តើរឿងនិទានក៏គួរតែកែសម្រួលឲ្យស្របទៅនឹង​សម័យ​កាល​ដែរ​មែន​ទេ? បញ្ហា​ទាក់​ទង​នឹង “ការ​បៀត​បៀន” កំពុង​ផ្លាស់​ប្តូរ​ប្រទេស​ជប៉ុន

តើរឿងនិទានក៏គួរតែកែសម្រួលឲ្យស្របទៅនឹងសម័យកាលដែរមែនទេ? បញ្ហាទាក់ទងនឹង “ការបៀតបៀន” កំពុងផ្លាស់ប្តូរប្រទេសជប៉ុន។

កាលពីក្មេង ប្រហែលជាយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ចូលចិត្តស្តាប់រឿងនិទានរបស់ជីដូន និងអ្នក​ម្តាយ។ ក្នុងពិភពនោះ មនុស្សល្អតែងតែទទួលបាន​ផលល្អ មនុស្សអាក្រក់នៅទីបំផុតត្រូវទទួល​កម្មផល។ រឿងរ៉ាវដែលហាក់បីដូចជាគ្រាន់តែបណ្តុះការស្រមើលស្រមៃ តាមពិតទៅ បាន​សាបព្រោះក្នុងចិត្តរបស់កុមារនូវមេរៀនដំបូងដែលទាក់ទងនឹងសីលធម៌ និងភាពសុចរិត។

ទោះជាយ៉ាងណា នៅពេលដែលសង្គមផ្លាស់ប្តូរ តម្លៃ និងបទដ្ឋានអាកប្បកិរិយាកំពុងត្រូវបានកំណត់ក្រោមទស្សនៈថ្មី។ សូម្បី​តែ​រឿង​និទាន ដែល​ហាក់​បី​ដូច​ជាមិនអាចផ្លាស់ប្តូរបានក៏មិន​មែន​ជាករណីលើកលែងដែរ។ ចំពោះការជជែកវែកញែកកាន់តែខ្លាំងទាក់ទងនឹងបញ្ហាបៀត​បៀន រឿង​រ៉ាវ​ដែលយើងធ្លាប់ស្តាប់មួយ​ចំនួន​កំពុង​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​ស្រប​ទៅ​នឹង​ទស្សនៈរបស់​សម័យ​កាល។ 

ដូច្នេះតើរឿងនិទានកាលពីមុនបានផ្លាស់ប្តូរយ៉ាងដូចម្តេច? ហើយតាមរយៈការផ្លាស់ប្តូរដែលហាក់​បី​ដូច​ជា​តូច​តាច​ទាំង​នោះ យើងអាចមើលឃើញអ្វីខ្លះទាក់ទងនឹងសង្គមជប៉ុនសព្វថ្ងៃនេះ?

ក្នុងចំណោមរឿងនិទានជប៉ុនជាច្រើនដែលមនុស្សគ្រប់ជំនាន់ចូលចិត្ត “Momotaro” (កុមារាផ្លែប៉េស) គឺជារឿងដែលគ្រប់គ្នាតែងតែស្តាប់។ ដើម្បី​យល់​ពី​ការ​ផ្លាស់​ប្តូរ​ដែលរឿងនេះបានឆ្លងកាត់​តាម​ពេល​វេលា ជាដំបូង ចូរយើងត្រឡប់ទៅរកកំណែដើម ជាពេលដែលរឿងរ៉ាវផ្តើមចេញពីផ្លែប៉េសដ៏ធំមួយ​អណ្តែត​នៅ​លើ​ទន្លេ។

កាលពីព្រេងនាយ នៅក្នុងភូមិមួយ មានគូស្វាមីភរិយាចាស់មួយគូរស់នៅក្នុងផ្ទះតូចមួយ។

នៅថ្ងៃមួយ ស្ត្រីចំណាស់ចេញទៅបោកខោអាវនៅមាត់ទន្លេ។ នៅពេលដែលគាត់កំពុងរវល់​បោកខោ​អាវនៅមាត់ទន្លេ តាមរយៈលំហូរទឹកដែលហូរឆ្លងកាត់។ ដោយភ្ញាក់ផ្អើលចំពោះផ្លែប៉េសដ៏​ធំដែលមិនធ្លាប់ឃើញ ស្រ្តីចំណាស់បានយកវាទៅផ្ទះ។

ដោយមិននឹកស្មានដល់ នៅពេលដែលពុះផ្លែប៉េស តាយាយទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ពេលឃើញក្មេងប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់។ ដោយសប្បាយចិត្តខ្លាំងពេក ពួកគាត់ទទួលក្មេងប្រុស​ធ្វើ​ជា​កូន ដាក់ឈ្មោះថា Momotaro – កុមារាផ្លែប៉េស។

ពេលវេលាកន្លងផុតទៅ Momotaro ធំដឹងក្តីក្លាយជាយុវជនដ៏រឹងមាំ ក្លាហាន និងមានគុណធម៌ម្នាក់។

នៅពេលនោះ ក្នុងតំបន់មានកោះមួយមានពួកបិសាចរស់នៅ។ ពួកវាតែងតែនាំគ្នាមកបំផ្លិចផ្លាញ ឆក់ប្លន់ ដែលធ្វើឲ្យប្រជាជនត្រូវរស់នៅក្នុងទុក្ខវេទនា។ ដោយមិនអាចទ្រាំមើលប្រជា​ជន​រង​ទុក្ខ Momotaro បានសម្រេចចិត្តចេញដំណើរទៅកាន់កោះបិសាច ដោយប្តេជ្ញាថានឹងបណ្តេញពួក​វា​ចេញ ដើម្បីនាំមកនូវសន្តិភាពដល់មនុស្សគ្រប់គ្នា។

មុនពេល Mototaro ចេញដំណើរ ស្ត្រីចំណាស់បានរៀបចំនំ kibi dango ដ៏ឈ្ងុយឆ្ងាញ់ធ្វើជាស្បៀងអាហារ​សម្រាប់​ការ​ធ្វើ​ដំណើរ ដោយប្រាប់កូនប្រុសឲ្យយកតាមសម្រាប់ហូបតាមផ្លូវ ហើយជូនដំណើរ​កូន​​របស់​​ខ្លួន។

នៅ​ពេល​ធ្វើ​ដំណើរ Momotaro បាន​ឃើញ​សត្វ​ឆ្កែ ស្វា និងសត្វសាយមួយក្បាល។ Momotaro បាន​យក​នំ kibi dango ដែល​ខ្លួន​យក​តាម ដើម្បីទាក់ទាញចិត្តមិត្តភក្តិដែលជាសត្វទាំង​បី​នោះ ហើយសត្វទាំងបីសុទ្ធតែយល់ព្រមទៅតាម ទៅប្រយុទ្ធជាមួយនឹងពួកបិសាច។

ដោយពឹងលើសាមគ្គីភាព និងភាពក្លាហាន Momotaro និងមិត្តភក្តិបានកម្ចាត់ពួកបិសាច ដោយ​បញ្ចប់​រយៈ​ពេល​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ពួក​វា។

បន្ទាប់ពីទទួលបានជ័យជម្នះ Momotaro បាននាំយកកំណប់ទ្រព្យដែលពួកវាលាក់ទុកត្រឡប់ទៅភូមិវិញ។

ចាប់តាំងពីពេលនោះមក អ្នកភូមិអាចរស់នៅក្រោមសន្តិភាពជាថ្មី ចំណែកឯ Momotaro បានក្លាយ​ជាវីរបុរសដែលមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត។

នោះជាសាច់រឿងចាស់ទាំងមូល។

ទោះជាយ៉ាងណា នៅពេលដែលរឿងនេះត្រូវបានកែសម្រួលទៅជាកំណែច្បាប់ថ្មី ​ដំណើររឿងមិន​មែន​កើត​ឡើង​បែប​នេះ​​ឡើយ។

ជាដំបូង សត្វឆ្កែ ស្វា និងសាយលែងស្តាប់បង្គាប់ ហើយដើរតាម Momotaro ព្រោះតែបានគាត់​ចែក​នំ kibi dango ដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួនទៀតហើយ។ ផ្ទុយទៅវិញ សត្វទាំងបីស្ម័គ្រចិត្តចូលរួមដំណើរ​ទៅ​កម្ចាត់​ពួក​បិសាច។ នំដែលស្រី្តចំណាស់បានរៀបចំដោយផ្ទាល់ដៃលែងមានអត្ថន័យជ្រាល​ជ្រៅ ដែល​ជួយ​ឲ្យកូនប្រុសធ្វើដំណើរដោយរលូនទៀតហើយ ប៉ុន្តែគ្រាន់តែជាអាហារសម្រាប់បន្ថែម​ថាមពល​ប៉ុណ្ណោះ។

បន្ទាប់មកទៀត ការធ្វើដំណើរទៅកាន់កោះបិសាច។

ក្នុងកំណែច្បាប់ថ្មី Momotaro និងមិត្តភក្តិធ្វើដំណើរតាមទូកចែវ។ ប៉ុន្តែលើកនេះ គ្មាននរណាម្នាក់​ទទួល​ខុស​ត្រូវ​ចែវ​ទូក​ម្នាក់​ឯង​ទៀត​ឡើយ។ ក្រុមទាំងមូលប្តូរវេនគ្នាចែវ ព្រោះការងារត្រូវ​បែង​ចែក​ស្មើៗ​គ្នា ជា​ជាង​បន្ទុក​ធ្លាក់​មក​លើ​មនុស្ស​ម្នាក់។

នៅពេលដែលការប្រយុទ្ធជាមួយពួកបិសាចចាប់ផ្តើម ការផ្លាស់ប្តូរទាំងនេះកាន់តែច្បាស់ឡើង។

នៅក្នុងរឿងដើម សត្វសាយប្រើចំពុះមុតស្រួចវាយប្រហារភ្នែករបស់ពួកបិសាច។ ទោះជាយ៉ាងណា ក្នុងកំណែ​ច្បាប់​ថ្មី ការវាយប្រហារទៅលើភ្នែក ឬផ្នែកផ្សេងទៀតនៃរាងកាយដែលបង្កគ្រោះថ្នាក់ ហើយ​បន្សល់​ទុកពិការភាពជារៀងរហូតដល់ភាគីសុទ្ធតែត្រូវបានរំលង។

ចុះកំណប់ទ្រព្យដែលក្រុមបានយកមកវិញយ៉ាងម៉េចវិញ?

ប្រសិនបើនៅក្នុងរឿងដើម Momotaro យកកំណប់ទ្រព្យរបស់ពួកបិសាចមកវិញបន្ទាប់ទទួលបាន​ជ័យ​ជម្នះ ចំណែកឯក្នុងកំណែច្បាប់ថ្មី មិនអាចរក្សាកំណប់យកធ្វើជាទ្រព្យផ្ទាល់ខ្លួននោះទេ ប៉ុន្តែ​ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ជាកំណែទម្រង់ដែលមានភាពស៊ីជម្រៅ និងមនុស្សធម៌ជាង​មុន។

តាមពិតទៅ ការផ្លាស់ប្តូររឿងរ៉ាវរបស់កុមារាផ្លែប៉េសមិនត្រឹមតែកំណត់ចំពោះកំណែច្បាប់ថ្មីប៉ុណ្ណោះ​ទេ។ គេថែមទាំងយល់ឃើញថា មុននឹងមានរឿងនិទានដែលយើងធ្លាប់ស្តាប់សព្វថ្ងៃនេះ ធ្លាប់​មាន​រឿងរ៉ាវចាស់បុរាណជាងនេះទៅទៀត ជាមួយនឹងសាច់រឿងខុសគ្នា។

ចំណុចខុសគ្នាធំបំផុតស្ថិតនៅលើអាថ៌កំបាំងដែលទាក់ទងនឹង Momotaro ចាប់កំណើត។

ក្នុងកំណែច្បាប់ចាស់បុរាណបំផុតនោះ បន្ទាប់ពីស្ត្រីចំណាស់យកផ្លែប៉េសយក្សត្រឡប់មកផ្ទះវិញ។ បុរស និង​ស្ត្រីចំណាស់បានហូបជាមួយគ្នា។ ហើយបន្ទាប់មក…

បន្ទាប់ពីបានហូបម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្រោយរយៈពេលអត់ឃ្លានជាយូរមក រាងកាយរបស់អ្នកទាំងពីរ​ស្រាប់​តែ​ក្មេងជាងវ័យយ៉ាងអព្ភូតហេតុ។ ហើយនៅយប់នោះ បន្ទាប់ពីប្តីប្រពន្ធស្និទ្ធស្នាលនឹងគ្នា ស្រ្តី​ជា​ភរិយាក៏មានផ្ទៃពោះ ហើយសម្រាលបាន Momotaro ។

ទោះជាយ៉ាងណា ក្នុងកំណែនេះ សាច់រឿងដែលបានកើតឡើងដូច្នេះពិតជាមិនស័ក្តិសមសម្រាប់​សៀវ​ភៅរឿង​របស់​កុមារ​នោះ​ទេ។

ក្រៅពីខ្លឹមសាររឿងព្រេងនិទាន បញ្ហាទាក់ទងនឹងការបៀតបៀនក៏កំពុងក្លាយជាប្រធានបទដែលទទួលបានការជជែកវែកញែកយ៉ាងខ្លាំងក្នុងសង្គមជប៉ុននាសម័យនេះផងដែរ។

ឧទាហរណ៍ដូចជាក្នុងបរិយាកាសកន្លែងធ្វើការនៅជប៉ុនសព្វថ្ងៃនេះ ការវាយតម្លៃទាក់ទងនឹងរូប​រាង​ខាងក្រៅរបស់បុគ្គលិកស្រីដូចជា៖ “ថ្ងៃនេះអូនមើលទៅស្អាតណាស់!” ជួនកាលអាចបង្កឲ្យទៅ​ជា​មតិចម្រូងចម្រាស និងត្រូវបានចាត់ទុកជាការបៀតបៀនផ្លូវភេទ អាស្រ័យលើស្ថានភាព និងរបៀប​ដែល​អ្នកស្តាប់ទទួលយក។

ស្រដៀងគ្នាដែរ សូម្បីតែពាក្យដែលហាក់បីដូចជាលើកទឹកចិត្ត “ខំប្រឹងឡើង!” ក៏ត្រូវបានចាត់ទុក​ជាការបំពានអំណោចផងដែរ ប្រសិនបើនិយាយក្នុងបរិបទមិនសមរម្យ។

ហាក់បីដូចជា នៅពេលដែលខ្សែបន្ទាត់រវាងការយកចិត្តទុកដាក់ធម្មតា និងសកម្មភាពបំពានកាន់​តែ​ទទួលបានការចាប់អារម្មណ៍ គ្រប់គ្នាកាន់តែមានភាពប្រុងប្រយ័ត្នចំពោះការប្រាស្រ័យទាក់​ទង និងការប្រព្រឹត្តដាក់គ្នាទៅវិញទៅមក។

កាលខ្ញុំនៅក្មេង ហាក់បីដូចជាកម្រស្តាប់ឮពាក្យថា “បំពាន” ខ្លាំងណាស់។ ហើយប្រសិនបើមិនច្រឡំ ត្រឹម​រយៈ​ពេល ២០ ឆ្នាំចុងក្រោយនេះ ទើបបញ្ហានេះកាន់តែច្រើនឡើង ហើយទទួលបានការចាប់​អារម្មណ៍​ពី​សង្គម។

តាមពិតទៅ ខ្ញុំមិនដឹងថាការផ្លាស់ប្តូរនេះល្អឬអាក្រក់នោះទេ។ ការបង្កើនការយល់ដឹងចំពោះការបៀតបៀនអាចជួយឲ្យមនុស្សគ្រប់គ្នាគោរពគ្នាទៅ​វិញ​ទៅ​មក ប៉ុន្តែប្រសិនបើគ្រប់យ៉ាងហួស​ហេតុ​ពេក យើង​គួរ​ពិចារណា​ឡើង​វិញ។

ដូច្នេះហើយ តើប្រិយមិត្តគិតយ៉ាងណាក្រោយពេល ២០ ឆ្នាំទៀត? រឿងរ៉ាវ Momotaro នឹងផ្លាស់ប្តូរដល់កម្រិតណា?

ប្រហែលនោះជាកំណែទម្រង់ដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នាអាចដឹងមុននោះ​ទេ។

រឿង Momotaro ជារឿងព្រេងនិទានដែលយើងតែងតែស្តាប់ អាចបន្តផ្លាស់ប្តូរឲ្យ​ស្រប​ទៅ​នឹងបញ្ហា​ដែលសង្គមកំពុងប្រឈមមុខតាមសម័យកាលនីមួយៗ។ ហើយ​ប្រហែល​ជា​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ យើង​អាច​មើល​ឃើញ​ពី​តម្លៃ បទ​ដ្ឋាន និង​ទស្សនៈ​របស់​មនុស្ស​ផ្លាស់​ប្តូរ​ទៅ​តាម​ពេលវេលា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: