ហេតុអ្វីបានជាប្រជាជនជប៉ុនតែងតែនិយាយពាក្យសុំទោស? ទង្វើល្អដែលបង្កប់នៅពីក្រោយឃ្លា “Sumimasen”
ហេតុអ្វីបានជាប្រជាជនជប៉ុនតែងតែនិយាយពាក្យសុំទោស? ទង្វើល្អដែលបង្កប់នៅពីក្រោយឃ្លា “Sumimasen” ។
ប្រជាជនជប៉ុនច្រើនតែនិយាយពាក្យសុំទោសដោយមិនដឹងខ្លួន ទាំងដែលពួកគេមិនគិតថាខ្លួនបានធ្វើអ្វីខុសក៏ដោយ។ ទង្វើនេះធ្វើឲ្យមនុស្សជាច្រើនដែលមកពីប្រទេសផ្សេងទៀតងឿងឆ្ងល់។ ហេតុអ្វីបានជាប្រជាជនជប៉ុនតែងតែនិយាយពាក្យសុំទោសដូច្នេះ?
វប្បធម៌នេះថែមទាំងធ្វើឲ្យអ្នកដទៃយល់ឃើញថា ប្រជាជនជប៉ុនជាជនជាតិមួយដែល “គ្មានទំនុកចិត្ត ហើយតែងតែសុំទោស” ។
យ៉ាងណាមិញ នៅពីក្រោយពាក្យសុំទោសដដែលៗនោះ បែរជាបង្កប់អត្តន័យយ៉ាងជ្រាលជ្រៅដែលមនុស្សជាច្រើនប្រហែលជាមិនទាន់បានដឹងនោះឡើយ។ ចូរយើងស្វែងយល់អំពីអត្តន័យដ៏ជ្រាលជ្រៅនេះតាមរយៈអត្ថបទខាងក្រោម។
ក្នុងភាសាជប៉ុនមានរបៀបនិយាយសុំទោសច្រើន ប៉ុន្តែពាក្យដែលនិយមប្រើបំផុតប្រហែលជា “Sumimasen” ។
មិនត្រឹមតែប្រើក្នុងស្ថានភាពទទួលកំហុសប៉ុណ្ណោះទេ ពាក្យ “Sumimasen” ក្នុងភាសាជប៉ុនថែមទាំងបង្កប់អត្ថន័យស្រដៀងគ្នាទៅនឹងពាក្យ “Excuse me” ក្នុងភាសាអង់គ្លេស។ ពោលគឺជាពាក្យសុំទោសតាមបែបគួរសម ប្រើសម្រាប់ហៅនរណាម្នាក់ ឬសុំរំខានពួកគេ។
ឧទាហរណ៍ដូចជាប្រជាជនជប៉ុនអាចនិយាយថា “Sumimasen” នៅពេលដែលចង់បញ្ចេញមតិក្នុងកិច្ចប្រជុំ នៅពេលដែលជួបនរណាម្នាក់រាំងផ្លូវមិនអាចទៅមុខ ឬនៅពេលដែលទទួលបានរបស់របរពីអ្នកដទៃ។
តាមរយៈស្ថានភាពដូចនេះ ទើបគេលើកជាសំណួរសួរថា៖ “ហេតុអ្វីបានជាប្រជាជនជប៉ុនបែរជាសុំទោសទាំងដែលពួកគេមិនធ្វើអ្វីខុស?”
ទោះជាយ៉ាងណា នៅពេលដែលយើងស្វែងយល់ពីប្រភពដើមនៃពាក្យ “Sumimasen” យើងនឹងយល់ឃើញថា អត្ថន័យរបស់វាមិនមែនគ្រាន់តែជាការសុំទោសនោះទេ។
តាមពិតទៅពាក្យ “Sumi” ក្នុងពាក្យ “Sumimasen” មានប្រភពមកពីកិរិយាស័ព្ទ “Sumu” (済む) ដែលមានន័យថារួចរាល់ បញ្ចប់ ឬដោះស្រាយបញ្ហាមួយ។
នៅពេលដែលពាក្យនេះត្រូវបានផ្លាស់ប្តូរទៅជាទម្រង់បដិសេធ (ផ្នែកខាងក្រោយនៃពាក្យបញ្ចប់ដោយ “masen”) ដែលបង្កប់អត្តន័យថា មានរឿងមួយមិនទាន់បានបញ្ចប់នៅឡើយ។
ដូច្នេះអត្ថន័យដើមនៃឃ្លាទាំងមូលគឺ៖
“មិនទាន់បញ្ចប់/មិនទាន់រួចរាល់” ។
តើមានរឿងអ្វីដែលមិនទាន់បញ្ចប់?
នោះគឺជាការតបស្នងក្តីស្រលាញ់ ការយកចិត្តទុកដាក់ ឬទង្វើដែលអ្នកដទៃបានធ្វើចំពោះយើង។
សម្រាប់ប្រជាជនជប៉ុន អ្វីដែលសំខាន់បំផុតមិនមែនជាការកំណត់ថា នរណាត្រូវ នរណាខុសឲ្យច្បាស់លាស់នោះទេ ប៉ុន្តែជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។
នេះជាពាក្យដែលផ្តើមចេញពីផ្នត់គំនិត “មិនចង់បង្កការរំខាន មិនចង់ក្លាយជាបន្ទុករបស់អ្នកដទៃ” ។ ម្យ៉ាងវិញទៀត ប្រជាជនជប៉ុនប្រើពាក្យនេះសម្រាប់បង្ហាញពីអារម្មណ៍ទើសទាល់នៅពេលដែលធ្វើឲ្យភាគីអាក់អន់ចិត្តដោយអចេតនា ឬនៅពេលដែលស្រែកហៅធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់ពួកគេ។
ទោះបីជាប្រជាជនជប៉ុនសព្វថ្ងៃនេះប្រហែលជាលែងដឹងច្បាស់អំពីប្រភពដើមនេះក៏ដោយ ពួកគេនៅតែនិយាយពាក្យថា “Sumimasen” ដែលប្រៀបបីដូចជាប្រតិកម្មធម្មតាក្នុងទំនាក់ទំនងប្រចាំថ្ងៃ។
នៅក្នុងវប្បធម៌ជប៉ុនមានគោលគំនិតមួយហៅថា Kotodama (言霊) ដែលគេតែងតែយល់ថា “ដួងព្រលឹងនៃភាសា” ។ យោងទៅតាមគោលគំនិតនេះ រាល់ពាក្យដែលនិយាយចេញសុទ្ធតែបង្កប់ដួងព្រលឹងខាងក្នុង។
ប្រសិនបើរឹងរូសពេក ហើយតែងតែចង់បញ្ជាក់ថាខ្លួនត្រូវនៅចំពោះមុខអ្នកដទៃ ទំនាក់ទំនងរវាងភាគីទាំងពីរអាចនឹងបែកបាក់។ ដូច្នេះហើយ ប្រជាជនជប៉ុនមានទំនោរបន្ទាបឋានៈរបស់ខ្លួនបន្តិចបន្តួចក្នុងការទំនាក់ទំនង ដើម្បីរក្សាឲ្យបរិយាកាសចុះសម្រុងគ្នា និងជៀសវាងការបំផ្លាញទំនាក់ទំនង។
“Sumimasen” គឺជា “ដួងព្រលឹងនៃភាសា” ដើម្បីសម្រួលស្ថានភាព និងធ្វើឲ្យបរិយាកាសជុំវិញមានភាពចុះសម្រុង។
នេះជាពាក្យដែលមានតម្លៃបំផុត ដែលរួមបញ្ចូលទាំងការដឹងគុណ និងការគោរព។ ត្រឹមពាក្យដ៏ខ្លីមួយ អាចបបង្ហាញពីការដឹងគុណ ភាពទើសទាល់ និងការបន្ទាបខ្លួនក្នុងពេលតែមួយ។
ការដែលប្រជាជនជប៉ុនតែងតែនិយាយថា “Sumimasen” មិនមែនព្រោះតែពួកគេទន់ខ្សោយ ឬខ្វះទំនុកចិត្តនោះទេ។ ប៉ុន្តែបង្កប់នៅពីក្រោយការនិយាយនោះគឺជាទឹកចិត្តដ៏ល្អរបស់អ្នកដែលឲ្យតម្លៃចំពោះទំនាក់ទំនងរវាងខ្លួន និងអ្នកដទៃ ទាំងដែលនោះគ្រាន់តែជាការជួបគ្នាមួយភ្លែតក៏ដោយ។
ក្នុងភាសាជប៉ុនមានសុភាសិតដ៏ល្បីមួយនិយាយថា “Ichigo Ichie – មួយជីវិតជួបគ្នាតែម្តង”។
សុភាសិតនេះសង្កត់ធ្ងន់ថា រាល់ពេលដែលជួបគ្នាសុទ្ធតែជាពេលវេលាដ៏ពិសេស ដែលមិនអាចធ្វើឡើងវិញបាននោះទេ។ ទោះបីជាជួបគ្នាតែម្តងក្នុងមួយជីវិត ហើយមិនមានឱកាសជួបគ្នាម្តងទៀតក៏ដោយ យើងគួរតែឲ្យតម្លៃនិស្ស័យនោះប្រៀបបីដូចជារឿងដ៏ល្អ។
ប្រហែលជាមកពីគំនិតនេះទើបពាក្យ “Sumimasen” តែងតែត្រូវបានប្រើក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ហើយបើទោះបីជាប្រជាជននាសម័យនេះភ្លេចអត្ថន័យដើមនៃពាក្យនេះក៏ដោយ អំណាចនៃពាក្យពេចន៍ យោងទៅតាមគោលគំនិតដួងព្រលឹងនៃភាសា នៅតែមិនបាត់បង់។
ទោះបីជាដួងព្រលឹងនៃភាសាគ្រាន់តែជាគំនិតអរូបី មិនអាចមើលឃើញដោយភ្នែកទទេ ហើយក៏មិនទាន់មានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ក៏ដោយ។ យ៉ាងណាមិញ តម្លៃរបស់ពាក្យពេចន៍ពេលខ្លះមិនស្ថិតលើការពន្យល់របស់វិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងស្ថិតលើអារម្មណ៍ និងទំនាក់ទំនងរវាងមនុស្សផងដែរ។
ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ប្រជាជនជប៉ុន អ្វីដែលសំខាន់មិនមែនគ្រាន់តែជាការបែងចែកខុសត្រូវនោះទេ ថែមទាំងជាការរក្សាទំនាក់ទំនងជាមួយមនុស្សនៅចំពោះមុខ។ ប្រហែលជាដូច្នេះហើយទើបពាក្យ “Sumimasen” នៅតែត្រូវបាននិយាយចេញក្នុងស្ថានភាពដែលមិនចាំបាច់សុំទោស។ ព្រោះបង្កប់នៅពីក្រោយពាក្យនោះ ពេលខ្លះមិនមែនជាការទទួលស្គាល់កំហុសនោះទេ ប៉ុន្តែជាការដឹងគុណ ការបន្ទាបខ្លួន និងបំណងមិនចង់រំខាន់អ្នកដទៃ។
តើទស្សនៈរបស់អ្នកទាំងអស់គ្នាយ៉ាងម៉េចវិញ? តើអ្នកគិតថាពាក្យ “Sumimasen” ជាការសុំទោសដែលមិនចាំបាច់ ឬជាការលាក់ពុត? ឬនោះជាការដែលប្រជាជនជប៉ុនបង្ហាញពីការយកចិត្តទុកដាក់ និងការឲ្យតម្លៃចំពោះមនុស្សដែលពួកគេបានជួបនៅលើផ្លូវជីវិត ដែលបង្កប់ទៅដោយវប្បធម៌ជប៉ុន?
Abe Kengo
