រឿងនិយាយពីកីឡាករបេស្បល​ជន​ជាតិ​ជប៉ុន​នាំ​ក្តី​ស្រមៃទៅ​ឱ្យ​កុមារ​​នៅ​អាមេរិក

រឿងនិយាយពីកីឡាករបេស្បលជនជាតិជប៉ុននាំក្តីស្រមៃទៅឱ្យកុមារនៅអាមេរិក។

នៅពេលដែលរំលឹកដល់កីឡាបេស្បល MLB (គឺជាលីគកីឡាបេស្បលអាមេរិក) ប្រាកដ​ជា​ល្បី​ឈ្មោះ និងទទួលបានការស្រលាញ់ចូលចិត្តឈានមុខគេនៅលើពិភព​លោក។ ទោះ​ជា​យ៉ាង​ណា ធ្លាប់​មាន​រយៈ​ពេល​ការ​ប្រកួត​ដ៏​មាន​តម្លៃ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ។

ក្នុងអំឡុងពេលនោះ MLB ត្រូវបានគេចាត់ទុកថា បានងើបឡើងវិញម្តងទៀតដោយសារវត្តមាន​របស់​កីឡាករ​ជប៉ុន​ម្នាក់។

ចូរយើងក្រឡេកមកមើលរយៈពេលដែលពោរពេញទៅដោយឧបសគ្គរបស់បុរសម្នាក់ ដោយបាន​បើក​ផ្លូវ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុនមកតាមរយៈខ្លឹមសារអត្តបទខាងក្រោមនេះ។

មនុស្សម្នាក់នោះគឺ Nomo Hideo (野茂英雄) ។

ដើមឡើយគាត់ធ្លាប់ជាកីឡាករបោះបាល់ដ៏ល្បីម្នាក់ក្នុងវិស័យកីឡាបេស្បលរបស់ជប៉ុន។

ដោយមិនពេញចិត្តនឹងសមិទ្ធផលដែលទទួលបាន គាត់បានសម្រេចចិត្តឆ្ពោះទៅរកកំពូលគោល​ដៅ​ថ្មី ទន្ទឹម​នឹង​នោះ បើកផ្លូវដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​ខ្លួន​ឯង។

ក្នុងការប្រកួត MLB សព្វថ្ងៃនេះ មានកីឡាករជប៉ុនជាច្រើនកំពុងល្បី រួមទាំងកំពូលតារាល្បីផង​ដែរ។

Ohtani Shohei (大谷翔平) មានទស្សនិកជនជាច្រើនស្គាល់។ ទោះជាយ៉ាងណា ប្រសិនបើមិនមាន​លោក Nomo Hideo និងអ្វីដែលលោក​បាន​ធ្វើ​កាល​ពី​មុន យើង​ប្រហែល​ជា​មិន​អាច​មើលឃើញ​ការ​សម្តែង​របស់​ពួក​គេ​នៅ​ថ្ងៃ​នេះ​ទេ។

នៅពេលដែលកីឡាបេស្បលអាមេរិកធ្វើឱ្យបាត់បង់ក្តីស្រមៃរបស់កុមារ

ក្រៅពីកីឡាបាល់ឱបអាមេរិក កីឡាបេស្បលគឺជាកីឡាមួយក្នុងចំណោមកីឡាដែលជនជាតិអាមេរិក​ចូលចិត្តជាពិសេស។ ក្រុមជាច្រើនប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ អ្នកទស្សនាទៅកាន់ពហុកីឡដ្ឋាន។ ការប្រកួតត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ និងបង្កើតបានជាវិស័យឧស្សាហកម្មមួយ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

សម្រាប់កុមារជាច្រើនដែលធំដឹងក្តីនៅអាមេរិក អាចក្លាយកីឡាករបេស្បលអាជីព ហើយប្រកួតនៅ MLB គឺជាក្តីស្រមៃដ៏ធំមួយ។

ទោះជាយ៉ាងណា គ្រប់យ៉ាងធ្លាប់ស្ថិតក្នុងស្ថានភាពដួលរលំក្រោយព្រឹត្តិការណ៍មួយ។

នៅឆ្នាំ ១៩៩៤ ការខ្វែងគំនិតគ្នាទាក់ទងនឹងបញ្ហាប្រាក់ខែរវាងកីឡាករ និង​ភាគី​គ្រប់​គ្រង​ក្រុមបាន​ធ្វើ​ឱ្យការប្រកួតទាំងមូលត្រូវផ្អាកជាបណ្តោះអាសន្ន។ កូដកម្មមានរយៈពេល ២៣២ ថ្ងៃ ដោយបានបន្សល់ទុកក្នុងចិត្តរបស់សាធារណជនអាមេរិក នូវរូបភាពអវិជ្ជមានទាក់ទងនឹងជម្លោះផលប្រយោជន៍រវាងអ្នកដែលដើមឡើយមានទ្រព្យសម្បត្តិទៅហើយ។

ក្នុងអំឡុងពេលនោះ ទស្សនិកជនបានងាកចេញពីកីឡាបេស្បលបន្តិចម្តងៗ។ កីឡាដែលធ្លាប់ជាមោទនភាពក៏បានរលាយបាត់ចេញពីក្តីស្រមៃរបស់កុមារ។

អ្នកដែលបានតាំងចិត្តបើកផ្លូវថ្មី

ក្នុងស្ថានភាពដ៏អាប់អួរនោះ បុរសម្នាក់ដែលមកពីប្រទេសជប៉ុនបានសម្រេចចិត្តសាកល្បងសមត្ថភាព​ក្នុង​ការប្រកួត MLB ។

មុនលោកធ្លាប់មានកីឡាករ​ជនជាតិជប៉ុន​ម្នាក់​ទៀត​ទៅកាន់សហរដ្ឋអាមេរិកប្រកួត MLB ក្នុងឆ្នាំ ១៩៦៤ ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះមិនបានបង្កើតការចាប់អារម្មណ៍ច្រើននោះទេ។ ចាប់តាំងពីពេលនោះ​មក ឱកាស​សម្រាប់​កីឡាករ​ជប៉ុន​ទៅ​ប្រកួតនៅ MLB ស្ទើរ​តែលែង​មាន។

ដំបូងឡើយ Nomo ក៏មិនដឹងថាត្រូវចាប់ផ្តើមទាក់ទងទៅក្រុមផ្សេងៗទៀតនៅអាមេរិកយ៉ាងម៉េច​ដែរ។

ជាចុងក្រោយ គាត់បានថតវីដេអូខ្លួនបោះបាល់ ហើយផ្ញើទៅឱ្យក្រុម MLB ផ្សេងៗទៀត។ វីដេអូនោះ​មាន​រយៈ​ពេលត្រឹម​តែ​ពីរ​នាទី​ប៉ុណ្ណោះ។

យោងតាមរឿងដែលបានរៀបរាប់ឡើងវិញ នៅពេលនោះ កីឡាបេស្បលជប៉ុនស្ទើរតែមិនត្រូវបានអ្នកជំនាញនៅអាមេរិកវាយតម្លៃខ្ពស់នោះទេ។ សមិទ្ធផលដែល Nomo ទទួលបាននៅស្រុកកំណើត​ក៏មិនត្រូវបានពិចារណានោះដែរ។ យ៉ាងណាមិញ គាត់នៅតែសម្រេចចិត្តបោះបង់ចោលតំណែង​ដែល​ខ្លួន​ទទួល​បាន​នៅ​ជប៉ុន ដើម្បី​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ។

សូម្បីតែនៅក្នុងស្រុកកំណើត ការសម្រេចចិត្តនេះក៏ត្រូវបានចាត់ទុកថាជាការប្រថុយប្រថានផង​ដែរ។ មានមតិសង្ស័យជាច្រើន ថែមទាំងប្រឆាំងនឹងមហិច្ឆតារបស់លោកទៀតផង។

ទោះជាយ៉ាងណា វីដេអូខ្លីនោះបានជួយឱ្យ Nomo ទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមមួយចំនួន។ គាត់ត្រូវបានអញ្ជើញឱ្យ​ទៅ​បង្ហាញ​សមត្ថភាព​បោះ​បាល់​នៅ​ចំពោះ​មុខ​ក្រុម​បង្វឹក។

ដំបូងឡើយ ក្រុមគ្មានការរំពឹងទុកខ្ពស់ពេកនោះទេ។ ទោះជាយ៉ាងណា ពួកគេនៅតែសម្រេចចិត្តចុះ​ហត្ថលេខា​ជា​មួយ​លោក ដោយបើកផ្លូវឱ្យ Nomo ចូលប្រកួត MLB ជា​ផ្លូវ​ការ។

ខ្យល់កួច Nomo និងការវិលត្រឡប់មកវិញរបស់តារាងប្រកួត

នៅឆ្នាំ ១៩៩៥ ដោយបន្តរដូវកាលបន្ទាប់ពីរយៈពេលធ្វើកូដកម្ម។ យ៉ាងណាមិញ ទស្សនិកជន​មិន​បាន​​ត្រឡប់​​មក​​វិញ​​ភ្លាមៗ​នោះ​ទេ។

ម៉ោងចាក់ផ្សាយតាមទូរទស្សន៍បានធ្លាក់ចុះ ហើយកីឡាករក៏លែងជាគំរូសម្រាប់កុមារស្ញប់ស្ញែងដូចមុនទៀតដែរ។ 

គេនិយាយថា MLB បានចំណាយពេលរហូតដល់ទៅ ១០ ឆ្នាំ ដើម្បីស្តារចំនួនទស្សនិកជនឡើងវិញដូច​មុន​ពេល​ដែល​ធ្វើ​កូដកម្ម។

ទោះជាយ៉ាងណា មានករណីលើកលែងពិសេសមួយ។ ក្នុង​ស្ថាន​ភាព​អាប់​អួរ​នោះ មាន​តែ​ការប្រកួត​ដែលមានលោក Nomo នៅលើទីលានប៉ុណ្ណោះ ដែលនាំមកនូវបរិយាកាស​ខុស​គ្នា​ទាំង​ស្រុង​។ ទស្សនិកជនបានប្រមូលផ្តុំគ្នាទៅមើលពេញកន្លែង​អង្គុយ​ទស្សនា ដើម្បីតាមដានការប្រកួត​របស់​​លោក។

ជាទូទៅ អ្នកបោះបាល់ប្រើរបៀបបោះខុសៗគ្នា ដើម្បីធ្វើឱ្យគូប្រកួតពិបាកទាយដឹងចលនា។ ទន្ទឹមនឹងនោះ Nomo លេចធ្លោជាមួយនឹង​ការ​បោះ​បាល់​ចំនួន​ពីរ​ប្រភេទ​សំខាន់ៗគឺ៖ បាល់​លឿន (fastball) និងបាល់ធ្លាក់ចុះភ្លាមៗ​មុន​ពេល​ទៅ​ដល់​ដៃ​អ្នក​វាយ (forkball) ។

យោងតាមទ្រឹស្ដី មានរបៀបបោះបាល់តិចពេកនឹងធ្វើឱ្យគូប្រកួតងាយនឹងទាយដឹងទិសដៅបាល់ ហើយវាយចំបាល់។ យ៉ាងណាមិញ Nomo នៅតែធ្វើឱ្យអ្នកវាយ​បាល់​របស់​ក្រុម​ភាគី​បរាជ័យជា​បន្ត​បន្ទាប់។

គាត់​បាន​បង្កើត​ការ​វាយ​ strikeout ជាបន្តបន្ទាប់ (វាយបាល់ខុសចំនួន ៣ ដង និងត្រូវដកសិទ្ធិ) ដែល​​ធ្វើ​ឱ្យ​ទស្សនិកជន​​ចាប់​អារម្មណ៍​​នឹង​​ការ​ប្រកួត​​របស់​ខ្លួន។

ដោយសាររបៀបលេងដ៏ប៉ិនប្រសប់នោះបានរួមចំណែកធ្វើឱ្យទស្សនិកជនត្រឡប់មករកពហុកីឡដ្ឋានវិញ និងបានជួយឱ្យកីឡា​បេស្បល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​កញ្ចក់​ទូរទស្ស​ឡើង​វិញ។

មិនត្រឹមតែបង្កការចាប់អារម្មណ៍ដោយសារសមត្ថភាពបោះបាល់ប៉ុណ្ណោះទេ Nomo ថែម​ទាំងមានជំនាញបោះបាល់យ៉ាងពិសេស។ មុនពេលបោះបាល់ គាត់តែងតែបង្វិលខ្លួន ដោយបង្ហាញផ្នែក​ខាង​ក្រោយ​ខ្នង​ដាក់​គូប្រកួត​ត្រឹម​មួយ​ចលនា និង​ខ្លាំង​បំផុត។

រូបភាពនោះធ្វើឱ្យគេស្រមៃគិតដល់ខ្យល់គួច ដូច្នេះបានដាក់រហស្សនាមឱ្យគាត់ថា “Tornado” (ខ្យល់​កួច) ។

កុមារអាមេរិកបានចាប់ផ្តើមធ្វើត្រាប់តាមរបៀបបោះបាល់ដ៏ពិសេសរបស់គាត់។ ហើយអារម្មណ៍ស្ញប់​ស្ញែងរបស់កុមារចំពោះកីឡា​បេស្បល​បាន​វិល​ត្រឡប់​មក​វិញ។

ជាការពិតណាស់ ការស្តារ MLB ក្រោយរយៈពេល ១០ ឆ្នាំមិនអាចនិយាយថាផ្អែកលើសមិទ្ធផលរបស់ Nomo Hideo ម្នាក់​ឯង​នោះ​ទេ។ ប៉ុន្តែ​ប្រាកដ​ណាស់ គាត់ជាកត្តាជម្រុញដ៏ធំបំផុតដែលបង្កើត​បាន​ចំណុច​របត់​នោះ។

បើកផ្លូវសម្រាប់ខ្លួនឯង និងផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ

ចង់ឆ្ពោះទៅមុខ ប៉ុន្តែមិនទាន់មានផ្លូវ ដូច្នេះមានតែបើកផ្លូវដោយខ្លួនឯង។

នៅពេលដែលទៅដល់អាមេរិកលើកដំបូង សមត្ថភាពទំនាក់ទំនងជាភាសាអង់គ្លេសរបស់ Nomo ស្ទើរ​តែ​ស្មើ​សូន្យ។ ព្រោះតែមិនមែនជាកីឡាករល្បីដែលទទួលបានអាទិភាពពិសេស គាត់ក៏មិន​​មាន​អ្នកបកប្រែទៅជាមួយដែរ។ ប្រហែលជាគាត់ត្រូវឆ្លងកាត់ការលំបាកជាច្រើន ហើយមានអារម្មណ៍​ឯកោ​យ៉ាង​ខ្លាំង​ក្នុង​បរិយាកាស​ដែល​ប្លែក​ទាំង​ស្រុង។

ទោះជាយ៉ាងណា តាមរយៈសមត្ថភាពរបស់ខ្លួន Nomo មិនត្រឹមតែបង្កើតបានតំណែងរបស់ខ្លួនក្នុង MLB ប៉ុណ្ណោះទេ ហើយថែមទាំងបានបើកផ្លូវសម្រាប់កីឡាករជប៉ុនជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្ននេះ MLB មានកីឡាករជប៉ុនចំនួន ១៤ នាក់ក្នុងបញ្ជីប្រកួត។ ក្នុងចំណោមនោះមាន Ohtani Shohei – ជា​អ្នកដែលត្រូវបានគេចាត់​ទុក​ថា​បាន​ផ្លាស់​ប្តូរ​ប្រវត្តិ​សាស្ត្រ​កីឡា​បេស្បល។

ដោយសាររបៀបលេងដ៏លេចធ្លោរបស់កីឡាករជប៉ុននៅលើទីលាន MLB កាន់តែយកចិត្តទុក​ដាក់​​ចំពោះ​​អ្នក​ដែល​មាន​ទេពកោសល្យ​មក​ពី​ប្រទេស​នេះ។

គេតែងតែវាយតម្លៃកីឡាករបេស្បលម្នាក់តាមរយៈសមិទ្ធផលនៅលើទីលានប្រកួត។ ប៉ុន្តែសម្រាប់ Nomo ក្រៅ​ពី​តួលេខ និង​កេរ្តិ៍​ឈ្មោះ មាន​ចំណុច​មួយ​ទៀត​ដែល​គួរ​ពិចារណា។ នោះគឺតម្លៃរបស់មនុស្ស​​ម្នាក់​​ក្លាហាន​​បើក​ផ្លូវ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

តើអ្នកគិតយ៉ាងណាចំពោះបុរសម្នាក់នេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: