របស់ពិសេសៗដែលមាននៅក្នុងស៊ុតប្រដាប់ក្មេងលេងនៅជប៉ុន
របស់ពិសេសៗដែលមាននៅក្នុងស៊ុតប្រដាប់ក្មេងលេងនៅជប៉ុន។
ម៉ាសុីនលេងហ្គេមជាប្រភេទម៉ាសុីនលក់របស់លេងដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន។
គ្រាន់តែបញ្ចូលកាក់ ហើយចុចបង្វិល របស់លេងនឹងធ្លាក់ចេញមក។
អាស្រ័យលើក្រុមហ៊ុនផលិត របស់លេងទាំងនេះមានឈ្មោះខុសៗគ្នាដូចជា Gashapon ឬ Gacha ។ ប្រភេទម៉ាសុីននេះមាននៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណា នៅពីក្រោយម៉ាស៊ីនដែលហាក់បីដូចជាសាមញ្ញទាំងនេះ ការស្វែងរកគំនិតសម្រាប់របស់របរដាក់នៅខាងក្នុងជាចំណោទដែលមិនងាយស្រួលចំពោះក្រុមហ៊ុនផលិតនោះទេ។
តួអង្គគំនូរជីវចលដែលល្បីឈ្មោះ ឬប្រភេទសត្វដ៏គួរឱ្យស្រលាញ់ហាក់បីដូចជាត្រូវបានដាក់ចូលស្ទើរតែទាំងអស់។ ហើយបន្ទាប់មក ផលិតផលចម្លែកៗដែលមិននឹកស្មានចាប់ផ្តើមបង្ហាញខ្លួន។
អ្វីដែលត្រូវនិយាយាត្រង់ថា គ្មាននរណាដឹងថាអ្នកណានឹងចូលចិត្តនោះទេ ប៉ុន្តែវាបែរជាលក់ដាច់ដោយមិននឹកស្មានដល់។ នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពីរបស់លេងប្លែកៗទាំងនេះ។
ជាដំបូងត្រូវនិយាយពី “រូបថតកាតរបស់មនុស្សមិនស្គាល់មុខ” ។
រូបថតកាតជាប្រភេទរូបថតដែលប្រើនៅពេលដែលធ្វើឯកសារផ្សេងៗ ឬឯកសារផ្ទាល់ខ្លួន។ ព្រោះតែជារូបថតដែលប្រើសម្រាប់ឯកសារផ្លូវការ អ្នកថតតែងតែធ្វើទឹកមុខម៉ឺងម៉ាត់ ដូច្នេះគ្មានអ្វីទាក់ទាញនោះទេ។
មិនត្រឹមតែប៉ុណ្ណឹង ថែមទាំងជារូបថតរបស់មនុស្សដែលមិនស្គាល់មុខ។
ប្រសិនបើជារូបថតរបស់មនុស្សស្រីដែលស្រស់ស្អាតម្នាក់ ប្រហែលជាអាចយល់បាន។ ប៉ុន្តែក្នុងចំណោមរបស់របរទាំងនោះ ថែមទាំងមានរូបថតរបស់បុរសវ័យកណ្តាល ដែលធ្វើឱ្យគេលាន់មាត់និយាយថា “តើនេះជាអ្នកណា?”
អ្វីដែលមិនគួរឱ្យជឿជាងនេះទៅទៀតនោះគឺថា ក្នុងចំណោមនោះមានរូបថតមនុស្សពិតរហូតដល់ទៅ ៣០០ រូប ដែលត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីន ហើយបញ្ចេញរូបភាពដោយចៃដន្យ។ បច្ចុប្បន្ននេះ ដោយសារតែពេញនិយមពេក ដូច្នេះចំនួនតួអង្គត្រូវបានបន្ថែមរហូតដល់ទៅ ៥០០ នាក់។
នៅប្រទេសជប៉ុន គេតែងតែថតរូបថតកាតដោយប្រើម៉ាស៊ីនថតរូបស្វ័យប្រវត្តិដែលស្ថិតនៅស្ថានីយ៍រថភ្លើង និងកន្លែងសាធារណៈជាច្រើនទៀត។ នៅពេលដែលស្តាប់ទៅ ប្រហែលជាមានអ្នកខ្លះគិតថា ក្រុមហ៊ុនផលិតមានចេតនាយកទិន្នន័យរូបថតដែលមានស្រាប់ប្រើឡើងវិញ។
ប៉ុន្តែតាមពិតទៅ គ្រប់គ្នាដែលបង្ហាញខ្លួនក្នុងកម្រងរូបភាពសុទ្ធតែយល់ព្រមអនុញ្ញាតឱ្យប្រើប្រាស់រូបភាពរបស់ពួកគេ ហើយត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។ ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព័ត៌មានលម្អិតទាំងនេះ គឺជាលក្ខណៈសម្គាល់របស់ប្រជាជនជប៉ុន។
មិនត្រឹមតែប៉ុណ្ណឹង ផលិតផលថែមទាំងមានរូបថតសត្វចិញ្ចឹមរបស់គ្រួសារធម្មតាមួយចំនួន។ ចំនួនសរុបនៃការលក់មានរហូតដល់ទៅ ២៥០.០០០ ផលិតផល ដោយបានក្លាយជាការពេញនិយមដែលមិននឹកស្មានដល់។
ប្រសិនបើរូបថតកាតរបស់មនុស្សប្លែកមុខធ្វើឱ្យយើងងឿងឆ្ងល់ ផលិតផលបន្ទាប់កាន់តែធ្វើឱ្យយើងភ្ញាក់ផ្អើលជាងនេះទៅទៀតគឺ៖ រូបថតប្រកាសចាប់ខ្លួន។
នៅប្រទេសជប៉ុន នៅពេលដែលបុគ្គលម្នាក់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីចាប់ខ្លួនពិសេស រូបថតរបស់ម្នាក់នោះនឹងត្រូវបានបិទនៅស្ថានីយ៍ប៉ូលីស ស្ថានីយ៍ប៉ូលីសស្រុក និងកន្លែងសាធារណៈជាច្រើន ដើម្បីប្រមូលព័ត៌មានពីប្រជាជន។
ប៉ុន្តែឥឡូវនេះ រូបថតប្រកាសចាប់ខ្លួនទាំងនោះបែរជាមានក្នុងស៊ុតដែលជារបស់ក្មេងលេង។
ស្តាប់ទៅដូចជាពិបាកយល់ខ្លាំងណាស់ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលត្រង់ថា អ្នកដែលនៅក្នុងរូបថតមិនមែនជាឧក្រិដ្ឋជនពិតនោះទេ គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹង មុខរបស់អ្នកខ្លះមើលទៅគួរឱ្យខ្លាចខ្លាំងណាស់ មើលទៅដូចជាបុគ្គលដែលប៉ូលីសកំពុងតាមរក។ ទោះជាយ៉ាងណា ពួកគេទាំងអស់គ្នាសុទ្ធតែមិនមែនជាឧក្រិដ្ឋជននោះទេ។
ជាការពិតណាស់ ស្រដៀងគ្នានឹងកម្រងរូបថតកាតមុននឹងដែរ កម្រងរូបភាពទាំងនេះក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីម្ចាស់រូបថតផងដែរ។ ជាពិសេស ភាគច្រើនពួកគេសុទ្ធតែជាអ្នកស្គាល់គ្នារបស់អ្នកដែលបង្កើតគំនិតនេះ។
មិនដឹងថាភាគីក្រុមហ៊ុនផលិតបានបញ្ចុះបញ្ចូលបែបណា ទើបអាចធ្វើឱ្យអ្នកទាំងអស់គ្នារីករាយនឹងទទួលយកសំណើដ៏ចម្លែកដូច្នេះ។ និយាយឱ្យត្រង់ទៅ ខ្ញុំឆ្ងល់ទាក់ទងនឹងការបញ្ចុះបញ្ចូលរបស់ពួកគេជាជាងអាថ៌កំបាំងនៅក្នុងប្រអប់លេងទៅទៀត។
ប្រអប់លេងដែលមិនដឹងថាលក់ឱ្យនរណា មិនដឹងថានរណាខ្លះចូលចិត្ត ជាចុងក្រោយបែរជាពេញនិយមយ៉ាងខ្លាំងសម្រាប់សិស្សស្រីវិទ្យាល័យនៅជប៉ុន។
ជាការពិតណាស់ ប្រហែលជាយើងទាំងអស់គ្នាសុទ្ធតែប្រើស្រោមទូរស័ព្ទ។ ប្រសិនបើជាស្រោមទូរស័ព្ទថ្លា គ្រប់គ្នាច្រើនតែមានទម្លាប់ដាក់អ្វីមួយពីក្រោយសម្រាប់តុបតែង។ ខ្ញុំឃើញមនុស្សមួយចំនួនថែមទាំងដាក់ក្រដាសប្រាក់ ប៉ុន្តែនៅប្រទេសជប៉ុន ការដែលដាក់រូបថតចម្លែកៗទាំងនេះកំពុងតែពេញនិយមខ្លាំង។
ឥឡូវនេះ នៅតាមដងផ្លូវប្រទេសជប៉ុន គេអាចនឹងមើលឃើញរូបភាពនៅពីក្រោយទូរស័ព្ទរបស់សិស្សស្រីវិទ្យាល័យបែរជាមានរូបថតរបស់បុរសវ័យកណ្តាលម្នាក់ទៅវិញ។ ពេលខ្លះថែមទាំងជារូបថតប្រកាសចាប់ខ្លួនទៀតផង។
កាលពីមុន ធ្លាប់មានផលិតផលចម្លែកជាច្រើនប្រែជាពេញនិយមដោយសារសិស្សស្រីនៅជប៉ុន ទោះជាយ៉ាងណា ករណីលើកនេះបែរជាពិសេសជាង។
ដូច្នេះតើចំណុចអ្វីដែលធ្វើឱ្យពួកគេចូលចិត្តរូបថតចម្លែកទាំងនោះ?
យោងតាមការចែករំលែករបស់និស្សិតស្រី មានហេតុផលជាច្រើនដូចខាងក្រោម៖
- ចាត់ទុកដូចជាវត្ថុស័ក្តិសិទ្ធិ៖ យកតាមខ្លួនដូចជាវត្ថុនាំសំណាង។
- បង្កើតឱកាសប្រាស្រ័យទាក់ទង៖ ធ្វើឱ្យអ្នកដទៃងឿងឆ្ងល់ ហើយក្លាយជាប្រធានបទសម្រាប់ចាប់ផ្តើមការសន្ទនា។
- ចែករំលែកជាមួយមិត្តភក្តិ៖ ប្រមូលរូបភាពជាមួយគ្នា ប្តូរគ្នាទៅវិញទៅមក ហើយទទួលយកភាពរីករាយ។
- ប្លែកមិនធ្លាប់មាន៖ រូបថតដែលមិនឆ្លងកាត់ការកែសម្រួលបែរជានាំមកនូវអារម្មណ៍ថ្មីប្លែក ពិសេស។
ក្នុងវ័យជាង ៥០ ឆ្នាំ ខ្ញុំពិតជាមិនអាចតាមទាន់ការនិយមរបស់ក្មេងស្រីវិទ្យាល័យសម័យនេះឡើយ។
ចុះអ្នកទាំងអស់គ្នាវិញ? តើអ្នកអាចមើលឃើញពីភាពទាក់ទាញរបស់រូបថតចម្លែកៗទាំងនេះដែរទេ?
ហើយជាងនេះទៅទៀត តើអ្នកគិតយ៉ាងណាចំពោះភាពហ្មត់ចត់ និងការតស៊ូរបស់ជនជាតិជប៉ុន ដោយកែប្រែគំនិតដែលហាក់បីដូចជាមិនអាចទៅរួចក្លាយជាផលិតផលជាក់ស្តែង?
ពេលខ្លះ រឿងដែលចម្លែកបំផុតបែរជាបង្កើតបានភាពទាក់ទាញដែលមិននឹកស្មានដល់។ ប្រហែលនោះជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ក្នុងចំណោមវប្បធម៌នៃភាពច្នៃប្រឌិតរបស់ជប៉ុន។
Abe Kengo


