ប្រាសាទត្រូវបានសាងសង់ថ្មីទោះបីជាមិនទាន់ខូចខាតក៏ដោយ – នេះជាអាថ៌កំបាំងដែលបន្តរាប់ពាន់ឆ្នាំរបស់ប្រជាជនជប៉ុន

ប្រាសាទត្រូវបានសាងសង់ថ្មីទោះបីជាមិនទាន់ខូចខាតក៏ដោយ – នេះជាអាថ៌កំបាំងដែលបន្តរាប់ពាន់ឆ្នាំរបស់ប្រជាជនជប៉ុន។

តាំងពីសម័យបុរាណកាល មនុស្សជាតិបានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើន ជាស្នាដៃដ៏អស្ចារ្យដែលរហូតមកដល់សព្វថ្ងៃនេះមនុស្សជំនាន់ក្រោយនៅតែស្ញប់ស្ញែង។ ទោះជាយ៉ាងណា មានជំនាញសិប្បកម្មជាច្រើនត្រូវបានបាត់បង់ទៅតាមពេលវេលា ដែលធ្វើឱ្យមនុស្សនៅសម័យនេះ ទោះបីជាមាន​បច្ចេក​វិទ្យា​ជឿន​លឿន​ក៏​ពិបាក​នឹង​ធ្វើ​ឱ្យ​ឡើង​វិញ​ដែរ។

ដូចជាពីរ៉ាមីតរបស់អេហ្ស៊ីបជាឧទាហរណ៍ដ៏ល្អមួយ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំមកហើយ វិធីសាស្រ្តដែលប្រើសម្រាប់សាងសង់ស្នាដៃដ៏អស្ចារ្យទាំងនោះនៅតែជាប្រធានបទរបស់ទ្រឹស្តីជាច្រើន។ រហូតមកដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវនៅតែមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ ហើយ​សំណួរ​ដែល​ថា តើ​មនុស្ស​ពិត​ជា​មាន​សមត្ថភាព​អាច​ធ្វើឡើងវិញនូវដំណើរការសាងសង់ទាំងមូលបានឬអត់ នៅតែជាអាថ៌កំបាំងនៅឡើយ។ 

នៅឆ្នាំ ១៩៨៥ ម៉ាកនាឡិកាប្រណិតរបស់ប្រទេសស្វីស Ulysse Nardin បានដាក់លក់ Astrolabium Galileo Galilei ដែលជាស្នាដៃមេកានិចតារាសាស្ត្រជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះ។ ការបង្កើតនាឡិកានេះបានបង្ហាញពីបច្ចេកទេសដ៏អស្ចារ្យ និងកម្រិតជំនាញដែលមនុស្សអាចសម្រេចបាន។ ទន្ទឹមនឹងនោះ វាបានរំលឹកយើងថា បច្ចេកទេសស្មុគស្មាញគួរតែត្រូវបានរក្សាទុក និងបន្តពីមួយជំនាន់ទៅមួយជំនាន់។

ជាជំនាញដែលប្រើសិនបើមិនអនុវត្ត និងបន្តពីមួយជំនាន់ទៅមួយជំនាន់ មិនយូរមិនឆាប់នឹងប្រឈមមុខនឹងហានិភ័យបាត់បង់។ ឆ្លងកាត់រយៈពេលរាប់រយ រាប់ពាន់ឆ្នាំ ប្រជាជនជប៉ុនបានយល់យ៉ាងស៊ីជម្រៅអំពីទស្សនៈនេះ។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ ពួកគេបានរកឃើញវិធីសាស្រ្តដ៏ពិសេសមួយសម្រាប់ថែរក្សាជំនាញដ៏មានតម្លៃរបស់ដូនតា។ វិធីសាស្រ្តនោះបែរជាផ្សារភ្ជាប់ជាមួយនឹងទីកន្លែងដ៏ពិសិដ្ឋបំផុតរបស់ជប៉ុន។

រឿងរ៉ាវខាងក្រោមនេះអាចជួយឱ្យប្រិយមិត្តស្វែងយល់អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងជំនឿស៊ីនតូ ស្មារតីឱ្យតម្លៃទៅលើជំនាញសិប្បកម្ម និងប្រពៃណីបន្តកេរដំណែលបេតិកភណ្ឌរបស់ប្រជា​ជន​ជប៉ុន។

Ise Jingu – ​កន្លែង​ពិសិដ្ឋពីរពាន់​ឆ្នាំ និង​​ពិធី​បុណ្យ​កសាងប្រាសាទ​ឡើង​វិញ

នៅខេត្ត Mie ប្រទេសជប៉ុន មានប្រាសាទទីសក្ការបូជាមានឈ្មោះថា Ise Jingu (伊勢神宮) ឬត្រូវបានគេហៅថាទីសក្ការៈបូជា Ise ។

ដោយមានប្រវត្តិប្រមាណ ២.០០០ ឆ្នាំ ទីកន្លែងនេះត្រូវបានគេគោរពបូជាដូចជាកន្លែងដ៏ពិសិដ្ឋ ដែលប្រជាជនជប៉ុនតែងតែស្រមៃចង់ទៅធ្វើធម្មយាត្រាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។

នៅ​ទីសក្ការៈ Ise មានពិធីបុណ្យបុរាណដ៏ពិសេសមួយមានឈ្មោះថា Shikinen Sengu (式年遷宮) – ពិធីបុណ្យតាមកាល​កំណត់​ដើម្បី​សាង​សង់​​ទីសក្ការៈ​​ឡើង​​វិញ និង​អញ្ជើញ​អាទិទេពឱ្យ​យាងទៅ​គង់​នៅ​ទីសក្ការៈ​ថ្មី។

យោងតាមទំនៀមទម្លាប់ប្រពៃណីនេះ ជារៀងរាល់ ២០ ឆ្នាំម្តង សាលធំដែលសម្រាប់គោរពបូជាអាទិទេពត្រូវបានសាងសង់ឡើងវិញទាំងស្រុង។

នៅជាប់នឹងទីសក្ការៈបូជាដែលមានស្រាប់ គេទុកដីមួយកន្លែងសម្រាប់សាងសង់សំណង់ថ្មី។ នៅ​ពេល​ដែល​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់ ពិធីបុណ្យ​ដ៏​ឧឡារិក​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​អញ្ជើញអាទិទេព​យាង​ទៅគង់​នៅ​ទីសក្ការៈ​បូជា​ដែល​ទើប​សាង​សង់​ថ្មី។

អ្វីដែលគួរឱ្យកត់សម្គាល់ត្រង់ថា ប្រាសាទទីសក្ការៈបូជាចាស់មិនទ្រុឌទ្រោម ឬខូចខាតខ្លាំងរហូតដល់ថ្នាក់ត្រូវជំនួសនោះទេ។

ដូច្នេះហេតុអ្វីបានជាប្រជាជនជប៉ុននៅតែបន្តអនុវត្តគម្រោងសាងសង់ឡើងវិញដែលចំណាយប្រាក់យ៉ាងច្រើនអស់រយៈពេលរាប់សតវត្សបែបនេះ?

ដើម្បីយល់អំពីចំណុចនេះ ជាដំបូងត្រូវរំលឹកដល់ វណ្ណៈសិប្បករដ៏ពិសេសក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្ម​ជប៉ុន។

 

Miya daiku – ជាងឈើជំនាញដែលថែរក្សាសិប្បកម្មប្រពៃណី

នៅប្រទេសជប៉ុន ជាងដែលមានជំនាញសាងសង់ប្រាសាទទីសក្ការៈបូជាស៊ីនតូ និងវត្តអារាមព្រះ​ពុទ្ធ​សាសនា​មិន​មែន​ជា​ជាង​ឈើ​ធម្មតា​នោះ​ទេ។

ពួកគេត្រូវបានគេហៅថា Miya daiku (宮大工) – កំពូលជាងឈើដែលជំនាញខាងស្ថាបត្យកម្មប្រាសាទ មានប្រព័ន្ធបច្ចេកទេសដ៏ពិសេស ដែលត្រូវបានបង្ហាត់បង្រៀន និងបន្តពីមួយជំនាន់ទៅ​មួយ​ជំនាន់។

ក្រោមស្នាដៃដ៏​ប៉ិនប្រសប់​របស់​សិប្បករ​ទាំងនោះ សំណង់​ឈើ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាងល្អឥតខ្ចោះ និង​​កម្រិត​​ធន់​​ដ៏​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល។

ដូច្នេះហើយ នៅប្រទេសជប៉ុននៅតែមានប្រាសាទទីសក្ការៈជាច្រើនមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ចាប់តាំងពីពេលដែលសាងសង់ឡើងវិញ។ ដោយបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុង​ប្រវត្តិ​សាស្ត្រ សំណង់​ទាំងនោះនៅតែត្រូវបានថែរក្សា និងបន្តប្រើប្រាស់ដោយផ្អែកលើដំណើរការ​ជួស​ជុល ​អភិរក្ស​អស់​​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ។

ដូច្នេះ តើប្រាសាទ​ទីសក្ការៈបូជា Ise ដែលសាងសង់ឡើងមិនល្អមែនទេ? បានជាក្រោយរយៈពេល ២០ ឆ្នាំ​លែងប្រើប្រាស់ទៀត ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​វិញ?

មិនមែនបែបនេះនោះទេ។

ប្រជាជនជប៉ុនសាងសង់ប្រាសាទទីសក្ការៈបូជាថ្មីមិនមែនដោយសារតែសំណង់ចាស់ទ្រុឌទ្រោមនោះ​ទេ ប៉ុន្តែដើម្បីការពារតម្លៃវប្បធម៌បុរាណដែលអាចនឹងបាត់បង់។

ម្យ៉ាងវិញទៀត គម្រោងកសាងឡើងវិញនេះមិនមែនអនុវត្តសម្រាប់សាលធំប៉ុណ្ណោះទេ។ ប៉ុន្តែជាង ១៧០ គម្រោង​ធំតូចក្នុងបរិវេណទីសក្ការៈ Ise សុទ្ធតែស្ថិតក្នុងការសាងសង់ថ្មី។

ដោយផ្អែកលើការសាង់សង់ឡើងវិញ ២០ ឆ្នាំម្តង សិប្បករ Miya daiku មានឱកាសអនុវត្តបច្ចេក​ទេសប្រពៃណីជាប្រចាំ ដូចជាការជ្រើសរើសសម្ភារៈ កែច្នៃឈើ វិធីសាស្រ្តផ្គុំ និងការដំឡើងសសរដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ស្ថាបត្យកម្ម​ជប៉ុន​បុរាណ។

មនុស្សជំនាន់មុនបង្រៀនបទពិសោធទៅឱ្យមនុស្សជំនាន់ក្រោយ។ អ្នកដែលរៀនសូត្រនៅថ្ងៃនេះនឹងក្លាយជាគ្រូនាពេលអនាគត ដោយបន្តបង្រៀនជំនាញអាថ៌កំបាំងដែលខ្លួនបានរៀន។

ដូច្នេះហើយ ពីមួយជំនាន់ទៅមួយជំនាន់ ជំនាញរបស់សិប្បករ Miya daiku នៅតែត្រូវបានថែរក្សា ដោយ​ភ្ជាប់​អតីតកាល​ជា​មួយ​បច្ចុប្បន្ន​កាល។

រុះរើរបស់ចាស់ដើម្បីថែរក្សាតម្លៃឱ្យស្ថិតស្ថេរ

តាំងពីបុរាណ ប្រជាជនជប៉ុនតែងតែឱ្យតម្លៃចំពោះស្មារតីថែរក្សាអ្វីដែលត្រូវបានបង្កើតឡើង។

សំណង់ដែលមានតម្លៃគួរតែត្រូវបានថែរក្សា ជួសជុល និងប្រើប្រាស់យូរអង្វែង ជាជាងការដែលកម្ទេចចោល ដើម្បីជំនួសដោយរបស់ថ្មី។

នោះជា​គោលគំនិត​ប្រពៃណីដែល​ទាក់ទង​នឹង​ការអភិរក្ស និងថែរក្សាកេរដំណែល។

យ៉ាងណាមិញ បើសិនជាអ្វីដែល​ត្រូវ​បាន​បន្ត​ទៅ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​មិន​មែន​គ្រាន់​តែ​ជាសំណង់ ប៉ុន្តែ​ជា​បច្ចេកទេសដែលបង្កើតបានជាសំណង់ទាំងនោះ នោះ​ការ​សាងសង់​ឡើងវិញ​តាម​កាល​កំណត់​​បែរ​​ជា​មាន​អត្ថន័យ​ខុស​គ្នា​ទាំង​ស្រុង។

ព្រោះថា នៅពេលដែលជំនាញបច្ចេកទេសត្រូវផ្អាក និងបាត់បង់ ការស្ដារឡើងវិញនូវអាថ៌កំបាំងរបស់​មនុស្សជំនាន់មុនអាចនឹងក្លាយជារឿងដែលមិនអាចទៅរួច។

មនុស្សដែលមានតួនាទីថែរក្សាទីសក្ការៈបូជា Ise បានយល់អំពីគោលការណ៍នោះជាយូរមកហើយ។ ដូច្នេះហើយ មិនថាចំណាយកម្លាំង ការខិតខំប្រឹងប្រែងរបស់មនុស្ស និងប្រាក់ប៉ុណ្ណានោះទេ ពួក​គេ​នៅ​តែបន្តពិធីបុណ្យសាងសង់ឡើងវិញពីមួយជំនាន់ទៅមួយជំនាន់។

នោះមិនមែនគ្រាន់តែជាការសាងសង់ទីសក្ការៈបូជាថ្មីប៉ុណ្ណោះទេ។

នោះថែមទាំងជារបៀបដែលប្រជាជនជប៉ុនថែរក្សាដួងព្រលឹងរបស់ជំនាញសិប្បកម្ម ដោយធានា​ថា​ស្នាដៃ​របស់​បុព្វ​បុរស​មិន​បាត់​បង់​ទៅ​តាម​ពេល​វេលា។

តម្លៃនៃស្នាដៃដ៏អស្ចារ្យមួយមិនត្រឹមតែស្ថិតលើទម្រង់ដែលត្រូវបានថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ​ប៉ុណ្ណោះទេ។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់សិប្បករ បច្ចេកទេសដ៏ប្រណិត និងជំនឿដែល​ពួកគេបន្សល់ទុកមិនត្រូវបានបន្តទៅឱ្យមនុស្សជំនាន់ក្រោយ ទោះបីជាសំណង់នោះនៅដដែល សិប្បកម្ម​នោះ​នឹង​បាត់​បង់បន្តិចម្តងៗទៅតាមពេលវេលា។

ទីសក្ការៈបូជា Ise គឺជាករណីពិសេសនៅប្រទេសជប៉ុន ជាកន្លែងដែលការសាងសង់ឡើងវិញទ្រង់​ទ្រាយ​ធំ​ត្រូវបានបន្តដូចជាពិធីបុណ្យដ៏ពិសិដ្ឋ ថែមទាំងក្លាយជាវិធីសាស្ត្រថែរក្សា និងបន្តសិប្បកម្មប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

ជាកន្លែងដែលអាទិទេពគង់នៅ និងសិប្បកម្មរបស់មនុស្សត្រូវបានឱ្យតម្លៃ

នៅសាលកណ្តាល (内宮 – Naiku) នៃទីសក្ការៈបូជា Ise អាទិទេពដែលត្រូវបានគោរពបូជាគឺ Amaterasu Omikami (天照大神) – ទេពធីតាព្រះអាទិត្យដែលមានឋានៈខ្ពស់បំផុតក្នុងជំនឿស៊ីនតូ​របស់​ជប៉ុន។

ទន្ទឹមនឹងនោះ សាលខាងក្រៅ (外宮 – Geku) ប្រជាជនគោរពបូជា Toyouke Omikami (豊受大御神) – ជា​អាទិទេព​ដែល​ការ​ពារ​ប្រជាជន ប្រទាន​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ជីវិត ដូច​ជា​បាយ សម្លៀក​​បំពាក់ ទីជំរក និង​វិជ្ជាជីវៈ​ផ្សេងៗ។

តាមរយៈទស្សនៈនោះ ពិធីបុណ្យ Shikinen Sengu ហាក់បីដូចជាបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។

នោះមិនត្រឹមតែជាការបន្តការគោរពចំពោះទីសក្ការៈបូជា Ise ប៉ុណ្ណោះទេ ជាកន្លែងដែលពិសេសក្នុងជំនឿស៊ីនតូរបស់ជប៉ុន ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ឱ្យ​តម្លៃ និង​ថែរក្សា​មូល​ដ្ឋាន​គ្រឹះនៃជំនាញប្រពៃណី​​បុរាណ​​ផង​​ដែរ។

ជាពិធីបុណ្យដែលគោរពចំពោះអាទិទេព ថែមទាំងថែរក្សាកម្លាំងពលកម្ម និង​បញ្ញា​របស់​មនុស្ស។

ឆ្លងកាត់រយៈពេលច្រើនសតវត្សមកហើយ ប្រជាជនជប៉ុនមិនត្រឹមតែគោរពបូជាអាទិទេពប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​ពារ​ជំនាញ​សិប្បកម្ម​ដែល​ដូនតា​បានបន្សល់ទុកផងដែរ។

នោះក៏ប្រហែលជាជាភាពស្រស់ស្អាតក្នុងវប្បធម៌ជប៉ុន។

ក្នុងប្រទេសរបស់អ្នកទាំងអស់គ្នា តើមានសិប្បកម្មប្រពៃណីណាមួយដែលបានបាត់បង់ដែរទេ? ដែលធ្វើឱ្យមនុស្សជំនាន់ក្រោយទោះបីជាចង់ធ្វើឡើងវិញក៏មិនអាចធ្វើបាន។

ការបង្កើតអ្វីមួយថ្មីមិនមានន័យថា គ្រប់យ៉ាងដែលចាស់ទៅនោះសុទ្ធតែហួសសម័យនោះទេ។ ពេលខ្លះតម្លៃដែលបានរក្សាទុកអស់រយៈពេលរាប់រយ រាប់ពាន់ឆ្នាំ បែរជាបង្កប់ទៅដោយប្រាជ្ញា និងខ្លឹមសារដែលមនុស្សនៅសម័យនេះមិនអាចជំនួសបាន។

ប្រជាជនជប៉ុនរបស់យើងយល់ឃើញថា ចង់ឆ្ពោះទៅកាន់អនាគត មិនមែនផ្តោតលើតែជាការបង្កើតថ្មី ហើយបំភ្លេចមរតករបស់ដូនតានោះទេ។ ដូច្នេះហើយ យើងបន្តថែរក្សា បណ្តុះបណ្តាល ផ្សព្វ​ផ្សាយ​ជំនាញសិប្បកម្មដែលបន្សល់ទុកជាច្រើនសហស្សវត្សរ៍មកហើយ។

ហើយប្រហែលជាដោយសារតែស្មារតីឱ្យតម្លៃចំពោះអតីតកាល ថែរក្សាសិប្បកម្ម និងបន្តស្មារតីរបស់​មនុស្សជំនាន់មុន ដែលបានរួមចំណែកដល់មូលដ្ឋានវប្បធម៌ Monozukuri – សិល្បៈនៃការផលិត និង​ស្មារតី​យក​ចិត្ត​​ទុក​​ដាក់​របស់​ជន​ជាតិ​ជប៉ុន​សព្វ​ថ្ងៃ​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: