គ្មានអ្នកដំណើរស្លាប់ព្រោះតែគ្រោះថ្នាក់? – អាថ៌កំបាំងនៅពីក្រោយ “កម្រិតសុវត្ថិភាព” របស់រថភ្លើងល្បឿនលឿន Shinkansen

គ្មានអ្នកដំណើរស្លាប់ព្រោះតែគ្រោះថ្នាក់? – អាថ៌កំបាំងនៅពីក្រោយ “កម្រិតសុវត្ថិភាព” របស់រថភ្លើងល្បឿនលឿន Shinkansen ។

តាំងពីពេលដែលចាប់ផ្តើមដាក់ដំណើរការនៅឆ្នាំ ១៩៦៤ ប្រព័ន្ធរថភ្លើងល្បឿនលឿន Shinkansen របស់​ជប៉ុន បច្ចុប្បន្នដំណើរការចន្លោះពី ១០០០ ទៅ ១៤០០ ជើងក្នុងមួយថ្ងៃ។

គួរឱ្យស្តាយ ក្នុងប្រវត្តិដំណើរការរបស់​ Shinkansen នៅតែមានករណីស្លាប់ដោយសារឧប្បត្តិហេតុនៅ​ពេលដែលអ្នកដំណើរឡើងចុះរថភ្លើង ឬ​ហេតុ​ការណ៍​កើត​ឡើងនៅលើរថភ្លើង។ ទោះជាយ៉ាង​ណា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលត្រង់ថា មិនធ្លាប់មានករណីស្លាប់ដោយសារបញ្ហាបច្ចេកទេសរបស់រថភ្លើង ឬ​ប្រព័ន្ធដំណើរនោះទេ។

នៅពីក្រោយកេរ្តិ៍ឈ្មោះដែលទាក់ទងនឹងប្រព័ន្ធដឹកជញ្ជូនមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត គឺជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ដើម្បី​រក្សា​ស្តង់​ដារ​សុវត្ថិភាព​ទាំង​ស្រុង។ ចូរយើងស្វែង​យល់​អំពី​យន្ត​ការ​ពិសេសៗ​នៅ​ពី​ក្រោយ​សមិទ្ធផល​នោះ – ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​គំនិត និងប្រើ​បច្ចេកវិទ្យាខ្ពស់ដែលកត់​សម្គាល់​​ពី​ជប៉ុន។

តាំងពីដំណាក់កាលរចនា រថភ្លើង Shinkansen ត្រូវបានផលិតដោយផ្អែកលើគោលការណ៍ស្នូលចំនួន ៣ គឺ៖ 

  • ម៉ាសុីនពេលខ្លះអាចនឹងខូច
  • មនុស្សពេលខ្លះអាចនឹងមានកំហុស
  • គ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង
  • ប្រព័ន្ធទាំងមូលត្រូវបានរចនាឡើងដោយ​ការ​កំណត់​ថា ស្ថានភាពទាំងបីនេះសុទ្ធតែអាចកើត​ឡើង​គ្រប់​ពេល​វេលា។

រថភ្លើង Shinkansen ត្រូវបានរចនា និងផលិតជាមួយនឹងមុខងារពិសេសបំផុត ដូច្នេះទោះបីជាអ្នកបើក​រថភ្លើង​ធ្វើខុសក្នុងពេលដំណើរការ ពេលប្រតិបត្តិការ ឬបាត់បង់ស្មារតីភ្លាមៗក៏ដោយ ប្រព័ន្ធនៅតែអាចគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ នៅពេលដែលឃើញថារថភ្លើងដំណើរការ​លើស​​​ពី​ការ​អនុញ្ញាត។ ស្រដៀងគ្នាដែរ ក្នុងករណីខូចហ្វ្រាំង ប្រព័ន្ធនេះនឹងប្រើកម្លាំងរឺស័រដែលខ្លាំង​​បំផុតដើម្បីទប់ហ្វ្រាំង។ នេះជា​គោលការណ៍​មូលដ្ឋានដែលបង្កើតឡើងដើម្បីគិតទុកមុនពីកំហុស​របស់​មនុស្ស និង​ម៉ាសុីន។

ទោះជាយ៉ាងណា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតត្រង់ថា សមត្ថភាពទប់ទល់នឹងរញ្ជួយដី។

រថភ្លើង Shinkansen អាចឈានដល់ល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលដែលរថភ្លើងកំពុងធ្វើដំណើរជាមួយ​នឹង​ល្បឿន​លឿន​បែប​នេះ រថភ្លើងអាចនឹងធ្លាក់ចេញពីផ្លូវដែក​​ភ្លាមៗ ម្យ៉ាង​​វិញ​​ទៀត ប្រសិនបើចាប់ហ្វ្រាំងភ្លាមៗ អ្នក​ដំណើរ​នៅ​ខាង​ក្នុង​អាច​នឹង​មានគ្រោះ​​ថ្នាក់។

យ៉ាងណាមិញ រថភ្លើង Shinkansen របស់ជប៉ុនអាចឈប់មុនពេលដែលមានរញ្ជួយដីខ្លាំងកើតឡើង។

ដូច្នេះតើយន្តការនេះដំណើរការយ៉ាងដូចម្តេច?

នៅពេលដែលមានរញ្ជួយដីកើតឡើង មានរលករញ្ជួយដីពីរប្រភេទត្រូវបានបញ្ជូនទៅជាបន្តបន្ទាប់។

ជាដំបូងគឺរលកបឋម (Primary Wave – រលក P) ជាប្រភេទរលកបញ្ជូនទៅក្នុងល្បឿនលឿន។ ទោះ​​ជាយ៉ាងណា អាំងតង់ស៊ីតេរំញ័រដែលបង្កឡើងដោយរលកនេះមានកម្រិតទាប ដែលមនុស្សស្ទើរ​​តែ​​មិន​​ដឹង​​នោះទេ។

បន្ទាប់មកគឺរលកទីពីរ (Secondary Wave – រលក S) ។ ប្រភេទរលកនេះមានល្បឿនយឺតជាង ប៉ុន្តែបែរជាបង្កឱ្យមានរំញ័រយ៉ាងខ្លាំង។

រថភ្លើង Shinkansen ត្រូវបានបំពាក់ដោយឧបករណ៍វាស់រំញ័រនៅកន្លែងខុសៗគ្នាដើម្បីរកឃើញ​រលក P នៅពេលដែលវាមកដល់។ ដោយផ្អែកលើទិន្នន័យដែលប្រមូលបាន ប្រព័ន្ធនេះកំណត់ទិស​ដៅ និងលក្ខណៈរបស់រំញ័រ ដូច្នេះព្យាករណ៍ពីការកើតឡើងរបស់រលក S និងផលប៉ះពាល់ដែលវាអាច​​បង្ក​​ឡើង។

ប្រសិនបើរកឃើញហានិភ័យកើតមានរំញ័រខ្លាំង ប្រព័ន្ធនឹងផ្តាច់ចរន្តថាមពលរបស់រថភ្លើង។ ក្នុងពេលជាមួយគ្នានេះ នៅពេលដែលប្រភពថាមពលត្រូវផ្តាច់ យន្តការហ្វ្រាំងនឹងដំណើរការភ្លាមៗ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺដំណើរការទាំងមូលនេះចំណាយពេលត្រឹមតែ ០,១ វិនាទីប៉ុណ្ណោះ។

ក្នុងអំឡុងពេលខ្លីបែបនេះ មិនអាចពឹងលើសមត្ថភាពវិនិច្ឆ័យ ឬប្រតិកម្មរបស់មនុស្សនោះទេ។ ដូច្នេះ​ហើយ ដំណើរការទាំងមូលត្រូវបានដំណើរការដោយប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ។

ដូច្នេះនៅពេលដែលមានរញ្ជួយដីខ្លាំងកើតឡើង រថភ្លើងបានឈប់ទាំងស្រុង ឬបន្ថយល្បឿនយ៉ាង​លឿន ដែល​កាត់បន្ថយ​ហានិភ័យ​រថភ្លើង​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក។

ក្នុងអំឡុងពេលកើតមានរញ្ជួញដីយ៉ាងខ្លាំងនៅឆ្នាំ ២០១១ ទោះបីជាមានរថភ្លើងមួយចំនួនធ្លាក់ចេញពីផ្លូវដែកដោយសារតែរញ្ជួយដីខ្លាំង ប៉ុន្តែមិនមានករណីស្លាប់ឡើយ។ សមិទ្ធផលនោះមានការ​រួម​ចំណែក​យ៉ាង​ច្រើនពី​យន្ត​ការ​សុវត្ថិភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ។

នៅប្រទេសជប៉ុន ឧបករណ៍វាស់រញ្ជួយដីដែលប្រើសម្រាប់រកឃើញរញ្ជួយដីត្រូវបានដំឡើងយ៉ាងទូលំទូលាយ មិនត្រឹមតែនៅលើដីគោកប៉ុណ្ណោះទេ ថែមទាំងមាននៅក្រោមបាតសមុទ្រ ដើម្បីរកឃើញ​រញ្ជួយដី​ទាំង​នេះ​ទាន់​ពេលវេលា។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺប្រព័ន្ធប្រកាសរញ្ជួយដីជាបន្ទាន់នៅប្រទេសជប៉ុនក៏ដំណើរការដោយផ្អែក​លើ​គោល​ការណ៍​ស្រដៀង​គ្នា​នេះ​ដែរ។

មិនត្រឹមតែផ្សាយនៅលើទូរទស្សន៍ប៉ុណ្ណោះទេ ប្រកាសរញ្ជួយដីថែមទាំងត្រូវបានផ្ញើទៅកាន់ស្មាត​ហ្វូនដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័តនៅជប៉ុន​ផង​ដែរ។ នៅ​ពេល​ដែល​ប្រព័ន្ធរកឃើញ​ហានិ​ភ័យ​រញ្ជួយដី​ខ្លាំង ទូរស័ព្ទនឹងបញ្ចេញសំឡេងប្រកាសអាសន្នខ្លាំងដោយស្វ័យប្រវត្តិ មុនពេលដែលប្រជាជន​មាន​អារម្មណ៍​ថា​ដី​មាន​រំញ័រ។

ប្រសិនបើអ្នកធ្លាប់រស់នៅប្រទេសជប៉ុន អ្នកប្រហែលជាធ្លាប់ជួបប្រទះស្ថានភាពនេះ។

មុនពេលដែលរញ្ជួយដីកើតឡើង ទូរស័ព្ទដៃជាច្រើនដែលនៅជុំវិញស្រាប់តែរោទ៍ឡើងជាមួយនឹងសំឡេង​យ៉ាង​ខ្លាំង។ ហើយនៅពេលដែល​មនុស្ស​មិន​ទាន់​បាត់​ភ័យ​ផង​នោះ រញ្ជួយដីយ៉ាងខ្លាំងបានចាប់​ផ្តើម​កើត​ឡើង។

ទាំងនោះជាភស្តុតាងដែល​បង្ហាញ​ពី​សមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត​របស់​ជប៉ុន។

រថភ្លើង Shinkansen អាចនឹងត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏លេចធ្លោបំផុតនៃបច្ចេកវិទ្យារបស់ជប៉ុន ជាកន្លែងដែលសុវត្ថិភាព និងភាពជឿទុកចិត្តតែងតែត្រូវបានផ្តល់អាទិភាព ដាច់ខាង​​មិន​​មាន​​ការ​​ធ្វើ​​ប្រងើយ​​នោះ​​ទេ។

បច្ចុប្បន្ននេះ ប្រទេសជប៉ុន និងចិនគឺជាប្រទេសពីរដែលកំពុងសកម្មនាំចេញបច្ចេកវិទ្យាផ្លូវដែកល្បឿនលឿនទៅកាន់ទីផ្សារពិភពលោក។

ជាការពិតណាស់ ការកសាងបណ្តាញសម្រាប់រកឃើញរញ្ជួយដីទ្រង់ទ្រាយធំតម្រូវឱ្យមានការវិនិយោគ និងការសហការថ្នាក់ជាតិ។ ជាង​នេះ​ទៅ​ទៀត មិន​មែន​ប្រទេស​ទាំង​អស់​សុទ្ធតែប្រឈមមុខ​​នឹងហានិភ័យរញ្ជួយដីញឹកញាប់នោះទេ។ ដូច្នេះហើយ ប្រព័ន្ធប្រកាសអាសន្ន និងឆ្លើយតបយ៉ាង​​ទូលំទូលាយ​ដូច​នៅ​ជប៉ុន បច្ចុប្បន្នត្រូវបានអនុវត្តតែនៅក្នុងស្រុកប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្វីដែលគួរឱ្យសរសើរបំផុតនៃបច្ចេកវិទ្យាផ្លូវដែកល្បឿនលឿនរបស់ជប៉ុនបែរជាស្ថិតលើចំណុចដែលកម្រនឹងត្រូវបានលើកឡើង។ នោះគឺទស្សនៈផ្តោតលើគោលការណ៍បង្ការគ្រោះថ្នាក់តាំងពីដំបូង ជាជាងគ្រាន់តែដោះស្រាយផលវិបាកបន្ទាប់ពីឧប្បត្តិហេតុកើតឡើង។

តាមពិតទៅ ចំណុចល្អទាំងនេះគួរតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ពិភពលោក។ ទោះ​ជា​យ៉ាងណា ហាក់បីដូចជាប្រជាជនជប៉ុនទម្លាប់នឹងស្តង់ដារសុវត្ថិភាពទាំងនេះពេកហើយ រហូតដល់​ថ្នាក់​ចាត់ទុកដូចជារឿងធម្មតា ហើយកម្រនឹងគិតដល់ការផ្សព្វផ្សាយ ឬមានមោទនភាព​ចំពោះ​​វា​​ណាស់។

លទ្ធផលសមិទ្ធផលបច្ចេកវិទ្យាដ៏អស្ចារ្យទាំងនេះនៅតែមិនទាន់មានមនុស្សជាច្រើននៅលើពិភព​លោក​ស្គាល់។

នេះមិនត្រឹមតែជាចំណុចខ្លាំងរបស់ជប៉ុនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំង​ពី​ចំណុចខ្សោយ​របស់​ប្រទេស​​នេះ​​ខាង​​វិស័យ​​អាជីវកម្ម​ផង​ដែរ៖ មានចំណុចខ្លាំង ប៉ុន្តែមិនទាន់ពូកែខាង​ផ្សព្វ​ផ្សាយ ហើយ​​ប្រែ​ក្លាយ​​តម្លៃ​​ទាំង​នោះ​​ទៅជា​គុណសម្បត្តិ​ប្រកួតប្រជែង​នៅលើទីផ្សារ​អន្តរជាតិ។

ដូច្នេះ ប្រសិនបើប្រទេសរបស់អ្នកសម្រេចចិត្តសាងសង់ប្រព័ន្ធផ្លូវដែកល្បឿនលឿន តើអ្នកចង់​រើស​​យក​​បច្ចេកវិទ្យា​​របស់​​ប្រទេស​​ណា?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: