ពាក្យលា​គ្នា​ដ៏ចម្លែក និង​ការ​យល់​ឃើញ​របស់​ប្រជាជន​ជប៉ុន​ចំពោះ​ការ​ជួប​គ្នា

ពាក្យលាគ្នាដ៏ចម្លែក និងការយល់ឃើញរបស់ប្រជាជនជប៉ុនចំពោះការជួបគ្នា។

មិនថានៅប្រទេស ឬភាសាណានោះទេ សុទ្ធតែមានប្រយោគ របៀបនិយាយពេលលាគ្នា។ របៀបនិយាយ​នីមួយៗ​មាន​អត្តន័យ​ដោយ​ឡែក។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថាពាក្យ “さようなら” (Sayounara) ក្នុងភាសាជប៉ុនគឺជាឃ្លាមួយ​ដែល​សូម្បី​តែ​​ប្រជាជា​ជប៉ុន​​ក៏​ពិបាក​នឹង​ពន្យល់​អត្តន័យ​របស់​វា​ដែរ​ទេ?

ឃ្លានេះបង្កប់ទៅដោយការយល់ឃើញ និងការប្រឈមមុខដ៏ពិសេសរបស់ប្រជាជនជប៉ុនចំពោះការជួបគ្នាក្នុងជីវិត។

ប្រសិនបើសាកល្បងប្រៀបធៀបរបៀបនិយាយលាគ្នាជាមួយប្រទេសផ្សេងទៀត ប្រហែលជាយើងអាចនឹងយល់បានខ្លះពីរបៀបគិតដ៏ពិសេសរបស់​ប្រជាជន​ជប៉ុន។

របៀបទីមួយ៖ ពាក្យលាគ្នាដែលបង្ហាញពីអត្តន័យចង់ជួបគ្នាម្តងទៀត។

ដំបូងរបៀបដែលប្រើច្រើនគឺជាពាក្យលាគ្នា​ដែល​បង្ហាញ​ពីក្តីសង្ឃឹមចំពោះថ្ងៃដែលជួបជុំគ្នាឡើងវិញ។

ភាសាអុីតាលី អាល្លឺម៉ង់ ឬចិន… សុទ្ធតែមានរបៀបនិយាយបែបនេះ។ ជាការពិតណាស់ ការបង្ហាញ​​ដោយ​​ផ្ទាល់​​ពី​បំណង​ចង់​ជួប​ភាគី​ម្តង​ទៀត ជា​អ្វី​ដែល​ល្អ និង​មាន​អត្តន័យ​បំផុត។

របៀបទីពីរ៖ ពាក្យលាគ្នាដែលមានវត្តមានរបស់ព្រះ។

ជារបៀបដែលប្រើច្រើនមួយផ្សេងទៀត ជាពាក្យលាដែលរំលឹកដល់ព្រះ។

មានទ្រឹស្ដីមួយបានបង្ហាញថាពាក្យ “Goodbye” ក្នុងភាសាអង់គ្លេសបានមកពីឃ្លា “God be with you” ដែលមានន័យថា “សូមព្រះជាម្ចាស់គង់ជាមួយអ្នកជានិច្ច” ។

​ក្នុង​ភាសា​បារាំងក៏មានរបៀបនិយាយស្រដៀងគ្នាដែរ ប៉ុន្តែនោះជាពាក្យដែលប្រើនៅពេលដែល​លា​មនុស្ស​ម្នាក់​ដែលប្រហែលជាមិនជួបគ្នាទៀតទេ។ ហើយប្រសិនបើជួបគ្នាម្តងទៀត គេនឹងប្រើពាក្យ​លា​គ្នា​តាម​របៀប​ទី​មួយ។

ក្នុងភាសារុស្ស៊ីក៏មានពាក្យលាគ្នាទុកសម្រាប់អ្នកដែលមិនជួបគ្នាឡើងវិញផងដែរ។ ប៉ុន្តែអត្តន័យរបស់​វា​បែរ​ជា​មាន​ន័យ​ថា “សូមអភ័យទោសឲ្យខ្ញុំផង” – ជាឃ្លាមួយដែលបង្កប់អត្តន័យធ្ងន់ធ្ងរ។

របៀបទីបី៖ ជារបៀបដែលពិសេស។

ក្នុងភាសាម៉ុងហ្គោលីមានរបៀបនិយាយដែលមានន័យថា “រួមជាមួយនឹងភាពរីករាយ” ។

ប្រហែលជាបង្កប់ន័យរង់ចាំជួបគ្នានៅថ្ងៃណាមួយដោយក្តីរីករាយ ជារបៀបនិយាយដែលប៉ិនប្រសប់។

ចំណែកឯពាក្យ “さようなら” (Sayounara) ក្នុងភាសាជប៉ុនត្រូវបានប្រើក្នុងស្ថានភាពបែប​ណា?

ចម្លើយគឺថាពាក្យនេះត្រូវបានប្រើស្ទើរតែគ្រប់ស្ថានភាពលាគ្នា។

ឧទាហរណ៍ដូចជានៅពេលដែលបញ្ចប់ការសិក្សានៅសាលា ហើយចេញពីរៀន សិស្សនៅតែនិយាយ​ថា “さようなら” ចំពោះមនុស្សដែលគេនឹងជួបគ្នានៅថ្ងៃស្អែក។

ប៉ុន្តែនៅពេលដែលចែកផ្លូវសង្សារ ​ហើយ​ដឹង​ថាចាប់ពីថ្ងៃនេះតទៅនឹងមិនអាចជួបគ្នាទៀតឡើយ ប្រជាជន​ជប៉ុនក៏ប្រើពាក្យនេះផងដែរ។

នៅតែជាពាក្យតែមួយ។

ដូច្នេះតើពាក្យលានេះមានអត្តន័យយ៉ាងណា?

ដំបូងឡើយ អត្តន័យដើមនៃឃ្លានេះគឺ “ប្រសិនបើដូច្នេះមែននោះ…” ។

???

ប្រសិនបើដូច្នេះមែន យ៉ាងម៉េចវិញ? បន្ទាប់មកយ៉ាងណា…?

គ្មាននរណាដឹងនោះទេ។

ជាចុងក្រោយ អ្វីដែលនៅសល់គ្រាន់តែជាពាក្យដែលមិនទាន់បញ្ចប់ ហើយវាបានក្លាយជាពាក្យលាគ្នារបស់ប្រជាជនជប៉ុន។

តាមពិតទៅ របៀបនិយាយនេះមានប្រភពមកពីពាក្យថា៖

“さようであるなら、これにて御免”

(Sayou de aru nara, kore nite gomen)

“បើដូច្នេះទៅហើយ សូមអនុញ្ញាតលាត្រឹមនេះ” ។

និយាយឲ្យខ្លីវាមានន័យថា៖ “ប្រសិនបើរឿងគ្រប់យ៉ាងដូច្នេះមែន ខ្ញុំសូមអនុញ្ញាតបញ្ចប់ការសន្ទនា​ត្រឹម​នេះ លា​ហើយ” ។

ប្រហែលជាដូច្នេះ។

ប្រសិនបើដូច្នេះ គួរតែទុកកន្លែង “これにて御免” – “សូមអនុញ្ញាតលាត្រឹមនេះ” – ប្រហែលជាងាយយល់ជាង។ ប៉ុន្តែមិនដឹងហេតុអ្វីបានជាប្រជាជនជប៉ុនគ្រាន់តែទុកឃ្លាភ្ជាប់ ហើយធ្វើឲ្យវាក្លាយ​ទៅ​ជា​ពាក្យ​លា​គ្នា។

ពេលក្រឡេកមើលដំបូង ចំណុចនេះហាក់បីដូចជាពិបាកយល់។ ប៉ុន្តែខ្ញុំយល់ឃើញថាវាបង្កប់ទៅដោយ​ទស្សនៈ​ដ៏​ពិសេស​របស់​ប្រជាជប៉ុន​ចំពោះ​ការ​ជួប​គ្នា​ក្នុង​ជីវិត។

ក្នុងភាសាជប៉ុនមានសុភាសិតមួយនិយាយថា៖

一期一会(いちごいちえ)- ការជួបគ្នាម្តងក្នុងជីវិត។

អត្ថន័យនៃប្រយោគ​នេះ​គឺ​សូម​ចាត់​ទុក​រាល់​ពេល​ដែល​ជួប​គ្នា​សុទ្ធ​តែ​ជា​ឳកាស​តែ​ម្តង​ក្នុង​ជីវិត ដូច្នេះ​​ចូរ​ឲ្យ​តម្លៃ​ពេល​វេលា​នីមួយៗ។

អាចនិយាយម្យ៉ាងទៀតថា ទៅមុខអាចជួបគ្នាម្តងទៀតដែរឬអត់ សម្រាប់ប្រជាជនជប៉ុនហាក់​បី​ដូច​ជា​មិន​មែន​រឿង​សំខាន់​នោះ​ទេ។

ក្រៅពីនេះ ការដែលរក្សាពាក្យភ្ជាប់អាចត្រូវបានចាតុទុកថាជារបៀបនិយាយដែលបង្កប់អត្តន័យ។ ពាក្យ​បន្ទាប់​ដែល​មិន​បាន​និយាយ​ចេញ សម្រាប់ទុកឲ្យអ្នកស្តាប់ពិចារណា និងស្រមៃគិត​ដោយ​ខ្លួន​ឯង។

ដោយមិននិយាយចេញគ្រប់យ៉ាងដែលខ្លួនចង់បង្ហាញទេ ប្រជាជនជប៉ុនតែងតែទុកចន្លោះពេលសន្ទនា ដែលអនុញ្ញាតឲ្យភាគីគិត និងយល់ដោយខ្លួនឯង។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ក្នុងចំណោម​របៀប​ទំនាក់​ទំនង​​របស់​ប្រជាជន​ជប៉ុន។

ប្រសិនបើនរណាម្នាក់យល់ឃើញថា របៀបនិយាយនេះរំខាន និងស្មុគស្មាញក៏មិនអាចបន្ទោសបានដែរ។ ហើយនេះក៏ជាចំណុចមួយក្នុងចំណោមចំណុចដែលធ្វើឲ្យជនបរទេសពេលរៀនភាសា​ជប៉ុន​ពិបាក​ផង​ដែរ។

ទោះជាយ៉ាងណា ប្រសិនបើយើងយល់ឃើញតាមទិសដៅវិជ្ជមានថា នេះជាលក្ខណៈវប្បធម៌ដោយ​ឡែក​របស់​ជប៉ុន ប្រហែល​ជាអាចធ្វើឲ្យភាសាជប៉ុនក្លាយ​ជា​ភាសា​មួយ​ដែល​ផ្តួច​ផ្តើម​ការ​ចង់​ដឹងចង់​ឃើញរបស់មនុស្ស និង​អារម្មណ៍​ជា​ច្រើន​មែន​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: