អាថ៌កំបាំង​និយាយ​ពី​រឿង​រ៉ាវ​ព្រះ​យេស៊ូ​ធ្លាប់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន

អាថ៌កំបាំងនិយាយពី​រឿង​រ៉ាវ​ព្រះ​យេស៊ូ​ធ្លាប់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន។

នៅ​ប្រទេស​ជប៉ុន ធ្លាប់​មាន​តំណាល​រឿង​ដ៏​អាថ៌កំបាំង​មួយ​បាន​និយាយ​ថា ព្រះយេស៊ូ (Jesus Christ) – ដែល​​ជា​​អ្នក​​បង្កើត​​សាសនា​​គ្រឹស្ត – ធ្លាប់​​បាន​​យាង​​ទៅ​​ប្រទេស​​ជប៉ុន ហើយ​​គង់​​នៅ​​ទី​នោះ។

រហូតមកដល់បច្ចុប្បន្ន គ្មានភស្តុតាងប្រវត្តិសាស្ត្រពិតប្រាកដណាមួយបញ្ជាក់ថារឿងនេះជាការពិត​នោះ​ទេ។ យ៉ាងណាមិញ ទោះបីជាអ្នកជាគ្រិស្តបរិស័ទក៏ដោយ យើងសង្ឃឹមថា ប្រិយមិត្តនឹងទទួល​​យក​​រឿង​​នេះ​​ប្រៀប​បី​​ដូច​ជា​អាថ៌កំបាំង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ជាជាងប្រតិកម្ម​ដោយ​កំហឹង ឬ​​ប្រឆាំង។

ជាដំបូងនិយាយពីផ្នូររបស់ព្រះយេស៊ូត្រូវបានចាត់ទុកថាស្ថិតនៅប្រទេសជប៉ុន។

ក្នុងភូមិ Shingo (新郷村) ខេត្ត Aomori មានកន្លែងមួយត្រូវបានតំណាលថាជាកន្លែងសុគតរបស់​ព្រះ​យេស៊ូ។

អ្វីដែលគួរ​ឱ្យ​កត់​សម្គាល់​ត្រង់​ថា​ភូមិ​នេះ​ពី​មុន​មាន​ឈ្មោះ​ថា Herai (戸来村) ។ ទន្ទឹមនឹងនោះ ភាសា​​​ដែល​​​ព្រះ​​យេស៊ូ​​​បាន​​ប្រើសម្រាប់​សកម្មភាព​សាសនា​គឺ​ភាសា​ហេព្រើរ (ភាសាយូដាបុរាណ) ។ ឈ្មោះ “Herai” និង “Hebrew” ស្តាប់​ទៅ​ស្រដៀង​គ្នា​ណាស់ មែន​ទេ?

ប្រហែលជាអានដល់ចំណុចនេះ មនុស្សជាច្រើននឹងជំទាស់៖

  • “ប៉ុន្តែព្រះយេស៊ូត្រូវបានប្រហារជីវិតនៅលើភ្នំ Golgotha មែនទេ?”

ចំពោះមតិយោបល់នេះ ដំណើររឿងក៏បានដាក់ចេញការពន្យល់មួយផ្សេងទៀត។ យោងតាមរឿងនេះ បុគ្គលដែលត្រូវបានឆ្កាងនៅលើឈើឆ្កាងក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​នោះ​មិន​មែន​ជា​ព្រះ​យេស៊ូទេ ប៉ុន្តែ​ជាប្អូនប្រុសដែលបានលះបង់ជីវិតជំនួសទ្រង់។

នៅជាប់នឹងផ្នូររបស់ព្រះយេស៊ូមានផ្នូរមួយទៀត ត្រូវបានចាត់ទុកថាជាកន្លែងបញ្ចុះសពប្អូនប្រុសរបស់ទ្រង់។ រឿងតំណាលថា ខាងក្នុងផ្នូរមានសក់ និងត្រចៀកម្ខាងរបស់ប្អូនប្រុសទ្រង់។

ចំណែកឯព្រះយេស៊ូ បន្ទាប់​ពី​បានយាងទៅដល់​ប្រទេស​ជប៉ុន បានដាក់ឈ្មោះជប៉ុន រស់នៅជីវិតជា​កសិករ​ធម្មតា​ម្នាក់ ហើយសុគត​ក្នុង​ព្រះជន្ម ១០៦ ឆ្នាំ។

តើមនុស្សអាចរស់នៅបានយូរបែបនេះដែរទេ? សំណួរនេះមានទំនាក់ទំនងជាមួយនឹងអាយុវែងរបស់​អធិរាជ​ជប៉ុន​កាល​ពី​សម័យ​បុរាណ។ 

យោងតាមកំណត់ត្រាបុរាណ មានអធិរាជជាច្រើនអង្គត្រូវបានកត់សម្គាល់ថាមានព្រះជន្មច្រើន។

ទោះជាយ៉ាងណា មានទ្រឹស្តីជាច្រើនបានបង្ហាញថា ក្នុងប្រព័ន្ធប្រតិទិននៅសម័យនោះរយៈពេលមួយ​ឆ្នាំ​ស្មើ​នឹង​ពាក់​កណ្តាល​ឆ្នាំប៉ុណ្ណោះបើប្រៀបនឹងបច្ចុប្បន្ន។ ប្រសិនបើយើងពិចារណាលើការពន្យល់​នេះ ការពិតដែលថាព្រះយេស៊ូ​មាន​ព្រះជន្ម ១០៦ ឆ្នាំ មិន​មែន​ជា​ចំនួនដែលមិនគួរឱ្យជឿនោះ​ទេ។

បន្ទាប់មកគឺសៀវភៅបុរាណដ៏អាថ៌កំបាំងដែលបានបង្ហាញពីកំណត់ត្រាគួរឱ្យភ្ញាក់ផ្អើល។

មានអត្ថបទបុរាណដ៏អាថ៌កំបាំងមួយហៅថា “ឯកសារ Takeuchi” (竹内文書 – Takeuchi Monjo) ត្រូវបានចាត់ទុកជាឯកសារប្រវត្តិសាស្ត្រដែលលាក់ទុកជាយូរមកហើយ។ នៅឆ្នាំ ១៩២៨ អត្ថបទបុរាណនេះត្រូវបានប្រកាសដោយ Takeuchi Kiyomaro (竹内巨麿) ជា​បុរស​ម្នាក់​ដែលធ្លាប់​​កាន់​​តំណែង​​ជា​ព្រះ​​សង្ឃ​​នៅ​​ទីសក្ការៈបូជា​​ស៊ីនតូ​​ក្នុង​​ប្រទេស​​ជប៉ុន។

យោងតាមខ្លឹមសារដែលត្រូវបានកត់ត្រាក្នុងសៀវភៅ មនុស្ស​ជាតិ​បាន​ឆ្លង​កាត់​ការ​វិនាស និង​រស់​ឡើង​វិញ​ចំនួន​ប្រាំ​មួយ​ដង។ ជាពិសេស ក្នុង​នោះ​ថែម​ទាំង​មាន​កំណត់​ត្រា​និយាយ​ពី​ព្រះ​យេស៊ូធ្លាប់យាងទៅ​កាន់​ប្រទេស​ជប៉ុន។

គេយល់ឃើញថា ការស្រាវជ្រាវដោយផ្អែកលើអត្ថបទបុរាណបែបនេះបានធ្វើឱ្យរកឃើញផ្នូររបស់ព្រះយេស៊ូ។

ម្យ៉ាងវិញ​ទៀត យោង​តាម​សម្មតិកម្ម​នេះ ផ្នូរនោះមិនមែន​ជា​សំណង់ដែលនរណាម្នាក់សាងសង់ឡើង​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​នោះទេ ប៉ុន្តែមានប្រភពមកពីកំណត់ត្រាបុរាណ។

ហើយសៀវភៅបុរាណនេះក៏បានឆ្លងកាត់ជោគវាសនាដ៏ចម្លែកមួយផងដែរ។

Takeuchi Monjo ធ្លាប់ត្រូវបានចោទប្រកាន់ថាជាឯកសារក្លែងបន្លំ ហើយត្រូវបានលើកឡើងដើម្បី​កាត់​ក្តី។ ក្រោយ​មក កម្រង​សៀវ​ភៅ​​ត្រូវ​​រឹប​​អូស។ ឆ្លងកាត់រយៈពេលស៊ើបអង្កេត​យ៉ាងយូរ អ្នកដែលពាក់ព័ន្ធ​ត្រូវ​បាន​​ប្រកាស​​ថា​​គ្មាន​​ទោស ហើយ​ឯកសារ​រឹបអូស​ត្រូវ​បាន​សម្រេច​ប្រគល់​សង​​វិញ។

ទោះជាយ៉ាងណា ខណៈពេលដែលដំណើរការប្រគល់សងកំពុងប្រព្រឹត្តទៅ ឯកសារ​ទាំង​អស់​ត្រូវបាន​​ដុត​​បំផ្លាញ​​ក្នុង​​ការ​​វាយ​​ប្រហារ​​ទ្រង់​​ទ្រាយ​​ធំ​​តាម​​អាកាស​​ដោយយោធា​អាមេរិក​មក​លើ​​ទីក្រុង Tokyo ។

ប្រសិនបើសង្កេតមើលតាមទិសដៅនេះជាសៀវភៅប្រវត្តិសាស្រ្តផ្ទុកអាថ៌កំបាំងដែលមិនអាចបង្ហើបបាន ហើយត្រូវបំផ្លាញដោយចេតនា ដូច្នេះដំណើរការនោះពិតជាចៃដន្យរហូតដល់ថ្នាក់គួរ​ឱ្យ​សង្ស័យ​មែន​ទេ?

ជាចុងក្រោយ ចំណុចស្រដៀងគ្នាដ៏ចម្លែករវាងព្រះយេស៊ូ និងព្រះអង្គម្ចាស់ Shotoku ។

តួអង្គមួយផ្សេងទៀតដែលតែងតែត្រូវបានរំលឹកដល់​ក្នុង​ទ្រឹស្ដី​នេះ គឺ​ព្រះអង្គម្ចាស់ Shotoku (聖徳太子) ជាតួអង្គ​​ល្បី​​ឈ្មោះ​​ក្នុង​​ប្រវត្តិសាស្ត្រ​​​ជប៉ុន។

យោងតាមព្រះគម្ពីរ ព្រហ្មចារីម៉ារីបានទទួលដំណឹងល្អពីទេវតានិយាយថា ខ្លួននឹង​មាន​គភ៌ ហើយ​ប្រសូត​ព្រះ​យេស៊ូ។ ហើយ​ម្តាយ​របស់​ព្រះ​អង្គម្ចាស់ Shotoku ក៏​ធ្លាប់ត្រូវបានចាត់ទុកថាមានបទពិសោធ​​ស្រដៀង​​គ្នា​ដែរ។

មិនត្រឹមតែប៉ុណ្ណឹង អ្នកទាំងពីរមានចំណុចដូចគ្នាមួយគឺសុទ្ធតែប្រសូត​ក្នុង​ក្រោល​សត្វ។

ព្រះយេស៊ូត្រូវបានគេស្គាល់ថាមានអព្ភូតហេតុជាច្រើន។ ទន្ទឹមនឹងនោះ​ ព្រះអង្គម្ចាស់ Shotoku ក៏ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹងរឿងព្រេងដ៏អស្ចារ្យ​ផង​ដែរ។ គេនិយាយថា ទ្រង់មានសមត្ថភាពស្តាប់ និង​​យល់ច្បាស់ពាក្យសម្ដីរបស់មនុស្សដប់នាក់ក្នុងពេលតែមួយ ហើយថែមទាំងអាចទស្សន៍​ទាយ​​ពី​អនាគត​ទៀត​​ផង។

ព្រះយេស៊ូតែងតែអធិប្បាយអំពីសេចក្ដីស្រឡាញ់ និងសន្តិភាព។ ចំណែកឯព្រះអង្គម្ចាស់ Shotoku ត្រូវបានគេចាត់ទុកថាដាក់ចេញប្រព័ន្ធច្បាប់ដំបូងរបស់ជប៉ុន ដោយមានគោលបំណងកសាងសង្គមមួយដែលផ្តោតលើឧត្តមគតិទាំងនោះ។

ទោះជាយ៉ាងណា ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រជប៉ុននាសម័យនេះ វត្តមានរបស់ព្រះអង្គម្ចាស់ Shotoku ក៏កំពុងក្លាយជាប្រធានបទនៃការ​ជជែក​វែក​ញែក​ផង​ដែរ។ ម្យ៉ាងវិញទៀត រូបភាពរបស់​​តួអង្គរូប​នេះ​លែង​ត្រូវ​បាន​រៀប​រាប់​ដូច​កាល​ពី​មុន ក្នុងសៀវភៅសិក្សាមួយចំនួនទៀតហើយ។

ប៉ុន្តែអាថ៌កំបាំងមិនមែនមានតែប៉ុណ្ណឹងនោះទេ។

ប្រសិនបើស្វែងយល់អំពីបុគ្គលដែលត្រូវបានគេចាត់ទុកថាជួយព្រះអង្គម្ចាស់ Shotoku យើងនឹងប្រទះឃើញតួអង្គដែលមានឈ្មោះពិសេសមួយគឺ Soga no Umako (蘇我馬子) ។

ប្រសិនបើបំបែកតួអក្សរនីមួយៗតាមអក្សរហាន បើបកស្រាយអត្តន័យជានិមិត្ត​រូប យើងមានដូច​ជា “蘇 : រស់ឡើងវិញ”, “我 : ខ្ញុំ”, “馬 : សេះ”, “子 : កូន” ។

គេអាចយល់បានថា៖ “ខ្ញុំបានប្រោសកូនរបស់សេះ” ឬ “យើងគឺជាកូនប្រុសរបស់សេះដែលបាន​រស់​ឡើង​វិញ” ។

ដូច្នេះតើ “កូនរបស់សេះ” ត្រង់ចំណុចនេះជានរណា?

តើកំពុងសំដៅលើព្រះយេស៊ូ – ជាអ្នកដែលត្រូវបានប្រសូតនៅក្នុងក្រោលសត្វមែនទេ?

ជាពិសេស ព្រះអង្គម្ចាស់ Shotoku ថែមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយត្រកូល Hata (秦氏) ដែលជាត្រកូលគ្រួសារអន្តោប្រវេសន៍ដ៏មានឥទ្ធិពលមួយក្នុងប្រវត្តិសាស្ត្រជប៉ុនបុរាណ។ មានទ្រឹស្តី​មួយ​បាន​និយាយ​ថា ត្រកូលនេះមានបុព្វបុរសជាជនជាតិហេព្រើរ (ជនជាតិយូដាសព្វថ្ងៃនេះ) ។

រឿងចៃដន្យដ៏ចម្លែកៗជាបន្តបន្ទាប់បានកើតឡើង ខណៈដែលរូបភាពរបស់ព្រះអង្គម្ចាស់ Shotoku បែរ​ជា​បាត់បង់​ពី​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​បន្តិច​​ម្តងៗ​ដូច​ដែល​ធ្លាប់​ដឹង។

តើនៅពីក្រោយរឿងទាំងអស់នេះពិតជាមាន​អាថ៌កំបាំង​ណាមួយ​ដែលត្រូវ​លាក់បាំង​អស់​រយៈពេល​​រាប់​ពាន់​​ឆ្នាំ​​ដែរ​ទេ?

រឿងរ៉ាវខាងលើមិនទាន់ត្រូវបានបញ្ជាក់ដោយភស្តុតាងប្រវត្តិសាស្ត្រពិតប្រាកដនោះទេ។ ដូច្នេះហើយ សូមចាត់ទុកដូចជាទ្រឹស្តីអាថ៌កំបាំង ហើយ​អាន​ខ្លឹម​សារ​ក្រោម​ទស្សនៈ​ជា​រឿង​អាថ៌កំបាំង។

ប៉ុន្តែប្រសិនបើសាកល្បងដាក់ជំនឿទៅលើសម្មតិកម្មនេះ រឿងរ៉ាវនិយាយពីព្រះយេស៊ូធ្លាប់យាងទៅ​កាន់​ប្រទេស​ជប៉ុន ហាក់​បី​ដូចជាមានចំណុចធ្វើឱ្យយើងត្រូវគិតពិចារណា។

តើនេះជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលត្រូវលាក់បាំង ឬគ្រាន់តែជារឿងរ៉ាវដែលក្រោយមក​ត្រូវ​បានប្រឌិត​ឡើង?

តើប្រិយមិត្តអ្នកអាន​មាន​គំនិត​យ៉ាងណា​ចំពោះ​រឿង​នេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: