“អ្នកដែលគ្មានសំណាងនឹងត្រូវសម្លាប់” – ប៉ុន្តែបែរជាមានមនុស្សម្នាក់ដូចជាត្រូវបានទេវតាការពារ

“អ្នកដែលគ្មានសំណាងនឹងត្រូវសម្លាប់” – ប៉ុន្តែបែរជាមានមនុស្សម្នាក់ដូចជាត្រូវបានទេវតាការពារ។

“ខ្ញុំនឹងសម្លាប់អ្នកដែលគ្មានសំណាង។

ប៉ុន្តែមានមនុស្សម្នាក់ដែលហាក់បីដូចជាត្រូវបានអាទិទេព និងព្រះពុទ្ធសាសនាការពារ…”

នោះជាចម្លើយសារភាពរបស់ឃាតករសម្លាប់មនុស្សជាបន្តបន្ទាប់។

ជននោះមានវិធីសាស្រ្តដ៏ចម្លែកសម្រាប់ជ្រើសរើសជនរងគ្រោះគឺសាកល្បងសំណាងរបស់មនុស្សដែលខ្លួនស្គាល់ ហើយលើកដៃសម្លាប់អ្នកដែលគ្មានសំណាង។ ហេតុ​ការណ៍​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​បួន​នាក់។

ទោះជាយ៉ាងណា ក្នុងស្ថានភាពស្លាប់រស់នោះ ព្រះសង្ឃមួយអង្គមានសំណាងរួចផុតជីវិតដោយមិនគួរឱ្យជឿ។

រឿងរ៉ាវដែលមានពិតខាងក្រោមនេះអាចនឹងធ្វើឱ្យប្រិយមិត្តចាប់ផ្តើមជឿថា ពេលខ្លះមនុស្សពិតជាត្រូវបានអាទិទេព និងទេវតាតាមការពារ។

ការជួបគ្នាដ៏ចម្លែកនៅហាងលក់សត្វចិញ្ចឹម

រឿងកើតឡើងនៅខេត្ត Saitama ប្រទេសជប៉ុន។

តួអង្គសំខាន់គឺព្រះសង្ឃ Miki Daiun (三木大雲) – នៅពេលនោះជានិស្សិតសាកលវិទ្យាល័យកំពុងដើរតាមមាគ៌ាអនុវត្តព្រះពុទ្ធសាសនា។ ដែលដើមឡើយមានដើមកំណើតមកពី Kyoto ព្រះតេជគុណបានធ្វើដំណើរទៅកាន់ខេត្ត Saitama ដើម្បីផ្តោតលើការបណ្តុះបណ្តាល និងអនុវត្តតាមកន្លងធម៌។

អំឡុងពេលរៀនសូត្រធម៌វិន័យ ព្រះតេជគុណ Miki តែងតែដើរជុំវិញទីក្រុង។ នៅថ្ងៃមួយ ក្នុងពេលដើរព្រះតេជគុណបានឃើញហាងលក់សត្វចិញ្ចឹមមួយកន្លែងដោយចៃដន្យ។ នៅពេលដែលដើរចូលទៅក្នុង ព្រះតេជគុណចាប់អារម្មណ៍នឹងពូជឆ្កែ Alaskan Malamute មួយក្បាល។

បន្ទាប់ពីទៅមើលបានប៉ុន្មានដង ព្រះតេជគុណផ្តើមគំនិតថតរូបសត្វឆ្កែទុកជាអនុស្សាវរីយ៍ ដូច្នេះបានយកកាមេរ៉ាប្រើម្តងតាម (ប្រភេទកាមេរ៉ាហ្វីលប្រើម្តងដែលនិយមនៅសម័យនោះ) ហើយចាប់ផ្តើមថតរូប។

ភ្លាមៗនោះ នៅខាងក្នុង បុរសម្នាក់ដែលជាម្ចាស់ហាងបានចេញមក ហើយស្រែកខ្លាំងៗថា៖

  • “ហេតុអ្វីបានជាអ្នកថតរូបដោយគ្មានការអនុញ្ញាតនៅទីនេះ?”

នៅពេលនោះ ដោយដឹងថាការថតរូបដោយគ្មានការអនុញ្ញាតជាការដែលមិនគួរ ព្រះតេជគុណ Miki បាន​សុំ​ទោស​ដោយ​ចិត្ត​ស្មោះ បានប្រគល់កាមេរ៉ាទៅឱ្យម្ចាស់ហាង ហើយប្រុងនឹងដើរចេញ​ទៅ។

ទោះជាយ៉ាងណា នៅពេលដែលដឹងថាព្រះតេជគុណ Miki និយាយសំឡេងតំបន់ Kansai ម្ចាស់ហាងស្រាប់តែផ្លាស់ប្តូរអាកប្បកិរិយា ហើយចាប់ផ្តើមនិយាយជជែកគ្នាយ៉ាងរួសរាយរាក់ទាក់​ថា៖

  • “ខ្ញុំក៏ជាអ្នកមកពីតំបន់ Kansai ដែរ សូមចូលទៅក្នុងជជែកគ្នាមួយភ្លែតបានទេ?”

បន្ទាប់មក ព្រះតេជគុណបានដើរតាមម្ចាស់ហាងចូលទៅក្នុងផ្ទះរបស់ជននោះដើម្បីបន្តការសន្ទនា។

នៅពេលដែលដឹងថាព្រះតេជគុណ Miki មកពី Kyoto ម្ចាស់ហាងមានភាពរីករាយយ៉ាងខ្លាំង។ ជន​នោះ​បាន​ប្រាប់​ព្រះតេជគុណ​ថា ខ្លួនក៏មានដើមកំណើតមកពី Kyoto ដែរ។ នៅពេលដែលព្រះតេជគុណ Miki ងឿងឆ្ងល់សួរថា មកពីតំបន់ណានៅទីក្រុង Kyoto ម្ចាស់ហាងបានឆ្លើយថា “Karasumaru” ។

នៅទីក្រុង Kyoto តាមពិតទៅមានកន្លែងមួយត្រូវបានសរសេរជាអក្សរហានថា “烏丸” អ្នកដែលមិនស្គាល់តំបន់នេះនឹងអានឃ្លាននោះថា “Karasumaru” ប៉ុន្តែរបៀបបញ្ចេញសំឡេងដែលត្រឹមត្រូវរបស់អ្នកស្រុកគឺ Karasuma” ។

ការដែលមនុស្សម្នាក់ទទួលស្គាល់ថាខ្លួនកើត និងធំដឹងក្តីនៅតំបន់ (Karasuma) បែរជាបញ្ចេញសំឡេងតំបន់ស្រុកកំណើតរបស់ខ្លួនខុស បានធ្វើឱ្យព្រះតេជគុណ Miki មានអារម្មណ៍ចម្លែក និងគួរឱ្យសង្ស័យយ៉ាងខ្លាំង។

កាហ្វេបួនកំប៉ុង និងល្បែងសាកល្បងសំណាង​សម្លាប់​មនុស្ស

ខណៈពេលដែលព្រះតេជគុណ Miki កំពុងងឿងឆ្ងល់ ម្ចាស់ហាងបានយកកាហ្វេចំនួនបួនកំប៉ុងចេញមកដាក់នៅពីមុខព្រះតេជគុណ។ ជននោះបានប្រាប់ព្រះតេជគុណថា សូមជ្រើសយកមួយកំប៉ុងដែលព្រះតេជគុណចូលចិត្តសម្រាប់ផឹក ហើយព្រះតេជគុណ Miki បានជ្រើសយកមួយកំប៉ុងក្នុងចំណោមនោះ ហើយផឹកអស់។

ម្ចាស់ហាងបានបង្ហាញថាខ្លួនគោរពស្រលាញ់ព្រះតេជគុណ Miki ហើយគោរពអញ្ជើញព្រះតេជគុណឱ្យមកធ្វើការនៅហាង។ ទោះជាយ៉ាងណា ដោយ​សារ​តែ​ព្រះ​តេជគុណ​កំពុងរៀនសូត្រវិន័យធម៌ ដូច្នេះព្រះតេជគុណ Miki បានឆ្លើយតបថា ខ្លួនត្រូវសុំការអនុញ្ញាតពីគ្រូជាមុនសិន។

បន្ទាប់ពីត្រឡប់ទៅវិញសុំសួរយោបល់ គ្រូរបស់ព្រះតេជគុណបានជំទាស់រឿងនេះ។ ដូច្នេះហើយ ព្រះ​តេជគុណ Miki បាន​ទៅ​ជួប​ម្ចាស់​ហាង​ម្តង​ទៀត​ដើម្បី​បដិសេធ​សំណើ។

ម្ចាស់ហាងរីករាយនឹងទទួលយក ហើយថែមទាំងបាននិយាយថា ទោះបីជាមិនអាចមកធ្វើការ ពេលខ្លះព្រះតេជគុណអាចនិមន្តមកលេង។

ការជជែកលេងបញ្ចប់ដោយភាពរីករាយ ហើយជាថ្មីម្តងទៀត កាហ្វេចំនួនបួនកំប៉ុងត្រូវបានលើកចេញមក។

ព្រះតេជគុណ Miki រើសយកមួយកំប៉ុង ផឹករួចក៏ចាកចេញទៅ។

ប៉ុន្មានខែក្រោយមក អំឡុងពេលរៀនវិន័យធម៌របស់ព្រះតេជគុណនៅ Saitama បានបញ្ចប់។ ជំហានបន្ទាប់ព្រះតេជគុណនឹងផ្លាស់ទៅកាន់ Tokyo ដើម្បីបន្តរៀនវិន័យ​ធម៌។ ដោយដឹង​ថា​ប្រហែល​ជា​មិន​មាន​ឱកាស​ត្រឡប់​មក​វិញ ព្រះតេជគុណ Miki បានទៅជួបម្ចាស់ហាងជាលើកចុង​ក្រោយ​​ដើម្បី​​លា។

នៅពេលដែលជួបគ្នាលើកនេះ រឿងដដែលបានកើតឡើងម្តងទៀត កាហ្វេចំនួនបួនកំប៉ុងត្រូវបាន​លើក​ចេញ​មក។ ទោះជាយ៉ាងណា ដោយសារតែពេលនោះពោះនៅឆ្អែតខ្លាំង ដូច្នេះព្រះតេជគុណ Miki បានបដិសេធ ហើយនិយាយលា រួចចាកចេញទៅ។

គ្មាននរណានឹកស្មានថា ការសម្រេចចិត្តដែលហាក់បីដូចជាធម្មតានោះ បានសង្គ្រោះជីវិតរបស់ព្រះតេជគុណពីកណ្តាប់ដៃបិសាច?

ការពិតដ៏គួរឱ្យរន្ធត់នៅពីក្រោយកំប៉ុងកាហ្វេ

បន្ទាប់ពីផ្លាស់កន្លែងរៀនវិន័យធម៌នៅទីក្រុង Tokyo មានម្តងពេលមើលព័ត៌មាននៅលើទូរទស្សន៍ ព្រះតេជគុណ Miki បានឃើញព័ត៌មានទាក់ទងនឹងករណីឃាតកម្មជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលធ្វើឱ្យព្រះតេជគុណភ្ញាក់ផ្អើលត្រង់ថា ជនល្មើសនៃឃាតកម្មដ៏គួរឱ្យរន្ធត់នោះគឺជាម្ចាស់ហាងលក់សត្វចិញ្ចឹមនៅឆ្នាំនោះ ដែលព្រះតេជគុណធ្លាប់​ស្គាល់ ជា​មួយ​នឹង​ប្រពន្ធ​របស់​ជន​នោះ។

ទោះបីជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែដោយសារតែខ្លួនមានសុវត្ថិភាព ដូច្នេះព្រះតេជគុណ Miki ក៏បំភ្លេចរឿងនោះបន្តិចម្តងៗ។

