កុំ​ធ្វើ​ឱ្យ​ម្តាយ ឬ​ប្រពន្ធ​របស់​អ្នក​ខឹង​ឡើយ – ប្រអប់បាយបែប “សងសឹក” ដ៏គួរឱ្យអស់សំណើចនៅជប៉ុន

កុំ​ធ្វើ​ឱ្យ​ម្តាយ ឬ​ប្រពន្ធ​របស់​អ្នក​ខឹង​ឡើយ – ប្រអប់បាយបែប “សងសឹក” ដ៏គួរឱ្យអស់សំណើចនៅជប៉ុន។

នៅប្រទេសជប៉ុន មានរឿងមួយដែលអ្នកទាំងអស់គ្នាមិនគួរធ្វើដាច់ខាត នោះគឺធ្វើឱ្យម្តាយ ឬប្រពន្ធរបស់ខ្លួនខឹង។

ព្រោះថាអ្នកដែលតែងតែរៀបចំអាហារ​ឆ្ងាញ់ៗ​ជា​ប្រចាំ ឬ​វេច​ខ្ចប់ប្រអប់បាយ​យ៉ាង​ប្រុងប្រយ័ត្ន​សម្រាប់​កូនយក​ទៅ​សាលារៀន ប្តីយកទៅកន្លែងធ្វើការ ភាគច្រើនជាម្តាយ និងភរិយាក្នុងគ្រួសារ។

ដូច្នេះតើនឹងមានអ្វីកើតឡើងចំពោះប្រអប់បាយរបស់អ្នកនៅថ្ងៃបន្ទាប់ ប្រសិនបើអ្នកទើបតែឈ្លោះគ្នាជាមួយម្តាយ ឬប្រពន្ធ?

ពួកគេមិនបានឈប់ចម្អិនអាហារនោះទេ។ ផ្ទុយទៅវិញ ពួកគេនឹងប្រើប្រអប់បាយទាំងនោះសម្រាប់ “សងសឹក” ។

ចូរយើងក្រឡេកមកមើលប្រអប់បាយសងសឹកបែបជប៉ុនមួយចំនួនខាងក្រោម។

【សូមពិនិត្យមើលកំហុសរបស់ខ្លួនឡើងវិញ!】 

ពាក្យថា “សូមពិនិត្យមើលកំហុសរបស់ខ្លួនឡើងវិញ” ត្រូវបានសរសេរដោយប្រើគ្រាប់ល្ងរោយលើបាយស។

មិនត្រឹមតែប៉ុណ្ណឹង ស៊ុតចៀនថែមទាំងមានពណ៌ខៀវ – ជាពណ៌ដែលមិនសូវមានភាពទាក់ទាញសម្រាប់មុខម្ហូបប្រៃ ហើយថែមទាំងធ្វើឱ្យយើងបាត់បង់​ចំណង់​អាហារ​ទៀតផង។

ដើម្បីរៀបចំប្រអប់បាយបែបនេះ ប្រាកដជាចំណាយកម្លាំងជាជាងការរៀបចំប្រអប់បាយធម្មតាទៅទៀត។

ប៉ុន្តែចំណុចដែលគួរឱ្យងឿងឆ្ងល់ត្រង់ថា ហេតុអ្វីបានជាស្រ្តីជាម្តាយរៀបចំប្រអប់បាយបែរជាមានពណ៌ខៀវស្រាប់ក្នុងផ្ទះ?

ប្រហែលនេះមិនមែនជាលើកទីមួយទេដែលអ្នកម្តាយរូបនេះខឹង ហើយរៀបចំប្រអប់បាយសងសឹកស្រដៀងគ្នាបែបនេះ។

【ហាងស្រាបុគ្គលិកស្រី】

ប្រហែលជាពីរបីថ្ងៃមុនបុរសជាប្តីលួចទៅផឹកស្រានៅ Kyabakura (បារដែលមានបុគ្គលិកស្រីបម្រើការ) ហើយត្រូវប្រពន្ធដឹងហើយមើលទៅ?

ពិតជាចង់ដឹងណាស់មិនដឹងថា​ មិត្តរួមការងារដែលនៅជុំវិញការិយាល័យនឹងមានប្រតិកម្មយ៉ាងណា នៅពេលដែលបុរសជាប្តីបើកប្រអប់បាយដោយមិនដឹងថាខាងក្នុងមានអ្វី។

 【ប្រអប់បាយ Hinomaru បញ្ច្រាស】

ប្រអប់បាយ Hinomaru (ប្រអប់បាយទង់ជាតិ) ជាប្រភេទប្រអប់បាយតាមបែបប្រពៃណីដ៏សាមញ្ញរបស់ជប៉ុន ដោយគ្រាន់តែមានបាយស និង​ផ្លែ​ខេម​បួយ​ត្រាំ​ជូរ និង​ប្រៃ​ដាក់​នៅចំកណ្តាល។ ដោយសារតែមិនមានអាហារផ្សេងទៀត ដូច្នេះមើលទៅសាមញ្ញ ប៉ុន្តែយ៉ាងហោចណាស់គ្រប់គ្រាន់​សម្រាប់​បំពេញ​ប្រពះ​ពេល​ឃ្លាន។

ទោះជាយ៉ាងណា ជាមួយនឹងប្រអប់បាយ “Hinomaru បញ្ច្រាស” នេះ (ប្រអប់ផ្លែខេមបួយត្រាំ និងមានតែបាយបន្តិចនៅចំកណ្តាល) គ្មាននរណាជឿជាក់ថាអាចនឹងហូបអស់នោះទេ។

ហើយប្រសិនបើទុកឱ្យសល់យកទៅផ្ទះវិញ ប្រាកដជាត្រូវស្ដីបន្ទោសជាមិនខាន។

【អាភ្លើ, អាល្ងង់, អាមនុស្សអត់ប្រយោជន៍, អាលាមក!】

ប្រអប់បាយត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប៉ុន្តែអក្សរដែលភ្ជាប់មកជាមួយបែរជាប្រើសារ៉ាយ​សមុទ្រ “​ស្ដីបន្ទោស​” យ៉ាងចាស់ដៃ។​

សូម្បីតែផ្លែខេមបួយត្រាំដែលដាក់នៅជ្រុងប្រអប់ក៏​ត្រូវ​បាន​ច្នៃ​យ៉ាង​ប៉ិនប្រសប់​ឱ្យ​ទៅ​​ជា​​មុខ​កំពុង​ខឹង​​ខ្លាំង​​ផង​ដែរ។

ប្រាកដណាស់មិនថានរណានៅពេលដែលបើកប្រអប់បាយនេះនឹងមានអារម្មណ៍បាក់ទឹកចិត្ត ហើយព្រួយបារម្ភមិនដឹងថាធ្វើយ៉ាង​ឱ្យម្នាក់នោះឈប់ខឹងនោះទេ។

ចំណែកឯអ្នកដែលធ្វើបាយកាត់សារ៉ាយសមុទ្រយ៉ាងម៉ត់ចត់ខណៈពេលដែលកំពុងខឹងយ៉ាងខ្លាំង។

【បាយញាត់ក្នុងប្រអប់ដាក់ចង្កឹះ】

បាយដាក់ក្នុងប្រអប់ចង្កឹះ ចង្កឹះបែរជាដាក់ក្នុងប្រអប់បាយ។

គំនិតសងសឹកបែបនេះពិតជាប៉ិនប្រសប់ណាស់! ពិតជាមានទេពកោសល្យមែន។

ចូរយើងសាកស្រមៃគិតមើល!

បន្ទាប់ពីឈ្លោះប្រកែកគ្នានៅថ្ងៃមុន ទោះបីជាក្នុងចិត្តស្តាយក្រោយបន្តិចមែន អ្នកនៅតែមិនអាច​និយាយ​ពាក្យ​សុំ​ទោស​បាន​នៅ​ព្រឹក​បន្ទាប់។

បន្ទាប់មក នៅពេលដែលគ្រប់យ៉ាងស្ងប់ស្ងាត់ទៅវិញ អ្នកស្ទើរតែភ្លេចការឈ្លោះប្រកែកគ្នានោះ ស្រាប់​តែ​ដល់​ម៉ោង​សម្រាក​ពេល​ថ្ងៃ អារម្មណ៍​ភ្ញាក់​ផ្អើល​ស្រាប់​តែ​កើត​ឡើង។

នោះជារបៀបសងសឹកដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ដូចជា រាល់ចេតនាខឹង ឬឈ្លោះប្រកែកគ្នា​បន្ថែម​ទៀត​សុទ្ធ​តែ​ត្រូវ​ពន្លត់​ទាំង​ស្រុង។

យល់ល្អស្រ្តីមេផ្ទះទាំងអស់ខឹងសម្បារយ៉ាងខ្លាំង ហើយមិនចម្អិនអាហារប្រសើរជាង។ ប៉ុន្តែផ្ទុយទៅ​វិញ ពួកគេបែរជាចំណាយកម្លាំងយ៉ាងច្រើនសម្រាប់រៀបចំការវាយបកយ៉ាងចាស់ដៃតាមរយៈប្រអប់​បាយ។

ដូច្នេះហើយ សូមកុំធ្វើឱ្យពួកគេខឹង។

ព្រោះប្រហែលជានៅពេលដែលអ្នកភ្លេចរឿងទាំងនោះ នៅពេលដែលដល់ម៉ោងបាយថ្ងៃ ពេល​បើក​ប្រអប់​បាយ​ជា​ពេល​ដែល​អ្នក​ទទួល​បានការភ្ញាក់ផ្អើលបំផុត។

ជាការពិតណាស់ អ្នកម្តាយ និងភរិយាគ្រប់រូបមានរបៀបបញ្ចេញកំហឹងខុសៗគ្នា។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ត្រង់ថា ទោះបីជាពេលខឹងក៏ដោយ ពួកគេនៅតែរៀបចំបាយប្រអប់សម្រាប់គ្រួសារ។ គ្រាន់តែមិនដូចជាការយកចិត្តទុកដាក់ប្រចាំថ្ងៃ លើកនេះពួកគេចំណាយពេលធ្វើសង្គ្រាមផ្លូវចិត្ត ទោះបីជាមិនខ្លាំងក្លា ប៉ុន្តែក៏គួរឱ្យខ្លាចណាស់ដែរ។

ប្រហែលជាអំឡុងពេលកំពុងកាត់សារ៉ាយសមុទ្រ ឬតុបតែងប្រអប់បាយ អ្នករៀបចំបាយផ្ទាល់ក៏មិនអាចទប់សំណើច ហើយកំហឹងក៏រសាយបាត់បន្តិចម្តងៗដោយមិនដឹងខ្លួន។

មិនខ្ចីជជែកវែកញែកដោយផ្ទាល់ ឬខឹងខ្លាំងនោះទេ ប៉ុន្តែនៅតែបង្ហាញពីអារម្មណ៍របស់ខ្លួនយ៉ាង​ច្បាស់។ នេះ​ប្រហែល​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់​ស្រ្តី​ជប៉ុន។

ដូច្នេះកុំល្ងង់ទៅធ្វើឱ្យម្តាយ ឬប្រពន្ធរបស់អ្នកក្លាយជាសត្រូវ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: