១៥ រឿងដែលអ្នកគួរតែធ្វើ ពេលទៅដល់ឧទ្យាន Ueno នៃទីក្រុងTokyo

រូបភាព៖ https://iamaileen.com/cherry-blossom-2018-japan-forecast-sakura-when-where-visit/

នៅទីក្រុងតូក្យូមានឧទ្យានដ៏ល្បីឈ្មោះមួយគឺ Ueno (ឧទ្យានដែលពេញនិយមបំផុតនៅទីក្រុងតូក្យូ)។ វាពិបាកក្នុងការគិតណាស់ថា តើគួរទៅកន្លែងណាបន្ដរ ពេលទៅដល់ឧទ្យានUeno ព្រោះគ្រប់កន្លែងនីមួយៗសុទ្ធតែមានភាពទាក់ទាញរបស់វា។

ឧទ្យាន Ueno ជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់បំផុតនៅទីក្រុងតូក្យូដែលមានទំហំទៅដល់ ៣០០ ហិចតាដោយពោរពេញទៅដោយសារមន្ទីរ ប្រាសាទ  ទីសក្ការបូជា ធម្មជាតិដ៏គួរអោយទាក់ទាញ ស្ថាប័នសំខាន់ៗ និងសាលារៀនកំពូលៗរបស់ប្រទេសជប៉ុនផងដែរ។

ជារៀងរាល់ឆ្នាំប្រជាជនជាង ១០ លាននាក់តែងតែមកទស្សនាឧទ្យាន Ueno ។ ហើយទាំងនេះគឺជាកន្លែងទាក់ទាញបំផុតទាំង១៥របស់ឧទ្យានUeno។


១. សារមន្ទីរជាតិទីក្រុងតូក្យូ (Tokyo National Museum)

សារមន្ទីរជាតិតូក្យូ គឺជាសារមន្ទីរដែលធំបំផុត និងមានវ័យចាស់របស់ប្រទេសជប៉ុន។ អាគារធំៗ ៥ របស់វានីមួយៗអាចជាសារមន្ទីរនៃការបែងចែករបស់ផ្សេងៗ។ សារមន្ទីរនេះមានវត្ថុប្លែកៗលាយជាមួយវត្ថុបុរាណប្រវត្តិសាស្រ្ត និងសិល្បៈជាង ១២០,០០០ រួមទាំងរតនសម្បត្តិជាតិចំនួន ៨៧ ដែលមិនអាចកាត់ថ្លៃបាន។

សារមន្ទីរនេះអ្នកអាចចូលទៅបានដោយត្រូវចំណាយ 600 យ៉េន (៥,៥០ $) ក្នុងម្នាក់។ 

២. ផ្ការីក (Hanami)

ឧទ្យាន Ueno គឺជាកន្លែងដ៏ល្អបំផុតមួយនៅក្នុងទីក្រុងតូក្យូសម្រាប់រដូវផ្ការីកនេះ។ ក្នុងឧទ្យាន Ueno នេះមាននូវពូជដើមឈើល្អៗ ជាពិសេសនោះ គឺចំនួនដើមសាគូរ៉ាយ៉ាងច្រើនចំនួ​ន ៨,៨០០ ដើម មានផ្ការីកស្គុះស្គាយនានិទាឃៈរដូវ។

៣. សារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រជាតិ (National Museum of Nature and Science)

សារមន្ទីរប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្តធម្មជាតិ មានការដាក់តាំងនូវគំរូរូបរាងសត្វ និងរុក្ខជាតិជាច្រើនរួមទាំងគ្រោងឆ្នឹងដាយណូស័រក្នុងសម័យដើម។

៤. សួនសត្វ Ueno (Zoo Ueno)

សួនសត្វ Ueno គឺជាសួនសត្វដែលមានវ័យចំណាស់បំផុតរបស់ជប៉ុនដែលបានបង្កើតឡើងនៅឆ្នាំ ១៨៨២ ។ វាជាសួនសត្វខ្នាតមធ្យមក្នុងទំហំដី ៣៥ ហិចតាដែលជាជម្រកសត្វព្រៃជាង ២០០ ក្បាល ដោយភាគច្រើនជាសត្វតូចៗគួរអោយស្រលាញ់។ ហើយនៅទីនោះគឺមានការមើលថែរដោយការយកចិត្ដទុកដាក់យ៉ាងខ្លាំង។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/ueno-zoo-animals-934.jpg

៥. ប្រាសាទ Kaneiji (Kaneiji Temple)

ប្រាសាទនេះស្ថិតនៅជ្រុងខាងជើងនៃឧទ្យាន Ueno ដែលជាច្រកទ្វាឋានអារក្ស។ នៅយុគសម័យ Edo (ឆ្នាំ ១៦២៥) Shogun (Tokugawa) បានបង្កើតព្រះវិហារបរិសុទ្ធឈ្មោះ Kaneiji នេះឡើងដើម្បីការពារបណ្ដេញរឿងអាក្រក់ចេញ។ ដោយសារប្រាសាទនេះស្ថិតនៅលើដីដែលមិនមានអ្នកចង់បាន(ដីគ្មានហុងស៊ុយ) រួចត្រូវបានផ្តល់ជាតំបន់ដ៏ធំមួយសំរាប់ការសាងសង។

នៅឆ្នាំ ១៨៦៨-១៨៦៩ មានការតស៊ូយកអំណាចមួយរវាងអធិរាជមេជី និងតូគូហ្គាវ៉ាក់សាហ្គុន (Tokugawa Shogun) ។ ហើយតំបន់ Ueno នេះគឺជាកន្លែងដែលមានសង្គ្រាមធំជាងគេបំផុតមួយនៃសង្គ្រាម (សមរភូមិ Ueno) បន្ទាប់មកព្រះចៅអធិរាជជប៉ុនក៏បានទទួលជោគជ័យ។

ឆ្នាំបន្ទាប់ (ឆ្នាំ ១៨៦៩) ព្រះចៅអធិរាជមេជីបានឈ្នះអំណាច Shogun ជាបន្ដបន្ទាប់។ ទ្រង់ក៏ចាប់ផ្តើមរៀបនូវគំរោងទំនើបបែបភាវូបនីយកម្ម និងឧស្សាហរូបនីយកម្ម។ ហើយប្រាសាទ Kaneiji ត្រូវបានបង្កើតទៅសួនឧទ្យាន មានរចនាបថតាមបែបលោកខាងលិចមួយដែលហៅថា (Ueno Park) ។ គ្រប់គ្រឹះស្ថាននៅក្នុងឧទ្យាននេះត្រូវបានបង្កើតឡើងដោយអធិរាជ មេជី(Meiji) ដោយផ្អែកលើគំរូនៅភាគខាងលិច។ ដោយមានរឿងរ៉ាវ ៥ សំខាន់ៗ និងសំណង់ផ្សេងៗទៀតចំនួន៣០(ដែលកំពុងស្ថិតនៅសួនសត្វ Ueno)។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/Kaneiji-Temple-in-Ueno-Park-934.jpg

៦. ស្រះទឹក Shinobazu (Shinobazu Pond)

ស្រះទឹក Shinobazu គឺជាស្រះធម្មជាតិដ៏ធំមួយដែលគ្របដណ្ដប់ដោយរុក្ខជាតិដូចជាផ្កាឈូកជាដើម។ល។ វាជាស្រះទឹកដ៏ល្បីល្បាញមួយដែលត្រូវបានបង្ហាញនៅក្នុងគំនូរល្បីៗ ជាច្រើន។ ហើយក៏មានទូកសំរាប់ជួលសំរាប់ជិះលេងកំសាន្ដផងដែរ។

៧. ប្រាសាទ Kiyomizu Kannon

ប្រាសាទ Kiyomizu Kannon ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៦៣១ វាត្រូវបានគេយកគំរូតាមប្រាសាទល្បីៗមួយចំនួនរបស់ប្រទេសជប៉ុនដូចជាប្រាសាទ Kiyomizu-dera នៅក្យូតូ តែប្រាសាទនេះមានលក្ខណៈតូចជាង។ ប្រាសាទនេះត្រូវបានឧទ្ទិសកុសលដល់ Kosodate Kannon (ជាព្រះនៃការបង្កើត និងការចិញ្ចឹមកូនក្មេង) ។ ប្រាសាទនេះត្រូវបានភ្ញៀវមកទស្សនាជាញឹកញាប់ ដោយភាគច្រើនជាលក្ខណៈគូស្វាមីភរិយាដែលកំពុងចង់មានកូនឆាប់ៗ។

៨. សារមន្ទីរសិល្បៈនៃទីក្រុងតូក្យូ

សារមន្ទីរសិល្បៈទីក្រុងតូក្យូមានចំនួនសរុប ៦ សាល(អាគារ)។ ដោយសាលមួយត្រូវបានគ្រប់គ្រងដោយសារមន្ទីជាតិនឹង ៥ កន្លែងផ្សេងទៀតត្រូវបានជួលឱ្យក្រុមសិល្បៈផ្សេងៗក្នុងការកែច្នៃ។ អាគារទាំងនេះមិនសូវមានភាពទាក់ទាញទេ តែរបស់ដែលនៅជុំវិញអាគារទាំងនេះវាពិតជាប្លែកភ្នែកនៅពេលដែរអ្នកទៅដល់។ 

៩. ទីសក្ការបូជា Toshogu

ទីសក្ការបូជា Toshogu គឺជាផ្នែកមួយក្នុងចំណោមសំណង់សម័យ Edo នៅទីក្រុងតូក្យូ។ វាត្រូវបានឧទ្ទិសដល់ Tokugawa Shoguns ដោយមានចង្កៀងស្ពាន់ធំៗ ចំនួន ៥០ នៅលើបរិវេណទីសក្ការបូជា ដែលត្រូវបានបរិច្ចាគដោយពួកមេបញ្ជាការដែនដី (Daimyo) ។ ហើយចង្កៀងភ្លើងទាំងនេះគឺជាវត្ថុបុរាណមិនធម្មតាដែលមានមនុស្សជាច្រើនមិនអាចទៅមើលបាន(ចង្កៀងភ្លើងនេះត្រូវបានធ្វើពីថ្មសុទ្ធ) រីឯការតុបតែងក៏ធ្វើពីថ្មនឹងឈើផងដែរ។

១០. សារមន្ទីរសិល្បៈជាតិលោកខាងលិច

ការប្រមូលផ្ដុំនូវសិល្បៈបែបលោកខាងលិចដ៏ល្អបំផុតមកអោយប្រទេសជប៉ុន។ វាជាសារមន្ទីរមួយដែលគ្រប់គ្រងយ៉ាងល្អដែលមានការតាំងពិព័រណ៍ពិសេសៗជាច្រើនដែលបានរចនាឡើងដើម្បីទាញភ្ញៀវទេសចរណ៍មកចូលរួមទស្សនា។

១១. ប្រាសាទ Bentendo

ប្រាសាទ Bentendo​ មានទីតាំងស្ថិតនៅលើកោះមួយនៅក្នុងស្រះទឹក Shinobazu។ ប្រាសាទនេះត្រូវបានឧទ្ទិសដល់ Benten (ព្រះជាម្ចាស់នៃចំនេះដឹង និងផ្នែកតន្ត្រី)។

១២. សារមន្ទីរ Shitamachi

Shitamachi គឺជាតំបន់ដ៏ធំនៃអ្នកជំនួញសិប្បករ កសិករ និងកន្លែងកំសាន្ដ។ សារមន្ទីរ Shitamachi បើពិនិត្យមើលទៅវាដូចជាជីវិតរស់នៅបែបអ្នកទីក្រុង Tokyo នាចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ។

១៣. សាកលវិទ្យាល័យតូក្យូ (University Of Tokyo)

សាកលវិទ្យាល័យតូក្យូស្ថិតនៅភាគខាងលិចនៃឧទ្យាន Ueno ក្បែរស្រះទឹក Shinobazu។ សាកលវិទ្យាល័យតូក្យូ គឺជាសាកលវិទ្យាល័យកំពូលមួយរបស់ជប៉ុន។ វាត្រូវបានគេប្រៀបធៀបជាញឹកញាប់ជាមួយសាកលវិទ្យាល័យហាវឺដនៅសហរដ្ឋអាមេរិក (Harvard in the United States)។ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកដើរកំសាន្ដ និងអ្នកថតរូប។

១៤. Tokyo Bunka Kaikan

Tokyo Bunka Kaikan ជាទីសាលសំរាប់សម្តែងដែលមាន ២០០០ កៅអីនៅឯឧទ្យាន Ueno។ នៅកន្លែងនេះផងដែរគេតែងតែធ្វើព្រឹតិ្ដការណ៍វប្បធម៍ និងការសំដែងតន្រ្ដី។

១៥. Ueno Daibutsu

Ueno Daibutsu គឺជាបដិមាករនៃព្រះពុទ្ធដែលធ្វើអំពីសំរិទ្ធដ៍ធំសម្បើមស្ថិតនៅក្នុងសួនច្បារឧទ្យាន Ueno តាំងពីឆ្នាំ ១៦៣១ ដល់ ១៩២៣ ។ វាត្រូវបានដួលរំលំនៅក្នុងការដែលមានគ្រោះរញ្ជួយដីនៅឆ្នាំ 1១៩២៣ នៅតូក្យូ។ សំណល់ដែលនៅសល់នៃរូបសំណាក់នេះត្រូវបានទុកនៅក្នុងឧទ្យាន Ueno អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីបំផុតក៏ត្រូវបានបាត់បង់ក្នុងសង្គ្រាមលោកលើកទី ២។ រីឯផ្ទៃមុខរបស់ព្រះពុទ្ធគឺជាអ្វីដែលនៅសល់សព្វថ្ងៃនេះ។

 

អត្ថបទ៖ japan-talk

ប្រែសម្រួល៖ Puthea

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: