រឿង Halloween – ស្លាប់ដោយសារគោះទ្វារច្រឡំបន្ទប់
នៅខែតុលាឆ្នាំ ១៩៩២ យុវជនម្នាក់ឈ្មោះ Yoshihiro Hattori ទទួលមរណភាពដោយសារគោះទ្វារច្រឡំបន្ទប់។
នៅពេលនោះ Yoshi ជាសិស្សម្នាក់អាយុ ១៦ ឆ្នាំចូលរួមពិធីជប់លៀង Halloween នៅ Baton Rouge រដ្ឋ Louisiana ។ គាត់ទៅជាមួយនឹងមិត្ត Webb ហើយអ្នកទាំងពីរគោះទ្វារច្រឡំបន្ទប់។
អ្នកទាំងពីរស្លៀកសម្លៀកបំពាក់ក្នុងពិធី Halloween ប៉ុន្តែបែរជាមិនអាចទៅកន្លែងដែលពួកគេចង់ទៅ ហើយកំហុសតូចមួយធ្វើអោយ Yoshi ត្រូវលះបង់ជីវិតរបស់ខ្លួន។
បន្ទាប់ពីរឿងនេះយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយស្នើអោយផ្លាស់ប្តូរច្បាប់ប្រើអាវុធរបស់អាមេរិក។ ២៧ ឆ្នាំក្រោយមកឪពុកម្តាយរបស់ Yoshi ក្រុមគ្រួសារម្ចាស់ផ្ទះរបស់គាត់នៅសហរដ្ឋអាមេរិក និងមេធាវីរដ្ឋ Louisiana បានរំលឹកពីថ្ងៃដែលផ្លាស់ប្តូរជីវិតរបស់ពួកគេ។
“ក្មេងនេះគឺជាជីវិត”
ឪពុកម្តាយរបស់ Yoshi និយាយថាកូនប្រុសរបស់ពួកគេជាអ្នកគាំទ្រកីឡាបាល់ឱប។ យោងតាមបទសម្ភាសជាមួយ Masa និង Miedo Hattori បានអោយដឹងថាដំបូងឡើយ Yoshi មិនមានបំណងទៅសហរដ្ឋអាមេរិកទេ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការប្រឡងនៅ AFS (កម្មវិធីសម្រាប់យុវជនពិភពលោក) Yoshi កាន់តែមានមហិច្ឆិតា។ Yoshi ដាក់ពាក្យសុំប្រឡងចូលកម្មវិធី។ Yoshi បានអោយដឹង “កន្លែងណាដែលខ្ញុំទៅខ្ញុំនឹងចាត់ទុកកន្លែងនោះជាផ្ទះទី ២”។ Yoshi បានសរសេរនៅក្នុងបំណងប្រាថ្នារបស់ខ្លួន “ខ្ញុំអាចធ្វើម្ហូប Tempura សម្រាប់គ្រួសារ host និងណែនាំពួកគេពីរបៀបរស់នៅរបស់ជនជាតិជប៉ុន”។
នៅរដូវក្តៅឆ្នាំ ១៩៩២ Yoshi ចាប់ផ្តើមឆ្នាំទី ១ នៅអាមេរិក។ Yoshi ជួបជាមួយគ្រួសារ Haymaker នៅ Dallas ហើយត្រូវនាំទៅផ្ទះនៅ Baton Rouge។ គ្រួសារ Haymaker បានទទួលសិស្សប្តូរមកជាច្រើននាក់ ប៉ុន្តែ Yoshi បន្សល់នូវអារម្មណ៍យ៉ាងពិសេស។
“សិស្សនៅសាលា McKinley ចូលចិត្ត Yoshi ដោយសារតែចិត្តរបស់ Yoshi។ Yoshi គឺជាជីវិត”។
Yoshi ធ្លាប់ជាកីឡាករបាល់ឱបនៅប្រទេសជប៉ុន ប៉ុន្តែពេលទៅដល់អាមេរិក Yoshi បែរជាចុះឈ្មោះថ្នាក់ Jazz dance។ លោកស្រី Holley Haymaker រកអោយ Yoshi កង់ និងមួកសុវត្ថិភាពដើម្បីទៅសាលា លោកស្រីបានអោយដឹង “Yoshi មានប្រជាប្រិយក្នុងថ្នាក់ Jazz”។
“Yoshi ជាមនុស្សម្នាក់មានមហិច្ឆិតានៅក្នុងជីវិត គាត់តែងតែព្យាយាមរាប់អានមិត្តភក្តិគ្រប់ពេលដែលអាចធ្វើទៅបាន”។
នៅខែតុលាអ្នកទាំងពីរត្រូវបានគេអញ្ជើញអោយចូលរួមពិធីជប់លៀង Halloween នៅភាគឦសាន Baton Rouge។
“យើងមកទីនេះដើម្បីជប់លៀង”
នៅថ្ងៃសៅរ៍ទី ១៧ ខែតុលាពេលក្រុមគ្រួសារ Haymaker ទៅមើលកុនរីឯ Yoshi និង Webb ចូលរួមពិធីជប់លៀង។ Yoshi តែងខ្លួនជា John Travolta ក្នុងខ្សែភាពយន្ត Saturday Night Fever។
Webb រំលឹកឡើងវិញ អ្នកទាំងពីរកំពុងរកផ្ទះដែលរៀបចំពិធីជប់លៀង។ “ខ្ញុំរកឃើញផ្ទះនោះអាស័យដ្ឋានផ្ទះគឺ 10311 ចំណែកផ្ទះដែលពួកយើងត្រូវទៅគឺ 10131”។
Webb និង Yoshi គោះទ្វារតែគ្មាននរណាម្នាក់ឆ្លើយទេ។ ពួកគេឃើញស្រ្តីម្នាក់បើកទ្វារចំហៀងយានដ្ឋាន ក្រឡេកមើលមុននឹងបិទចំពោះមុខពួកគេ ទាំងពីរច្របូកច្របល់ណាស់។ បន្ទាប់មកទ្វារបើកម្តងទៀត អ្នកបើកទ្វារឈ្មោះថា Rodney Peairs អាយុ ៣០ ឆ្នាំមានកាំភ្លើងខ្លី 44 Magnum revolver ពេលនោះ Yoshi ឈរបែរខ្នងដាក់គាត់។
ប្រហែល Yoshi គិតថាកាំភ្លើងនោះជាឧបករណ៍តុបតែង។ Yoshi និយាយថា “យើងមកទីនេះចូលរួមពិធីជប់លៀង” យ៉ាងសប្បាយរីករាយ។ Peairs ស្រែកថា “នៅស្ងៀម” ប៉ុន្តែ Yoshi ហាក់ដូចជាមិនយល់ហើយដើរឆ្ពោះទៅមុខ។ Peairs បាញ់លើទ្រូងរបស់ Yoshi ហើយទ្វាររុញបិទ។
យោងតាមសម្តីរបស់ Webb។
“នេះជាគ្រោះថ្នាក់អាក្រក់មួយ”
ប្តីប្រពន្ធ Haymakers ទទួលទូរលេខពីប៉ូលីសបានអោយដឹង Webb សុវត្ថិភាព ប៉ុន្តែ Yoshi កំពុងតែគ្រោះថ្នាក់។ ពួកគេប្រញាប់ទៅប៉ុស្តិ៍ប៉ូលីសកន្លែង Webb កំពុងអង្គុយ ហើយមិនទាន់ដឹងថាស្ថានភាពមិត្តរបស់ខ្លួនបែបណា។
រូបភាព https://jimdroberts.wordpress.com/tag/yoshihiro-hattori/
នេះជាគ្រោះថ្នាក់គួរអោយរន្ធត់។
ពីរថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនេះក្រុមគ្រួសារ Hattori ហោះទៅ New Orleans។ លោកស្រី Holley ភ័យខ្លាចខ្លាំងណាស់ “ខ្ញុំទទួលខុសត្រូវមើលថែកូនរបស់ពួកគេប៉ុន្តែក្មេងប្រុសត្រូវគេសម្លាប់”។
ប៉ុន្តែក្រុមគ្រួសារ Hattori នៅតែយកចិត្តទុកដាក់សួរសុខទុក្ខគ្រួសារ Haymaker ជាដំបូងលោកស្រី Hattori និយាយថា “Webb យ៉ាងម៉េចហើយ?”
ហេតុការណ៍ Yoshi ត្រូវគេបាញ់ធ្វើអោយភ្ញាក់ផ្អើលទូទាំងពិភពលោកជាពិសេសនៅប្រទេសជប៉ុន ជាកន្លែងដែលប្រជាជនគ្មានសិទ្ធិប្រើអាវុធ។ Masa និង Mieko បានបើកយុទ្ធនាការនៅប្រទេសជប៉ុនអំពាវនាវអោយបញ្ឈប់សិទ្ធិប្រើអាវុធនៅសហរដ្ឋអាមេរិក។ ត្រលប់ទៅករណីនេះការជំនុំជម្រះ Rodney Peairs ជាព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយ។ ដំបូងប៉ូលីសដោះលែង Peairs ព្រោះគិតថាគាត់មានសិទ្ធិបាញ់អ្នកបំពាន។ ប៉ុន្តែស្ថិតក្រោមសម្ពាធពីអភិបាលរដ្ឋ Louisiana និងស្ថានកុងស៊ុលជប៉ុននៅ New Orleans គាត់ត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម។
ទោះយ៉ាងណាមេធាវីការពារជនជាប់ចោទបានបង្វែរររឿងក្តីទៅជាការពារខ្លួន។ ភរិយារបស់ជនជាប់ចោទនិយាយថានាងពិតជាភ័យខ្លាចពេលឃើញ Yoshi ហើយសុំអោយប្តីរបស់នាងកាន់កាំភ្លើង។ នៅខែឧសភាឆ្នាំ ១៩៩២ Rodney Peairs ត្រូវដោះលែងបន្ទាប់ពីការពិភាក្សាគណៈអភិបាលរយៈពេល ៣ ម៉ោង។
Masa Hattori ក៏ចូលរួមក្នុងការជំនុំជម្រះក្តី ពួកគេមិនបោះបង់យុទ្ធនាការត្រួតពិនិត្យការប្រើអាវុធ។
“យើងជឿថា Peairs ក៏ជាជនរងគ្រោះរបស់អាមេរិកដែរ។ ការដោះលែងលោក Rodney Peairs មិនទាក់ទងនឹងយុទ្ធនាការនេះទេ។”
យុទ្ធនាការរបស់ប្តីប្រពន្ធ Hattori ទទួលបាន ១,៧ លានហត្ថលេខារបស់ជនជាតិជប៉ុន។ គ្រួសារ Haymaker ក៏ជួយប្រមូលហត្ថលេខានៅអាមេរិកផងដែរ។ លទ្ធផលពួកគេទទួលបានចំនួន ១៥ ម៉ឺនហត្ថលេខា។ នេះជារឿងរ៉ាវសម័យ Internet ធ្វើតាមរយៈទូរស័ព្ទ និងអ៊ីមែល។
ខណៈពេលក្រុមគ្រួសារទាំងពីរស្ថិតនៅទីក្រុង Washington ដើម្បីយុទ្ធនាការ។ ក្រដាសអំពាវនាវរបស់ Mieko ទៅដល់ដៃមិត្តចាស់របស់ Bill Clinton។ លោកប្រធានាធិបតី Clinton ជជែកជាមួយគ្រួសារ Haymakers និង Hattori ក្នុងបន្ទប់ប្រជុំ។ លោកយល់ពីស្ថានភាព ហើយគាត់ក៏ចង់អោយមានច្បាប់គ្រប់គ្រងអាវុធផងដែរ។
គ្រួសារទាំងពីរឯកភាពគ្នាថាទោះបីមានការគាំទ្រពីលោកប្រធានាធិបតី ប៉ុន្តែតិចណាស់ដែលគាត់អាចជួយបាន។ ប៉ុន្តែយុទ្ធនាការរបស់ពួកគេបានលើកកម្ពស់វិធានការត្រួតពិនិត្យអាវុធ។ ព្រឹត្តិការណ៍រំលឹកលើកទី ៣០ នៃប្រធានាធិបតី John F Kennedy ត្រូវគេធ្វើឃាតក៏បានលើកកម្ពស់យុទ្ធនាការនេះ។
សភាបានអនុម័តច្បាប់ Brady បង្ខំអោយត្រួតពិនិត្យប្រវត្តិអ្នកប្រើអាវុធ ហើយរយៈពេលរង់ចាំ ៥ ថ្ងៃចំពោះការបញ្ជាទិញ។ ប្រធានាធិបតី Clinton បានចុះហត្ថលេខាលើច្បាប់នេះបន្ទាប់ពីបានជួបជាមួយគ្រួសារ Hattori និង Haymakers។
Walter Mondale – អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅដល់ Nagoya ដើម្បីជួបគ្រួសារ Hattori ខែធ្នូឆ្នាំ ១៩៩៣ អោយមើលច្បាប់ចម្លងនៃច្បាប់នេះ ហើយនិយាយថាយុទ្ធនាការមានឥទ្ធិពលទៅលើការអនុម័តច្បាប់។ ច្បាប់ត្រូវបានប្រកាសនៅឆ្នាំ ១៩៩១ ប៉ុន្តែមិនត្រូវបានដាក់អោយបោះឆ្នោតរហូតដល់ប៉ុន្មានខែបន្ទាប់ពីមរណភាពរបស់ Yoshi។
រដូវកាលបុណ្យ Halloween បានមកដល់ ហើយក៏ជាឳកាសរំលឹកអំពីរឿងរបស់ Yoshihiro Hattori សិស្សជប៉ុនស្លូតត្រង់ម្នាក់ដែលបានស្លាប់។
ប្រភព BBC
Sacchan