តើយើងគួរតែជ្រើសរើសរស់នៅក្នុងអាផាតមិនខ្ពស់ដែរឬទេ?
អាផាតមិនខ្ពស់ៗកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកណ្តាលទីក្រុងតូក្យូ។ មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ទីក្រុងភ្នំពេញក៏កំពុងតែមើលឃើញពីការអភិវឌ្ឍគួរអោយកត់សម្គាល់នៃប្រភេទអាផាតមិនបែបនេះដែរ។ ប្រសិនបើអ្នកចង់រស់នៅប្រកបដោយផាសុកភាពនៅក្នុងទីក្រុងការទិញអាផាតគឺជាជម្រើសដ៏ពេញនិយម។
រូបភាព https://www.fujitsu.com/jp/group/fri/knowledge/opinion/2018/2018-10-4.html
អាផាតមិនដែលស្ថិតនៅកណ្តាលទីក្រុងងាយស្រួលធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណឹងទិដ្ឋភាពមើលពីបង្អួចក៏ស្អាតណាស់ដែរ។ គេនិយាយថាអាផាតមិនខ្ពស់នៅជប៉ុនអាចទប់ទល់នឹងការរញ្ជួយដី។ តើរឿងនេះពិតឬ?
ប្រទេសជប៉ុនគឺជាប្រទេសដែលមានការរញ្ជួយដីញឹកញាប់។ អគារខ្ពស់ៗដែលត្រូវបានសាងសង់តាមស្តង់ដាររញ្ជួយដីក្នុងឆ្នាំ ១៩៨១ មិនងាយដួលរលំទេ។ ជាក់ស្តែងគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ ២០១១ បណ្តាលអោយទីក្រុងតូក្យូរញ្ជួយយ៉ាងខ្លាំងភាគច្រើនអគារដែលត្រូវបានសាងសង់តាមស្តង់ដារដែលបានរៀបរាប់ខាងលើគឺសុទ្ធតែមានសុវត្ថិភាព។
គ្រោះមហន្តរាយធម្មជាតិមួយចំនួនកើតឡើងថ្មីៗនេះបំផុតនៅក្នុងប្រទេសជប៉ុនគឺភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ទីក្រុងតូក្យូមានសុវត្ថិភាពដោយសារមានប្រព័ន្ធបង្ហូរទឹកតាមស្តង់ដារអន្តរជាតិ។ ប្រព័ន្ធការពារភ្លើងក៏ត្រូវបានថែរក្សាយ៉ាងហ្មត់ចត់រួមទាំងឧបករណ៍ពន្លត់អគ្គីភ័យ និងឧបករណ៍បាញ់ទឹកផងដែរ។
ប៉ុន្តែប្រព័ន្ធសុវត្ថិភាពទាំងអស់នេះត្រូវបានបំផ្លាញដោយសារព្យុះលេខ ១៩ វាយប្រហារប្រទេសជប៉ុនក្នុងឆ្នាំនេះ។ អគារអាផាតមិន Musashikosugi ៤៧ ជាន់នៅខេត្ត Kanagawa ស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។
រូបភាព https://www.kanaloco.jp/article/entry-201821.html
ទឹកភ្លៀងដែលបណ្តាលមកពីព្យុះច្រើនហួសប្រមាណមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ ទំនប់មួយនៅក្បែរអាផាតមិនបាក់ស្រុតបណ្តាលអោយលិច។ ទឹកហូរចូលបន្ទប់ក្រោមដីនៃអាផាតមិន កុងតាក់អគ្គិសនីខូចបណ្តាលអោយដាច់ចរន្តអគ្គិសនីធ្វើអោយជណ្តើរយន្តត្រូវបិទ។ ប្រសិនបើផ្ទះរបស់អ្នកនៅជាន់ទី ៤០ អ្នកត្រូវការប្រើជណ្តើរយន្ត។ ទាំងទូរទស្សន៍ និងម៉ាស៊ីនត្រជាក់មិនអាចប្រើបាន។ ធុងទឹករបស់អគារក៏ត្រូវខូចបណ្តាលអោយខ្វះទឹក។
ប៉ុន្តែអ្វីដែលអាក្រក់បំផុតគឺប្រព័ន្ធបង្ហូរទឹកស្អុយ។ អ្នកដែលរស់នៅជាន់ខាងលើចាក់ទឹកបង្គន់ដែលប្រើទឹកស្តុបក្នុងធុង ទឹកនេះហូរចុះជាន់ក្រោមបណ្តាលអោយមានក្លិនអាក្រក់។ មិនត្រឹមតែប៉ុណ្ណឹងជណ្តើរយន្តមិនអាចប្រើបានធ្វើអោយការរស់នៅរបស់ប្រជាជនទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពនេះចំណាយពេលយូរដើម្បីជួសជុលឡើងវិញ។
បន្ទាប់ពីបញ្ហានេះជនជាតិជប៉ុនជាច្រើនបានចាប់ផ្តើមពិចារណាថាតើត្រូវទិញអាផាតមិនទេ? តើសាកសមនឹងខ្ចីលុយដើម្បីទិញអាផាតមិនបែបនេះ?
បញ្ហាមួយទៀតគឺកន្លែងជម្លៀសខ្លួន។ ពេលគ្រោះធម្មជាតិកើតឡើងប្រជាជនត្រូវជម្លៀសទៅសាលានៅជិតនោះក្នុងបរិយាកាសតូចចង្អៀត។ ប៉ុន្តែដោយសារអគារមិនបាក់ស្រុត ពួកគេយល់ថាមិនចាំបាច់ជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាព។
រូបភាព https://www.minkou.jp/vcollege/school/21279/25133/go=7/?
តួលេខករណីជួយសង្គ្រោះនៅជាន់នីមួយៗក្នុងឆ្នាំ ២០១៦ ក្នុងអគារមួយនៅ Toronto, Canada បង្ហាញថាជាន់កាន់តែខ្ពស់ឳកាសជួយសង្ក្រោះកាន់តែទាប។
និយាយអញ្ចឹងតើអ្នកចង់រស់នៅអគារខ្ពស់ៗដែរឬទេ?
Kengo Abe