Hamburger ពិសេសប្លែកដែលបានជួយឱ្យម៉ាកយីហោតូចប្រកួតប្រជែងជាមួយនឹង McDonald’s
Hamburger ពិសេសប្លែកដែលបានជួយឱ្យម៉ាកយីហោតូចប្រកួតប្រជែងជាមួយនឹង McDonald’s
ប្រសិនបើមានឱកាសទៅលេងប្រទេសជប៉ុន តើមុខម្ហូបអ្វីដែលអ្នកទាំងអស់គ្នាចង់ហូបដំបូងគេ?
Sushi? Tempura? ឬមី Ramen?
ជាការពិតណាស់ ទាំងនោះជាជម្រើសដែលល្អបំផុត។ ទោះជាយ៉ាងណា ក្រៅពីមុខម្ហូបពិសេសទាំងនោះ មានហាងលក់ hamburger ដែលប្រិយមិត្តមិនគួរមើលរំលង នោះគឺ DOM DOM Burger (ドムドムバーガー) ។
ប្រសិនបើក្នុងព្រះគម្ពីរសញ្ញាចាស់រៀបរាប់អំពីរឿងរ៉ាវរបស់ David ហ៊ានប្រឈមមុខនឹងអ្នកចម្បាំងខ្នាតយក្ស Goliath ជាក់ស្តែងក្នុងជីវិតពិត DOM DOM Burger ក៏កំពុងស្ថិតនៅក្នុងការប្រឈមមុខស្រដៀងគ្នាជាមួយនឹងយីហោខ្នាតយក្ស McDonald’s ផងដែរ។
វិធីសាស្រ្តប្រកួតប្រជែងរបស់ពួកគេអាចនឹងចាត់ទុកថាមិនគួរឱ្យជឿ។ ប៉ុន្តែអ្នកណាទៅដឹងថា យុទ្ធសាស្ត្រអាជីវកម្មដ៏ពិសេសនេះបែរជានាំមកនូវគំនិតដ៏មានតម្លៃដែលគួរពិចារណា។
បច្ចុប្បន្ន DOM DOM Burger មានត្រឹមតែ ២៧ សាខានៅទូទាំងប្រទេសជប៉ុនប៉ុណ្ណោះ។
ខណៈដែល McDonald’s មានជាង ៣.០០០ ហាងនៅក្នុងប្រទេសជប៉ុន ហើយប្រសិនបើរាប់បញ្ចូលទាំងទីផ្សារអន្តរជាតិចំនួននេះមានជាង ៤០.០០០ សាខា។ ដោយមានភាពខុសគ្នាយ៉ាងខ្លាំង DOM DOM Burger ស្ទើរតែគ្មានឱកាសប្រកួតប្រជែងទាក់ទងនឹងការផ្គត់ផ្គង់គ្រឿងផ្សំ ឬថវិកាផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។
ដើម្បីបំបែកការផ្តាច់មុខនោះ DOM DOM Burger បានដាក់ចេញយុទ្ធសាស្ត្រដ៏ពិសេសមួយ។ នោះគឺបន្តដាក់ចេញផលិតផលថ្មីៗដែលមានសមត្ថភាពវាយលុកនៅលើទីផ្សារ។ ដូច្នេះហើយ ទើបម៉ាកយីហោនេះទទួលបានជោគជ័យខាងផ្នែកបង្កើតប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គម។
ដូច្នេះតើពួកគេបានផលិត hamburger ពិសេសដល់កម្រិតណា? ចូរយើងក្រឡេកមកមើលស្នាដៃធ្វើ hamburger ដ៏ពិសេសក្នុងខ្លឹមសារអត្តបទខាងក្រោម។
Hamburger ក្តាមទាំងមូល
បើមិននិយាយពីរសជាតិ គ្រាន់តែមើលក៏ធ្វើឱ្យយើងភ្ញាក់ផ្អើល និងមិនអាចទប់ចិត្តបានទៅហើយ។ នេះគឺជា hamburger ដែលមានស្នូលក្តាមសកទាំងមូលបំពងស្រួយ – ជាមុខម្ហូបដែលយើងតែងតែមើលឃើញក្នុងម្ហូបអាស៊ីអាគ្នេយ៍។
ផលិតផលនេះមានពីររសជាតិ មួយប្រភេទប្រើទឹកជ្រលក់ម្ទេសផ្អែម (sweet chili) ដែលពេញនិយមនៅអាស៊ីអាគ្នេយ៍ ចំណែកឯប្រភេទមួយទៀតពិសេសជាងប្រើទឹកជ្រលក់ miso របស់ជប៉ុន។
Hamburger ដែលរួមបញ្ចូលរវាងវប្បធម៌អាមេរិក ជាមួយនឹងក្តាមសករបស់អាស៊ីអាគ្នេយ៍ និងគ្រឿងទេស miso ជប៉ុន។ រហូតដល់ថ្នាក់មិនដឹងថា ត្រូវកំណត់មុខម្ហូបនេះមានប្រភពមកពីណានោះទេ ប៉ុន្តែរសជាតិបែរជាលាយបញ្ចូលគ្នាគួរឱ្យភ្ញាក់ផ្អើល។
មិនត្រឹមតែដូច្នេះ ជាមួយនឹងរូបរាងខាងក្រៅដ៏ទាក់ទាញភ្នែក បង្កការចាប់អារម្មណ៍នៅលើបណ្តាញសង្គមក៏ជារឿងធម្មតាដែរ។
Hamburger Katsudon (សាច់ជ្រូកបំពង)
Katsudon គឺជាមុខម្ហូបដែលល្បីក្នុងចំណោមមុខម្ហូបជប៉ុន។ មុខម្ហូបនេះប្រើសាច់ជ្រូកប្រឡាក់ម្សៅបំពង ជាមួយខ្ទឹមបារាំង និងស៊ុតដែលត្រូវបានចម្អិនយ៉ាងឈ្ងុយឆ្ងាញ់ បន្ទាប់មកដាក់ពីលើបាយស។
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ Katsudon ថែមទាំងឆ្អែតបានយូរទៀតផង ដូច្នេះពេញនិយមសម្រាប់យុវវ័យខ្លាំងណាស់។
ទោះជាយ៉ាងណា DOM DOM Burger បែរជាបង្កើតគំនិតដ៏ពិសេសមួយនោះគឺ ផ្លាស់ប្តូរបាយដែលជាមុខម្ហូបដើមទៅជា hamburger ។
ប្រសិនបើប្រើរូបមន្តចម្អិន Katsudon ធម្មតា គ្រឿងផ្សំអាចនឹងធ្លាក់ចេញមកក្រៅនៅពេលដែលដាក់នៅចំកណ្តាលនំប៉័ង។ ដូច្នេះហើយ ពួកគេត្រូវកែសម្រួលរូបមន្ត និងរួមបញ្ចូលគ្រឿងផ្សំដើម្បីចម្អិនបានជាមុខម្ហូបដែលសមស្រប។
Hamburger សាច់ជ្រូកបំពងស្រួយមិនមែនជាមុខម្ហូបប្លែកនោះទេ ព្រោះហាងជាច្រើនក៏ចម្អិនស្រដៀងគ្នាដែរ។ ប៉ុន្តែ Hamburger ដែលហ៊ានដាក់ឈ្មោះថា Katsudon ប្រហែលជាមានតែ DOM DOM Burger ទេដែលហ៊ានធ្វើ។
Hamburger Teriyaki ជាមួយនឹងផ្លែសារីជប៉ុន
ផ្លែសារីជប៉ុនជាប្រភេទផ្លែឈើដែលឆ្ងាញ់ និយមនៅរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះនៅជប៉ុន ជាមួយនឹងរសជាតិផ្អែមត្រជាក់ស្រស់ស្រាយ។ ប៉ុន្តែទោះបីជាមានអ្នកធ្លាប់ហូបផ្លែសារី ឬ hamburger រសជាតិ Teriyaki ជាច្រើនដងក៏ដោយ។ យ៉ាងណាមិញ កម្រនឹងមានអ្នកគិតរួមបញ្ចូលមុខម្ហូបទាំងនេះចូលគ្នាណាស់។
ប៉ុន្តែ DOM DOM Burger បានធ្វើឱ្យគំនិតដែលហាក់បីដូចជាមិនអាចទៅរួចក្លាយជាការពិត។
ទោះបីជាផ្លែសារីជប៉ុន និង hamburger teriyaki សុទ្ធតែជាមុខម្ហូបធម្មតា ប៉ុន្តែការរួមបញ្ចូលគ្នានេះបង្កើតបានជារសជាតិដែលលើសពីការគិត។
ប្រហែលជាមនុស្សជាច្រើនមានអារម្មណ៍ច្របូកច្របល់ ដោយឆ្ងល់ថាមុខម្ហូបនេះមានរសជាតិបែបណា? ហើយនៅទីបំផុត អារម្មណ៍ងឿងឆ្ងល់កាន់តែច្រើនឡើង ដែលធ្វើឱ្យយើងសុទ្ធតែចង់ភ្លក់ម្តង។
Hamburger ផ្លែប៉េងប៉ោះទាំងមូល
បន្ថែមប៉េងប៉ោះក្នុង hamburger ជារឿងធម្មតានោះទេ។ ប៉ុន្តែការដែលប្រើប៉េងប៉ោះទាំងមូលធ្វើជាស្នូលគឺជាគំនិតដែលមិននឹកស្មានដល់នោះទេ។
មិនដូចជាប៉េងប៉ោះធម្មតានោះទេ ផ្លែប៉េងប៉ោះ (Fruit Tomato) របស់ជប៉ុនជាប្រភេទប៉េងប៉ោះលំដាប់ខ្ពស់ដែលត្រូវបានដាំយ៉ាងពិសេសដើម្បីទទួលបានរសជាតិផ្អែមឆ្ងាញ់។ នៅពេលដែលរួមបញ្ចូលជាមួយរសជាតិប្រៃរបស់សាច់ ភាពខុសគ្នារវាងរសជាតិទាំងពីរនេះសន្យាថានឹងនាំមកនូវបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍។
ប្រហែលជាយើងអាចស្រមៃគិតពីរសជាតិ ប៉ុន្តែពេលក្រឡេកមើល hamburger នេះ មនុសជាច្រើនប្រហែលជាឈឺក្បាលគិតមិនដឹងថាគួរបរិភោគដោយរបៀបណា?
សម្រាប់អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម នេះជាមុខម្ហូបដែលមិនគួរមើលរំលង ប្រសិនបើអ្នកចង់ថតបានរូបភាពដែលពិសេសប្លែក។
ទោះជាយ៉ាងណា ប្រសិនបើមានតែរូបរាងខាងក្រៅ ប៉ុន្តែរសជាតិបែរជាផ្ទុយស្រឡះ ផលិតផលអាចនឹងក្លាយជាគោលដៅទទួលការរិះគន់ ហើយមិនពេញនិយម។ ដោយយល់ច្បាស់ពីចំណុចនោះ DOM DOM Burger មិនត្រឹមតែយកចិត្តទុកដាក់លើរូបរាងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងវិនិយោគទៅលើគុណភាព និងរសជាតិផងដែរ។
ដោយដឹងថា ផលិតផលពិសេស និងមិនធម្មតាភាគច្រើនរបស់ DOM DOM Burger មានប្រភពមកពីគំនិតរបស់អ្នកស្រី Fujisaki Shinobu ។
ដោយធ្លាប់ធ្វើជាស្ត្រីមេផ្ទះពេញម៉ោងរហូតដល់អាយុ ៣៩ ឆ្នាំ ក្រោយមកអ្នកស្រីបានជាក្លាយជាអ្នកប្រឹក្សារបស់ DOM DOM Burger ក្នុងអំឡុងពេលដែលម៉ាកយីហោនេះកំពុងធ្លាក់ចុះ។
ដោយផ្អែកលើយុទ្ធសាស្ត្រអាជីវកម្មដ៏លេចធ្លោ អ្នកស្រីបានជួយឱ្យក្រុមហ៊ុនស្តារសកម្មភាពឡើងវិញយ៉ាងឆាប់រហ័ស។ ហើយបច្ចុប្បន្ននេះ អ្នកស្រីកំពុងកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។
ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងដែលខ្លាំងជាង ពេលខ្លះអាថ៌កំបាំងមិនស្ថិតលើអ្វីដែលដៃគូប្រកួតប្រជែងកំពុងធ្វើនោះទេ។
ស្រដៀងគ្នាទៅនឹងការប្រយុទ្ធរវាង David និងអ្នកចម្បាំងខ្នាតយក្ស អាជីវកម្មក៏ដូចគ្នាដែរ។ បុគ្គលដែលតូចដូចជា David នឹងមិនអាចឈ្នះបានទេ ប្រសិនបើយកតម្រាប់តាមការប្រយុទ្ធរបស់អ្នកចម្បាំងខ្នាតយក្ស។ ផ្ទុយទៅវិញ ត្រូវស្វែងរកផ្លូវរបស់ខ្លួន ប្រើប្រាស់ចំណុចខ្លាំងដែលដៃគូប្រកួតប្រជែងមិនមាន។
ជាពិសេស ក្នុងសម័យកាលដែលប្រព័ន្ធផ្សព្វផ្សាយរីកចម្រើនខ្លាំង ផលិតផលដែលពិសេសអាចបង្កការភ្ញាក់ផ្អើល និងជម្រុញការចង់ដឹងចង់ឃើញ គឺជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
វិធីសាស្រ្តប្រកួតប្រជែងរបស់អ្នកស្រី Fujisaki អាចផ្តល់ឱ្យយើងនូវគំនិតដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់បង្កើតយុទ្ធសាស្ត្រអាជីវកម្មផ្ទាល់ខ្លួន។
ផលិតផលពិសេសៗជាច្រើនដែលបានរៀបរាប់ខាងលើរបស់ DOM DOM Burger ភាគច្រើនសុទ្ធតែជាទំនិញមានកំណត់តាមរដូវកាល។ ដូច្នេះហើយ ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រផ្លូវការដើម្បីពិនិត្យមើលម៉ឺនុយមុនពេលទៅដល់ហាង។
គេហទំព័រផ្លូវការ៖ https://domdomhamburger.com
(បច្ចុប្បន្នគេហទំព័រមានតែភាសាជប៉ុនប៉ុណ្ណោះ)
Abe Kengo




