“Dopa-gaki” – ចំនួនយុវវ័យញៀន dopamine កំពុងតែកើនឡើងនៅទូទាំង​ពិភព​លោក។ តើ​ខ្លួន​យើង​កំពុង​ធ្លាក់​ក្នុង​ស្ថាន​ភាព​បែប​នេះ​ដែរ​ទេ?

“Dopa-gaki” – ចំនួន​យុវវ័យ​ញៀន dopamine កំពុង​តែ​កើន​ឡើង​នៅ​ទូទាំង​ពិភព​លោក។ តើខ្លួន​យើង​កំពុងធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​ដែរ​ទេ?

ទោះបីជាមិនមែនជាការហៅដែលមានអត្ថន័យវិជ្ជមានក៏ដោយ ពាក្យថា “Dopa-gaki” (ドパガキ) កំពុងតែមានប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន។ នេះជាពាក្យដែលផ្សំរវាង “dopamine” និង “gaki” (ក្មេង) ដោយប្រើសម្រាប់សំដៅលើយុវវ័យដែលពឹងផ្អែកលើ dopamine ហើយ​តែង​តែ​ចង់​បាន​ការ​រំញោច​ភ្លាមៗ។

ក្នុងបរិបទប្រព័ន្ធអុីនធឺណេតអភិវឌ្ឍយ៉ាងខ្លាំងនៅទូទាំងពិភពលោក បាតុភូត “Dopa-gaki” កំពុងតែកើតឡើង។ ដូច្នេះតើនេះជាអ្វី? ហើយហេតុអ្វីបានជាវាមានគ្រោះថ្នាក់? ចូរយើងស្វែងយល់​តាម​រយៈ​អត្តបទខាងក្រោមទាំងអស់គ្នា។

នៅពេលដែលខួរក្បាលតែងតែចង់បានការរំញោចភ្លាមៗ

Dopamine ជាសារធាតុមួយក្នុងចំណោមសារធាតុបញ្ជូនសរសៃប្រសាទ ដែលមានឥទ្ធិពលផ្ទាល់ចំពោះប្រព័ន្ធសរសៃប្រសាទកណ្តាលនៃខួរក្បាល។ សារធាតុនេះមានតួនាទីយ៉ាងសំខាន់ចំពោះការលើកទឹកចិត្ត និងអារម្មណ៍រំពឹងទុកទទួលបានរង្វាន់។ Dopamine ត្រូវបានបញ្ចេញនៅពេលដែលមនុស្សសម្រេចបានគោលដៅ ឬរំពឹងទៅលើរឿងអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍ ដែលបង្កើតបានជាអារម្មណ៍ជម្រុញឱ្យបន្ត “ធ្វើ​ឱ្យ​ច្រើន​ជាង​នេះ” លើ​សកម្មភាព​ណា​មួយ។

ផ្ទុយទៅវិញ នៅពេលដែលសកម្មភាព dopamine ធ្លាក់ចុះ យើងអាចនឹងបាត់បង់កម្លាំងចិត្ត ហើយ​មានអារម្មណ៍ថាបាត់បង់ចំណាប់អារម្មណ៍ចំពោះរឿងគ្រប់យ៉ាង។

បញ្ហាដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ គឺជាការពេញនិយមនៃវីដេអូដែលមានរយៈពេលខ្លីដូចជាវីដេអូនៅលើ TikTok, YouTube, Shorts ឬហ្គេមនៅលើទូរស័ព្ទដៃជាដើម។ 

ត្រឹមរយៈពេលដ៏ខ្លីមើលវីដេអូ ឬលេងហ្គេមទាំងនេះ អ្នកប្រើប្រាស់អាចទទួលបានការរំញោចយ៉ាងខ្លាំង និង​ជា​បន្ត​បន្ទាប់។ យូរៗទៅ មនុស្សជាច្រើនបង្កើតបានទម្លាប់ស្វែងរកការរំញោចខ្លាំងក្នុង​រយៈ​ពេលខ្លី។ ចំណុចនេះបណ្តាលឱ្យកើតមានផលវិបាកគួរឱ្យព្រួយបារម្ភជាបន្តបន្ទាប់។

ក្នុងចំណោមនោះអាចនិយាយពីស្ថានភាពអ្នកប្រើប្រាស់មើលវីដេអូខ្លីៗរយៈពេលវែង។ បន្ទាប់​មក​គឺប្រើប្រាស់មុខងារមិនបញ្ចេញឈ្មោះនៅលើបណ្តាញសង្គមសម្រាប់សរសេរវាយប្រហារ និងប្រមាថអ្នក​ដទៃ​ដើម្បីបំពេញអារម្មណ៍ផ្ទាល់ខ្លួន។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ បាត់បង់គំនិតដឹងខុស​ត្រូវ ហ៊ាន​ធ្វើ​សកម្មភាព​ដែលមិនអាចទទួលយកបានដោយគ្រាន់តែដើម្បីទាក់ទាញអ្នកមើល និង​ទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។

