ត្រូវប្រធានាធិបតី ពូទីន និង​ប្រធានាធិបតី ដូណាល់ ត្រាំ​ដាក់​សម្ពាធ លោក​ស្រី​ចៅ​ក្រម​ជប៉ុន​នៅ​តែ​មិន​រាថយ

ត្រូវប្រធានាធិបតី ពូទីន និងប្រធានាធិបតី ដូណាល់ ត្រាំដាក់សម្ពាធ លោកស្រីចៅក្រមជប៉ុននៅតែមិនរាថយ។

តើអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យ ICC – តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court) ដែរទេ?

នេះជាតុលាការអន្តរជាតិដែលមានមូលដ្ឋានអចិន្ត្រៃយ៍នៅប្រទេសហូឡង់ ដែលមានភារកិច្ចកាត់ក្តីបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរដូចជាការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។

បច្ចុប្បន្ននេះ មានចំនួន ១២៥ ប្រទេសនៅទូទាំងពិភពលោកជាសមាជិកនៃ ICC រួមមានប្រទេស​អាហ្វ្រិក​ចំនួន ៣៣ ប្រទេស ប្រទេសអាស៊ី – ប៉ាស៊ីហ្វិកចំនួន ១៩ ប្រទេស ប្រទេសអឺរ៉ុបខាង​កើតចំនួន ២០ ប្រទេស និង​ប្រទេស​អាមេរិក​ឡាទីន – ការ៉ាប៊ីនចំនួន ២៨ ប្រទេស។

គួរឲ្យស្តាយមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនបែរជាមិនមែនជាសមាជិកនៃអង្គការ​នេះនោះ​ទេ។

ហើយបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំកំពូលនៃអង្គការនេះគឺលោកស្រី Akane Tomoko (赤根智子) – ជា​ស្ត្រីជនជាតិជប៉ុន។ លោកស្រី Akane Tomoko កាន់​តំណែង​ជា​ប្រធាន​តុលា​ការ​ព្រហ្មទណ្ឌអន្តរ​ជាតិ (ICC) ហើយ​ក៏​ជា​ពលរដ្ឋ​ជប៉ុន​ដំបូង​គេ​ដែល​កាន់​តំណែង​កំពូល​នៅ ICC ផង​ដែរ។

បច្ចុប្បន្ននេះ លោកស្រី Akane Tomoko កំពុងប្រឈមមុខនឹងការគំរាមកំហែង និងវិធានការដាក់​ទោស​ដែល​ផ្តោត​លើ​គាត់​ពី​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះ​ជា​យ៉ាង​ណា លោកស្រីនៅតែមិនរាថយ ហើយបន្តការងារយ៉ាងយកចិត្តទុកដាក់។

ចូរយើងពិនិត្យមើលឲ្យកាន់តែច្បាស់ថាមានរឿងអ្វីកំពុងកើតឡើងទាក់ទងនឹងលោកស្រីប្រធាន​ចៅ​ក្រម​រូប​នេះ​ទាំង​អស់​គ្នា។

ជាដំបូងគឺការប្រឈមមុខជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។

បន្ទាប់ពីរុស្ស៊ីធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ជាមួយនឹងការ​ចោទ​ប្រកាន់​ទាក់​ទង​នឹងការបញ្ជូនកុមារអ៊ុយក្រែន​ចេញ​ពី​ទឹក​ដី​អ៊ុយក្រែន​ដោយ​ខុស​ច្បាប់។

ដូច្នេះហើយ តុលាការ ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី ពូទីន ជាផ្លូវការ។

ទោះជាយ៉ាងណា តុលាការ ICC មិនមានកងកម្លាំងប៉ូលីសដោយផ្ទាល់សម្រាប់ទៅចាប់ខ្លួនបុគ្គលម្នាក់​នោះ​ទេ។ ការ​ចាប់​ខ្លួន​ត្រូវ​តែធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការរបស់បណ្តា​ប្រទេស​ជាសមាជិក។

ចំណុចនេះមានន័យថា ប្រសិនបើលោក ពូទីន ទៅកាន់ប្រទេសដែលជាសមាជិករបស់ ICC លោកអាចប្រឈមមុខនឹងហានិភ័យត្រូវចាប់ខ្លួន។ ដូច្នេះហើយ ដីកាចាប់ខ្លួននេះក៏បានដាក់កំហិតយ៉ាង​សំខាន់​លើ​សកម្មភាព​​ការ​ទូត​របស់​ប្រធានាធិបតីរុស្ស៊ី​ផង​ដែរ។

ជាការឆ្លើយតប អាជ្ញាធររុស្ស៊ីបានដាក់មនុស្សចំនួនបីនាក់ ក្នុងនោះមានលោកស្រី Akane Tomoko ក្នុងបញ្ជីត្រូវចាប់ខ្លួននៅប្រទេសរុស្ស៊ី។ ក្រោមស្ថានភាពដែលធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថាតើលោកស្រីអាចប្រឈមនឹងហានិភ័យត្រូវគេធ្វើឃាតដែរទេ លោកស្រី Akane បាន​ធ្វើ​សេចក្តី​​ថ្លែង​​ការណ៍​​ដូច​​ខាង​​ក្រោម៖

  • “ខ្ញុំបានដឹងរឿងនេះមុនទៅហើយ ជារឿងដែលជៀសមិនផុតនោះទេ។

ចៅក្រមមិនមែនមានតែខ្ញុំម្នាក់ឡើយ។

ទោះបីជាខ្ញុំស្លាប់ក៏ដោយ នៅតែមានអ្នកផ្សេងជំនួសខ្ញុំដដែល។

មនុស្សដែលអាចជំនួសខ្ញុំមានច្រើនខ្លាំងណាស់។”

តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកដែលហ៊ាននិយាយពាក្យទាំងនេះដោយដឹងថាខ្លួនកំពុង​ប្រឈម​មុខ​នឹង​ប្រធានាធិបតី ពូទីន?

មិនត្រឹមតែប្រទេសរុស្ស៊ីប៉ុណ្ណោះទេ តុលាការ ICC ក៏បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូជាមួយនឹង​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្មសង្គ្រាម​ផង​ដែរ។ បន្ទាប់ពី ICC បង្ហាញសកម្មភាពនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកដែលចាត់ទុកអុីស្រាអែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានដាក់វិធានការដាក់ទោសចំពោះមន្ត្រីតុលាការរបស់ ICC ក្នុងនោះមានលោកស្រី Akane ។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានប្រកាសផងដែរថា លោកនឹងរកមធ្យោបាយធ្វើឲ្យចុះខ្សោយ ឬរំសាយអង្គការនេះ។

ដោយសារតែលោកស្រី Akane មិនមានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក ដូច្នេះប្រហែលជាផលប៉ះពាល់ជាក់ស្តែងមានត្រឹមតែការបង្កកគណនី VISA, Mastercard ឬ គណនី Amazon ដែលលោកស្រី​កំពុង​ប្រើ​ប្រាស់​ប៉ុណ្ណោះ។

យ៉ាងណាមិញ ការដែលមនុស្សម្នាក់ត្រូវប្រធានាធិបតីអាមេរិកដាក់កំហិតសេដ្ឋកិច្ចប្រាកដជាធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចហើយ។ ប៉ុន្តែជាថ្មីម្តងទៀត លោកស្រី Akane បានបង្ហាញពីភាពក្លាហាន​​របស់​​ខ្លួន។

លោកស្រីបានប្រកាសថា៖

  • “ខ្ញុំបានដឹងរឿងនេះមុនទៅហើយ ដូច្នេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។

អ្វីដែលសំខាន់ត្រង់ថា យើងមិនអាចអនុញ្ញាតឲ្យហេតុការណ៍នេះក្លាយជាចំណុចចាប់ផ្តើមនៃការបញ្ចប់​ច្បាប់​អន្តរ​ជាតិ​នោះ​ទេ។ ការគាំទ្រពីប្រទេសជប៉ុន និងប្រជាជនជប៉ុនជា​គន្លឹះ​ដ៏​សំខាន់។”

ប្រសិនបើតុលាការ ICC រាថយ និងចុះចាញ់ ពិភពលោកនឹងវិលត្រឡប់ទៅរកសម័យកាលដែលប្រទេសមហាអំណាចប្រើឈ្មោះយុត្តិធម៌ដើម្បីគាបសង្កត់ប្រទេសដែលខ្សោយជាង។

ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ក្នុងស្ថានភាពបែបនេះ ការដែលទន់ខ្សោយ ឬចុះចាញ់មិនមែនជាជម្រើសនោះទេ។ ប៉ុន្តែដើម្បីរក្សាបាននូវឥរិយាបថម៉ឺងម៉ាត់ដូចជាលោកស្រី Akane ប្រហែលជាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់ត្រង់ថា ក្នុងចំណោមអ្នកដែលធ្លាប់ស្ថិតនៅក្រោមដីកាចាប់ខ្លួនរបស់ ICC ពី​មុន ក៏មានអ្នកខ្លះត្រូវបានប្រកាសថាគ្មានទោសបន្ទាប់ពីដំណើរការកាត់ក្តីបានបញ្ចប់។ ប្រសិន​បើថ្នាក់ដឹកនាំជឿថាសកម្មភាពរបស់ខ្លួនត្រឹមត្រូវ ពួកគេគួរតែចេញមុខនិយាយនៅចំពោះ​មុខ​តុលាការ និងការពារគោលជំហររបស់ខ្លួនតាមផ្លូវច្បាប់ ជាជាងការដែលងាកទៅរកវិធានការ​បង្ខិត​បង្ខំ ឬ​ការ​គំរាម​កំហែង ICC ។

លោកស្រី Akane និងសហការីទាំងអស់ដែលកំពុងធ្វើការនៅ ICC កំពុងខិតខំប្រឹងប្រែងការពារគោលការណ៍យុត្តិធម៌ចំពោះថ្នាក់ដឹកនាំដែលមានអំណោចបំផុតនៅលើពិភពលោក។ ពួកគេគឺ​ជា​អ្នកថែរក្សា​យុត្តិធម៌​ចុង​ក្រោយ ដើម្បីរក្សាឲ្យពិភពលោកមិនធ្លាក់​ក្នុង​សម័យ​កាល​ដែល​គ្របដណ្ដប់​ដោយ​អំពើ​ហិង្សា។

ទោះជាយ៉ាងណា ប្រសិនបើតុលាការ ICC ធ្វើអ្វីដែលជ្រុលពីសិទ្ធិអំណាចរបស់ខ្លួន នោះក៏នឹងក្លាយជាបញ្ហាធ្ងន់ធ្ងរផងដែរ។ ដូច្នេះហើយ ត្រូវការប្រទេសជាច្រើនចូលរួម ICC ហើយបង្កើតបរិយាកាសដែលបណ្តាប្រទេសជាសមាជិកអាចបញ្ចេញមតិ ជជែកវែកញែក និង​តាម​ដាន​សកម្មភាព​របស់អង្គការ​នេះ​រួម​គ្នា។

លោកស្រី Akane Tomoko កំពុងដាក់សុវត្ថិភាពរបស់ខ្លួននៅលើជញ្ជីងដើម្បី​ការ​ពារ​ច្បាប់​អន្តរ​ជាតិ។

តើប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងណាចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: