គ្រាន់តែដោះស្រាយការលំបាករបស់ប្រពន្ធ HONDA អាចលក់បានជាង ១០០ លានគ្រឿង! តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យនេះ?
គ្រាន់តែដោះស្រាយការលំបាករបស់ប្រពន្ធ HONDA អាចលក់បានជាង ១០០ លានគ្រឿង!
តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យនេះ?
ដូចដែលអ្នកបានដឹងហើយថា Honda គឺជាម៉ាកយីហោដ៏ល្បីល្បាញលើពិភពលោក ដែលមានចំណែកទីផ្សារ និងបរិមាណផលិតកម្មខ្ពស់យ៉ាងខ្លាំងនៅលើទីផ្សារម៉ូតូពិភពលោក។
ទោះជាយ៉ាងណា នៅពីក្រោយភាពជោគជ័យនោះបែរជាផ្តើមចេញពីគំនិតដ៏សាមញ្ញ។ នោះគឺគោលបំណងចង់ “ដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃរបស់ភរិយាខ្លួន” របស់ស្ថាបនិកក្រុមហ៊ុន Honda ។
រឿងនេះបង្កប់ដោយអាថ៌កំបាំងដ៏សំខាន់ក្នុងអាជីវកម្ម ចូរយើងស្វែងយល់ និងក្រឡេកទៅមើលរបៀបអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឯងទាំងអស់គ្នា។
មិនយូរប៉ុន្មានបន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ លោក Honda Soichiro (本田宗一郎) ដែលជាស្ថាបនិកក្រុមហ៊ុន Honda បានរកឃើញម៉ូទ័រតូចមួយពីអតីតកងទ័ពជប៉ុននៅផ្ទះមិត្តភ័ក្តិម្នាក់។
នោះមិនមែនជាប្រភេទម៉ូទ័រធំដែលអាចដំណើរការរថយន្តនោះទេ ប៉ុន្តែគ្រាន់តែជាម៉ូទ័រតូចមួយដែលប្រើសម្រាប់បង្កើតអគ្គិសនីសម្រាប់ឧបករណ៍វិទ្យុប៉ុណ្ណោះ។
ហើយចាប់តាំងពីពេលនោះ រឿងរ៉ាវទាក់ទងនឹងម៉ូតូ Honda បានចាប់ផ្តើម។
នៅពេលនោះ លោក Honda Soichiro បានរៀបការ ហើយមើលឃើញប្រពន្ធរបស់គាត់ជិះកង់ទៅផ្សារទិញរបស់របរជារៀងរាល់ថ្ងៃ។ ការដែលដឹកអីវ៉ាន់ធ្ងន់ៗ ហើយខំប្រឹងជិះកង់ត្រឡប់ទៅផ្ទះវិញ ពិតជានឿយហត់ខ្លាំងណាស់។
ដោយគិតដល់ចំណុចនេះ គាត់បានសាកល្បងដំឡើងម៉ូទ័រតូចនោះលើកង់របស់ប្រពន្ធគាត់។ ហើយលទ្ធផលលើសពីការរំពឹងទុក កង់ដំណើរការយ៉ាងរលូន ល្អរហូតដល់ថ្នាក់មិននឹកស្មានដល់។ ចាប់ពីពេលនោះមក ការធ្វើដំណើររបស់ប្រពន្ធគាត់កាន់តែងាយស្រួល និងលឿនជាងមុន។
ទិដ្ឋភាពស្ត្រីម្នាក់ជិះកង់ ប៉ុន្តែបែរជាមានសំឡេងម៉ាស៊ីនគ្រហឹមនៅតាមដងផ្លូវច្បាស់ជាទាក់ទាញការចាប់អារម្មណ៍របស់មនុស្សនៅជុំវិញ។ មិនយូរប៉ុន្មាន មនុស្សជាច្រើនបានមករកទិញ។ លោក Soichiro Honda បានសម្រេចចិត្តទិញម៉ូទ័រប្រភេទនេះចំនួន ៥០០ គ្រឿង ជួសជុលកង់ ហើយដាក់លក់លើទីផ្សារ។ ផលិតផលស្រាប់តែទទួលបានការពេញចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ចំនួនម៉ូទ័រដែលមានត្រូវបានលក់អស់ក្នុងរយៈពេលយ៉ាងខ្លី។
ចាប់តាំងពីពេលនោះមក លោកបានស្រាវជ្រាវ និងអភិវឌ្ឍប្រភេទម៉ូទ័រស្រដៀងគ្នា ហើយបានបើកផ្លូវឲ្យក្រុមហ៊ុន Honda ទទួលបានជោគជ័យបន្តិចម្តងៗ។
គំនិតនេះបានបន្តអភិវឌ្ឍ និងកែលម្អតាមពេលវេលា នៅទីបំផុតបានក្លាយជាការផ្តួចផ្តើមផលិត Super Cub ដ៏ល្បីដែលមនុស្សជាច្រើនចូលចិត្ត។ រហូតមកដល់បច្ចុប្បន្ន ការលក់សរុបរបស់ Super Cub នៅទូទាំងពិភពលោកបានលើសពី ១០០ លានគ្រឿង។
គំនិតមួយដែលផ្តើមចេញពីគោលបំណងចង់ជួយភរិយាជាទីស្រឡាញ់របស់គាត់កាត់បន្ថយបន្ទុកក្នុងជីវិតប្រចាំថ្ងៃ នៅទីបំផុតបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អាណាចក្រអាជីវកម្មដ៏ធំ។ ជាចំណុចដែលធ្វើឲ្យយើងទាំងអស់គ្នាគួរគិតពិចារណា។
រឿងស្រដៀងគ្នានេះក៏បានកើតឡើងនៅសហរដ្ឋអាមេរិក ដែលទាក់ទងនឹង Yogibo – ជាម៉ាកគ្រឿងសង្ហារិមដ៏ល្បី។
យោងទៅតាមរឿងរ៉ាវ ភរិយារបស់ស្ថាបនិក Eyal Levy មានទម្លាប់ដេកផ្កាប់មុខ។ យ៉ាងណាមិញ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកស្រីមិនអាចបន្តដេកតាមទម្លាប់នោះទេ ដែលបណ្តាលឲ្យស្ថានភាពគេងមិនលក់កាន់តែធ្ងន់ធ្ងរ។
ដើម្បីជួយឲ្យប្រពន្ធអាចដេកផ្កាប់មុខបាន ថែមទាំងកាត់បន្ថយសម្ពាធទៅលើពោះ លោកបានរចនា និងបង្កើតកៅអីខ្ជិលដ៏ធំដោយប្រើក្រណាត់យឺតគ្របពីខាងក្រៅ។ ហើយនោះក៏ជាប្រភពដើមនៃផលិតផលកៅអីខ្ជិលរបស់ Yogibo ដែលល្បី និងពេញនិយមសព្វថ្ងៃនេះផងដែរ។
គោលបំណងដំបូងរបស់លោកគ្រាន់តែចង់ជួយឲ្យប្រពន្ធគេងលក់ស្រួលប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែគំនិតបង្កើតកៅអីដ៏ទន់ល្មើយ ដែលអាចប្រើជាកន្លែងសម្រាក ថែមទាំងប្រើធ្វើជាគ្រែក្នុងស្ថានភាពមួយចំនួន បានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ភាពជោគជ័យក្នុងអាជីវកម្ម។
ឧទាហរណ៍មួយផ្សេងទៀតមកពី Johnson & Johnson ដែលជាសាជីវកម្មថែទាំសុខភាពរបស់អាមេរិក។
ភរិយារបស់បុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុននេះជាស្ត្រីមេផ្ទះដែលខ្ជីខ្ជា តែងតែមុតដៃ ឬរលាកបន្តិចបន្តួចពេលចម្អិនអាហារ។
នៅសម័យនោះ រាល់ពេលដែលមានរបួស គេតែងតែកាត់បង់រុំ និងស្កត់សម្រាប់ការពារមុខរបួស ដែលពិបាកនឹងធ្វើដោយដៃម្ខាងខ្លាំងណាស់។
ដើម្បីឲ្យប្រពន្ធអាចរុំរបួសដោយខ្លួនឯង បុគ្គលិករូបនេះបានយកក្រណាត់បង់រុំវែង បិទបន្ទះសំឡីដែលមានចន្លោះស្មើៗគ្នាលើនោះ ហើយគ្របស្រទាប់ក្រណាត់ crinoline ពីលើ ដើម្បីកុំឲ្យស្អិតជាប់គ្នា។ នៅពេលដែលចាំបាច់ ប្រពន្ធរបស់គាត់គ្រាន់តែប្រើកន្ត្រៃកាត់ចេញរួចប្រើប៉ុណ្ណោះ។
ដោយមើលឃើញពីសក្តានុពល Johnson & Johnson បានផលិតតាមគំនិតនេះដោយប្រើឈ្មោះថា Band-Aid ។ ក្រោយមក ពួកគេបានកែប្រែពីការកាត់ជាចំណែកៗ ក្លាយជាបន្ទះតូចៗងាយស្រួលប្រើ ដូចដែលយើងប្រើសព្វថ្ងៃនេះ។
រឿងរ៉ាវទាំងបីខាងលើសុទ្ធតែបង្កើតបានជាផលិតផលដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើសកលលោក។ ចំណុចរួមត្រង់ថាស្ថាបនិកនៃអាជីវកម្មទាំងនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំង គិតគូរយ៉ាងស៊ីជម្រៅ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហារបស់មនុស្សជាទីស្រឡាញ់ដែលនៅក្បែរខ្លួន។
ដំបូងនៅពេលដែលស្តាប់ទៅ មនុស្សជាច្រើនប្រហែលជាគិតថា គ្រាន់តែបំពេញតម្រូវការរបស់មនុស្សតែម្នាក់ ពិបាកនឹងបង្កើតបានជាសកម្មភាពពាណិជ្ជកម្មដែលរកប្រាក់ចំណេញខ្លាំងណាស់។ ទោះជាយ៉ាងណា ជាក់ស្តែង មានមនុស្សជាច្រើនក៏ជួបបញ្ហាស្រដៀងគ្នាដែរ។ ហើយនៅពេលដែលផលិតផលអាចដោះស្រាយបញ្ហានោះបាន ភាពជោគជ័យអាចនឹងកើតឡើងលើសពីការរំពឹងទុក។
ផ្ទុយទៅវិញ ប្រសិនបើអភិវឌ្ឍផលិតផលផ្តោតលើគោលដៅអតិថិជនច្រើនពេក ឧទាហរណ៍ដូចជា “ស្ត្រីដែលមានអាយុ ៤០ ឆ្នាំ” តម្រូវការជាក់ស្តែងរបស់មនុស្សម្នាក់ៗអាចនឹងមិនច្បាស់លាស់ ដែលធ្វើឲ្យអាជីវកម្មពិបាកកំណត់បញ្ហាដែលត្រូវដោះស្រាយ។
ដោយគិតថាបានបង្រួមគោលដៅអតិថិជន ប៉ុន្តែតាមពិតទៅ គោលដៅនៅតែទូលំទូលាយពេក ជាស្ថានភាពដែលតែងតែជួបប្រទះក្នុងអាជីវកម្ម។
ដូច្នេះចូរយើងផ្តោតទៅលើនរណាម្នាក់ជាក់លាក់ ស្វែងយល់ឲ្យបានហ្មត់ចត់អំពីបញ្ហាដែលម្នាក់នោះកំពុងជួបប្រទះ ហើយបង្កើតមធ្យោបាយដែលអាចដោះស្រាយបញ្ហាទាំងនោះបានល្អបំផុត។
នេះជាវិធីសាស្រ្តដែលមនុស្សឈរនៅពីក្រោយផលិតផលទាំងនោះបានជ្រើសរើស។
ប្រហែលជាអាថ៌កំបាំងនៃការបង្កើតផលិតផលដែលមានមនុស្សជាច្រើនចូលចិត្ត និងប្រើយូរអង្វែងស្ថិតនៅលើវិធីសាស្រ្តដែលហាក់បីដូចជាសាមញ្ញនេះ។
តើអ្នកទាំងអស់គ្នាធ្លាប់សង្កេតមើល និងយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួនកំពុងជួបបញ្ហាអ្វីដែរទេ? តើកង្វល់ទាំងនោះមានតែពួកគេតែម្នាក់ ឬមានមនុស្សជាច្រើនផ្សេងទៀតក៏កំពុងជួបប្រទះបញ្ហាស្រដៀងគ្នាដែរ?
ប្រសិនបើចំណាយពេលសង្កេតមើល និងស្តាប់មនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួន យើងអាចនឹងរកឃើញគំនិតដ៏មានតម្លៃដែលនាំទៅកាន់ភាពជោគជ័យក្នុងអាជីវកម្ម។
នេះជាវិធីសាស្ត្រដែលអាចនាំមកនូវអត្ថប្រយោជន៍ទ្វេដង៖ មិនត្រឹមតែជួយមនុស្សជាទីស្រឡាញ់កាត់បន្ថយបញ្ហាក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសដើម្បីផលិតផលិតផលដែលអាចលក់បានផងដែរ។
អ្នកទាំងអស់គ្នាអាចសាកល្បងវិធីសាស្រ្តនេះ ដែលផ្តើមចេញពីគំនិតតូចមួយក្លាយជាភាពជោគជ័យដ៏អស្ចារ្យ។
ឥឡូវនេះ សូមគិតពិចារណាមើលថា តើមនុស្សជាទីស្រលាញ់របស់អ្នកទាំងអស់គ្នាកំពុងជួបបញ្ហាអ្វី?
Abe Kengo
