Horenso – បទបញ្ជាការងារដែលអ្នកគួរតែដឹងដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន

ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុង​សាជីវកម្ម​ជប៉ុន អ្នកប្រហែលជាធ្លាប់ឮពាក្យ Horenso ។

ពាក្យ Horenso គឺជាបទបញ្ជាការងារក្នុងការិយាល័យដែលត្រូវបានអនុវត្តស្របតាមជំហាន Ho- Ren- So។

ពាក្យ Ho ជាអក្សរកាត់នៃពាក្យ Hokoku មានន័យថា “របាយការណ៍”។ ពាក្យ Ren ជាអក្សរកាត់នៃពាក្យ Renraku មានន័យថា “ទំនាក់ទំនង”។ ពាក្យ So ជាអក្សរកាត់នៃពាក្យ Sodan មានន័យថា “ការពិភាក្សា សំណេះ​សំ​ណាល”។

បទបញ្ជា Horenso ទោះបីជារវល់យ៉ាងណាអ្នក​អាចបំពេញការងាររបស់ខ្លួនឆាប់រហ័ស និងមានប្រសិទ្ធភាព។ ក្រៅ​ពី​នេះអាច​កាត់​បន្ថយការទម្លាក់​កំហុសពេល​មាន​បញ្ហា​កើត​ឡើង។

យើង​នឹងស្វែងយល់អំពីអត្ថន័យនៃជំហាននីមួយៗនៅក្នុងពាក្យទាំង​នេះ។

រូបភាព https://www.recruit-ms.co.jp/open-course/live/0000000039.html

Hokoku (របាយការណ៍)

ការរាយការណ៍គឺជាជំហានជូនដំណឹងអំពីស្ថានភាពការងារដែលត្រូវបានចាត់​តាំង។ ឧទាហរណ៍ប្រសិនបើអ្នកត្រូវបានចាត់អោយបង្កើតឯកសារមួយ ពេល​បញ្ចប់​ការ​ងារ​អ្ន​ក​ត្រូវ​រាយការណ៍ទៅអោយអ្នកគ្រប់គ្រងរបស់អ្នក។

ប្រសិន​បើ​អ្នក​ជាបុគ្គលិក​ផ្នែក​លក់ត្រូវរាយការណ៍ពីស្ថានភាពការងារប្រចាំសប្តាហ៍។ បើមិន​គោរព​តាម​ជំហាន​​នេះ មនុស្សដែលនៅជុំវិញអ្នកនឹងមិនដឹងពីអ្វីដែលអ្នកកំពុងធ្វើ ហើយ​មិន​អាច​វាយ​តម្លៃសមត្ថភាពរបស់អ្នកបានឡើយ។

Renraku (ទំនាក់ទំនង)

មិនដូចជារបាយការណ៍ឡើយ ការទំនាក់ទំនងជាជំហានមួយសម្រាប់ជូនដំណឹងទៅ​ថ្នាក់​លើពេល​ការ​ងារ​មាន​បញ្ហា​កើត​ឡើង។ មនុស្សជាច្រើនរំលងជំហានទំនាក់ទំនងព្រោះខ្លាចការស្តីបន្ទោស។ មិន​ព្រម​រាយ​ការណ៍ដើម្បីរកដំណោះស្រាយ ពួកគេសុខចិត្តប្រើពេលគិតពីហេតុផលជៀសវាងការទទួលខុសត្រូវ។ នេះជារឿង​ដែល​មិន​គួរធ្វើនៅក្នុងក្រុមហ៊ុនជប៉ុន។

អ្នកគួរតែទំនាក់​ទំនង​ជាមួយអ្នកពាក់ព័ន្ធ ដើម្បីរាយការណ៍អំពីការផ្លាស់ប្តូរ​ដែល​អាច​កើត​មាន​ទោះបីវាជាការផ្លាស់​ប្តូរ​តិច​តួច​ក៏​ដោយ។

ឧទាហរណ៍ក្នុងករណីយឺតដោយសារការកកស្ទះចរាចរណ៍ អ្នកគួរតែទាក់ទងទៅថ្នាក់​លើ ឬអតិថិជនមុន។ ប្រសិន​បើពេលវេលាណាត់ជួបនៅ​ម៉ោង ១៥ អ្នក​មិន​គួរ​ជូន​ដំណឹងយឺតទេ។ ដោយសារតែថ្នាក់ដឹកនាំ អតិថិជន ដៃគូសហការ -ល- កំ​​ពុងចំណាយពេលវេលាដ៏មានតម្លៃរង់ចាំអ្នក ពេល​ដឹងភ្លាមថា​យឺតអ្នក​ត្រូវ​តែ​ជូន​ដំណឹងជាបន្ទាន់។

អ្នក​មិន​គួរ​ប្រញាប់​ប្រញាល់ដើម្បី​ប្រឹងមក​អោយ​ទាន់​ពេលទេ ប្រសិនបើអ្នកជិះម៉ូតូអ្នក​គួរតែ​ឈប់​នៅ​ម្ខាង​ផ្លូវហៅទូរស័ព្ទរាយការណ៍​ពី​ស្ថាន​ភាព បន្ទាប់មកជិះទៅកន្លែង​ណាត់​ជួប​។ ប្រសិនបើភាគីត្រូវបានជូនដំណឹងពីស្ថានភាពដែលមិនបានរំពឹងទុកនោះ ភាគីម្ខាងទៀតនឹងមិនស្ទាក់ស្ទើរក្នុងការរង់ចាំឡើយ។

Sodan (ការពិភាក្សា សំ​ណេះ​សំ​ណាល)

ចំពោះបញ្ហាដែល​លើសពី​សមត្ថភាពរបស់អ្នកឬអ្នក​គ្មាន​លទ្ធភាពធ្វើការសម្រេចចិត្តនេះជាជំហានសំខាន់ណាស់។

អ្នកអាចពិភាក្សាជាមួយមិត្តរួមការងារ ប៉ុន្តែ​វិធី​ល្អ​បំ​ផុត​គឺពិភាក្សាជាមួយថ្នាក់​លើ​របស់​អ្នក​។ ថ្នាក់​លើ​របស់​អ្នក​ប្រាកដជា​មាន​បទពិសោធច្រើនជាងអ្នកក្នុងការសម្រេចចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងប្រសិនបើអ្នកធ្វើតាម​ការណែនាំរបស់ថ្នាក់លើអ្នកនឹងមិនទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើង។

នេះជាជំហាន​សំ​ខាន់​សម្រាប់​ការពារខ្លួន​អ្នក។

ប្រសិន​បើ​អនុវត្តត្រឹមត្រូវគ្រប់​តាម​ជំហាន​នៃ ​Horenso ប៉ុន្តែ​នៅតែ​ត្រូវ​ថ្នាក់​លើ​បង្ខំ​អោយ​ទទួល​ខុស​ត្រូវ អ្នក​អាច​សាក​ល្បងពិភាក្សាជាមួយ​អ្នក​ដែល​មាន​ឋានខ្ពស់ជាង​ថ្នាក់​លើ​របស់​អ្នក​។

ក្នុង​ស្ថាន​ភាព​អាក្រក់ពេល​ដែល​នាយកប្រតិបត្តិចង់​ទម្លាក់កំ​ហុសទៅ​អោយ​ថ្នាក់​ក្រោម អ្នកគួរតែគិតពី​ការ​ផ្លាស់​ប្តូរ​ការ​ងារ។

ដោយសារតែការទទួលខុសត្រូវខ្ពស់ ទើប​ការ​ងារគ្រប់គ្រងទទួល​បានប្រាក់ខែច្រើន។ ប្រសិនបើអ្នកកំណត់គោល​ដៅ​ក្លាយ​ជាអ្នកគ្រប់គ្រង ត្រូវ​ប្រាកដថាអ្នកជាមនុស្សដែលទទួលខុសត្រូវ។ ក្នុងពេលជាមួយគ្នានេះប្រសិនបើអ្នក​គ្រប់គ្នាធ្វើត្រូវ និង​បំ​ពេញ​តាម​ជំហាន Horenso ពេលមានបញ្ហាអ្នក​គ្រប់គ្រងនឹងដឹងភ្លាមថានរណាជាមនុស្ស​ទទួល​ខុស​ត្រូវ។

សរុបសេចក្តី

ប្រសិន​បើ​គ្រាន់តែ​ព្យាយាម​បំ​ពេញ​ការ​ងារដែល​ត្រូវបាន​ប្រគល់​អោយ អ្នក​មិន​អាច​ក្លាយទៅជា​បុគ្គលិក​ការិយាល័យ​​ឆ្នើម​ទេ។ នៅកន្លែងធ្វើការដើម្បីបង្កើនប្រសិទ្ធភាពការងារ និង​ធ្វើការជាក្រុម​។ សូម​គោរព​តាម​ជំហាន Horenso ណា!

នេះជាមូល​ដ្ឋានគ្រឹះសម្រាប់​បុគ្គលិកដែលជោគជ័យត្រូវតែប្រកាន់​ខ្ជាប់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: