ព្រះសង្ឃដែលប្រើជីវិតរបស់ខ្លួនដើម្បីចំអកឡកឡឺយចំពោះអំណោច តើព្រះតេជគុណចង់បង្ហាញពីអត្តន័យអ្វី?
ព្រះសង្ឃដែលប្រើជីវិតរបស់ខ្លួនដើម្បីចំអកឡកឡឺយចំពោះអំណោច តើព្រះតេជគុណចង់បង្ហាញពីអត្តន័យអ្វី?
ក្នុងប្រវត្តិសាស្ត្រជប៉ុន ធ្លាប់មានព្រះសង្ឃមួយអង្គហ៊ានបំបែកគ្រប់សិក្ខាបទទាំងអស់ ថែមទាំងប្រើជីវិតរបស់ខ្លួនដើម្បីបង្រៀនដល់មនុស្សលោកអ្វីទៅទើបជាតម្លៃពិតប្រាកដក្នុងជីវិត។
ព្រះតេជគុណព្រះនាម Ikkyu Sojun (一休宗純) ។
ក្នុងចំណោមរឿងគំនូរជីវចលបុរាណរបស់ជប៉ុនមានស្នាដៃមួយមានឈ្មោះថា “Ikkyu-san” (ក្មេងប្រុសឆ្លាតវៃ Ikkyu) ដោយផ្អែកលើរូបភាពរបស់ព្រះតេជគុណ។ ទោះជាយ៉ាងណា បុគ្គលិកលក្ខណៈពិតរបស់ព្រះតេជគុណជាមនុស្សសេរីនិយម ហើយព្រហីនរហូតដល់ថ្នាក់ពិបាកនឹងបង្ហាញឡើងវិញ។
មិនដូចសព្វថ្ងៃនេះទេ ព្រះពុទ្ធសាសនាជប៉ុននាពេលនោះមានច្បាប់វិន័យតឹងរ៉ឹងបំផុត។ យ៉ាងណាមិញ ក្នុងបរិយាកាសដែលមានច្បាប់ទម្លាប់ដ៏តឹងរ៉ឹងនោះ តើលោក Ikkyu បានរស់នៅយ៉ាងណា? ចូរយើងក្រឡេកមកមើលរឿងរ៉ាវនិយាយអំពីព្រះតេជគុណ។
នៅថ្ងៃមួយ គេមើលឃើញ Ikkyu ដើរនៅតាមដងផ្លូវ ដោយយកតាមដាវជប៉ុនដ៏ស្រស់ស្អាតមួយ អ្វីដែលលេចធ្លោបំផុតគឺស្រោមដាវពណ៌ក្រហមឆើត។
ហេតុអ្វីបានជាព្រះសង្ឃមួយអង្គបែរជាយកដាវតាម? រឿងនេះស្រាប់តែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។ ក្រោមក្រសែភ្នែកចង់ដឹងចង់ឃើញ ព្រះតេជគុណបានដកដាវចេញ។ យ៉ាងណាមិញ អ្វីដែលលេចចេញពីស្រោមដាវពណ៌ក្រហមនោះគ្រាន់តែជាដាវឈើមួយប៉ុណ្ណោះ។
នាសម័យនោះ នៅពេលដែលព្រះពុទ្ធសាសនាកំពុងចុះខ្សោយ ព្រះសង្ឃជាន់ខ្ពស់ជាច្រើនគិតតែពីរឿងទិញលក់តំណែង ស្លៀកស្បង់ចីពរស្អាតៗ និងអួតអាងអំណាច។
តាមរយៈសកម្មភាពនេះ ព្រះតេជគុណចង់ចំអកឱ្យព្រះសង្ឃជាន់ខ្ពស់នៅសម័យនោះថា៖ “ព្រះសង្ឃជាន់ខ្ពស់ទាំងនោះប្រៀបដូចជាដាវនេះ មើលពីខាងក្រៅអស្ចារ្យ ប៉ុន្តែនៅពេលដែលប្រឈមមុខនឹងសេចក្តីស្លាប់រស់ ទុក្ខវេទនាប្រែជាគ្មានប្រយោជន៍ដូចជាឈើ” ។
មានម្តង នៅពេលដែលបុរសអ្នកមានម្នាក់អញ្ជើញចូលរួមពិធីជប់លៀង ព្រះតេជគុណ Ikkyu មានចេតនាស្លៀកសម្លៀកបំពាក់រហែករបស់ព្រះសង្ឃសុំទាន។ ដោយមើលឃើញរូបរាងស្គមស្គាំង រញ៉េរញ៉ៃរបស់ព្រះតេជគុណ ម្ចាស់ផ្ទះបានមើលងាយ ហើយបណ្តេញចេញពីផ្ទះ។
មិនយូរប៉ុន្មាន ព្រះតេជគុណ Ikkyu បានទៅប្តូរស្បង់ចីពរដ៏ថ្លៃថ្នូរ សមរម្យ រួចត្រឡប់ទៅគោះទ្វារវិញ។ លើកនេះ ព្រះតេជគុណទទួលបានការគោរពអញ្ជើញចូលផ្ទះ និងការទទួលស្វាគមន៍ដោយម្ហូបពេញលើតុ។
ប៉ុន្តែនៅពេលដែលម្ហូបត្រូវបានលើកមក មិនត្រឹមតែមិនទទួលទានអាហារប៉ុណ្ណោះទេ ព្រះតេជគុណបានដោះស្បង់ចីពរដ៏មានតម្លៃចេញ ហើយចាប់ផ្ដើមត្រដុសទៅលើអាហារ។
នៅពេលដែលមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលសួរនាំ ព្រះតេជគុណបានឆ្លើយថា៖
- “អ្នកដែលទទួលបានការគោរពអញ្ជើញនៅថ្ងៃនេះមិនមែនខ្ញុំនោះទេ គឺស្បង់ចីពរនេះ” ។
តាមរយៈសកម្មភាពនេះ ព្រះតេជគុណ Ikkyu បានលាតត្រដាងពីទំនោររបស់មនុស្សឲ្យតម្លៃទៅលើរូបរាងខាងក្រៅ ដោយចំអកបុគ្គលដែលមើលតែសំបកក្រៅ ហើយកំណត់តម្លៃរបស់មនុស្សម្នាក់។
មិនត្រឹមតែបានប្រឆាំងនឹងបទដ្ឋានសង្គមដោយបើកចំហរប៉ុណ្ណោះទេ ព្រះតេជគុណ Ikkyu ថែមទាំងរស់នៅផ្ទុយស្រឡះទាំងស្រុងនឹងរូបរាងរបស់ព្រះសង្ឃធម្មតាមួយអង្គផងដែរ។
ព្រះតេជគុណចូលចិត្តស្រា លង់នឹងសម្រស់ – ជាអ្វីដែលព្រះពុទ្ធសាសនានៅសម័យនោះហាមឃាត់។ ទោះជាយ៉ាងណា ព្រះតេជគុណមិនចាប់អារម្មណ៍នឹងច្បាប់ទម្លាប់ទាំងនោះឡើយ។
នៅពេលដែលព្រះតេជគុណមានព្រះជន្មជាង ៧០ ឆ្នាំ ព្រះតេជគុណ Ikkyu បានជួប និងលង់ស្នេហ៍ជាមួយអ្នកចម្រៀងពិការភ្នែកវ័យក្មេងម្នាក់។ អ្នកទាំងពីរបានរស់នៅជាមួយគ្នារហូតដល់បញ្ចប់ជីវិត។
លោកថែមទាំងប្រើចិត្តគំនិតសរសេរកំណាព្យស្នេហាដើម្បីបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ដោយគ្មានបំណងលាក់បាំង ឬបដិសេធអារម្មណ៍របស់ខ្លួននោះឡើយ។
ហើយជាចុងក្រោយ ព្រះតេជគុណទទួលមរណភាពក្នុងជន្មាយុ ៨៧ ឆ្នាំ។ នៅពេលដែលលាចាកលោក កូនសិស្សដែលនៅជុំវិញព្រះតេជគុណបានអង្វរឲ្យបន្សល់ទុកការប្រៀនប្រដៅចុងក្រោយស្តីពីការត្រាស់ដឹង លះបង់ការស្លាប់រស់ធម្មតារបស់ព្រះសង្ឃ។ យ៉ាងណាមិញ ព្រះតេជគុណ Ikkyu បានសម្លឹងមើលកូនសិស្ស ហើយនិយាយថា៖ “យើងមិនចង់ស្លាប់នោះទេ។” – ហើយបិទភ្នែកលាចាកលោក។
ក្នុងសម័យកាលមួយដែលព្រះសង្ឃត្រូវបានបង្រៀនឱ្យបោះបង់ភាពលោភលន់ ព្រះតេជគុណ Ikkyu បែរជាទទួលស្គាល់អារម្មណ៍ចង់រស់របស់ខ្លួនទៅវិញ ទាំងដែលសេចក្តីស្លាប់ជិតមកដល់ក៏ដោយ។
អស់រយៈពេល ៨៧ ឆ្នាំ ព្រះតេជគុណ Ikkyu បានរស់នៅស្របតាមគោលបំណងពិតរបស់ខ្លួន ថែមទាំងអំចកឡកឡឺចំពោះអំណោចដែលព្រះតេជគុណចាត់ទុកថាមិនសក្តិសមនឹងទទួលបានការគោរពដោយងងឹតងងល់របស់មនុស្សនោះទេ។
ជីវិតដែលមានសេរីភាព ភាពក្លាហាន និងមិនប្រក្រតីខុសធម្មតា។ ប្រសិនបើត្រូវបានពណ៌នា ប្រហែលជាស្មារតីនោះប្រៀបដូចជាបុគ្គលដ៏ក្លាហានម្នាក់ បទចម្រៀងរ៉ុកអិនរ៉ូលក្នុងបរិយាកាសស្ងប់ស្ងាត់។
ក្រឡេកទៅមើលពិភពលោកសព្វថ្ងៃនេះ មានមនុស្សជាច្រើនវាយតម្លៃអ្នកដទៃដោយមើលតែរូបរាងខាងក្រៅ។
មនុស្សមានប្រាក់ម្នាក់ស្រាប់តែត្រូវបានគេចាត់ទុកថាមានទេពកោសល្យ ឋានៈខ្ពង់ខ្ពស់ស្រាប់តែទទួលបានការគោរព អ្នកមានងាយនឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញ។
តើអ្វីទាំងនោះពិតជាឆ្លុះបញ្ចាំងពីសារធាតុពិតរបស់មនុស្សម្នាក់ដែរទេ?
ពិភពលោកនេះមិនខ្វះមនុស្សដែលទុកឲ្យរូបរាងខាងក្រៅ ឬទ្រព្យសម្បត្តិទាក់ទាញពួកគេនោះទេ ដោយបាត់បង់សមត្ថភាពមើលធ្លុះសារធាតុពិតរបស់មនុស្សម្នាក់។
ទន្ទឹមនឹងនោះ គុណសម្បត្តិខាងក្នុង – ជាអ្វីដែលបង្កើតបានជាតម្លៃពិតរបស់មនុស្សម្នាក់ – បែរជាពិបាកមើលឃើញដោយភ្នែកទទេ។
សម្លៀកបំពាក់ស្រស់ស្អាតមិនអាចបង្កើតបានជាចិត្តគំនិតថ្លៃថ្នូរនោះទេ។ មុខតំណែងដ៏គួរឱ្យគោរពមិនបញ្ជាក់ពីចរិតលក្ខណៈរបស់មនុស្សដែលកាន់តំណែងនោះឡើយ។
ទោះបីជារូបរាងខាងក្រៅមានភាពថ្លៃថ្នូរ និងអស្ចារ្យយ៉ាងណាក៏ដោយ ចិត្តគំនិតខាងក្នុងគឺជារឿងខុសគ្នាទាំងស្រុង។
ប្រហែលជាអ្វីដែល Ikkyu ចង់បង្ហាញដល់ពិភពលោកនេះ គឺភាពមិនសមហេតុផលនៃការគោរពរូបរាងខាងក្រៅ ការឱនក្បាលគោរពចំពោះអំណោច និងការយល់ច្រឡំពីភាពទាក់ទាញខាងក្រៅជាមួយនឹងតម្លៃខាងក្នុង?
តើអ្នកគិតយ៉ាងណាចំពោះសកម្មភាព និងទស្សនៈជីវិតរបស់ព្រះសង្ឃដ៏ពិសេសមួយអង្គម្នាក់នេះ?
Abe Kengo
