“សំឡេងរបស់ទេវតា” – នារីដែលបម្រើការងាររដ្ឋម្នាក់បានដាក់អនាគតរបស់ប្រជាជនលើសពីអនាគតរបស់ខ្លួនឯង
“សំឡេងរបស់ទេវតា” – នារីដែលបម្រើការងាររដ្ឋម្នាក់បានដាក់អនាគតរបស់ប្រជាជនលើសពីអនាគតរបស់ខ្លួនឯង។
នៅឆ្នាំ ២០១១ គ្រោះរញ្ជួយដីដ៏សាហាវមួយបានវាយប្រហារ និងបំផ្លិចបំផ្លាញតំបន់ Tohoku នៅភាគឦសានប្រទេសជប៉ុន។
នៅពេលនោះ ទោះបីជាខ្ញុំកំពុងនៅតំបន់ Kanto ដែលមានចម្ងាយឆ្ងាយ ប៉ុន្តែផ្ទៃដីនៅតែញ័រយ៉ាងខ្លាំង រហូតដល់ថ្នាក់មនុស្សមិនអាចឈរត្រង់បាន។
មិនយូរប៉ុន្មាន រលកយក្សបានវាយប្រហារ។ តំបន់ Tohoku បានទទួលរងគ្រោះថ្នាក់ដោយសាររលកយក្សដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្នុងសោកនាដកម្មនោះ នារីដែលជាមន្រ្តីក្រុងម្នាក់បានដាក់ជីវិតរបស់ប្រជាជនលើសពីជីវិតរបស់ខ្លួនឯង និងបានលះបង់យ៉ាងក្លាហាន។
ថ្ងៃនេះ ចូរយើងមកស្តាប់រឿងរ៉ាវដ៏រំជួលចិត្តនិយាយពីមនុស្សស្រីម្នាក់នោះ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង ខេត្ត Miyagi ប្រទេសជប៉ុន។
នៅពេលនោះកញ្ញា Endo Miki (遠藤未希) ជាមន្រ្តីរាជការម្នាក់ដែលមានអាយុ ២៤ ឆ្នាំ កំពុងធ្វើការនៅការិយាល័យរដ្ឋបាលក្នុងក្រុងនេះ។
នៅពេលនោះ នាងបានភ្ជាប់ពាក្យ ហើយនៅសល់តែមួយខែទៀតនឹងប្រារព្ធពិធីមង្គលការ។ ប្រហែលនោះជាពេលវេលាដ៏រីករាយបំផុតក្នុងជីវិតរបស់នាង ជាមួយនឹងអនាគតដ៏ភ្លឺស្វាងកំពុងរង់ចាំនាង។
យ៉ាងណាមិញ រញ្ជួយដីមួយស្រាប់តែកើតឡើង ដោយបានធ្វើឲ្យនាងបាត់បង់ពេលវេលាដ៏សុខសាន្តដែលនាងបានរំពឹងទុក។
ទីក្រុង Minamisanriku ស្ថិតនៅជាប់ឆ្នេរសមុទ្រ។ ដូច្នេះហើយ ហានិភ័យនៃរលកយក្សស៊ូណាមិតែងតែជាការគំរាមកំហែងជាចម្បង។
នៅពេលដែលរញ្ជួយដីយ៉ាងខ្លាំងបានកើតឡើង ប្រជាជនអាចមើលឃើញពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិនឹងកើតឡើង។ ហើយក្នុងអំឡុងពេលនោះ តួនាទីរបស់មន្រ្តីក្រុងត្រូវប្រញាប់ចេញសេចក្តីប្រកាសអាសន្ន ណែនាំប្រជាជនឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
Miki ធ្វើការខាងផ្នែកគ្រប់គ្រងស្ថានភាពអាសន្ន។
អគារដែលនាងធ្វើការមានតែបីជាន់ប៉ុណ្ណោះ សភាពទាប និងគ្រោះថ្នាក់យ៉ាងខ្លាំងពេលកើតមានរលកយក្សស៊ូណាមិ។ យ៉ាងណាមិញ ដោយគិតពីរឿងជួយសង្គ្រោះប្រជាជន នាងប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ផ្សាយ ហើយបានប្រើប្រាស់ប្រព័ន្ធផ្សាយគ្រោះមហន្តរាយដើម្បីប្រកាសប្រាប់ប្រជាជនទាំងអស់នៅក្នុងទីក្រុង។
សំឡេងរបស់នាងបានបន្លឺឡើងក្នុងអំឡុងពេលរញ្ជួយដី និងគ្រោះមហន្តរាយកំពុងខិតមកជិត៖
- “សេចក្តីប្រកាសទាក់ទងនឹងរលកយក្សស៊ូណាមិត្រូវបានប្រកាស។
សូមអ្នកទាំងអស់គ្នាជម្លៀសទៅកាន់តំបន់ដែលខ្ពស់ជាង!”
នាងបានប្រកាសម្តងហើយម្តងទៀត រំលឹកឡើងវិញជាច្រើនដង។ ដោយគ្រាន់តែចង់ជួយសង្គ្រោះមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
អំឡុងពេលដែលរញ្ជួយដីកើតឡើង រហូតដល់ពេលដែលរលកយក្សស៊ូណាមិមកដល់ប្រហែល ៣៩ នាទី។ រយៈពេល ៣៩ នាទីយ៉ាងខ្លីសម្រាប់មនុស្សប្រណាំងនឹងសេចក្តីស្លាប់។
នៅពេលដែលរលកយក្សជាមួយនឹងកម្ពស់ដែលមិននឹកស្មានកំពុងខិតមកជិត នាងនៅតែបន្តប្រកាសអាសន្ន។
មន្ត្រីរាជការជាច្រើនទៀតបានជម្លៀសចេញពីអគារ ហើយជាការពិតណាស់ កញ្ញា Miki ក៏ទទួលបានបញ្ជាឱ្យចាកចេញដោយសុវត្ថិភាព ប៉ុន្តែនាងនៅតែមិនព្រមចាកចេញ។
ព្រោះនាងដឹងថា ដរាបណាសេចក្តីប្រកាសនៅតែបន្តបន្លឺឡើង នៅតែមានឱកាសសម្រាប់មនុស្សម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់ដែលកំពុងខិតមកជិត។ នាងបានបន្តផ្សព្វផ្សាយ ព្យាយាមការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបរហូតដល់នាទីចុងក្រោយ។
ប្រហែលជាដោយសារតែបានឮសេចក្តីប្រកាសជាបន្តបន្ទាប់នោះ មនុស្សជាច្រើនអាចរត់ទៅកាន់កន្លែងខ្ពស់ ហើយរួចផុតពីសេចក្តីស្លាប់។
បន្ទាប់មក នៅពេលដែលរលកយក្សស៊ូណាមិបានស្រកទៅវិញ គេមិនបានមើលឃើញ Miki ក្នុងបន្ទប់ផ្សាយទៀតឡើយ។
នាងត្រូវរលកយក្សបោកបក់យកទៅ។
រហូតដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំដដែលនោះទើបរកឃើញសាកសពរបស់នាង។
នារីអាយុ ២៤ ឆ្នាំម្នាក់ ដែលជិតដល់ថ្ងៃរៀបមង្គលការ បុរសដែលនាងស្រឡាញ់ និងអនាគតដ៏រីករាយកំពុងរង់ចាំនាង។
នាងអាចជ្រើសយកការចាកចេញដើម្បីការពារជីវិតរបស់ខ្លួន ប៉ុន្តែ Miki មិនបានធ្វើដូច្នេះនោះទេ។
នាងនៅរហូតដល់នាទីចុងក្រោយ ព្រោះសម្រាប់នាង ការការពារអាយុជីវិតរបស់ប្រជាជនសំខាន់ជាងសុវត្ថិភាពរបស់ខ្លួនឯង។
ឈ្មោះរបស់នាងគឺ Miki – 未希 ។ ក្នុងអក្សរហាន Miki ត្រូវបានផ្សំឡើងដោយពាក្យអនាគត និងក្តីសង្ឃឹម។
ឪពុកម្តាយបានដាក់ឈ្មោះនោះឱ្យនាង ដោយសង្ឃឹមថាកូនស្រីរបស់ខ្លួននឹងក្លាយជាមនុស្សម្នាក់ដែលតែងតែមានសង្ឃឹមសម្រាប់អនាគត។
ហើយនៅទីបំផុត ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង Miki មិនអាចបន្តដើរឆ្ពោះទៅរកអនាគតរបស់ខ្លួនទៀតឡើយ។
ប៉ុន្តែតាមរយៈការលះបង់នោះ នាងបានផ្តល់ក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែកដល់មនុស្សជាច្រើននៅក្នុងទីក្រុង។
នាងមិនអាចសម្រេចបាននូវអនាគតដែលឪពុកម្តាយរបស់នាងធ្លាប់រំពឹងទុក។ ទោះជាយ៉ាងណា នាងបានជួយឲ្យអនាគតរបស់អ្នកដទៃអាចបន្តទៅមុខ។
ក្នុងចំណោមអ្នកដែលបានរួចផុតជីវិតដោយសារសេចក្តីប្រកាសរបស់ Miki មានលោកតាអាយុ ៧៣ ឆ្នាំម្នាក់។ លោកតាភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយបានជម្លៀសចេញដោយជោគជ័យបន្ទាប់ពីបានឮសេចក្តីប្រកាសរបស់នាង។ ក្រោយមក លោកតាបានរៀបរាប់យ៉ាងរំជួលចិត្តថា៖
- “ពេលឮសេចក្តីប្រកាសដដែលៗ ខ្ញុំដឹងថាមានរឿងមិនល្អកើតឡើង ហើយស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះខ្ញុំបានរត់ទៅកាន់កន្លែងដែលខ្ពស់ជាង។”
បុរសចំណាស់ជាសាក្សីដែលនៅរស់ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបាន Miki ជួយសង្គ្រោះ ដោយសារតែនាងមិនបានចាកចេញពីកន្លែងរបស់ខ្លួន។
ប្រហែលជាក្នុងស្ថានភាពដ៏លំបាកនោះ នាងមិនត្រឹមតែគិតពីតួនាទីក្នុងនាមជាមន្រ្តីរាជការម្នាក់ ឬកាតព្វកិច្ចដែលត្រូវបំពេញការងារប៉ុណ្ណោះទេ។ ខ្ញុំជឿថា អ្វីដែលជម្រុញឱ្យនាងបន្តនិយាយក្នុងស្ថានភាពគ្រោះថ្នាក់ មិនមែនជាបទប្បញ្ញត្តិ ឬកាតព្វកិច្ចវិជ្ជាជីវៈនោះទេ ប៉ុន្តែជាគោលបំណងដ៏មុតមាំដែលថា ប្រជាជនត្រូវតែរស់រានមានជីវិត។
នៅពេលដែលសេចក្តីស្លាប់នៅចំពោះមុខ នាងនៅតែគិតដល់មនុស្សដែលកំពុងត្រូវការការជួយសង្គ្រោះ។ នោះមិនត្រឹមតែជាភាពក្លាហានប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រលាញ់ដ៏ជ្រាលជ្រៅដែលមនុស្សម្នាក់មានចំពោះមនុស្សនៅជុំវិញ។
ដើម្បីកុំឲ្យភាពក្លាហាន និងទឹកចិត្តដ៏ល្អរបស់ Miki ត្រូវបំភ្លេច ក្រុមប្រឹក្សាអប់រំខេត្ត Saitama ដែលជាតំបន់មួយនៅឆ្ងាយពីកន្លែងកើតមានគ្រោះមហន្តរាយ បានចងក្រងឯកសារអប់រំដោយឡែក ហើយបញ្ចូលរឿងរ៉ាវរបស់នាងទៅក្នុងកម្មវិធីសិក្សា។
ចំណងជើងនៃជំពូកនោះមានឈ្មោះថា៖ “សំឡេងរបស់ទេវតា” ។
មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងដែល Miki បានធ្វើនោះទេ។
ដោយឈរនៅលើខ្សែបន្ទាត់ដ៏ផុយស្រួយរវាងជីវិត និងសេចក្តីស្លាប់ មិនមែនគ្រប់គ្នាសុទ្ធតែមានភាពក្លាហានយកឈ្នះលើការភ័យខ្លាចរបស់ខ្លួន បន្តគិតពីជីវិតរបស់អ្នកដទៃ និងតស៊ូប្រកាសរហូតដល់នាទីចុងក្រោយនោះឡើយ។
Miki បានចាកចេញទាំងដែលខ្លួននៅក្មេង នៅពេលដែលសុភមង្គលផ្ទាល់ខ្លួនមិនទាន់បានចាប់ផ្តើមផង។
ប៉ុន្តែសំឡេងរបស់នាងបានយកឈ្នះគ្រោះមហន្តរាយ យកឈ្នះពេលវេលា ហើយបន្សល់ទុកក្នុងការចងចាំរបស់អ្នកដែលត្រូវបានជួយសង្គ្រោះ និងក្នុងចិត្តរបស់អ្នកដែលដឹងរឿងនេះ។
ប្រហែលជាយើងមិនអាចយល់គ្រប់យ៉ាងដែលកំពុងកើតឡើងក្នុងចិត្តរបស់នាងគ្រានោះឡើយ។ ប៉ុន្តែមានរឿងមួយបានបន្សល់ទុកសម្រាប់យើងទាំងអស់គ្នាគឺ ក្នុងស្ថានភាពដ៏អាក្រក់បំផុត ក្តីស្រឡាញ់ និងភាពក្លាហាននៅតែអាចក្លាយជាពន្លឺនាំផ្លូវអ្នកដទៃ។
Miki មិនអាចសង្គ្រោះអនាគតរបស់ខ្លួនបាន ប៉ុន្តែនាងបានប្រើប្រាស់ពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីរក្សាអនាគតសម្រាប់មនុស្សជាច្រើន។
ហើយប្រហែលជាអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ គឺមិនទុកឲ្យការលះបង់នោះរសាត់បាត់នោះទេ ប៉ុន្តែត្រូវបន្តទៅមនុស្សជំនាន់ក្រោយនូវរឿងរ៉ាវរបស់នារីវ័យក្មេងម្នាក់ ដែលរស់នៅប្រកបដោយទឹកចិត្តដ៏ល្អ ភាពក្លាហាន និងក្តីស្រឡាញ់ទាំងអស់របស់ខ្លួន។
ដើម្បីកុំឲ្យសំឡេងរបស់ទេវតានៅស្ងៀមស្ងាត់។
Abe Kengo
