មេរៀននិយាយពីសិល្បៈការងារដែលផ្តើមចេញពីទស្សនៈស្លាប់រស់របស់ Samurai ដែលលោក

មេរៀននិយាយពីសិល្បៈការងារដែលផ្តើមចេញពីទស្សនៈស្លាប់រស់របស់ Samurai ។

ការងារ​កាន់តែ​ច្រើន​ឡើងៗ ប៉ុន្តែ​ការងារ​កាន់តែ​ច្រើន ខ្លួនបែរជាបាត់បង់កម្លាំងចិត្តធ្វើការ​ងារ។ អារម្មណ៍​អស់​កម្លាំង នឿយ​ហត់​រហូត​ដល់​ថ្នាក់​យើង​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។

ប្រាកដណាស់យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ មែនដែរទេ?

យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាដឹងទេថា ពេលខ្លះរឿងដែលធ្វើឱ្យយើងនឿយហត់បំផុត តាមពិតទៅជាការងារដែលមិនទាន់បានបញ្ចប់?

ចូរយើងពិនិត្យមើលឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយខាងក្រោម។

ក្នុងហាងដែលមានតុច្រើន បុគ្គលិកដែលមានបទពិសោធអាចចងចាំមុខម្ហូបនីមួយៗដែលភ្ញៀវបានហៅយ៉ាងច្បាស់ បញ្ជូនការកុម្មង់ទៅឱ្យផ្ទះបាយ ហើយលើកម្ហូបចេញដោយគ្មានមិនភាន់ច្រឡំ​តុ​នោះ​ទេ។

ទោះជាយ៉ាងណា បន្ទាប់ពីភ្ញៀវបានទូទាត់ប្រាក់រួច ប្រសិនបើសួរឡើងវិញថា ភ្ញៀវម្នាក់នោះបាន​ហៅ​ម្ហូប​អ្វី ពួក​គេ​បែរ​ជា​មិន​ចាំ​ទៅ​វិញ។

សូម្បីតែបុគ្គលិកដែលមានបទពិសោធ មិនដែលច្រឡំការកុម្មង់ ក៏មានទំនោរបែបនេះដែរ។

ទោះជាយ៉ាងណា ចំណុចនោះមិនមែនមានន័យថា ពួកគេគ្មានសមត្ថភាពចងចាំនោះទេ។ ព្រោះក្នុងអំឡុងពេលធ្វើការ ពួកគេនៅតែចងចាំរាល់ការកុម្មង់នីមួយៗ។ គ្រាន់តែនៅពេលដែលការ​ងារ​បាន​បញ្ចប់ ខួរ​ក្បាល​ហាក់បី​ដូច​ជា​បញ្ចេញ​ព័ត៌មាន​នោះ​ភ្លាមៗ។

អាចនិយាយបានថា កិច្ចការ​ដែល​មិន​ទាន់​បញ្ចប់​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ហើយនៅ​ពេលដែលយើងទុកកាន់តែច្រើនឡើង អារម្មណ៍​នឿយ​ហត់​នឹង​​កើន​ឡើង​​តាម​​នោះ​​ដែរ។

តើទស្សនៈស្លាប់រស់របស់សាមូរ៉ៃជាអ្វី?

នៅពេលដែលរំលឹកដល់សាមូរ៉ៃ តើអ្នកទាំងអស់គ្នាតែងតែគិតថាពួកគេជាមនុស្សបែបណា?

មានប្រយោគដ៏ល្បីមួយនៃស្មារតីប៊ូស៊ីដូរបស់ជប៉ុន៖ 

“武士道とは、死ぬことと見つけたり”

ប្រែថា៖

“មាគ៌ារបស់អ្នកចម្បាំងគឺស្វែងរកសេចក្តីស្លាប់។”

បើពន្យល់តាមន័យសព្វថ្ងៃនេះមានន័យថា៖ ផ្លូវដែលត្រឹមត្រូវសម្រាប់អ្នកចម្បាំងម្នាក់គឺហ៊ានប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់។

ទោះជាយ៉ាងណា ប្រយោគនេះមិនមានន័យថា សាមូរ៉ៃមានបំណងចង់បំផ្លាញខ្លួនឯងនោះទេ។ ពួកគេមិនមែនជា​​មនុស្ស​ដែល​ស្វែង​រក​សេចក្តី​ស្លាប់​នោះ​ទេ។

ផ្ទុយទៅវិញ ទស្សនៈនេះបង្ហាញពីមេរៀនដ៏ជ្រាលជ្រៅមួយគឺ កុំរស់នៅក្នុងសភាពភ័យខ្លាចសេចក្តីស្លាប់ ចូរ​រស់​នៅ​ឱ្យបានពេញលេញបំផុតគ្រប់វិនាទីនៃ​ពេល​បច្ចុប្បន្ន។

នោះជាទស្សនៈស្លាប់រស់របស់សាមូរ៉ៃ ជាទស្សនៈដែលចាត់ទុកជីវិត និងសេចក្តីស្លាប់ជាទិដ្ឋភាពពីរដែលជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ទន្ទឹមនឹងនោះ ដាក់ចេញជាសំណួរ៖ តើមនុស្សគួររស់នៅបែប​ណា? ហើយ​ប្រឈមមុខ​នឹង​សេចក្តី​ស្លាប់​យ៉ាង​ដូច​ម្តេច?

កើត ចាស់ ឈឺ ស្លាប់ – មនុស្សគ្រប់រូបនឹងស្លាប់ទៅតាមច្បាប់ធម្មជាតិ។ ដូច្នេះហើយ អ្វីដែលសំខាន់​បំផុតគឺរស់នៅយ៉ាងណាដើម្បីឱ្យពេលដែល​យើង​លា​ចាក​លោក យើង​អាចចាកចេញដោយមោទនភាព និង​សេចក្តី​ថ្លៃ​ថ្នូរ។

សិល្បៈនៃការរៀបចំការងាររបស់លោក Steve Jobs

ប្រាកដណាស់ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់​ឈ្មោះ​របស់​លោក Steve Jobs – ដែលជា​សហគ្រិន និង​ជា​អតីតនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Apple ។

របៀបដែលគាត់រៀបចំ និងអនុវត្តការងារក៏បានឆ្លុះបញ្ចាំងពីស្មារតីស្រដៀងគ្នានឹងទស្សនៈ “រស់​នៅ​​ឱ្យ​​បាន​​ពេញ​​លេញ​​បំផុត​​គ្រប់​​វិនាទី” របស់​​សាមូរ៉ៃ។

ដើម្បីជៀសវាងកុំឱ្យការងារសល់រហូតដល់ថ្ងៃបន្ទាប់ លោក Steve Jobs តែងតែសម្រិតសម្រាំង​ច្បាស់​​លាស់​ការ​ងារ​ដែល​ត្រូវ​បញ្ចប់​ក្នុង​មួយ​ថ្ងៃ។

លោកប្រើពេល ១៨ ម៉ោងជារៀងរាល់ថ្ងៃធ្វើជាពេលវេលាគ្រោងទុក បន្ទាប់មករើសយកការងារសំខាន់ៗពី ៣ ទៅ ៥ ប៉ុណ្ណោះ ហើយ​ខំប្រឹង​សម្រេច​ការ​ងារ​ដែល​បាន​ដាក់ចេញមុនពេលបញ្ចប់ការ​ងារ​ក្នុង​មួយ​ថ្ងៃ។

រហូតដល់ថ្នាក់ ដើម្បីផ្តោតលើការសម្រេចគោលដៅដែលបានដាក់ចេញ គាត់សុខចិត្តកាត់បន្ថយការងារតូចតាច និងមិនចាំបាច់ដែលអាចបង្កឱ្យមានការរំខាន។

ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែអាចអនុវត្តវិធីសាស្ត្រនេះទៅលើការងាររបស់ខ្លួននោះទេ។ អាស្រ័យលើជំនាញ និងមុខតំណែងការងារ មានករណីខ្លះមិនអាចជ្រើសរើសបាន ឬកាត់បន្ថយ​ការងារ​ដូច​ជា​លោក Steve Jobs នោះ​ទេ។

ស្មារតីសាមូរ៉ៃអាចអនុវត្តគ្រប់ការងារ

ត្រឡប់ទៅរឿងនិយាយពីខួរក្បាលដែលយើងបានលើកឡើងនៅដើមអត្តបទនេះ។

ខួរក្បាល​មាន​ទំនោរ​មិន​ព្រមបោះបង់ការងារដែលមិនទាន់សម្រេច។ នៅពេល​ដែល​ការងារ​​មិន​ទាន់​​ធ្វើ​រួចកាន់តែច្រើនឡើង យើង​ងាយ​នឹង​មាន​អារម្មណ៍​នឿយ​ហត់ និង​អស់​កម្លាំង។

ដូច្នេះដំណោះស្រាយពិតជាសាមញ្ញណាស់។ បំពេញការងារម្តងមួយៗ មុនពេលដែលការងារទាំងនោះ​កាន់​តែ​ច្រើន​ឡើង។

ប្រសិនបើបន្ទុកការងារច្រើនពេក សូមរើសយកការងារដែលសំខាន់ៗ ផ្តោតកម្លាំងទាំងអស់លើ​ការ​ងារ​ដែល​កំពុង​ធ្វើ​នៅ​ពេល​នោះ ហើយ​ធ្វើ​ឱ្យ​ហើយ។

មនុស្សម្នាក់មិនអាចធ្វើការងារច្រើនក្នុងពេលតែមួយនោះទេ។ ដូច្នេះហើយ ការរៀបចំ និង​បែង​ចែក​ប្រភេទការងារគឺសំខាន់​ខ្លាំង​ណាស់។ នៅពេល​ដែល​មាន​ផែន​ការ​ច្បាស់​លាស់ អ្វី​ដែល​នៅ​សល់គ្រាន់​តែ​អនុវត្ត​តាម​លំដាប់​លំដោយ។

រស់នៅអស់ពីកម្លាំងចិត្ត ខិតខំអស់ពីសមត្ថភាព និងប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពស្រដៀងទៅនឹងស្មារតីគោលនៃ​ទស្សនៈ​ស្លាប់​រស់​របស់​សាមូរ៉ៃ។

“រស់នៅពេញលេញគ្រប់ពេលវេលា”

កុំទុកបាល់ក្នុងដៃរបស់ខ្លួន

ក្រៅពីនេះ ខ្ញុំនៅមានដំបូន្មានមួយទៀតនិយាយពីការរៀបចំការងារ។

ភាគច្រើនការងារសព្វថ្ងៃសុទ្ធតែតម្រូវឱ្យមានកិច្ចសហការគ្នារវាងមនុស្សជាច្រើន។ សូម្បីតែពេលដែលធ្វើការម្នាក់ឯងក៏ដោយ ពេលខ្លះយើងនៅតែត្រូវការអតិថិជនត្រួតពិនិត្យ ឬយល់ស្របនឹងលទ្ធផល។ អាចនិយាយបានថា មានការងារជាច្រើនមិនអាចបញ្ចប់បាន ប្រសិនបើខ្វះការសម្រប​សម្រួល និង​ទំនាក់​ទំនង​រវាង​ភាគី។

ក្នុងស្ថានភាពបែបនេះ គ្រប់គ្នាត្រូវប្តូរវេនអនុវត្តការងារនីមួយៗ។ ទោះជាយ៉ាងណា ដោយគ្រាន់​តែ​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​ដោះ​ស្រាយបន្តិចបន្តួច យើងអាចបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើន។

សូមស្រមៃគិតមើល៖ ប្រសិនបើភាគីមិនអាចចាប់ផ្តើមការងារព្រោះតែអ្នកមិនទាន់បញ្ចប់កិច្ច​ការរ​បស់​ខ្លួន ចំណុច​នោះ​មាន​ន័យ​ថា អ្នកកំពុងធ្វើឱ្យអ្នកដទៃរង់ចាំ។ អាចនិយាយបានថា បាល់​កំពុង​នៅ​ក្នុង​ដៃ​របស់​អ្នក។

ចំពោះការងារបែបនេះ សូមប្រញាប់បញ្ជូនបាល់ទៅឱ្យអ្នកបន្ទាប់។

នៅពេលដែលបញ្ជូនបាល់រួចរាល់ ភារកិច្ចរបស់អ្នកក៏បានបញ្ចប់។ ក្នុងអំឡុងពេលដែលអ្នកផ្តោតអារម្មណ៍ដោះស្រាយការងារផ្សេងទៀត ភាគីអាច​បន្ត​ការ​ងារ​របស់​ពួក​គេ។

ដូច្នេះហើយ ក្នុងខួរក្បាលរបស់អ្នកមានតួនាទីមួយផ្សេងទៀតត្រូវដោះស្រាយ ដែលជួយកាត់បន្ថយ​បន្ទុក​លើ​ខួរ​ក្បាល។

នៅជុំវិញខ្លួនរបស់អ្នក តើមាននរណាតែងតែឆ្លើយតបសារ ឬទំនាក់ទំនងការងារយឺតយ៉ាវដែរទេ?

ជាការពិតណាស់ មិនអាចវាយតម្លៃគ្រប់ស្ថានភាពទាំងអស់ដោយផ្អែកលើល្បឿនឆ្លើយតបតែ​មួយ​គត់​នោះ​ទេ។ ព្រោះអាស្រ័យលើកត្តាជាច្រើនទៀត។ ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍ថា អ្នកដែល​ឆ្លើយ​តប​យឺត ច្រើនតែជាអ្នកដែលដោះស្រាយការងារមិនទាន់មានប្រសិទ្ធភាព។

ប្រហែលជា មូលហេតុស្ថិតនៅលើបាតុភូតដែលយើងបានលើកឡើងនៅដើមអត្ថបទនេះ៖ ភាព​នឿយ​ហត់​ព្រោះ​តែ​មាន​ភារកិច្ច​កាន់​តែ​ច្រើន​ឡើង​ក្នុង​ចិត្ត។

ការងារមិនងាយស្រួលគ្រប់ពេលនោះទេ។

យ៉ាងណាមិញ ទោះបីជាត្រូវប្រឈមមុខនឹងការងារដ៏លំបាកជាបន្តបន្ទាប់ក៏ដោយ យើងនៅតែអាចធ្វើការកាន់តែមានប្រសិទ្ធភាព និង​កាត់​បន្ថយ​ភាព​នឿយ​ហត់ ប្រសិន​បើ​យើង​ដឹង​ពី​របៀបប្រើផ្នត់គំនិតដោយផ្អែកលើទស្សនៈស្លាប់រស់របស់សាមូរ៉ៃ។

នេះជាវិធីសាស្រ្តមួយដែលគួរតែសាកល្បង។

តើយើងម្នាក់ៗអាចក្លាយជាសាមូរ៉ៃមួយរូបដែរទេ? ចូរយើងសាកល្បងរៀបចំការងារឡើងវិញ ដើម្បីឱ្យខួរក្បាលរបស់យើងបានសម្រាក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: