ប្រជាជនជប៉ុននាំគ្នាចម្លងធម៌ព្រះជាវិធិជម្រះចិត្តគំនិត
ប្រទេសជប៉ុនកាន់ព្រះពុទ្ធសាសនាមកពីប្រទេសចិន។ ដោយសារប្រជាជនជប៉ុនបច្ចុប្បន្ននៅតែប្រើអក្សរចិន ដូច្នេះប្រជាជនជប៉ុនអាចអានធម៌ព្រះ។ ទោះបីជាយ៉ាងណាដើម្បីសរសេរអក្សរចិនបានល្អត្រូវខំប្រឹង និងផ្តោតអារម្មណ៍។
រូបភាពខាងក្រោមនេះជាធម៌ព្រះចម្លងដោយដៃ។
រូបភាព https://takigamiaju.com/2019/01/19/syakyo-koka/
គោលបំណងពិតនៃការចម្លងធម៌ព្រះមិនមែនដើម្បីហាត់សរសេរអក្សរអោយស្អាតទេ ចំពោះយុវជនដែលមិនសូវចាប់អារម្មណ៍សាសនា និងជំនឿ តើអ្វីធ្វើអោយពួកគេមានទំនោរចម្លងធម៌ព្រះ?
ប្រសិនបើអ្នកត្រូវនរណាម្នាក់និយាយថា “ការចម្លងធម៌ព្រះជួយអោយអ្នកបញ្ចេញសមត្ថភាពដែលមាននៅក្នុងខ្លួន” តើអ្នកជឿទេ?
រូបភាព https://takigamiaju.com/2019/01/19/syakyo-koka/
ពាក្យនីមួយៗដែលសរសេរនៅក្នុងធម៌ព្រះមានកម្លាំងអំណាច។ ដូច្នេះនៅពេលអ្នកចម្លងធម៌ព្រះ ពាក្យទាំងនោះនឹងជួយអ្នកអោយបញ្ចេញសមត្ថភាពដែលមាននៅក្នុងខ្លួន។ កុំបារម្ភថាខ្លួនមិនយល់អត្តន័យនៃពាក្យ អ្នកគួរតែរៀនសរសេរមុនសិន។ នៅពេលចម្លងធម៌ព្រះ រលកសម្លេងក្នុងចិត្តរបស់អ្នកនឹងត្រូវបានកែប្រែ ហើយនេះជាវិធីជម្រះចិត្តអោយកាន់តែប្រសើរឡើង។
ការចម្លងធម៌ព្រះនឹងជួយអ្នកលុបបំបាត់អារម្មណ៍មិនល្អ និងគំនិតរបស់លោកីយ៍ ហើយជួយអោយអ្នកអាចកំណត់អនាគតល្អបន្តិចម្តងៗ។
អារម្មណ៍អវិជ្ជមានដូចជាកំហឹង ការច្រណែន ការស្អប់ខ្ពើម អារម្មណ៍មិនល្អដែលបណ្តាលមកពីគំនិតអាក្រក់ គ្រប់យ៉ាងនឹងកាត់បន្ថយនៅពេលដែលអ្នកចម្លងធម៌ព្រះ។
ព្រះពុទ្ធសាសនាបានបង្រៀនថា៖ “កម្លាំងខាងក្នុងនឹងនាំមនុស្សទៅរកសុភមង្គល”។ ការចម្លងធម៌ព្រះជួយអោយអ្នកទទួលបានកម្លាំងនេះ។
ទោះជាអ្នកជឿឬមិនជឿវាអាស្រ័យទៅលើអ្នក ប៉ុន្តែអ្នកប្រាកដជាទទួលបានការផ្តោតអារម្មណ៍ផ្លូវចិត្ត។ ប៉ុន្តែពេលដែលអ្នកចាប់ផ្តើមរៀនចម្លងធម៌ព្រះ អ្នកអាចនឹងបារម្ភ។ បន្ទាប់ពីហាត់ប៉ុន្មានដងអ្នកនឹងមានអារម្មណ៍ថាស្មា និងដៃរបស់អ្នកចុករោយ។ ការលំបាកទាំងនេះជាឧបសគ្គធ្វើអោយអ្នករាថយ។ ប៉ុន្តែទាំងនេះគ្រាន់តែជាអារម្មណ៍អវិជ្ជមានខាងក្នុងធ្វើអោយអ្នកយល់ថាអ្វីៗគ្រប់យ៉ាងសុទ្ធតែមានបញ្ហា សូមកុំបារម្ភត្រូវតស៊ូរហូតដល់ទីបញ្ចប់។
រូបភាព https://takigamiaju.com/2019/01/19/syakyo-koka/
ធម៌ព្រះមានច្រើនប្រភេទ។ ប្រភេទដែលត្រូវបានគេប្រើច្រើនបំផុតគឺ Hannyashinkyo។ ដោយសារមានដល់ទៅ ៣០០ អក្សរ សូម្បីតែប្រជាជនជប៉ុនក៏ត្រូវចំណាយពេលមួយម៉ោងដើម្បីសរសេរដែរ។
តាមរយៈការអានអ្នកប្រាកដជាចង់ដឹងពីវិធីចាប់ផ្តើមចម្លងធម៌ព្រះ។ វិធីងាយស្រួលបំផុតអ្នកអាចទៅវត្តដែលមានវគ្គបង្រៀនចម្លងធម៌។ ត្រឹមតែ ២០០០ ទៅ ៣០០០ យ៉េនអ្នកអាចទទួលបានវគ្គសិក្សាជាមួយព្រះសង្ឃ។ គ្រាន់តែទៅដល់វត្តអ្នកនឹងមានអារម្មណ៍ថាស្ងប់ស្ងាត់ក្នុងចិត្ត។
រូបភាព https://takigamiaju.com/2019/01/19/syakyo-koka/
អ្នកអាចទិញឧបករណ៍ចម្លងធម៌ព្រះនៅកន្លែងលក់សម្ភារៈពុទ្ធសាសនា។ បច្ចប្បន្នបណ្ណាគារក៏មានលក់ឧបករណ៍ចម្លងធម៌ព្រះដែរ។
ពេលចម្លងធម៌ព្រះនៅផ្ទះសូមបិទទូរទស្សន៍កុំអោយមានសម្លេងរំខាន ហើយអង្គុយម្នាក់ឯងក្នុងបន្ទប់ដើម្បីផ្តោតអារម្មណ៍។
មូលដ្ឋានគ្រឹះដែលអ្នកគួរតែគោរពតាមដើម្បីចាប់ផ្តើមចម្លងធម៌ព្រះគឺ៖
១. សូមលាងដៃ និងដុសធ្មេញដើម្បីសម្អាតរាងកាយ
២. លើកដៃសំពះហើយចាប់ផ្តើមចម្លងធម៌ព្រះ
៣. បន្តចម្លងធម៌ព្រះអោយអស់ពីចិត្ត កុំគិតអ្វីទាំងអស់
៤. បន្ទាប់ពីបញ្ចប់សូមសរសេរបំណងប្រាថ្នា ឈ្មោះពេញ និងកាលបរិច្ឆេទនៅខាងក្រោមទំព័រ
៥. ចុងបញ្ចប់លើកដៃសំពះម្តងទៀត។
ប្រសិនបើអ្នកមិនចេះភាសាជប៉ុនវាប្រហែលជាពិបាកក្នុងការចម្លងធម៌ព្រះ ប៉ុន្តែគោលបំណងនៃការចម្លងធម៌ព្រះដើម្បីជម្រះចិត្តគំនិត។ បើអាចសូមសាកល្បងរឿងនេះម្តង។
Kengo Abe