៃជ្រោះ​ទឹក​ក្តៅ

ភាគ ១៖ ការ​ធ្វើ​ដំ​ណើរ និង​កន្លែង​ស្នាក់​នៅ

នៅប្រទេសជប៉ុនមាន​ជ្រោះ​ទឹក​ក្តៅច្រើន ប៉ុន្តែ Beppu គឺជាកន្លែងពិសេស។ នៅ Beppu មាន​ជ្រោះ​ទឹក​ក្តៅ​ល្អ​បំ​ផុត​នៅ​​ប្រទេសជប៉ុនមានលក្ខណៈពិសេសដែលមិនមាននៅ​កន្លែង​ផ្សេង។

ពឹងទៅ​លើ​ធនធាន​ធម្មជាតិ​ដែល​ខ្លួន​មាន​ជនជាតិ​ជប៉ុន​បែងចែកជ្រោះទឹកក្តៅជា ៩ ប្រភេទ។ ជាទូទៅ​នៅ​តំបន់​នីមួយៗមាន​ជ្រោះ​ទឹក​ក្តៅ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ។ ប៉ុន្តែនៅ Beppu មាន​រហូត​ដល់​ទៅ ៧ ប្រភេទ។ ដូច្នេះហើយប្រសិនបើអ្នកជាមនុស្សដែលចូលចិត្ត Onsen (ជ្រោះ​ទឹក​ក្តៅ) អ្នកត្រូវតែទៅ Beppu យ៉ាងហោចណាស់ម្តងក្នុងជីវិត។

តោះ​យើង​នឹង​ធ្វើ​ដំ​ណើរ​ទៅ Beppu ទាំង​អស់​គ្នាណា! អ្នក​មិន​ចាំ​ចាច់​ធ្វើ​ដំ​ណើរ​​ប្រញាប់​ប្រញាល់​ឡើយ លើកនេះយើងណែនាំអ្នកធ្វើដំ​ណើរ​តាមរថភ្លើង។

យើងនឹងទៅដល់ Beppu ដោយ​ជិះ​រថភ្លើង “Yufuin no Mori” ចេញដំ​ណើរ​ពី​ស្ថានីយ៍ Hakata នៅម៉ោង ១០ៈ២៤ នាទី​ព្រឹក។ ធានាថាអ្នកមានពេលញ៉ាំអាហារពេល​ព្រឹកនៅស្ថានីយ៍ Hakata មុនពេលចេញដំណើរ។ នៅផ្នែកខាងមុខនៃរថភ្លើងមាន​កន្លែងអង្គុយ​អាច​មើ​ទេសភាព​ជុំ​វិញ ការ​កក់​សំ​បុត្រ​ពិបាកដូច្នេះ​អ្នក​ត្រូវ​កក់​កន្លែង​មុន​ដើម្បី​ទទួល​បាន​កន្លែង​ល្អ។

ការតុប​តែ​ង​រថភ្លើងភាគ​ច្រើន​ធ្វើពី​ឈើនាំអោយមាន​អារម្មណ៍កក់ក្តៅ និងសន្តិភាព។​ កម្រាលឥដ្ឋ និងផ្នែកខ្លះនៃជញ្ជាំងត្រូវបានគ្របដោយឈើដែលកម្រមានណាស់នៅប្រទេសជប៉ុន។

នៅ​លើ​រថភ្លើង​មានកន្លែងអាហារដ្ឋាន។

ក្រឡេកមើលតាមបង្អួចអ្នកអាចមើលទេសភាពស្រស់​ស្អាត និងស្ងប់ស្ងាត់។

រូបភាពនេះត្រូវបានថតនៅខែកញ្ញាចុងរដូវ​ក្តៅដូច្នេះ​អ្នក​អាច​មើល​វាល​ស្រែខៀវស្រងាត់រហូត​ដល់​ដាច់កន្ទុយ​​ភ្នែក។ ក្រៅពីនេះ​អ្នក​អាច​មើល​ឃើញពពកសអណ្តែតលើមេឃ។ អ្នកអាចសម្រាករីករាយនឹងទេសភាពធម្មជាតិស្រស់ស្អាត។ រថភ្លើង​ធ្វើ​ដំ​ណើរ​យឺតនៅ​តាម​កន្លែង​ដែល​ល្បីៗរួច​បុគ្គលិក​ស្រីនឹងពន្យល់ពីទីកន្លែងដល់អ្នកដំណើរ។

រថភ្លើងទៅដល់ស្ថានីយ៍ Beppu នៅម៉ោង ១ៈ៣៦ នាទីរសៀល។

តួ​អង្គពិសេសនៅ​មុខ​ស្ថានីយ៍ Beppu គឺ Abuyara Kumahachi អ្នក​ដែល​បាន​ធ្វើ​អោយ​ Beppu ក្លាយជាកន្លែង​ទាក់ទាញភ្ញៀវទេសចរណ៍។ នេះក៏ជាអ្នកបង្កើតកេរ្តិ៍ឈ្មោះនៃទីក្រុងជ្រោះទឹក​ក្តៅ​លេខ ១ នៅប្រទេស​ជប៉ុន​ផងដែរ។ Abuyara Kumahachi ស្លៀកឯកសណ្ឋានកីឡាបាល់ឱបជប៉ុនក្នុង​ព្រឹត្តិការណ៍ប្រកួត​កី​ឡា​បាល់​ឳបពិភពលោកធ្វើឡើងនៅប្រទេសជប៉ុន។

Beppu ជាកន្លែង​ជួប​ជុំសម្រាប់កីឡាករមកពីបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍។ គ្មាន​អ្វីប្រសើរ​ជាង​ការ​ត្រាំ​ខ្លួន​ក្នុង​ជ្រោះ​ទឹក​ក្តៅ​ឡើយ សម្រាក លំ​ហែកាយនៅក្នុងឋានសួគ៌នៃ​ជ្រោះ​ទឹក​ក្តៅលំ​ដាប់​ពិភព​លោក។ ក្រៅពីរូបសំណាក Abuyara Kumahachi នៅ​មុខ​ស្ថានីយ៍​មាន​អាង​ទឹក​ក្តៅមួយ។

ជាការពិតអ្នក​មិន​អាច​ត្រាំទឹក​ក្តៅ​នៅ​កន្លែង​នេះ​ទេ ប៉ុន្តែ​អ្នក​អាច​ត្រាំ​ដៃ​របស់​អ្នក​។ ចំហាយ​ទឹក​ក្តៅអាចបំបាត់ភាពអស់កម្លាំងបន្ទាប់​ពី​ធ្វើ​ដំ​ណើរ​រយៈពេល​យូរ។

នៅ​ស្ថានីយ៍​មាន​កន្លែង​មួយ​ប្រាកដជា​ផ្គាប់​ចិត្ត​ភ្ញៀវទេសចរណ៍ហៅថា Tourists Hub & Lounge។

នេះ​ជាកន្លែង​សម្រាប់​ភ្ញៀវទេសចរណ៍​មក​ពី​បណ្តាប្រទេសលើ​ពិភពលោក អាច​ផឹក​កាហ្វេ និង​ទស្សនាដំ​ណើរ​កំ​សាន្ត​របស់​ពួកគេ។ នៅ​មុខ​ជ្រោះទឹក​ក្តៅមុខ​ស្ថានីយ៍មា​នផ្លូវ​មួយ​ទៅ​ផ្សារ Beppu។ នៅទីនេះ​អ្នក​អាច​ទិញ​របស់​គ្រប់​យ៉ាងដូចជាម្ហូប និងវត្ថុអនុស្សាវរីយ៍។

មុខ​ម្ហូប​ដែល​អ្នក​គួរតែ​ភ្លក់​នៅ​ផ្សារ Beppu គឺ Toriten – ម្ហូប​ពិសេសនៃ​ខេត្ត Oita។ Toriten គឺជាសាច់មាន់ Tempura អាច​ធ្វើជាម្ហូប​ក្លែមពេលផឹកស្រាបៀរ។ មិនត្រឹមតែផ្សារ Beppu ហាងភាគច្រើននៅទីក្រុង Beppu សុទ្ធ​តែ​លក់​ម្ហូប​នេះអ្នក​គួរតែ​ភ្លក់​ម្តង។

តើគួរតែ​ស្នាក់នៅទីណាពេលទៅ Beppu? សូម​ណែនាំ​អ្នក​ទាំង​អស់​គ្នាសណ្ឋាគារ Beppu Pastroral។

លក្ខណៈពិសេសនៃសណ្ឋាគារនេះគឺសួនច្បារប្តូរពណ៌តាមរដូវ។ និទាឃរដូវអ្នកអាចរីករាយនឹងភាពស្រស់ស្អាតនៃផ្កាសាគូរ៉ាទាំង ១០០ ដើម រដូវក្តៅមានពណ៌ខៀវត្រជាក់​ភ្នែក។

ក្រៅពីបន្ទប់មានរចនាបថបែបជប៉ុនសណ្ឋាគារនេះក៏មានបន្ទប់រចនាតាមបែបអឺរ៉ុបស្ងប់ស្ងាត់ផងដែរ។

ពិតណាស់អ្នកបានមកដល់ទីក្រុងជ្រោះ​ទឹក​ក្តៅលំ​ដាប់​លេខ​មួយ​នៅជប៉ុន។ ប្រាកដជា​មិន​អាច​ខក​ខាន​ការ​ត្រាំ​ទឹក​ក្តៅឡើយ។ ពេលវេលាល្អបំ​ផុត​គឺ​ត្រាំទឹកក្តៅនៅ​ខាង​ក្រៅ​ពេល​ព្រឹកដើម្បី​គយ​គន់​ទេសភាព​សួន​ច្បារដ៏​ស្រស់​ស្អាត។ នេះ​ជាការ​កំ​សាន្ត​សប្បាយ​នៅ​ថ្ងៃចុងសប្តាហ៍។

ប្រសិនបើអ្នកងងុយគេងគួរតែ​ទៅ​គេង​​មួយ​ភ្លេត​រួច​ចុះ​ត្រាំ​ទឹក្តៅ​បន្ត។ បន្ទាប់ពីសម្រាក និងបំ​បាត់​ភាព​នឿយ​ហត់​នៃ​រាង​កាយជាមួយ​នឹង​ទឹកក្តៅនាពេល​ព្រឹក អ្នកអាចទទួលទានអាហារពេលល្ងាចដ៏រីករាយនៅសណ្ឋាគារ។

អាហារពេល​ល្ងាចមាន​អាហារសមុទ្រ​ស្រស់​ជាច្រើនជាមួយនឹងការតុបតែងទាក់​ទាញ​ភ្នែក។ ភ្ញៀវទេសចរណ៍អន្តរជាតិនឹងមិនអាចទទួល​ទានអាហារបែបនេះនៅ​ក្នុង​ភោគនីយដ្ឋានជប៉ុនតាម​បណ្តាប្រទេសលើពិភព​លោក​ឡើយ។

បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយស្រាជប៉ុនជួយ​អោយ​រាង​កាយ​កក់​ក្តៅ អ្នក​គួរតែ​ងូត​ទឹក​ក្តៅ​ម្តង​ទៀតមុនពេលចូលគេង។ នៅពេលអ្នកភ្ញាក់ពីគេងអាហារពេលព្រឹកកំពុងតែរង់ចាំអ្នកទទួល​ទាន។

អ្នក​អា​ច​ជ្រើ​សរើស​ឈុត​អាហារតាម​បែបជប៉ុនឬអឺរ៉ុប។ អាហារពេល​ព្រឹក​លើក​នេះ​រួម​ទាំងម្ហូប​ពិសេស​នៅ​ Beppu គឺ Toriten។ អ្នក​អាចញ៉ាំ Toriten តាំងពី​ព្រឹក​មកម្ល៉េះនាំមកនូវ​ថាមពលពេញ​មួយ​ថ្ងៃ។

ព័ត៌មានសណ្ឋាគារ៖

Beppu Pastoral

អាសយដ្ឋាន៖ 1-4 Higashisonoencho ទីក្រុង Beppu ខេត្ត Oita

ទូរស័ព្ទ៖ + 81 977 23 4201

របៀបទៅដល់៖ ៥ នាទីជិះតាក់ស៊ីពីស្ថានីយ៍ Beppu

នៅ​ក្នុង​អត្តបទ​បន្ទាប់​ខ្ញុំ​នឹ​ងណែនាំអ្នក​ទាំងអស់​គ្នាអំពី “ជ្រោះទឹកក្តៅ” នៅ Onsen Beppu។ សូម​រង់​ចាំទស្សនាទាំងអស់​គ្នាណា!

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: