តើ​រោគ​សញ្ញា​ពិបាក​ទ្រាំ​ដែល​យើង​កំពុង​ជួប​ប្រទះ​អាច​បណ្តាល​មក​ពី​ម៉ាសុីន​ត្រជាក់​ដែរ​ទេ?

តើ​រោគ​សញ្ញា​ពិបាក​ទ្រាំ​ដែល​យើង​កំពុង​ជួប​ប្រទះ​អាច​បណ្តាល​មក​ពី​ម៉ាសុីន​ត្រជាក់​ដែរ​ទេ?

នៅតាមបណ្តាទីក្រុងធំៗ ម៉ាស៊ីនត្រជាក់បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំ​ថ្ងៃ។ តាម​ផ្ទះ ការិយាល័យ ភោជនីយ​ដ្ឋាន និងផ្សារទំនើប យើងអាចរកឃើញកន្លែងដែលមាន​បរិយាកាស​ត្រជាក់ ដើម្បីគេចចេញពីអាកាសធាតុក្តៅនៅខាងក្រៅ។

យ៉ាងណាមិញ បើទោះបីជាម៉ាស៊ីនត្រជាក់នាំមកនូវភាពងាយស្រួលក៏ដោយ ជួនកាលការប្រើប្រាស់​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​រាង​កាយ​ប្រែ​ប្រួល​ខុស​ប្រក្រតី។

ក្នុងវេជ្ជសាស្ត្រ ស្ថានភាពនេះត្រូវបានគេហៅថាអាការ “ខ្លាចត្រជាក់” ពោលគឺស្ថានភាពរាងកាយងាយ​ប្រតិកម្ម​នឹង​ត្រជាក់ ដែល​ជាទូទៅមានអារម្មណ៍ដូចជាត្រជាក់ដៃជើង និង​ចរន្ត​ឈាម​ចុះខ្សោយ។

ត្រជាក់ដៃជើង អារម្មណ៍អស់កម្លាំង ឈឺចុករោយស្មា ឈឺក្បាល ឈឺខ្នង ហើម បាត់បង់ចំណង់អាហារ ឈឺ​ពោះ រាគ ទល់​លាមក គេងមិនលក់ ស្បែកស្រអាប់ ឬរដូវមិនទៀងទាត់… គឺជារោគសញ្ញា​កើតឡើងនៅពេលដែលរាងកាយទ្រាំនឹងត្រជាក់ក្នុងរយៈពេលយូរ បណ្តាលឲ្យចរន្តឈាមមិនល្អ ហើយ​បាត់​បង់​អតុល្យភាព​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វ័យ​ប្រវត្ត។

ជាពិសេស ស្ត្រីជាច្រើនតែងតែទ្រាំនឹងអាការឈឺខ្លាំងពេលមករដូវ។ ក្នុងករណីមួយចំនួន ពេលខ្លះបរិយាកាសត្រជាក់ និងម៉ាស៊ីនត្រជាក់អាចជាកត្តារួមចំណែកដែលធ្វើឲ្យស្ថានភាពនេះកាន់តែធ្ងន់​ធ្ងរ​ឡើងៗ។

ប្រហែលជាក្នុងចំណោមប្រិយមិត្តដែលកំពុងតាមដានអត្តបទនេះកំពុងជួបប្រទះនឹងរោគសញ្ញាស្រដៀងគ្នា។ ដូច្នេះហើយ ចូរយើងស្វែងយល់អំពី​មធ្យោបាយ​ព្យាបាល​ទូទៅ​មួយ​ចំនួន​ដែលត្រូវបាន​អនុវត្ត​នៅ​ប្រទេស​ជប៉ុន។

ការកែលម្អតាមរយៈរបបអាហារ

សូមបន្ថែមអាហារដែលជួយផ្តល់កំដៅដល់រាងកាយ ក្នុងនោះមានខ្ញី បន្លែមើមគ្រប់ប្រភេទដូចជាការ៉ុត ប៊ឺដុក និងអាហារដែលមានជាតិឡើងជូរ ជាជម្រើសដែលល្អបំផុត។

ទន្ទឹមនឹងនោះ ប្រូតេអុីនដែលមានក្នុងសាច់ ត្រី និងផលិតផលពីសណ្តែកសៀង គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយបង្កើតថាមពល និងកំដៅ។

វីតាមីន E ដែល​មាន​ច្រើន​នៅ​ក្នុង​គ្រាប់​អាល់ម៉ុន អន្ទង់… ក៏ត្រូវបានគេចាត់ទុកថាមានមុខ​ងារ​ជួយ​ពង្រីក​សរសៃ​ឈាម ដូច្នេះ​រួម​ចំណែក​ជួយ​សម្រួល​​ចរន្ត​ឈាម។

បង្កើនសកម្មភាពរាងកាយ

ដើម្បីជម្រុញចរន្តឈាម និងជួយឲ្យប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តដំណើរការបានល្អជាងមុន សូមរក្សាទម្លាប់ហាត់ប្រាណជាប្រចាំ។

មិនចាំបាច់ហាត់ប្រាណក្នុងកម្រិតខ្ពស់នោះទេ គ្រាន់តែហាត់ម្រាមដៃ ម្រាមជើង ឬបង្វិលកជើងក៏អាចជួយជម្រុញចរន្តឈាមនៅក្នុងតំបន់ជុំវិញផងដែរ។

ប្រសិនបើរាងកាយនៅតែអាចធ្វើចលនាបន្ថែម អ្នកទាំងអស់គ្នាអាចសាកល្បង squat ចំអើតចុងជើងឡើងចុះ ឬជ្រើសយកការឡើងជណ្តើរដែលជំនួសឲ្យជណ្តើរយន្ត។ សកម្មភាពសាមញ្ញៗទាំងនេះ​ជួយ​ពង្រឹង​សាច់​ដុំ​ផ្នែក​ខាង​ក្រោម​នៃ​រាង​កាយ និងជួយឲ្យចរន្តឈាមដំណើរការល្អ។

ត្រាំខ្លួនក្នុងទឹកក្តៅឧណ្ហៗ។

នៅប្រទេសកម្ពុជាមិនមានជ្រោះទឹកក្តៅនោះទេ ហើយក៏មិនសូវមានអ្នកទម្លាប់ត្រាំខ្លួនក្នុងអាងទឹក​នោះ​ដែរ ប៉ុន្តែ​ប្រសិន​បើ​មាន​ឱកាស សូមសាកល្បងត្រាំខ្លួនក្នុងអាងទឹកក្តៅឧណ្ហៗ។

ត្រាំខ្លួនក្នុងទឹកក្តៅឧណ្ហៗដែលមានសីតុណ្ហភាពប្រហែលពី ៣៨ ទៅ ៤០អង្សាសេក្នុងអំឡុងពេល​ពី ១០ ទៅ ៣០ នាទី​ដោយ​សម្រាក​បន្ធូរ​អារម្មណ៍ អាច​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​កក់​ក្តៅ​ពី​ខាងក្នុង។

គួរតែស្លៀកពាក់បែបណានៅពេលដែលក្នុងបន្ទប់មានម៉ាសុីនត្រជាក់?

សូមដណ្តប់ភួយត្រង់តំបន់រាងកាយដែលមានសរសៃឈាមច្រើនដូចជាក កដៃ និងកជើង។

ជាពិសេសសម្រាប់អ្នកដែលធ្វើការច្រើនម៉ោងនៅក្នុងការិយាល័យ សូមជៀសវាងកុំឲ្យខ្យល់ត្រជាក់​បក់​មក​លើរាង​កាយ​ដោយ​ផ្ទាល់។ យើង​អាចពាក់អាវដៃវែងដើម្បីកាត់បន្ថយការបាត់បង់កំដៅតាម​រយៈ​ស្បែក ហើយអ្នកក៏អាចពាក់​ស្រោម​ជើង ឬ​កន្សែង​បង់ក​ផង​ដែរ។

ក្រៅពីនេះ សម្រាប់អ្នកដែលកំពុងជួបប្រទះស្ថានភាពឈឺខ្លាំងពេលមករដូវដែលអាចទាក់ទងនឹង​រាងកាយត្រជាក់ ការដែលរក្សាឲ្យតំបន់ជុំវិញពោះកក់ក្តៅ “ពេលមករដូវ” អាចកាត់បន្ថយការ​ឈឺ​ចាប់​បាន​យ៉ាង​ច្រើន។

នៅប្រទេសកម្ពុជា ប្រហែលជាមិននិយមប្រើបន្ទះបិទផ្តល់កំដៅដូចជានៅប្រទេសជប៉ុននោះទេ។

ដូច្នេះហើយ ប្រសិនបើមានឱកាសទៅកាន់ប្រទេសជប៉ុន ឬអ្នកស្គាល់គ្នាពីប្រទេសជប៉ុនមកលេងកម្ពុជា អ្នកទាំងអស់គ្នាអាចពឹងឲ្យជួយទិញបន្ទះបិទផ្តល់កម្តៅប្រើម្តងនេះបាន។

ម៉ាស៊ីនត្រជាក់គឺជាសមិទ្ធផលនៃសម័យកាលបច្ចុប្បន្ន។ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដើម្បីធ្វើឲ្យជីវិត​កាន់​តែ​មានភាព​ងាយ​ស្រួល​ជាង​មុន​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ។

ទោះជាយ៉ាងណា សូមចងចាំថារាងកាយមនុស្សមិនអាចសម្របខ្លួនទៅនឹងបរិយាកាសត្រជាក់សិប្បនិម្មិតបានគ្រប់ពេលនោះទេ។ ដោយយល់ពីចំណុចនេះ និងរក្សាឲ្យរាងកាយមានភាពកក់ក្តៅ អាច​នឹង​ជួយ​ឲ្យ​យើង​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​បាន​យ៉ាង​ងាយ និង​មាន​ប្រសិទ្ធភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: