ភាពខុសគ្នារវាងប្រទេសដែលមានកុបកម្មកើតឡើង និងប្រទេសដែលប្រជាជនតម្រង់ជួរយ៉ាងមានរបៀបរៀបរយ
ភាពខុសគ្នារវាងប្រទេសដែលមានកុបកម្មកើតឡើង និងប្រទេសដែលប្រជាជនតម្រង់ជួរយ៉ាងមានរបៀបរៀបរយ។
បច្ចុប្បន្ននេះ ប្រទេសបារាំងកំពុងប្រឈមមុខនឹងស្ថានភាពតានតឹងយ៉ាងខ្លាំង។ នៅទូទាំងប្រទេស ការធ្វើបាតុកម្មកាន់តែច្រើនឡើង។ មូលហេតុត្រូវបានគេចាត់ទុកថា បណ្តាលមកពីថ្លៃចំណាយលើជីវភាពរស់នៅកើនឡើង ប្រព័ន្ធអប់រំធ្លាក់ចុះ លក្ខខណ្ឌរស់នៅលំបាក និងគុណភាពសេវាកម្មសាធារណៈចុះខ្សោយ។
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦ អ្នកចូលរួមបាតុកម្មមានចំនួនចន្លោះពី ៥៥០,០០០ ទៅ ៨០០,០០០ នាក់ ដែលបណ្តាលឲ្យមានការវាយប្រហារ បំផ្លិចបំផ្លាញនៅតាមហាង ជាមួយនឹងការប៉ាន់ស្មានថាមានការខូចខាតជាង ៣,០០០ គ្រឹះស្ថាន។
ថ្វីត្បិតតែ មិនមែនក្រុមបាតុករទាំងអស់សុទ្ធតែចូលរួមសកម្មភាពលួចប្លន់ក៏ដោយ។ ទោះជាយ៉ាងណា ការខូចខាតសេដ្ឋកិច្ចរហូតមកដល់ពេលនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់រយលានអឺរ៉ូ។
បច្ចុប្បន្ននេះ ស្ថានភាពបាតុកម្មនៅតែមិនទាន់មានសញ្ញាថមថយនោះទេ ហើយកំពុងមានទំនោររីករាលដាលដល់ប្រទេសជិតខាងដូចជាប្រទេសបែលហ្ស៊ិកជាដើម។
ទន្ទឹមនឹងនោះ នៅប្រទេសជប៉ុន ប្រជាជនក៏បានចេញទៅធ្វើបាតុកម្មប្រឆាំងនឹងស្ថានភាពរស់នៅលំបាក និងការបាត់បង់ជំនឿលើនយោបាយផងដែរ។ ទោះជាយ៉ាងណា ជាទូទៅការធ្វើបាតុកម្មគ្រាន់តែដង្ហែក្បួនដើរតាមជួរ និងស្រែកហ៊ោពាក្យស្លោកប៉ុណ្ណោះ មិនបានបង្កើតឲ្យទៅជាកុបកម្មនោះទេ។
សូម្បីតែនៅពេលដែលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវក៏ដោយ នៅតាមកន្លែងចែកស្បៀងអាហារក្នុងប្រទេសជប៉ុនក៏កម្រកើតមានស្ថានភាពចលាចលដែរ។ ប្រជាជនមិនបានដណ្តើមគ្នា រុញច្រានគ្នានោះទេ ប៉ុន្តែតែងតែតម្រង់ជួរដោយស្ម័គ្រចិត្ត ហើយរង់ចាំដល់វេនរបស់ខ្លួនដោយអំណត់។
ដូច្នេះតើអ្វីទៅដែលបង្កើតបានជាភាពខុសគ្នា? នេះជាសំណួរដែលយើងទាំងអស់គ្នានឹងស្វែងយល់តាមរយៈអត្តបទខាងក្រោម។
គំនិតដែលថា ប្រជាជនជប៉ុនស្លូតបូត កម្រនឹងជំទាស់ ឬរដ្ឋាភិបាលជប៉ុនមានវិធានការណ៍ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព គឺជាការពន្យល់ដែលស្រពិចស្រពិល។ យើងគួរតែស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ដើម្បីយល់អំពីធាតុពិតនៃបញ្ហានេះ។
តាមពិតទៅក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមិនមែនមិនធ្លាប់កើតមានកុបកម្មនោះទេ។ ទោះជាយ៉ាងណា ករណីទាំងនេះមានទ្រង់ទ្រាយតូច ហើយមិនបានបង្កការខូចខាតទូលំទូលាយនោះទេ។
កុបកម្មមួយក្នុងចំណោមកុបកម្មដែលគួរឲ្យកត់សម្គាល់បំផុតក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះបានកើតឡើងនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៧៣ ។ ហេតុការណ៍កើតឡើងក្នុងពេលដំណាលគ្នានៅស្ថានីយ៍រថភ្លើងចំនួន ៣៨ កន្លែង ដោយមានមនុស្សប្រហែល ៣២,០០០ នាក់ចូលរួម។
មូលហេតុបណ្តាលមកពីការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុនផ្លូវដែក ដែលធ្វើឲ្យអ្នកដំណើរទៅធ្វើការជារៀងរាល់ថ្ងៃខឹងសម្បារយ៉ាងខ្លាំង។ ការកាត់បន្ថយការធ្វើដំណើររបស់រថភ្លើងបានបណ្តាលឲ្យកំហឹងរបស់អ្នកធ្វើដំណើរឈានដល់កម្រិតកំពូល ដែលបណ្តាលឲ្យពួកគេបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ស្ថានីយ៍។
ទោះជាយ៉ាងណា ការមិនពេញចិត្តមិនបានរីករាលដាលដល់គោលដៅផ្សេងទៀតនោះទេ។
ផ្ទុយទៅវិញ ក្នុងករណីកុបកម្មដែលកំពុងកើតឡើងនៅប្រទេសបារាំងបច្ចុប្បន្ន ទោះបីជាការមិនពេញចិត្តភាគច្រើនផ្តោតលើរដ្ឋាភិបាលក៏ដោយ អាជីវកម្មឯកជនជាច្រើន រួមទាំងផ្សារទំនើប និងភោជនីយដ្ឋាន នៅតែត្រូវវាយប្រហារ ទំនិញត្រូវលួចយកទៅ។
អាចយល់បានថាប្រជាជនកំពុងស៊ូទ្រាំនឹងស្ថានភាពរស់នៅយ៉ាងលំបាក។ ប៉ុន្តែអាជីវកម្មឯកជនដែលមិនពាក់ព័ន្ធផ្ទាល់នឹងមូលហេតុនេះបែរជាក្លាយជាជនរងគ្រោះ ត្រូវទទួលរងនូវការខាតបង់ដែលពួកគេមិនគួរមាន។
ដោយផ្អែកលើហេតុការណ៍ដែលបានកើតឡើង យើងអាចមើលឃើញថា ប្រជាជនជប៉ុនមិនមែនចេះតែស៊ូទ្រាំដោយស្ងៀមស្ងាត់ មិនប្រឆាំងនោះទេ។ ដូច្នេះតើកត្តាអ្វីខ្លះដែលបានជួយកាត់បន្ថយទ្រង់ទ្រាយកុបកម្ម ក៏ដូចជាការពារការខូចខាតរីករាលដាល នៅពេលដែលកុបកម្មកើតឡើងក្នុងប្រទេសជប៉ុន? តាមគំនិតខ្ញុំ កត្តាមួយក្នុងចំណោមកត្តាដែលសំខាន់បំផុតគឺភាពខុសគ្នានៃការអប់រំ។
មិនមែនសមត្ថភាពរៀនសូត្ររបស់សិស្សជប៉ុនខ្ពស់ ឬទាបនោះទេ ប៉ុន្តែគឺជាភាពខុសគ្នានៃទស្សនវិជ្ជា និងគោលដៅនៃប្រព័ន្ធអប់រំ។
តាំងពីដើមដំបូងមក ប្រទេសជប៉ុនបានអនុវត្តគោលគំនិត “Hakko Ichiu” (八紘一宇) ដែលមានន័យថា មនុស្សគ្រប់គ្នានៅលើលោកនេះដូចជាសមាជិកក្នុងគ្រួសារតែមួយ។
ចាប់ពីពេលនោះមក គំនិតនៃការរស់នៅជាមួយគ្នា និងការអភិវឌ្ឍរួមគ្នាត្រូវបានបង្កើតឡើង។
នៅពេលដែលធ្លាក់ក្នុងស្ថានភាពអាក្រក់រហូតដល់ថ្នាក់ទ្រាំលែងបាន គោលដៅដែលយើងគួរតែប្រឆាំងជំទាស់គឺជាភាគីដែលបង្កហេតុការណ៍នោះ។
ការបញ្ចេញកំហឹង និងបង្កការខូចខាតដល់ទីកន្លែងដែលគ្មានកំហុសដូចជាហាង ឬអាជីវកម្មដែលមិនពាក់ព័ន្ធ ប្រៀបបីដូចជាសកម្មភាពប្លន់យកទ្រព្យសម្បត្តិរបស់ជនរួមជាតិ ជាមនុស្សដែលត្រូវបានចាត់ទុកជាសមាជិកក្នុងគ្រួសាររបស់ខ្លួន។
ខ្ញុំគិតថា តាំងពីក្មេង ប្រជាជនជប៉ុនត្រូវបានគ្រួសារ និងសាលារៀនអប់រំ បណ្តុះបណ្តាលគំនិតដែលថា “មានរឿងមួយចំនួនដែលមិនគួរធ្វើដាច់ខាត ទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ” ។
តើអនាគតរបស់ប្រទេសបារាំងនឹងទៅជាយ៉ាងណា?
អ្នកដែលចូលរួមបំផ្លិចបំផ្លាញ លួចប្លន់ទំនិញ និងលុយកាក់នៅតាមហាងនានា ប្រហែលជាអាចបំពេញតម្រូវនៅចំពោះមុខរបស់ពួកគេ។ ទោះជាយ៉ាងណា អារម្មណ៍ដែលបំពេញតាមចិត្តនោះមិនយូរអង្វែងនោះទេ។
ហើយបន្ទាប់មក លទ្ធផលដែលជៀសមិនរួចនោះគឺអាជីវកម្មបរទេសអាចនឹងដកដើមទុនចេញពីទីផ្សារ។ ថវិកាជាតិត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីស្តារផ្លូវដែលខូចខាតឡើងវិញ។ ហើយភ្ញៀវទេសចរណ៍នឹងងាកចេញដោយសារតែការព្រួយបារម្ភអំពីអស្ថិរភាពសន្តិសុខ។
នៅពេលនោះ សេដ្ឋកិច្ចជាតិទាំងមូលនឹងរាំងស្ទះ។ នៅទីបំផុត សូម្បីតែអ្នកដែលមានអារម្មណ៍ពេញចិត្តគ្រានោះក៏អាចនឹងរងការខាតបង់រយៈពេលវែងផងដែរ។
ខ្ញុំគិតថា ការដែលបុគ្គលម្នាក់អាចយល់ឃើញ និងពិចារណាលម្អិតចំពោះបញ្ហានេះ ដើម្បីកែតម្រូវឥរិយាបថរបស់ខ្លួន ដូច្នេះធ្វើសកម្មភាពដោយផ្អែកលើលទ្ធផលយូរអង្វែង ជាជាងផលប្រយោជន៍នៅចំពោះមុខ – គឺជាលទ្ធផលដែលត្រូវបានកំណត់តាមរយៈភាពខុសគ្នានៃការអប់រំ។
ប្រទេសបារាំងកំពុងទទួលយកលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើន។
បន្ទាប់់ពីទទួលបានព័ត៌មានផ្សារទំនើបត្រូវវាយប្រហារ មានតែតំបន់លក់សាច់ជ្រូកប៉ុណ្ណោះដែលនៅដដែល មានពាក្យចចាមអារ៉ាមបានលេចឡើងថា ហេតុការណ៍នេះមានទាក់ទងនឹងក្រុមជនអន្តោប្រវេសន៍មូស្លីម។ ទោះជាយ៉ាងណា ការពិតនៅតែមិនទាន់ត្រូវបានបញ្ជាក់នោះទេ។
យ៉ាងណាមិញ តាមគំនិតរបស់ខ្ញុំ មូលដ្ឋាននៃបញ្ហាមិនស្ថិតនៅលើសាសនានោះទេ។
មិនថាគោរពតាមសាសនាអ្វីនោះទេ អ្វីដែលសំខាន់ត្រង់ថាមនុស្សត្រូវបានអប់រំឲ្យចេះសហការគ្នាទៅវិញទៅមក ដោយឆ្ពោះទៅរកផលប្រយោជន៍យូរអង្វែងដែរឬអត់ ជាជាងគ្រាន់តែបំពេញបំណងចំពោះមុខ។
ឥឡូវនេះ ប្រទេសជប៉ុនក៏កំពុងប្រឈមមុខនឹងមតិចម្រូងចម្រាសទាក់ទងនឹងបញ្ហាជនអន្តោប្រវេសន៍ផងដែរ។ ដូច្នេះហើយ រឿងដែលកំពុងកើតឡើងនៅប្រទេសបារាំង ប្រហែលមិនមែនជារឿងរបស់ប្រទេសផ្សេងទៀតឡើយ។
សរុបទៅ ភាពខុសគ្នារវាងសង្គមនានាប្រហែលជាមិនត្រឹមតែស្ថិតលើរបៀបដែលមនុស្សមានប្រតិកម្មចំពោះការមិនពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតម្លៃដែលត្រូវបានបណ្តុះក្នុងបុគ្គលម្នាក់ៗតាំងពីកុមារភាពផងដែរ។
ចុះប្រទេសរបស់អ្នកវិញ? តើអ្នកទាំងអស់គ្នាគិតយ៉ាងណានៅពេលដែលមើលឃើញកុបកម្មលើកនេះនៅប្រទេសបារាំង?
Abe Kengo
