ម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិមានសេវាកម្មបង់ជាកញ្ចប់ប្រចាំខែ
ប្រាកដណាស់មនុស្សភាគច្រើនបង់ថ្លៃសេវាកម្មជាកញ្ចប់ប្រចាំខែដូចជាប្រើអីុនធឺណេត ទូរស័ព្ទ -ល- យើងតែងមានទំនោរទិញសេវាកម្មជាកញ្ចប់ដើម្បីទទួលបានការបញ្ចុះតម្លៃ និងសន្សំសំចៃ។ នៅប្រទេសជប៉ុនទម្រង់នេះគេហៅថា subcription។
ក្រៅពីនេះប្រទេសនៅលើពិភពលោកបច្ចុប្បន្នប្រើសេវាកម្មកំសាន្តតាមអីុនធឺណេតដូចជា Apple Music ឬ Spotify កំពុងតែកើនឡើង។ នេះគឺជាកញ្ចប់សេវាកម្មតន្រ្តីដែលចំណាយប្រចាំខែ។ សេវាកម្មនេះមានប្រជាប្រិយភាពព្រោះអ្នកប្រើអាចជ្រើសរើសកញ្ចប់ផ្សេងៗគ្នាអាស្រ័យលើតម្រូវការ និងចំណូលប្រាក់ខែ។ ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មអ្នកអាចស្តាប់ចម្រៀងតាមដែលអ្នកចូលចិត្ត។
ឧទាហរណ៏មួយទៀតគឺផលិតផលដែលនិយមសម្រាប់បុគ្គលិកការិយាល័យដូចជា Microsoft Office។ ក្រុមហ៊ុនទាំងអស់ឥឡូវនេះប្រើកញ្ចប់សេវាកម្មប្រចាំឆ្នាំដើម្បីសន្សំប្រាក់។
នៅប្រទេសជប៉ុនសេវាកម្មនេះត្រូវបានគេបញ្ចូលក្នុងម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ។
រូបភាព https://nlab.itmedia.co.jp/nl/articles/
ម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិមានសេវាកម្ម subscription មានពីរកញ្ចប់សម្រាប់អ្នកជ្រើសរើស។ កញ្ចប់ទី ១ សម្រាប់ផលិតផលមួយចំនួនមានតម្លៃ ៩៨០ យ៉េនក្នុងមួយខែ។ កញ្ចប់ទី ២ មានតម្លៃ ២,៤៨០ យ៉េនក្នុងមួយខែ។
ពេលចុះឈ្មោះប្រើសេវាកម្ម subscription អ្នកនឹងទទួលបានលេខកូដដើម្បីស្កេនរាល់ពេលដែលអ្នកទិញផលិតផល។
រូបភាព https://nlab.itmedia.co.jp/nl/articles/
ទឹកសុទ្ធមួយដបនៅប្រទេសជប៉ុនមានតម្លៃមធ្យមប្រហែល ១៥០ យ៉េន។ ក្នុងមួយខែ ៣០ ថ្ងៃក្នុងមួយថ្ងៃអ្នកទិញទឹកមួយដបចំនួនប្រាក់សរុបត្រូវបង់គឺ ៤,៥០០ យ៉េន។ ដូច្នេះអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនប្រសិនបើអ្នកប្រើសេវាកម្ម subscription។
ទោះបីជាយ៉ាងណាដើម្បីជៀសវាងករណីមនុស្សម្នាក់ចុះឈ្មោះច្រើនកញ្ចប់ (ឧទាហរណ៍ទិញសម្រាប់មិត្តភក្តិឬទិញក្នុងបរិមាណច្រើន -ល-) អតិថិជនម្នាក់ៗអាចទិញទឹកបានតែមួយដបក្នុងមួយថ្ងៃ។
សេវាកម្មនេះផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តទិញទឹកសុទ្ធនៅក្នុងម៉ាស៊ីនលក់ស្វ័យប្រវត្តិ។ លើសពីនេះអ្នកប្រើមិនចាំបាច់ព្រួយបារម្ភករណីបាត់លុយ។
ប្រសិនបើម៉ាស៊ីនលក់បាយ Bento ក៏អាចធ្វើបានបែបនេះ ពិតជាងាយស្រួល។ តើអ្នកគិតយ៉ាងណាចំពោះគំនិតនេះ?
Kengo Abe