ហេតុអ្វីបានជាអាជីវកម្ម​ជប៉ុន​ស្វែង​រក​ពលករ​បរទេស​ជំនួស​ឲ្យ​ប្រជាជន​ក្នុង​ស្រុក?

ហេតុអ្វី​បាន​ជា​អាជីវកម្ម​ជប៉ុន​ស្វែង​រក​ពលករ​បរទេស​ជំនួស​ឲ្យ​ប្រជាជន​ក្នុង​ស្រុក?

បច្ចុប្បន្ននេះ មានជនបរទេសជាច្រើនដែលមានសញ្ជាតិផ្សេងៗគ្នាកំពុងធ្វើការនៅក្នុងប្រទេស​ជប៉ុន រួម​ទាំង​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ផង​ដែរ។

ជាពិសេសនៅតាមម៉ាតលក់ទំនិញក្នុងទីក្រុងធំៗ ភាគច្រើនបុគ្គលិកដែលធ្វើការនៅទីនេះជាជនបរទេស ដូច​ជា​ប្រជាជន​មីយ៉ាន់ម៉ា រៀតណាម​ជា​ដើម។

ប្រទេសជប៉ុនកំពុងប្រឈមនឹងស្ថានភាពខ្វះខាតកម្លាំងពលកម្ម។ ផ្ទុយទៅវិញ ចំនួនយុវជនដែល​មិនទៅធ្វើការបែរជាកំពុងកើនឡើង។ ចំនួននេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៧០០,០០០ នាក់ ហើយ​ភាគ​ច្រើន​ក្នុង​ចំណោម​នោះ​មាន​អាយុ​ក្រោម ៣៤ ឆ្នាំ។

ទន្ទឹមនឹងនោះ ឥឡូវនេះចំនួនពលករបរទេសនៅក្នុងប្រទេសជប៉ុនបានលើសពី ២,៥៧ លាននាក់។

បើទោះបីជាប្រជាជនជប៉ុនដែលកំពុងគ្មានការងារធ្វើសុទ្ធតែចូលរួមកម្លាំងពលកម្មក៏ដោយ ក៏ប្រហែល​ជា​មិន​គ្រប់​កម្លាំង​ពលកម្ម​នោះ​ដែរ។

ដូច្នេះហេតុអ្វីបានជាអាជីវកម្មជប៉ុនបែរជាជ្រើសយកជនបរទេសជំនួសឲ្យប្រជាជនក្នុងស្រុក?

មានមតិជាច្រើនយល់ឃើញថា មូលហេតុចម្បងដែលបណ្តាលឲ្យស្ថានភាពនេះកើតឡើងផ្តើមចេញ​ពី​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​អប់រំ​របស់​ជប៉ុន។

ចូរយើងក្រឡេកមើលឡើងវិញនូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសជប៉ុន ដើម្បីទទួលបានទស្សនៈផ្សេងទៀតជុំវិញបញ្ហានេះទាំងអស់គ្នា។

យោងតាមទ្រឹស្តី សម្រាប់អាជីវកម្មជប៉ុន ការជ្រើសរើសប្រជាជនក្នុងស្រុកមានភាពងាយស្រួលទាំង​ផ្នែក​ភាសា និង​វប្បធម៌។

ដូច្នេះហេតុអ្វីបានជាពួកគេនៅតែជ្រើសរើសជួលជនបរទេស?

មូលហេតុដោយសារតែអាជីវកម្មមើលឃើញពីបញ្ហាជាច្រើននៅពេលដែលជួលជនជាតិជប៉ុនដែលកំពុងគ្មានការងារធ្វើទាំងនោះ។ ដូច្នេះហើយ ពួកគេបានសន្និដ្ឋានថា ការដែលជួលកម្មករបរទេស​អាច​នឹង​ជា​ជម្រើស​ល្អ​ជាង។

ឧទាហរណ៍ស្ថានភាពដែលត្រូវបានគេចាត់ទុកថាកើតឡើងញឹកញាប់ចំពោះបុគ្គលិកជនជាតិជប៉ុន​មាន​ដូច​ជា៖

  • គ្រាន់តែត្រូវស្តីបន្ទោសព្រោះធ្វើខុសនឹងសុំលាឈប់ភ្លាមៗ។
  • បើទោះបីជាថ្នាក់លើបានព្យាយាមរំលឹកបុគ្គលិកតាមសម្រួលក៏ដោយ ប៉ុន្តែបុគ្គលិកស្រាប់តែសម្រេចចិត្តឈប់ធ្វើការ។
  • តែងតែទៅធ្វើការយឺត ឬឈប់សម្រាកដោយគ្មានការអនុញ្ញាត។
  • មិនមានកម្លាំងចិត្ត ឬភាពរីករាយចំពោះការងារនោះទេ។
  • គ្រាន់តែការងារពិបាក មានបញ្ហាបន្តិចបន្តួចនឹងគេចវេះ។

ទាំងនេះជាបញ្ហាបន្ទាន់មួយចំនួននៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ន។

យុវជនដែលមិនទៅធ្វើការទាំងនេះនៅតែអាចរស់នៅបានស្រួលដរាបណាមានឪពុកម្តាយផ្គត់​ផ្គង់។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​បាត់​បង់​ជំនួយ​ពី​ក្រុម​គ្រួសារ?

ជប៉ុនមានប្រព័ន្ធមួយហៅថា “ប្រាក់ឧបត្ថម្ភជីវភាព” (生活保護) ដើម្បីធានាបាននូវជីវភាពរស់​នៅ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ការ ប៉ុន្តែមិនអាចធ្វើបានក្នុងស្ថានភាពបច្ចុប្បន្ន។

ទោះជាយ៉ាងណា ប្រសិនបើចំនួនអ្នកដែលពឹងផ្អែកលើជំនួយនេះកាន់តែច្រើនឡើង ប្រព័ន្ធសន្តិសុខ​សង្គម​នេះ​ប្រាកដ​ជា​រលំ​ជា​មិន​ខាន។

ប្រហែលជាមនុស្សជាច្រើននៅតែស្រមៃគិតថា ប្រជាជនជប៉ុនជាមនុស្សដែលឧស្សាហ៍ព្យាយាមខ្លាំងណាស់។ គួរឲ្យស្តាយ នោះជារឿងអតីតកាលទៅហើយ។ ហើយគេនិយាយថា មូលហេតុដែលបណ្តាល​ឲ្យ​កើត​មានការផ្លាស់​ប្តូរ​នេះ​ទាក់​ទង​នឹង​ការ​អប់រំ។

ខ្ញុំធំដឹងក្តីនៅសម័យកាល Showa ។ នឹកចាំដល់គ្រាដែលនៅរៀន នៅពេលនោះភាគច្រើនគ្រូបង្រៀន​សុទ្ធ​តែ​តឹង​រ៉ឹង​ចំពោះ​សិស្ស។ នៅពេលដែលសិស្សធ្វើខុស ការដាក់ពិន័យគឺជារឿងធម្មតា។ ឪពុកម្តាយនៅសម័យនោះក៏​មិន​ធ្លាប់​ត្អូញ​ត្អែរ​នោះ​ដែរ ផ្ទុយទៅវិញ ពួកគេថែមទាំងបង្រៀនកូនៗ​របស់​ខ្លួន​ថា ត្រូវ​ស្តាប់​បង្គាប់​លោក​គ្រូ​អ្នក​គ្រូ។

ប៉ុន្តែនៅក្នុងសង្គមសព្វថ្ងៃនេះ មិននិយាយពីការដាក់ពិន័យនោះទេ គ្រាន់តែគ្រូបង្រៀនប្រើសំឡេង​ខ្លាំងៗ ឬស្ដីបន្ទោសប៉ុណ្ណោះទេ អាណាព្យាបាលនឹងខឹងសម្បារ ហើយរត់ទៅសាលារៀន។ ឋានៈ​របស់​គ្រូបង្រៀនកាន់តែចុះខ្សោយ រហូតដល់ថ្នាក់ពួកគេត្រូវប្រុងប្រយ័ត្ន មិនហ៊ានស្ដីបន្ទោស​សិស្ស​ទៀត​ឡើយ។

កាលសម័យរបស់ពួកខ្ញុំ នៅវិទ្យាល័យការចូលរួមក្លឹបកីឡាប្រៀបបីដូចជារឿងធម្មតាទៅហើយ។

ឥឡូវនេះ នៅពេលដែលក្រឡេកមើលឡើងវិញ វាប្រៀបបីដូចជា “ឋាននរក” ។ តាំងពីព្រឹករហូតដល់​យប់ សូម្បី​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​សុទ្ធ​តែ​ត្រូវ​ហ្វឹកហាត់។ ពួកខ្ញុំទទួលការហ្វឹកហាត់យ៉ាងតឹង​រ៉ឹង រហូតដល់ថ្នាក់ពេលខ្លះមានអារម្មណ៍ដូចជាកំពុងនៅក្នុងជួរកងទ័ព។ ប៉ុន្តែនៅពេលនោះ មនុស្សគ្រប់គ្នាចាត់ទុកវាប្រៀបបីដូចជារឿងធម្មតា។

ក្នុងពិភពរឿង Dragon Ball បន្ទាប់ពីតួអង្គជិតស្លាប់ និងរស់ឡើងវិញនឹងកាន់តែខ្លាំងជាមុនទ្វេជាពីរ។ ហើយពួកខ្ញុំក៏ដូច្នេះដែរ ឲ្យតែបានចូលគេង ហើយ​ក្នុង​ខ្លួន​ប្រសើរ​ឡើង​វិញ នៅ​ថ្ងៃ​បន្ទាប់នៅ​តែ​អាច​ហាត់​អស់ពីសមត្ថភាព។

ចំណែកឯសម័យសព្វថ្ងៃនេះ ប្រសិនបើអនុវត្តវិធីសាស្រ្តនោះប្រាកដជាក្លាយជាបញ្ហាធំជាមិន​ខាន។

ដូច្នេះហើយ លើកលែងតែសាលារៀនមួយចំនួនដែលមានទំនៀមទម្លាប់ពិន្ទុកីឡាខ្ពស់ ស្ទើរតែគ្មាន​កន្លែងណាបណ្តុះបណ្តាលសិស្សតឹងរ៉ឹងបែបនេះទៀតឡើយ។

ការអប់រំមិនមែនគ្រាន់តែជាការចែករំលែកចំណេះដឹងនោះទេ។ ការត្រៀមសម្រាប់សិស្សចូលរួមសង្គម ធ្វើ​ការ​ងារ ព្រមទាំងដឹងពីរបៀបបង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្សឲ្យបានត្រឹមត្រូវ ក៏​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះបាននៃការអប់រំនៅសាលារៀនផងដែរ។

ប្រហែលជាត្រង់ចំណុចនេះហើយ ជប៉ុនកំពុងប្រឈមនឹងសំណួរដ៏លំបាកមួយ។ នៅពេលដែលការអប់រំផ្លាស់ប្តូរ តម្លៃដែលធ្លាប់ត្រូវបានគេចាត់ទុកជារឿងធម្មតាក៏កំពុងផ្លាស់ប្តូរបន្តិចម្តងៗផង​ដែរ។ ហើយនៅពេលដែលយុវជនមួយក្រុមពិបាកសម្របខ្លួនទៅនឹងបរិយាកាសការងារ អាជីវកម្មត្រូវ​បង្ខំ​ចិត្ត​ស្វែង​រក​ជម្រើស​ផ្សេង​ទៀត។

នោះក៏ជាហេតុផលមួយដែលធ្វើឲ្យពលករបរទេសកាន់តែមានសារៈសំខាន់ចំពោះប្រទេសជប៉ុន​ផង​ដែរ។

ឈរលើទស្សនៈជាអ្នកគ្រប់គ្រង ប្រសិនបើការជួលជនបរទេសដែលអាចជួយឲ្យអាជីវកម្មដំណើរការ​បានរលូនជាងមុន ការជ្រើសយកពួកគេក៏ជារឿងដែលអាចយល់បានដែរ។

ជាការពិតណាស់ មិនអាចនិយាយថា ប្រព័ន្ធអប់រំនៅសម័យ Showa រួមទាំងទម្រង់នៃការដាក់ពិន័យ​យ៉ាង​តឹងរ៉ឹង និងហិង្សា ជាទម្រង់ដែលត្រឹមត្រូវនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ តើប្រព័ន្ធអប់រំដែលធូរ​រលុក​ពេក​អាចបង្កើតទៅជាបញ្ហានានាដែលសង្គមមិនដឹងមុនដែរទេ?

ប្រទេសជប៉ុននាពេលបច្ចុប្បន្នអាចជាគំរូសម្រាប់ប្រទេសដទៃទៀតពិចារណា។ ការអប់រំត្រូវផ្លាស់ប្តូរ​ទៅ​តាម​សម័យ​កាល ប៉ុន្តែតើត្រូវផ្លាស់ប្តូរដោយ​របៀប​ណា​ដែល​មិន​ធ្វើឲ្យយុវជនបាត់បង់សមត្ថភាព​ម្ចាស់ការ ចូល​សង្គម​ដោយ​ទំនុក​ចិត្ត – ប្រហែលជានោះទើបជាសំណួរដ៏សំខាន់។

ចុះ​ប្រទេស​របស់អ្នកវិញ? តើបាន​រក​ឃើញ​តុល្យភាព​នោះ​ហើយ​ឬ​នៅ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: