ទំនាក់​ទំនង​រវាង​សង្គ្រាម និង​ការ​អភិវឌ្ឍ​វប្បធម៌​ជប៉ុន

ទំនាក់ទំនងរវាងសង្គ្រាម និងការអភិវឌ្ឍវប្បធម៌ជប៉ុន។

ដូចដែលប្រិយមិត្តបានដឹងហើយថា ប្រទេសជប៉ុនមានវប្បធម៌ពិសេសជាច្រើន មានចំណុចមួយចំនួន​ក្នុង​ចំណោម​នោះបានក្លាយជាការពេញនិយមនៅទូទាំងពិភពលោក។ ជាពិសេសវប្បធម៌ម្ហូប​អាហារ​មាន​ដូច​ជា Sushi មី Soba មី Udon ជាដើម។ ទន្ទឹមនឹងនោះ ក្នុងវប្បធម៌ពេញនិយមមាន​ដូច​ជា​សៀវភៅ​រឿង Manga សម្លៀកបំពាក់ Kimono និងរបស់ជាច្រើន​ផ្សេង​ទៀត។

ដូច្នេះតើអ្វីទៅដែលធ្វើឲ្យវប្បធម៌ទាំងនេះរីកចម្រើនយ៉ាងខ្លាំងបែបនេះ? មានទ្រឹស្តីមួយបានបង្ហាញថា ចម្លើយស្ថិតនៅលើភាពខុសគ្នានៃដំណើរការសង្គ្រាមកើតឡើងនៅប្រទេស​ជប៉ុន។

ចូរយើងក្រឡេកមកមើលប្រវត្តិនៃការអភិវឌ្ឍវប្បធម៌ជប៉ុនតាមរយៈទំនាក់ទំនងរវាងសង្គ្រាម និង​ភាព​រីក​ចម្រើន​ខាង​វប្បធម៌។

ជាដំបូង យើងនឹងនិយាយអំពី​សង្គ្រាម​ជាមួយបរទេស។

ទីតាំងភូមិសាស្ត្ររបស់ជប៉ុនត្រូវបានហ៊ុំព័ទ្ធដោយសមុទ្រ ប្រៀបបីដូចជាបន្ទាយការពារ។ ដោយ​សារ​តែ​លក្ខណៈ​ភូមិ​សាស្ត្រ​បែប​នេះ ជប៉ុន​កម្រ​នឹង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ​ខ្លាំង​ណាស់។

ក្រៅពីនេះ ប្រទេសជប៉ុនធ្លាប់បានអនុវត្តគោលនយោបាយ “បិទកំពង់ផែ” ដោយរឹតត្បិតទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀត។

ទាំងនេះជាលក្ខខណ្ឌអំណោយផលពិសេសដើម្បីបង្កើតបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់វប្បធម៌មូល​ដ្ឋាន​រីក​ចម្រើន។

យ៉ាងណាមិញ ចំណុចដែលសំខាន់ជាងនេះគឺថាចំនួនអ្នកស្លាប់ក្នុងសង្គ្រាមមានកម្រិតទាប។

ប្រសិនបើសង្គ្រាមឆក់យកជីវិតមនុស្សច្រើនពេក មនុស្សពិបាកនឹងគិតដល់រឿងដូចជាវប្បធម៌ណាស់។ នៅ​​ពេល​ដែល​មនុស្ស​ត្រូវ​តស៊ូគ្រាន់តែដើម្បីរស់រានមានជីវិត គ្មានកន្លែងសម្រាប់វប្បធម៌អភិវឌ្ឍនោះ​ឡើយ។

វប្បធម៌ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំងបំផុតក្នុងអំឡុងសម័យកាលចំនួនពីរគឺ សម័យកាល Muromachi ដែលមានរយៈពេលប្រហែល ២៤០ ឆ្នាំ និងសម័យកាល Edo ដែលមានរយៈពេលប្រហែល ២៦០ ឆ្នាំ។

នៅសម័យ Edo ជាសម័យកាលដែលជប៉ុនត្រូវបានគ្រប់គ្រងក្រោមប្រព័ន្ធបង្រួបបង្រួម ដូច្នេះហើយ ស្ទើរ​តែ​គ្មាន​សង្គ្រាម​កើត​ឡើង​នោះ​ឡើយ។

ទន្ទឹមនឹងនោះ សម័យ Muromachi បែរជារួមបញ្ចូលទាំងសម័យកាលរដ្ឋសង្គ្រាម (Sengoku) – ជាសម័យកាលដែលប្រទេសជាតិស្ថិតក្រោមសង្គ្រាមចលាចល។ ដូច្នេះមិនអាចចាត់ទុកជាសម័យកាល​សន្តិភាពពេញលេញនោះទេ។ ហេតុនេះ កម្រិតនៃការអភិវឌ្ឍវប្បធម៌នៅសម័យ Muromachi ក៏​មិន​សូវ​ជា​អភិវឌ្ឍ​អស្ចារ្យ​ដូច​សម័យ​កាល Edo ឡើយ។

យ៉ាងណាមិញ បើទោះបីជានិយាយថាមិនស្មើក៏ដោយ ប៉ុន្តែសូម្បីតែក្នុងសម័យ Muromachi វប្បធម៌​នៅតែរីកចម្រើន។ មូលហេតុមួយក្នុងចំណោមនោះត្រូវបានគេចាតុទុកថា ចំនួនអ្នកស្លាប់​ក្នុង​សង្គ្រាម​មាន​កម្រិត​ទាប​ជាង​ការ​គិត​ទៅ​ទៀត។

ចូរយើងពិនិត្យមើលសង្គ្រាមស៊ីវិលនៅបណ្តាប្រទេសផ្សេងទៀត។

ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលអាមេរិក (American Civil War) សង្គ្រាមរវាងភាគខាងជើង និងខាងត្បូងបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ ៦០០.០០០ នាក់។

ព្រឹត្តិការណ៍សហគមន៍ប៉ារីស (Commune de Paris) នៅប្រទេសបារាំងក៏បានឆក់យកជីវិតមនុស្ស ២០០.០០០ នាក់​ផង​ដែរ។

ក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនក៏ធ្លាប់ត្រូវបានបែងចែកជាពីរក្រុមចំនួនពីរដងដើម្បីធ្វើសង្គ្រាមដែរ។

លើកទីមួយគឺសមរភូមិ Sekigahara នៅចុងសម័យរដ្ឋសង្គ្រាម ដែលត្រូវបានគេចាត់ទុកថាមានមនុស្ស​ស្លាប់​ប្រមាណ ៥០០០-១២.០០០ នាក់។

លើកទីពីរគឺសង្គ្រាម Boshin នៅចុងសម័យ Edo ដែលមានអ្នកស្លាប់ប្រមាណ ១២០០ នាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ ភាគច្រើនអ្នកដែលបានបាត់បង់ជីវិតក្នុងការប្រយុទ្ធទាំងពីរសុទ្ធតែជា​សាមូរ៉ៃ។

ក្នុងអំឡុងសម័យកាលសង្គ្រាម Boshin កងកម្លាំងយោធាសរុបរបស់ជប៉ុនត្រូវបានប៉ាន់ប្រមាណ​ថា​មាន​ប្រហែល ៨០០.០០០ នាក់ ខណៈដែលចំនួនអ្នកចូលរួមសង្គ្រាមជាក់ស្តែងមានប្រមាណតែ ៧៥.០០០ នាក់​ប៉ុណ្ណោះ។ ដូច្នេះ​យើង​អាច​មើល​ឃើញ​ថា​អត្រា​អ្នក​ស្លាប់មានកម្រិតទាប។

មិនត្រឹមតែជនស៊ីវិលរងគ្រោះតិចតួចប៉ុណ្ណោះទេ សូម្បីតែសាមូរ៉ៃ – អ្នកដែលចូលរួមប្រយុទ្ធដោយផ្ទាល់ – ក៏មានចំនួនអ្នកស្លាប់តិចតួចផងដែរ។

ភាគច្រើនសម្រាប់ប្រជាជនធម្មតានាសម័យនោះ សង្គ្រាមប្រៀបបីដូចជារឿងរបស់អ្នកដទៃ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្លួន​នោះ​ទេ។

ហើយនេះជាចំណុចមួយក្នុងចំណោមចំណុចដែលខុសគ្នាធំបំផុតរវាងសង្គ្រាមនៅជប៉ុន និងសង្គ្រាម​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត ទន្ទឹមនឹងនោះក៏ត្រូវបានចាត់ទុកថាជាកម្លាំងចលករជួយអភិវឌ្ឍ​វប្បធម៌​ជប៉ុន​ផង​ដែរ។

ជាការពិតណាស់ នៅពេលដែលរំលឹកដល់សង្គ្រាមដែលមានជនស៊ីវិលចូលរួមក្នុងទ្រង់ទ្រាយធំនៅប្រទេស​ជប៉ុន មិនអាចមិនរំលឹកដល់សង្គ្រាមលោកលើកទីពីរនោះទេ។ ហើយជាក់ស្តែង ក្នុងអំឡុង​​ពេល​​នោះ ការ​អភិវឌ្ឍ​វប្បធម៌​ស្ទើរ​តែ​លែង​ជា​អាទិភាព​ទៀត​ហើយ។

ដូច្នេះហេតុអ្វីបានជាចំនួនអ្នកស្លាប់ក្នុងសង្គ្រាមមុនៗនៅប្រទេសជប៉ុនបែរជាមានកម្រិតទាបម្ល៉េះ?

មូលហេតុ​ត្រូវ​បាន​គេ​ចាត់ទុកថា ដោយសារ​តែ​មនុស្ស​តែងតែ​ព្យាយាម​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​​មិន​​ចាំ​បាច់​​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​​បាន។

គេនិយាយថា ប្រសិនបើយើងរឹងរូសដេញតាមសម្លាប់សត្រូវ នោះកងទ័ពរបស់យើងក៏នឹងរងការ​ខាត​បង់ផងដែរ។ ដូច្នេះហើយ នៅពេលដែលលទ្ធផលឈ្នះចាញ់បានបង្ហាញយ៉ាងច្បាស់ ភាគីទាំង​សង​​ខាង​តែង​តែ​ប្តូរ​ទៅ​ចរចា។

ក្រៅពីនេះ ប្រសិនបើកងទ័ពសត្រូវរត់គេចខ្លួន កងទ័ពដែលទទួលបានជ័យជម្នះក៏មិនចាំបាច់​ដេញ​តាម​មិន​ឈប់​នោះ​ដែរ លុះត្រាតែមមនុស្សម្នាក់នោះជាមេទ័ព ឬមន្ត្រីសំខាន់។

ម្យ៉ាងវិញទៀត សូម្បីតែអ្នកដែលឈរនៅខាងភាគីម្ខាងទៀត ប្រសិនបើព្រមស្បថថានឹងស្មោះត្រង់ នៅ​តែ​ត្រូវ​បាន​ទទួល​យក​ឲ្យ​ចូល​ក្រុម។

ក្នុងល្បែងអុក Shogi (ល្បែងអុកជប៉ុន) មានច្បាប់មួយខុសគ្នាទាំងស្រុងជាមួយអុកចិន ឬ​អុក​សកល។ នោះគឺ​អ្នក​លេង​អាច​ប្រើ​កង​ទ័ព​ដែល​ដណ្តើមបាន​ពី​គូប្រកួតធ្វើជាទ័ពរបស់ខ្លួន។ តាមពិត​ទៅ គោល​គំនិត​នេះបានមកពីបទពិសោធន៍ជាក់ស្តែងក្នុងសង្គ្រាមកាលពីសម័យបុរាណរបស់​​ជប៉ុន។

ជាការពិតណាស់ ប្រសិនបើតាំងពីដំបូងសង្គ្រាមមិនកើតឡើងនៅតែល្អជាង។ ប៉ុន្តែសូម្បីតែពេលដែល​ត្រូវបង្ខំឲ្យកាន់អាវុធប្រយុទ្ធក៏ដោយ ជនជាតិជប៉ុនកាលពីសម័យបុរាណនៅតែរក្សាគោល​ការណ៍​មិន​ធ្វើឲ្យជនស៊ីវិលជាប់ពាក់ព័ន្ធនោះទេ។

ដោយសារតែបរិយាកាសមានស្ថិរភាពបែបនេះហើយ ទើបវប្បធម៌ពិសេសរបស់ជប៉ុនមានឱកាស​រីក​ចម្រើន។ ហើយ​នោះ​ក៏ជា​ប្រភព​តភ្ជាប់​មុខ​ម្ហូប​ជប៉ុន សម្លៀក​បំពាក់ Kimono ឬ​ពិភព Manga និង Anime ដែល​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ស្រលាញ់​ចូល​ចិត្ត។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា Manga និង Anime ដែលជាផលិតផលវប្បធម៌ត្រូវបានបង្កើត​ឡើងក្នុងសម័យកាលសន្តិភាព បែរជាតែងតែលើកឡើងពីប្រធានបទសង្គ្រាមទៅវិញ។

ជាទំនាក់ទំនងដែលហាក់បីដូចជាផ្ទុយគ្នា ប៉ុន្តែបែរជាពិសេសរវាងសង្គ្រាម សន្តិភាព និង​ការអភិវឌ្ឍ​វប្បធម៌​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: