ការចងចាំទាក់ទងនឹងរញ្ជួយដីនៅតែដិតដាមនៅស្ថានីយ៍ Tokyo និងរឿងរ៉ាវនិយាយពីសិប្បករ​ដែល​សម​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជំនាន់​ក្រោយ

ការចងចាំទាក់ទងនឹងរញ្ជួយដីនៅតែដិតដាមនៅស្ថានីយ៍ Tokyo និងរឿងរ៉ាវនិយាយពីសិប្បករដែល​សម​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជំនាន់​ក្រោយ។

ទីក្រុង Tokyo គឺជាទឹកដីមួយដែលមានកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន និងទាក់ទាញភ្ញៀវទេស​ចរណ៍​មក​ពី​ជុំវិញ​ពិភព​លោក។ ក្នុងសភាពមមាញឹកនោះ មានសំណង់មួយនៅតែរក្សាដានប្រវត្តិសាស្ត្រជាងមួយសតវត្ស​មក​ហើយ។ នោះគឺអគារស្ថានីយ៍រថភ្លើង Marunouchi ជាមួយនឹងស្ថាបត្យ​កម្ម​ឥដ្ឋ​ក្រហម​​បុរាណ​​របស់​​ស្ថានីយ៍ Tokyo ។

ត្រូវបានសម្ពោធ​នៅ​ឆ្នាំ ១៩១៤ សំណង់ដ៏​អស្ចារ្យ​ និង​ស្ងប់ស្ងាត់​នេះរំលឹកដល់ប្រទេសជប៉ុនក្នុងអំឡុងពេលផ្លាស់ប្តូរសម័យកាល។ នៅពេលដែលវប្បធម៌លោកខាងលិចចូលប្រទេស និងបើកទំព័រថ្មី​សម្រាប់​ដំណើរ​ការ​ទំនើបកម្ម​របស់​ប្រទេស​ជាតិ។

ទោះជាយ៉ាងណា នៅពីក្រោយសម្រស់ដែលហាក់បីដូចជាមិនផ្លាស់ប្តូរនោះ គឺជារឿងរ៉ាវដែលកម្រនឹង​មាន​អ្នក​ដឹង និយាយពីគ្រោះធម្មជាតិ ក្បឿងដំបូលដែលហាក់បីដូចជាបានបាត់បង់ និងការ​លះបង់របស់សិប្បករដែលបានខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌនេះសម្រាប់មនុស្សជំនាន់ក្រោយ។

ថ្ងៃនេះ ចូរយើងស្វែងយល់អំពីរឿងរ៉ាវដ៏ពិសេសដែលបង្កប់នៅពីក្រោយក្បឿងដំបូលនៅស្ថានីយ៍ Tokyo ។

ជាង ១០០ ឆ្នាំមកហើយបន្ទាប់ពីសាងសង់ ឥឡូវនេះស្ថានីយ៍ Tokyo ត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌​ដ៏​សំខាន់របស់ប្រទេសជប៉ុន ហើយ​បាន​ឆ្លង​កាត់​ការ​ជួស​ជុល​ជា​ច្រើន​ដង។

នៅឆ្នាំ ១៩៤៥ ជាន់ទីបីនៃអគារនេះត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសក្នុងសម័យសង្គ្រាម ដែល​បង្ខំ​ឲ្យ​ត្រូវ​រុះរើផ្នែកដែលនៅសល់ និង​ប្តូរ​ទៅ​ជា​​អគារ​​ពីរ​​ជាន់។

រហូតដល់ឆ្នាំ ២០០៧ គម្រោងជួសជុលត្រូវបានចាប់ផ្តើម ជាមួយនឹងគោលបំណងស្តារសំណង់អគារ​បី​ជាន់​ឡើង​វិញ។ គម្រោង​ជួស​ជុល​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០១២ ។

ទោះជាយ៉ាងណា នៅក្នុងដំណាក់កាលចុងក្រោយនៃដំណើរការសាងសង់នេះ ជាក់ស្តែងនៅថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០១១ រញ្ជួយដីដ៏សាហាវមួយបានវាយប្រហារ និងបំផ្លិចបំផ្លាញតំបន់ Tohoku នៅ​ភាគ​ឦសាន​ប្រទេស​ជប៉ុន។

គ្រោះរញ្ជួយដី រួមជាមួយនឹងរលកយក្សស៊ូណាមិបានបោកបក់តំបន់ឆ្នេរសមុទ្រជាច្រើននៅតំបន់ Tohoku ។

ក្បឿងដំបូលទាំងអស់ដែលត្រៀមសម្រាប់គម្រោងជួសជុលស្ថានីយ៍ Tokyo ក៏ត្រូវបានកប់នៅក្នុង​ភក់​ផង​ដែរ។

ក្បឿងដំបូលទាំងនេះត្រូវបានផលិតចេញពីថ្មធម្មជាតិដែលត្រូវបានគាស់យក និងកាត់យ៉ាងប្រុង​ប្រយ័ត្ន។ ដូច្នេះប្រសិនបើចង់ផលិតនូវបរិមាណច្រើនបែបនេះ ដំណើរការនោះត្រូវចំណាយពេល​យ៉ាង​យូរ។ ដូច្នេះ​ហើយ គម្រោង​​នេះ​​មិន​អាច​បញ្ចប់​​ទាន់​​ពេល​វេលា​​ឡើយ។

នៅពេលនោះ ធ្លាប់មានការផ្ដល់យោបល់ថា អាចនាំចូលប្រភេទក្បឿងដែលធ្វើពីថ្មស្រដៀងគ្នានៅក្រៅប្រទេសមកជំនួស។ ទោះជាយ៉ាងណា ស្ថានីយ៍ Tokyo គឺជានិមិត្តរូបនៃទីក្រុង Tokyo ហើយ​ថែមទាំងជានិមិត្តរូបនៃប្រទេសជប៉ុនទាំងមូលផងដែរ។ ដូច្នេះហើយ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​​នេះ​ចង់​ឲ្យ​ដំណើរការ​សាងសង់​​​បញ្ចប់​ដោយ​ប្រើប្រាស់​វត្ថុធាតុដើមដែលមានប្រភពមកពីប្រទេស​របស់​ខ្លួន។

នៅទីបំផុត ពួកគេបានសម្រេចចិត្តរកមធ្យោបាយប្រមូលយកក្បឿងដំបូលទាំងអស់ដែលត្រូវបាន​កប់​នៅ​ក្រោម​ភក់​នោះ​ឡើង​វិញ។

មនុស្សមួយក្រុមត្រូវបានប្រមូលផ្តុំគ្នា ពួកគេចាប់ផ្តើមការងារដោយភាពស្ងៀមស្ងាត់ ហើយអ្វីដែល​ពិបាក​បំផុត​គឺរាវរកក្បឿង​នីមួយៗដែលកំពុងត្រូវកប់យ៉ាងជ្រៅក្រោមភក់។

បន្ទាប់ពីប្រមូលរួច ក្បឿងនីមួយៗត្រូវឆ្លងកាត់ដំណើរការសម្អាតយ៉ាងហ្មត់ចត់ដើម្បីសម្អាតអំបិល។ ក្បឿងដែលគ្មានកម្រិតធន់ ដោយសារការប៉ះទង្គិចក៏មិនអាចប្រើបានដែរ។ ដូច្នេះហើយ សិប្បករ និងជាងបានត្រួតពិនិត្យក្បឿងនីមួយៗដោយប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តថារក្សាទុក​ក្បឿង​មួយ​នោះ។

ហើយនៅទីបំផុត រូបរាងស្ថានីយ៍ Tokyo Marunouchi ដែលយើងមើលឃើញសព្វថ្ងៃនេះត្រូវបានបញ្ចប់ការសាងសង់ ដែលជានិមិត្តរូបដ៏មោទនភាពនៃទីក្រុង Tokyo ត្រូវបានស្តារឡើងវិញ។

នេះជា​រូបរាង​ដើមតាំងពី ១១០ ឆ្នាំមុន ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ស្ទើរតែ​ទាំងស្រុង។ ជាស្នាដៃមួយក្នុងចំណោម​ស្ថាបត្យកម្ម​បែប​លោកខាងលិចមានទ្រង់ទ្រាយធំបំផុតនៅប្រទេសជប៉ុន។

ស្ថានីយ៍ Tokyo មិនត្រឹមតែជាទីតាំងស្ថាបត្យកម្មដ៏ល្បីឈ្មោះប៉ុណ្ណោះ ថែមទាំងមានទំនាក់ទំនងយ៉ាង​ស៊ីជម្រៅ​ជាមួយនឹងលំហូរ​ប្រវត្តិ​សាស្ត្រ​ជប៉ុន​នា​សម័យ​ទំនើប​ផង​ដែរ។

នៅឆ្នាំ ១៩២១ ករណីប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីបានកើតឡើងនៅទីនេះ។ សព្វថ្ងៃនេះ នៅខាងក្រៅច្រកលក់សំបុត្រខាងត្បូង Marunouchi គេនៅតែរក្សានិមិត្តសញ្ញារាងការ៉េតូចមួយ ដែល​មាន​ទំហំ​ប្រហែល ៦ សង់ទីម៉ែត្រ ដើម្បី​រំលឹក​ដល់​កន្លែង​កើត​ហេតុ។

រហូតដល់ឆ្នាំ ១៩៣០ នាយករដ្ឋមន្ត្រី​ម្នាក់ទៀត​ក៏ត្រូវ​បាន​គេ​ធ្វើឃាត​ដោយ​ការ​បាញ់​ប្រហារ​ដែរ។ សញ្ញា​សម្គាល់តូចមួយដែលរំលឹកដល់ទីតាំងកន្លែងកើតហេតុក៏ត្រូវបានរក្សានៅស្ថានីយ៍ផងដែរ។

ប្រទេសជប៉ុនបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុងដំណើរការឆ្ពោះទៅរកទំនើបកម្ម។ ការវិលជុំនៃ​ប្រវត្តិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ដូចជាការទទួលយកវប្បធម៌លោកខាងលិច ឈានចូលសង្គ្រាម បន្ទាប់​មក​បរាជ័យ ការស្តារឡើងវិញ និងជាចុងក្រោយឆ្ពោះទៅរកសន្តិភាពដូចសព្វថ្ងៃ។

អគារស្ថានីយ៍បាន​មើលឃើញការផ្លាស់ប្តូរទាំងអស់នោះដោយស្ងៀមស្ងាត់។ ហើយនៅលើដំបូលស្ថានីយ៍ ក្បឿងថ្មពណ៌ខ្មៅរបស់ជប៉ុន ដែលគ្របដណ្ដប់ដោយធូលីនៃពេលវេលា នៅតែបន្តបំពេញបេសកកម្ម​ការ​ពារ​សំណង់​អគារ បន្ទាប់ពីឆ្លងផុតគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ។

ចាប់តាំងពីសម័យកាលរថភ្លើងដំណើរការដោយថាមពលចំហាយទឹករហូតដល់សព្វថ្ងៃនេះ នៅ​ពេល​ដែលរថភ្លើង Shinkansen បន្តចេញចូរ ស្ថានីយ៍ Tokyo នៅតែជាចំណុចប្រសព្វរវាងអតីតកាល និង​បច្ចុប្បន្ន​កាល។ គ្រប់កន្លែងទាំងអស់នៅទីនេះបង្កប់ដោយរឿងរ៉ាវប្រវត្តិសាស្ត្រសម្រាប់យើង​ស្វែង​យល់។

ដូច្នេះហើយ ប្រសិនបើមានឳកាសទៅកាន់ស្ថានីយ៍ Tokyo យើងសង្ឃឹមថាប្រិយមិត្តមិនត្រឹមតែមើលឃើញភាពស្រស់ស្អាតនៃស្នាដៃស្ថាបត្យកម្មបុរាណ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យល់​ពី​ដំណើរ​ការ​ឆ្លងកាត់ដែលជប៉ុនបានជួបប្រទះអស់រយៈពេលជាងមួយសតវត្សមកហើយ។

ហើយប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ដ៏ពិសេសជាងនេះ ប្រិយមិត្តអាចស្នាក់នៅសណ្ឋា​គារ Tokyo Station Hotel ដែលស្ថិតនៅខាងក្នុងអគារស្ថានីយ៍ប្រវត្តិសាស្ត្រនេះ។

ប្រហែលជាការចំណាយពេលមួយយប់ស្នាក់នៅក្នុងស្ថាបត្យកម្មដែលមានអាយុកាលជាង ១០០ ឆ្នាំ នឹង​​ជួយ​ឲ្យ​​យើង​​ទទួល​​បាន​​បទ​ពិសោធ​​ប្រវត្តិ​​សាស្ត្រ​​ជប៉ុន​​កាន់​​តែ​ច្រើន​ជាង​មុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: