ទស្សនៈដែលមានឈ្មោះថា “Iki” – ឥរិយាបថដែលគួរតែយកតម្រាប់តាមរបស់មនុស្សពេញវ័យនៅទឹកដី Edo
ទស្សនៈដែលមានឈ្មោះថា “Iki” – ឥរិយាបថដែលគួរតែយកតម្រាប់តាមរបស់មនុស្សពេញវ័យនៅទឹកដី Edo ។
ក្នុងអំឡុងសម័យ Edo – ជាសម័យកាលចុងក្រោយដែលមានវត្តមានរបស់អ្នកចម្បាំងសាមូរ៉ៃ នៅពេលនោះតំបន់ភាគខាងកើតនៃទីក្រុងតូក្យូសព្វថ្ងៃត្រូវបានគេហៅថា Edo ។
នៅទីក្រុង Edo ធ្លាប់ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតលើពិភពលោក ដោយបានបង្កើតរបៀបរស់នៅមួយដែលមានឈ្មោះថា Iki (粋) នេះជារបៀបរស់នៅដែលសក្តិសមសម្រាប់មនុស្សសព្វថ្ងៃយកតម្រាប់តាម។ ជារបៀបរស់នៅដែលបង្កប់ទៅដោយស្មារតីរបស់មនុស្សពេញវ័យ។
ដូច្នេះតើ Iki ជាឥរិយាបថបែបណា? ចូរយើងស្វែងយល់តាមរយៈអត្តបទខាងក្រោមទាំងអស់គ្នា។
នៅពេលដែលរំលឹកដល់ Edo មនុស្សម្នានៅតែនិយាយថា៖
“អគ្គិភ័យ និងការវាយតប់គ្នាកើតឡើងញឹកញាប់នៅ Edo” ។
នៅសម័យនោះ Edo ជាទីក្រុងដែលមានផ្ទះឈើនៅជាប់ៗគ្នា។ នៅពេលដែលមានអគ្គិភ័យកើតឡើង ភ្លើងអាចនឹងរីករាលដាល ឆេះបំផ្លាញតំបន់ទាំងមូល។ ដូច្នេះហើយ មនុស្សនៅសម័យនោះបានរកមធ្យោបាយ និងអនុវត្តវិធីសាស្រ្តពន្លត់អគ្គិភ័យដែលល្អបំផុត។
ដោយសារតែគ្មានមធ្យោបាយជួយសង្គ្រោះផ្ទះដែលកំពុងឆាបឆេះ ប្រជាជនគ្មានជម្រើសអ្វីក្រៅពីរុះរើផ្ទះជិតខាង ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាល។ អ្នកពន្លត់អគ្គិភ័យទទួលភារកិច្ចនេះ ដោយត្រូវបំពេញការងារនៅជិតអណ្តាតភ្លើងកំពុងឆាបឆេះ។
ព្រោះតែភាពក្លាហាន និងអង់អាចនោះហើយដែលបានធ្វើឱ្យពួកគេក្លាយជាបុគ្គលដែលទទួលបានការស្រលាញ់ចូលចិត្ត។
ម្យ៉ាងវិញទៀត ប្រជាជន Edo ជាមនុស្សដែលមានចរិតឆេវឆាវ ដូច្នេះជម្លោះ និងការវាយតប់គ្នាក៏កើតឡើងច្រើនផងដែរ។
ប្រយោគខាងលើបង្កប់អត្តន័យថា ប្រសិនបើគ្មានអណ្តាតភ្លើង និងការវាយតប់គ្នា ដូច្នេះ Edo លែងជា Edo ទៀតហើយ។
ដោយសារតែមិនដឹងថាពេលណាគ្រោះមហន្តរាយនឹងកើតឡើង ប្រជាជន Edo មានទស្សនៈថា ប្រាក់ដែលរកបាននៅថ្ងៃនេះគួរតែចាយអស់ក្នុងថ្ងៃនេះ។ ព្រោះតែរបៀបរស់នៅហ៊ឺហារ និងចិត្តទូលាយនោះហើយបានក្លាយជាលក្ខណៈពិសេសរបស់ប្រជាជននៅទីនេះ។
ហើយគេប្រើពាក្យ “Iki” សម្រាប់សរសើរមនុស្សដែលពួកគេចាត់ទុកថាឡួយបែបនេះ។ មនុស្សដែលពួកគេគោរព កោតសរសើរចំពោះឥរិយាបថដ៏ល្អ និងមានភាពទាក់ទាញ។
និយាយដោយសាមញ្ញទៅ មនុស្សដែលមានឥរិយាបថ Iki ជាមនុស្ស៖
- មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬរំពឹងថានឹងទទួលបានការតបស្នងនោះទេ។
- រស់នៅតាមបែបធម្មតា មិនប្រកាន់ និងមិនជាប់ជំពាក់។
- ចេះគិតគូរដល់អ្នកដទៃ និងមានចិត្តមេត្តាករុណា។
- ស្លៀកពាក់ និងទង្វើសាមញ្ញ ស្អាតបាត និងគួរសម។
នៅពេលដែលឃើញនរណាម្នាក់ជួបទុក្ខលំបាក អ្នកដែលមានឥរិយាបថ Iki មិនរំពឹងថានឹងទទួលបានការតបស្នងនោះទេ គ្រាន់តែជួយដោយស្ងៀមស្ងាត់ ហើយចាកចេញទៅដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។
ពួកគេមិនស្លៀកពាក់បែបហ៊ឺហារ និងឆើតឆាយនោះទេ ហើយក៏មិនបានយកតាមអ្វីដែលមិនចាំបាច់ដែរ។
ប្រហែលជាក្នុងសម័យសព្វថ្ងៃនេះ អ្នកមានងាយនឹងទទួលបានការស្រលាញ់ចូលចិត្តពីអ្នកដទៃជាង។ ប៉ុន្តែនៅសម័យកាល Edo ចំណុចនោះមិនមែនជាកត្តាដែលកំណត់ពីឥរិយាបថរបស់មនុស្សម្នាក់ឡើយ។
ឧទាហរណ៍ដូចជាក្នុងចំណោមចោរដែលធ្លាប់បង្ហាញខ្លួនតាមដងផ្លូវនៅទីក្រុង Edo មានមនុស្សម្នាក់ត្រូវបានគេហៅថា Nezumi Kozo ពោលគឺកណ្ដុរតូច។
ទោះបីជារឿងនោះពិតឬមិនពិតពិបាកនឹងកំណត់ណាស់ ប៉ុន្តែគេនិយាយថា មនុស្សម្នាក់នេះកំណត់គោលដៅតែគ្រួសារអ្នកមានប៉ុណ្ណោះ លួចប្រាក់ហើយយកទៅចែកឲ្យមនុស្សក្រីក្រ។
ជាការពិតណាស់ លួចប្លន់មិនមែនជារឿងដែលអាចទទួលយកបាននោះទេ។ ទោះជាយ៉ាងណា ប្រជាជន Edo នៅតែចាត់ទុកលោកជាមនុស្សក្លាហាន និងមានស្មារតី Iki ។
ទន្ទឹមនឹងនោះ ក្នុងល្ខោន Kabuki – ជាទម្រង់សិល្បៈល្ខោនដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅសម័យ Edo – មានរឿងរ៉ាវជាច្រើននិយាយពីស្មារតី Iki ។
នោះគឺជារឿងរ៉ាវនិយាយពីអ្នកចម្បាំងសាមូរ៉ៃបានលះបង់ជីវិតព្រោះតែម្ចាស់ដែលខ្លួនបម្រើ។
ជារឿងរ៉ាវរបស់បុរសម្នាក់ ព្រោះតែនារីដែលខ្លួនស្រលាញ់បានលះបង់ទាំងឋានៈ និងទ្រព្យសម្បត្តិ ដោយព្រមរស់នៅជាមួយនាងអស់មួយជីវិត។
រឿងរ៉ាវទាំងនេះធ្វើឲ្យរំភើបចិត្តមនុស្ស ព្រោះវាបានលើកតម្កើងសាមគ្គីភាព ភាពស្មោះត្រង់ និងស្មារតីហ៊ានលះបង់ខ្លួនព្រោះតែអ្នកដទៃ។
សូម្បីតែសមាជិកក្រុម Yakuza ក៏ធ្លាប់ត្រូវបានចាត់ទុកថាជាប្រភេទមនុស្សដែលមានស្មារតីនេះផងដែរ។
គេនិយាយថា នៅពេលដែលជួបការលំបាក នៅពេលនោះមនុស្សជាច្រើនថែមទាំងទៅរកក្រុម Yakuza ដើម្បីសុំជំនួយ ជំនួសឲ្យអាជ្ញាធរ។
ជាការពិតណាស់ ក្រុម Yakuza ធ្វើសកម្មភាពមិនគោរពតាមច្បាប់ ដូច្នេះក៏មិនអាចសរសើរពួកគេទាំងស្រុងដែរ។
ផ្ទុយនឹង Iki អ្នកដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានចិត្តអាណិតអាសូរ ឬគិតដល់អ្នកដទៃត្រូវបានគេហៅថា Yabo (野暮) – ជាមនុស្សអួតអាង ធម្មតា ខ្វះការគួរសម។
ការដែលមនុស្សម្នាក់ត្រូវបានចាត់ទុកថាមានស្មារតី Iki ឬ Yabo មិនស្ថិតលើទ្រព្យសម្បត្តិ ឬរូបរាងខាងក្រៅនោះទេ ប៉ុន្តែជាឥរិយាបថដែលពួកគេមាន និងទឹកចិត្តដែលពួកគេបន្សល់ទុកក្នុងជីវិតរបស់អ្នកដទៃ។
ក្នុងសម័យសព្វថ្ងៃនេះ តើមនុស្សដែលរស់នៅតាមបែប Yabo – គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចគិតពីទឹកចិត្តមេត្តាករុណា – កាន់តែច្រើនឡើងមែនទេ?
ប្រហែលជាអ្នកដែលផ្តោតលើការប្រមូលទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងងាយនឹងរកបានប្រាក់ច្រើនជាង។ ទ្រព្យសម្បត្តិអាចធ្វើឱ្យជីវិតល្អប្រសើរ ប៉ុន្តែមិនប្រាកដថាធ្វើឱ្យមនុស្សស្ងប់ចិត្តនោះទេ។
ព្រោះថាតម្លៃរបស់មនុស្សម្នាក់មិនស្ថិតលើអ្វីដែលពួកគេមានប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញតាមរយៈសកម្មភាពដែលពួកគេធ្វើចំពោះអ្នកដទៃ។ ពេលខ្លះទង្វើដ៏ស្ងប់ស្ងាត់មួយ ផ្តល់ជំនួយដោយមិនរំពឹងការតបស្នង មានតម្លៃជាជាងពាក្យសម្ដីផ្អែមល្ហែមទៅទៀត។
ខ្ញុំផ្ទាល់ក៏ចង់ចងចាំរឿងនេះរហូតដែរ ដោយអាចកែប្រែខ្លួនជារៀងរាល់ថ្ងៃ។ សង្ឃឹមថានៅថ្ងៃណាមួយ នៅពេលដែលរំលឹកដល់ឈ្មោះរបស់ខ្ញុំ មនុស្សនឹងចងចាំស្មារតី Iki ជាមនុស្សម្នាក់ដែលចេះរស់នៅដើម្បីអ្នកដទៃ។
Abe Kengo