នៅពេលដែលការពឹងផ្អែកធ្វើឱ្យមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង 

នៅប្រទេសជប៉ុន ធ្លាប់មានហេតុការណ៍ដ៏គួរឱ្យសោកស្តាយកើតឡើង នៅពេលដែលមនុស្សម្នាក់ត្រូវបង្ខំឱ្យដើរផ្លូវទាល់ រហូតដល់​ថ្នាក់​ធ្វើ​អត្តឃាត ដោយ​សារ​តែ​មតិយោបល់​វាយ​ប្រហារ​ជាបន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម។

ទន្ទឹមនឹងនោះ មនុស្សជាច្រើនមិនខ្វល់អំពីច្បាប់ ថត និងបង្ហោះវីដេអូដែលបង្កការរំខានដល់មនុស្ស​នៅ​ជុំវិញ បំផ្លាញអាជីវកម្មយ៉ាងធ្ងន់ធ្ងរព្រោះតែ​គោល​បំណង​ចង់​ឱ្យ​អ្នក​មើល​កើន​ឡើង។

អ្វីដែលគួរឱ្យកត់សម្គាល់ត្រង់ថា ទោះបីជាសកម្មភាពទាំងនេះបានជម្រុញឱ្យមានការអន្តរាគមន៍ពី​ប៉ូលីស​ម្តងហើយម្តងទៀត រហូតដល់ថ្នាក់បុគ្គលដែលបង្កត្រូវចាប់ខ្លួន ពួកគេនៅតែមិនអាចបញ្ឈប់​​បាន។

ទាំងនោះជាការបង្ហាញយ៉ាងច្បាស់អំពី “Dopa-gaki” – មនុស្សដែលពឹងផ្អែកលើ dopamine រហូតដល់បាត់បង់ភាពម្ចាស់ការ។

និយាយដោយសាមញ្ញថា នេះជារោគសញ្ញាញៀនទូរស័ព្ទ​ប្រហែលជាមិនអាចឆ្លុះបញ្ចាំង​ពី​កម្រិតធ្ងន់​ធ្ងរ​នៃ​បញ្ហា​ទាំងស្រុង​នោះទេ។ ព្រោះស្ថានភាព​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បុគ្គលដែលកើតប៉ុណ្ណោះ​ទេ ថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សនៅជុំវិញផងដែរ។

ដំបូងឡើយ ពាក្យថា “Dopa-gaki” ត្រូវបានប្រើសម្រាប់សំដៅលើក្មេងៗដែលមានរោគសញ្ញាបែបនេះ។ ទោះជាយ៉ាងណា នេះលែង​ជា​បញ្ហា​តែ​មួយ​គត់​ចំពោះ​កុមារ ឬ​ប្រទេស​ជប៉ុន​ទៀត​ហើយ ប៉ុន្តែបាន​រីក​រាល​ដាល​ទូទាំង​ពិភព​លោក។

ជាពិសេស ឥឡូវនេះវីដេអូខ្លីៗមានភាពទាក់ទាញយ៉ាងខ្លាំង ព្រោះអ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​អូស​អេក្រង់​បន្តិច ស្រាប់​​​តែ​​​អាច​​ប្តូរ​ទៅ​មាតិកា​ថ្មី​មួយ​ផ្សេង​ទៀត។ ដូច្នេះ​ហើយ ពួក​គេ​ងាយ​នឹង​ញៀនមើល​វីដេអូ​​ជា​​បន្ត​​បន្ទាប់ ដោយមិនដឹងថាពេលវេលាកន្លងផុតទៅ។

ម្យ៉ាងវិញទៀត ឱកាសរកប្រាក់ចំណូលច្រើនតាមរយៈការបង្កើតមាតិកាក៏បានធ្វើឱ្យមនុស្សជាច្រើន​មិនគិតពីអ្វីទាំងអស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនចំនួនអ្នកមើល។ ដោយ​សារ​តែ​ចំណុចនេះបានរួមចំណែកបង្កើតបរិយាកាសដែលពោរពេញដោយខ្លឹមសារដែលរំញោច ដែល​ធ្វើ​ឱ្យអ្នកមើលពិបាករួចផុតពីភាពទាក់ទាញរបស់បណ្តាញសង្គម។

ទោះជាយ៉ាងណា នោះមិនមានន័យថា ការទទួលខុសត្រូវទាំងអស់ស្ថិតនៅលើក្រុមហ៊ុនដែលដំណើរការវេទិកាទាំងនោះនោះទេ។ បញ្ហាស្នូលនៅតែស្ថិតនៅលើរបៀបប្រើប្រាស់បណ្តាញសង្គមរបស់បុគ្គល​ម្នាក់ៗ និងសមត្ថភាពគ្រប់គ្រងខ្លួនឯងចំពោះការរំញោចជាបន្តបន្ទាប់។ ប្រសិនបើទុកឱ្យខ្លួន​ឯងធ្លាក់ក្នុងសភាពរំញោចនោះ ទាំងដែលដឹងថាសកម្មភាពនោះអាចនឹងប៉ះពាល់អវិជ្ជមានដល់​អនាគតរបស់ខ្លួន នោះនឹងគ្មានអ្វីអាចផ្លាស់ប្តូរបានទេ។

មិនត្រឹមតែបណ្តាញសង្គមប៉ុណ្ណោះទេ សកម្មភាពបំផ្លិចបំផ្លាញក៏អាចនឹងកើតចេញពីកត្តាផ្លូវចិត្ត​ស្រដៀង​គ្នា​នេះ​ដែរ។

ខ្ញុំគិតថា កុបកម្មដែលកើតឡើងនៅប្រទេសបារាំងនាពេលថ្មីៗនេះ ក៏អាចមើលឃើញតាមរយៈទស្សនៈ​នេះ​ផង​ដែរ។

ការដែលប្រជាជនមិនពេញចិត្តនឹងគោលនយោបាយណាមួយ ហើយបន្ទាប់មកក្រោកឈរតវ៉ាជារឿង​ដែលអាចយល់បាន ប៉ុន្តែប្រសិនបើរឿងនោះប្រែជាអំពើហិង្សា នោះជារឿងមួយផ្សេងទៀត។ នៅ​ពេលដែលការតវ៉ាប្រែទៅជាកុបកម្ម មនុស្សចាប់ផ្តើមបំផ្លាញផ្លូវថ្នល់ វាយប្រហារហាងនានា និង​បង្ក​​គ្រោះថ្នាក់ដល់សហគមន៍។ យ៉ាងណាមិញ សកម្មភាពទាំងនោះគ្រាន់តែធ្វើឱ្យទីក្រុង និងប្រទេស​របស់ពួកគេចុះខ្សោយប៉ុណ្ណោះ។ អ្នកដែលចូលរួមក៏មិនទទួលបានប្រយោជន៍អ្វីតាមរយៈរឿង​នោះ​ដែរ។

ទង្វើ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរអាចនាំមកនូវអារម្មណ៍រំភើបយ៉ាងខ្លាំង និងបំពេញអារម្មណ៍ផ្លូវចិត្តបណ្តោះអាសន្ន។ ប៉ុន្តែ​ប្រសិនបើ​សង្កេតមើលបញ្ហាដោយភាពឆ្លាតវៃ និងយូរអង្វែង មនុស្សគ្រប់​គ្នាសុទ្ធតែយល់ឃើញថា គ្មានហេតុផលអ្វីដែលអាចចាត់ទុកថា សកម្មភាពទាំងនោះនឹងនាំ​មកនូវផលប្រយោជន៍​សម្រាប់ខ្លួនឯងនោះទេ។

ស្រដៀងគ្នានឹងការញៀនថ្នាំ ឬគ្រឿងស្រវឹងដែរ ធាតុពិតនៃការញៀនគឺនៅពេលដែលមនុស្សម្នាក់​លែង​មាន​អារម្មណ៍​ថា ជីវិតធម្មតាអាចបំពេញចិត្ត ទាំងដែលបាត់បង់អ្វីដែលខ្លួនកំពុងពឹងផ្អែក។

ប្រសិនបើមិនអាចរួចផុតពីស្ថានភាពនេះ អនាគតរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសហគមន៍ទាំង​មូល​សុទ្ធតែពិបាក​នឹង​ប្រសើរ​ឡើង។

ដូច្នេះយើងត្រូវកាត់បន្ថយការពឹងផ្អែកទាំងនោះបន្តិចម្តងៗ។

តើធ្វើយ៉ាងណាអាចផ្ដាច់ខ្លួនចេញពី dopamine?

ជាការពិតណាស់ ពិបាកនឹងឈប់ប្រើទូរស័ព្ទ ឬបណ្តាញសង្គមភ្លាមៗខ្លាំងណាស់។ ទោះជាយ៉ាងណា យើង​អាច​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់តាម​ដំណាក់​កាល​នីមួយៗ។

ក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៅពេលដែលចាប់ផ្តើមដំណើរការកែប្រែ សូមបង្កើតរយៈពេលដែល​មិន​ប្រើ​ប្រាស់​ទូរស័ព្ទ។

ឧទាហរណ៍អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តបទប្បញ្ញត្តិដូចខាងក្រោម៖

* មុនពេលចូលគេង៖ មិនប្រើប្រាស់ទូរស័ព្ទរយៈពេលមួយម៉ោងមុនពេលចូលគេង។

* បន្ទាប់ពីភ្ញាក់ពីគេង៖ ជៀសវាងការដាក់ទូរស័ព្ទនៅក្បែរ ហើយមិនប្រើក្នុងរយៈពេល ៣០ នាទីដំបូង​បន្ទាប់​ពី​ភ្ញាក់។

* កាត់បន្ថយការរំញោចពីអេក្រង់៖ សាកល្បងប្តូរអេក្រង់ទូរស័ព្ទទៅជាសខ្មៅ។ តាមរយៈការកំណត់មួយចំនួន ការដែលលុបពណ៌អាចជួយកាត់បន្ថយភាពទាក់ទាញ និងរំញោចការមើលឃើញបើប្រៀប​ធៀប​ទៅ​នឹង​អេក្រង់​មាន​ពណ៌។

ដំណើរការនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ពិបាកទ្រាំ ឬធុញទ្រាន់។ ទោះជាយ៉ាងណា ទាំង​នេះ​គឺជាប្រតិកម្មធម្មជាតិ នៅពេលដែលខួរក្បាលសម្របខ្លួនទៅនឹងការកាត់បន្ថយរំញោចជា​បន្ត​បន្ទាប់ ហើយ​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ។

ក្រៅពីនេះ ចូរផ្លាស់ប្តូរទម្លាប់កាន់ទូរស័ព្ទដោយមិនដឹងខ្លួនពេលទំនេរដោយសកម្មភាពផ្សេងទៀត។

ឧទាហរណ៍ដូចជាដើរ ឬធ្វើលំហាត់ប្រាណ aerobic ។ ដោយគ្រាន់តែព្យាយាមដើរក្នុងរយៈប្រហែល ៣០ នាទី រាងកាយអាចនឹងដឹងពីការធ្វើសកម្មភាព កម្រិតនៃការអស់កម្លាំងល្មម និងធ្វើឱ្យអ្នកមាន​អារម្មណ៍​ពេញចិត្តបន្ទាប់ពីបញ្ចប់សកម្មភាព។

ទន្ទឹមនឹងនោះ សូមចំណាយពេលជជែកគ្នា ហើយរីករាយជាមួយនឹងពេលវេលាជួបជុំមិត្តភក្តិ និងក្រុម​គ្រួសារ។ ការ​បង្កើត​ចំណង់​ចំណូល​ចិត្ត​ដូច​​ជា​​ការ​​អាន​សៀវ​ភៅ លេងកីឡា ឬធ្វើរបស់ដែលអ្នក​ចូល​ចិត្តដោយផ្ទាល់ដៃក៏ជាសកម្មភាពដែលនាំមកនូវលទ្ធផលវិជ្ជមានផងដែរ។ ម្យ៉ាងវិញទៀត ខិត​ខំប្រឹង​ប្រែងធ្វើការងារអស់ពី​កម្លាំង​ជា​ក៏​ជម្រើស​ដែល​គួរ​ពិចារណា​ផង​ដែរ។

ប្រហែលជាភាពរីករាយដែលមកពីពិភពពិតមិនបង្កើតបានជាអារម្មណ៍រំញោចដូចជាពេលមើលបណ្តាញ​សង្គម​នោះ​ទេ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចបង្កើតអនាគតខុសគ្នាទាំងស្រុងសម្រាប់យើង។

នោះជាអនាគតដែលត្រូវបានកសាងឡើងតាមរយៈការរៀនសូត្រ និងធ្វើការ។

ជាអនាគតមួយដែលយើងគ្រប់គ្នាបង្កើតទំនាក់ទំនងយោគយល់គ្នាទៅវិញទៅមក ទោះបីជាពេលខ្លះមិនចុះសម្រុងគ្នា ឈ្លោះ​ប្រកែក​ជា​មួយ​មិត្ត​ភក្តិ​ក៏​ដោយ។

អនាគតមួយដែលពោរពេញដោយស្នាមញញឹមដ៏មានសុភមង្គលក្នុងគ្រួសារដ៏កក់ក្តៅ។ 

ចំណុចទាំងនោះប្រហែលជាមិនអាចនាំមកនូវការពេញចិត្តភ្លាមៗនោះទេ ប៉ុន្តែជាតម្លៃដ៏យូរអង្វែង​បង្កើត​បាន​ជា​ជីវិត​ដ៏​ល្អ​ប្រសើរ។

ដល់ពេលដែលត្រូវនិយាយថាលាហើយ “Dopa-gaki” ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់ខ្លួន។

តើអ្នកទាំងអស់គ្នាចង់ចាប់ផ្តើមពីថ្ងៃនេះដែរទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: