ល្បិចតាមដានតារាស្រី Idol ជប៉ុនរបស់អ្នកគាំទ្រពិតជាគួរអោយខ្លាច
Idol មានមនុស្សជាច្រើនស្រលាញ់រាប់អាន អ្នកគាំទ្រខ្លះសុខចិត្តដើរតាម Idol គ្រប់កម្មវិធីដើម្បីប្រមាញ់រូបភាពស្អាតៗ។ ប៉ុន្តែនៅពីក្រោយភាពល្បីល្បាញជាជីវិតគ្មានសេរីភាព ដូចជាជាប់ឃុំឃាំង មិនអាចរស់ក្នុងជីវិតដែលខ្លួនចង់បាន។ Idol ល្បីមួយចំនួនត្រូវអ្នកគាំទ្រតាមដល់ផ្ទះ ហើយធ្វើអាកិប្បកិរិយាមិនសមរម្យ។
ជាទូទៅអ្នកគាំទ្ររកឃើញផ្ទះរបស់ Idol ដោយតាមដានឬស៊ើបអង្កេតអ្នកដែលជិតស្និតជាមួយ Idol ។ ប៉ុន្តែថ្មីៗនេះវិធីស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់ Idol ល្បីកាន់តែជំនាញ។
ថ្មីៗនេះ Hibiki Sato អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួនពីបទវាយប្រហារតារាស្រី Ena Matsuoka នៅផ្ទះរបស់នាង។ បុរសម្នាក់នេះស៊ើបអង្កេតអាស័យដ្ឋានរបស់តារាស្រីតាមរូបភាពស្ថានីយ៍រថភ្លើងឆ្លុះបញ្ចាំងក្នុងកែវភ្នែករបស់ Ena Matsuoka ដែលនាងថតបង្ហោះលើបណ្តាញសង្គម។
ប្រើ Google Street View បុរសឈ្មោះ Sato មិនត្រឹមតែរកឃើញអគាររបស់ Matsuoka កំពុងតែរស់នៅប៉ុណ្ណោះទេ ថែមទាំងអាចប៉ាន់ស្មានចំនួនជាន់ផ្ទះរបស់នាងដោយផ្អែកលើបង្អួច និងពន្លឺឆ្លុះបញ្ចាំងតាមរយៈភ្នែក។
នៅយប់ថ្ងៃទី ១ ខែកញ្ញាបុរសឈ្មោះ Sato តាមដាន Idol អាយុ ២១ ឆ្នាំ បន្ទាប់ពីនាងបានបញ្ចប់ការប្រគុំតន្រ្តី ហើយត្រឡប់ទៅផ្ទះនៅ Kota ទីក្រុង Tokyo។ យោងតាមគេហទំព័រ NHK បានអោយដឹងបុរសម្នាក់នេះបិទមាត់របស់តារាស្រីដោយប្រើកន្សែងពីក្រោយខ្នង រុញនាងទៅជញ្ជាំង ហើយចាប់ផ្តើមទង្វើមិនសមរម្យធ្វើអោយតារាស្រីរបួសមុខ។ របួសនេះចំណាយពេលមួយសប្តាហ៍ទើបជាសះស្បើយ (តាម Tokyo Reporter)។
ប៉ូលីសបានចាប់ខ្លួន Sato នៅថ្ងៃទី ១៧ ខែកញ្ញា។ យោងតាមការស៊ើបអង្កេតបានអោយដឹងថា Sato ជាមនុស្សគ្មានការងារធ្វើ និងជាអ្នកគាំទ្រស្មោះត្រង់របស់ Matsuoka ហើយសារភាពថាគាត់បានវាយប្រហារនាង។
នេះមិនមែនជាលើកទីមួយ Idol ជប៉ុនត្រូវគេវាយប្រហារទេ ភាគច្រើនជានារី Idol។ នៅឆ្នាំ ២០១៦ Mayu Tomita ត្រូវអ្នកគាំទ្រចាក់ ៦០ កាំបិតចំក និងទ្រូង បន្ទាប់ពីម្នាក់នេះមានអារម្មណ៍ថាត្រូវតារា Idol បដិសេធ។ បច្ចុប្បន្ន Tomita ត្រូវព្យាបាលរបួស ហើយទាមទារប្រាក់ចំនួន ៧៦ លានយ៉េនពីប៉ូលីសដោយសារមិនធានាសុវត្ថិភាពរបស់នាង។
មានអ្នកគាំទ្រស្រឡាញ់ពិតជាល្អណាស់ ប៉ុន្តែត្រូវគេស្រលាញ់ដល់កម្រិតនេះគឺជាគ្រោះថ្នាក់។
ប្រភព Nextshark
Sacchan