ពីរឆ្នាំកន្លងផុតទៅ ព្រះតេជគុណបានបញ្ចប់ការសិក្សា ហើយត្រឡប់ទៅ Kyoto វិញ។

នៅពេលដែលត្រឡប់ទៅ Kyoto វិញ ថ្ងៃមួយ អ្នកយកព័ត៌មានទស្សនាវដ្តីម្នាក់បានទៅជួបព្រះ​តេជគុណ Miki ដើម្បី​សុំ​សម្ភាសន៍។ អ្នកយកព័ត៌មានបានឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតទាក់​ទង​នឹង​ឃាតករ​សម្លាប់​មនុស្ស​ជាបន្តបន្ទាប់ដែលកំពុងជាប់ពន្ធនាគារ ហើយបានស្គាល់ឈ្មោះរបស់ព្រះតេជគុណ Miki តាម​​រយៈ​​ចម្លើយ​សារ​​ភាព​របស់​​ជន​​ល្មើស។

ក្នុងអំឡុងពេលសម្ភាសន៍ អ្នកយកព័ត៌មានបានរៀបរាប់ថា នៅពេលដែលត្រូវបានសាកសួរទាក់​ទង​នឹង​របៀប​ជ្រើស​រើស​ជន​រង​គ្រោះ ឃាតករ​បាន​សារ​ភាព​រឿង​ដ៏​គួរឱ្យរន្ធត់មួយថា៖

  • “ខ្ញុំបានកំណត់គោលដៅថានឹងសម្លាប់អ្នកដែលគ្មានសំណាង។

ទោះជាយ៉ាងណា ក្នុងចំណោមនោះមានមនុស្សម្នាក់ហាក់បីដូចជាកំពុងត្រូវបានទេវតាការពារ។ រាល់ពេលដែលខ្ញុំដាក់កំប៉ុងកាហ្វេនៅចំពោះមុខគាត់ មានដល់ទៅបីកំប៉ុង​ក្នុងចំណោមមានថ្នាំពុលដ៏​សា​ហាវ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ផឹក​ស្លាប់​ភ្លាមៗ។ ប៉ុន្តែមិនដឹងហេតុអ្វី ទាំង​ពីរ​ដង​គាត់​សុទ្ធ​តែ​រើស​យក​​កំប៉ុង​ដែល​គ្មាន​ថ្នាំ​ពុល។ រហូតដល់លើកចុង​ក្រោយ គាត់​បាន​និយាយ​ថា ខ្លួន​ឆាន់​ឆ្អែត​ពេក​មិនអាច​ផឹក​បានទេ។

បន្ទាប់ពីបានជួបម្នាក់នោះ ជាមនុស្សម្នាក់ដែលធ្វើឱ្យខ្ញុំចាប់ផ្តើមជឿលើវត្តមានរបស់ទេវតា។”

ត្រូវបានទេវតាការពារ ឬគ្រាន់តែជាការចៃដន្យ?

រឿងរ៉ាវមួយដែលហាក់បីដូចជាមិនគួរឱ្យជឿ ដែលមានតែក្នុងខ្សែភាពយន្ត ប៉ុន្តែបែរជាមានពិតក្នុង​ប្រវត្តិ​សាស្ត្រ។

ទាំងបីដងទទួលបានកាហ្វេចំនួនបួនកំប៉ុង ចំនួនពីរដងព្រះតេជគុណ Miki រើសយកកំប៉ុងដែល​គ្មានជាតិពុលដោយចៃដន្យ។ រហូតដល់លើកចុងក្រោយ ព្រះតេជគុណ​បែរ​ជាមិន​ផឹក​ព្រោះ​តែ​​​ឆ្អែត​​​ពេក។

ខណៈពេលនោះ អ្នកដទៃទៀតបែរជាគ្មានសំណាងដូច្នេះ។

ចំណែកឯឃាតករ ជាបុគ្គលម្នាក់ដែលបានយកជីវិតរបស់អ្នកដទៃដោយមិនស្ទាក់ស្ទើរ នៅទីបំផុត​បែរ​ជា​សារ​ភាព​ថា ខ្លួនចាប់ផ្តើមជឿលើអាទិទេព​ និងព្រះពុទ្ធបន្ទាប់ពីការ​ជួប​គ្នា​នោះ។

ចុះអ្នកទាំងអស់គ្នាវិញ? តើអ្នកគិតថានោះគ្រាន់តែជារឿងចៃដន្យរបស់វាសនា ឬព្រះតេជគុណ Miki ពិត​ជា​ត្រូវ​បាន​អាទិទេព និង​ព្រះ​ពុទ្ធ​ការ​ពារ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: