អាថ៌កំបាំងនៃដំណាក់ក្រោយរបស់កំពូលលោកមេទ័ព – ស្រីស្នំចំនួន ៣០០០ នាក់
អាថ៌កំបាំងនៃដំណាក់ក្រោយរបស់កំពូលលោកមេទ័ព – ស្រីស្នំចំនួន ៣០០០ នាក់។
ស្រដៀងគ្នាទៅនឹងគ្រួសារអធិរាជជប៉ុននាពេលបច្ចុប្បន្ននេះដែរ ត្រកូលគ្រួសារអ្នកចម្បាំងកាលពីសម័យបុរាណសុទ្ធតែផ្តោតសំខាន់លើរឿងកូនចៅស្នងមរតក។ នៅសម័យដែលវេជ្ជសាស្ត្រមិនទាន់មានការអភិវឌ្ឍ ការដែលមានកូនប្រុសដើម្បីបន្តវង្សត្រកូលគឺជារឿងដែលសំខាន់បំផុតសម្រាប់បុរស។
តំណែងដែលខ្ពស់បំផុតក្នុងចំណោមអ្នកចម្បាំងនាសម័យនោះគឺកំពូលលោកមេទ័ព (ក្នុងភាសាជប៉ុនហៅថា Shogun) ។
នៅសម័យ Edo តំណែងកំពូលលោកមេទ័ពត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ក្នុងត្រកូល Tokugawa ។
ប្រសិនបើគ្មានអ្នកស្នងតំណែង ផលវិបាកពិតជាធ្ងន់ធ្ងរណាស់។ ដូច្នេះហើយ ការរៀបចំសម្រាប់អ្នកស្នងតំណែងត្រូវបានអនុវត្តក្នុងទ្រង់ទ្រាយធំ។
ហើយនោះជាមូលហេតុដែលដំណាក់ Ooku – ដំណាក់ក្រោយរបស់កំពូលលោកមេទ័ពត្រូវបានបង្កើតឡើង។
គេនិយាយតៗគ្នាថា នៅទីនោះមានមនុស្សស្រីរស់នៅរហូតដល់ទៅ ៣០០០ នាក់ ហើយបុរសតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឲ្យចេញចូលកន្លែងនេះគឺកំពូលលោកមេទ័ព។
នៅពេលដែលស្តាប់ទៅ ដំបូងដូចជារំភើបណាស់ ប៉ុន្តែប្រសិនបើស្វែងយល់លម្អិតទាក់ទងនឹងបទប្បញ្ញត្តិនៅកន្លែងនេះ ប្រហែលជាប្រិយមិត្តអ្នកអានដែលជាបុរសនឹងពិចារណាឡើងវិញ។ ពេលខ្លះការដែលធ្វើជាកំពូលលោកមេទ័ព… មិនប្រាកដថាជារឿងដែលគួរឲ្យប្រាថ្នាចង់បាននោះទេ។
ក្នុងដំណាក់ក្រោយមានមនុស្សស្រីជាច្រើនរស់នៅ ពួកគេអាចនឹងមានរូបរាង អាយុ និងប្រវត្តិខុសគ្នា ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែមានគោលដៅសំខាន់មួយគឺបង្កើតអ្នកស្នងមរតកសម្រាប់កំពូលលោកមេទ័ព – ដែលជាអ្នកចម្បាំងនាំមុខប្រទេស។
ស្រីស្អាតច្រើនរហូតដល់ថ្នាក់ស្មានថាអាចជ្រើសរើសបានតាមចិត្ត។ ប្រសិនបើដូច្នេះ ចំនួនកូនដែលកើតមកគួរតែមានច្រើនរាប់មិនអស់ទើបត្រូវ។ យ៉ាងណាមិញ រឿងហេតុហាក់បីដូចជាមិនសាមញ្ញនោះទេ។
ព្រោះថាដំណាក់ Ooku មិនមែនជាដំណាក់ក្រោយដែលកំពូលលោកមេទ័ពអាចចេញចូលគ្រប់ពេលនោះឡើយ។
ប្រសិនបើលោកមេទ័ពចង់ទៅកាន់ដំណាក់ក្រោយត្រូវកំណត់ពេលវេលាទុកមុន។ មិនមែនចេញចូលតាមអំពើចិត្តនោះទេ។
ម្យ៉ាងវិញទៀត នៅថ្ងៃរំលឹកវិញ្ញាណក្ខន្ធលោកមេទ័ពមុនៗ ការដែលទៅកាន់ដំណាក់ក្រោយក៏ជារឿងហាមឃាត់ផងដែរ។ ដូច្នេះហើយ ជំនាន់លោកមេទ័ពក្រោយៗ ចំនួនថ្ងៃដែលហាមឃាត់កាន់តែច្រើនឡើង។
មិនត្រឹមតែប៉ុណ្ណឹង ក្នុងនាមជាលោកមេទ័ព លោកមិនអាចកំណត់ស្រីស្អាតណាម្នាក់ដែលខ្លួនចង់បាននោះទេ។ អ្នកដែលលោកអាចកំណត់បានមានតែមនុស្សស្រីដែលទទួលតួនាទីធ្វើជាអ្នកបម្រើប៉ុណ្ណោះ ដោយមើលថែតម្រូវការប្រចាំថ្ងៃរបស់លោក។
ដូច្នេះហើយ ទោះបីជានារីវ័យក្មេង និងមានមន្តស្នេហ៍ទើបតែត្រូវបានបញ្ជូនចូលដំណាក់ក្រោយក៏ដោយ លោកមេទ័ពមិនអាចកោះហៅនាងមកជួបភ្លាមៗនោះទេ។
ដំណើរការជ្រើសរើសត្រូវតែអនុវត្តតាមយ៉ាងតឹងរ៉ឹង។
បន្ទាប់មក នៅពេលដែលរើសបានមនុស្សម្នាក់ក្នុងចំណោមមនុស្សស្រីដែលគ្រប់លក្ខណៈ លោកមេទ័ព និងនាងចូលបន្ទប់ផ្ទុំ។ នៅខាងក្នុងបន្ទប់ ពូកត្រូវបានរៀបចំរួចរាល់ ហើយនៅទីនោះអ្នកទាំងពីរអាចរួមមេត្រីដូចជាប្តីប្រពន្ធ។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្នុងបន្ទប់នោះមិនមែនមានតែពួកគេទាំងពីរឡើយ។ ក្នុងបន្ទប់មានរបាំងដែលប្រើសម្រាប់ខណ្ឌបន្ទប់ ហើយនៅពីក្រោយរបាំងនោះតែងតែមានស្រ្តីចំណាស់ម្នាក់នៅទីនោះពេញមួយយប់។
មូលហេតុដែលត្រូវមានអ្នកនៅចាំយាមគឺដើម្បីបង្ការមនុស្សស្រីដែលលោកមេទ័ពផ្ទុំជាមួយឆ្លៀតឳកាសស្នើសុំលក្ខណៈនយោបាយ ដូចជាការស្នើសុំឲ្យម្នាក់នេះ ម្នាក់នោះជាដើម។
មិនអាចបដិសេធបានទេថា នេះជារឿងសំខាន់ ប៉ុន្តែត្រូវរួមមេត្រីក្នុងស្ថានភាពដែលមានមនុស្សនៅក្បែរ ស្តាប់ច្បាស់គ្រប់សកម្មភាពទាំងអស់ អាចនិយាយបានថា មិនមែនគ្រប់គ្នាសុទ្ធតែទ្រាំបាននោះទេ។
កាន់តែគិត កាន់តែយល់ឃើញថា នេះមិនមែនជាកន្លែងឯកជនសម្រាប់ការសប្បាយនោះទេ។ វាដូចជាបន្ទប់មួយដែលលោកមេទ័ពត្រូវតែបំពេញភារកិច្ចសំខាន់គឺបង្កើតកូនស្នងមរតកសម្រាប់គ្រួសារ។
ហើយប្រហែលជាអ្នកដែលត្រូវទ្រាំនឹងស្ថានភាពពិបាកបំផុតគឺលោកមេទ័ពជំនាន់ទីបី Tokugawa Iemitsu ។
លោកជាមនុស្សស្រឡាញ់ភេទដូចគ្នា។
ប្រសិនបើនៅតែបន្តបែបនេះ ការដែលមានអ្នកស្នងតំណែងកាន់តែពិបាក។
ក្រោមស្ថានភាពដ៏លំបាកបែបនេះដំណាក់ក្រោយត្រូវបានបង្កើតឡើង។ គេគិតថា ប្រសិនបើប្រមូលផ្តុំស្រីស្អាតទាំងអស់ក្នុងប្រទេស ប្រហែលជាមានមនុស្សម្នាក់អាចកែប្រែលោកមេទ័ព។ ទោះជាយ៉ាងណា លោកនៅតែពិបាកនឹងមានចិត្តស្រលាញ់មនុស្សស្រី។
យ៉ាងណាមិញ ការបង្កើតកូនស្នងតំណែងគឺជាតួនាទីសំខាន់ដែលលោកមេទ័ពមិនអាចបដិសេធបាន។ នៅទីបំផុត លោកនៅតែត្រូវស៊ូទ្រាំដើម្បីបង្កើតអ្នកស្នងតំណែង។
នោះប្រហែលជារឿងដែលពិបាកបំផុត ពិតជាគួរឲ្យអាណិតណាស់។
និយាយពីស្រីស្នំនៅដំណាក់ក្រោយគឺជារឿងមួយផ្សេងទៀត។ នៅពេលដែលមានមនុស្សស្រីជាច្រើនប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ការប្រយុទ្ធដណ្តើមគ្នានៅដំណាក់ក្រោយគឺជារឿងដែលជៀសមិនផុត។
នៅពេលដែលនរណាម្នាក់មានឈាមជ័ររបស់លោកមេទ័ព ជាពិសេសប្រសិនបើកើតបានកូនប្រុស ឋានៈរបស់ម្នាក់នោះនឹងកាន់តែខ្ពស់។
ប្រសិនបើក្មេងម្នាក់នោះធំដឹងក្តីក្លាយជាលោកមេទ័ពស្នងតំណែង តំណែងរបស់ម្តាយពិតជាខ្ពង់ខ្ពស់ខាំងណាស់។
ដូច្នេះហើយ មនុស្សស្រីដែលទទួលបានក្តីស្រលាញ់របស់លោកមេទ័ព ជាទូទៅងាយនឹងក្លាយជាគោលដៅដែលមនុស្សនៅជុំវិញច្រណែន និងធ្វើបាប។
នៅលើពិភពលោកនេះ ធ្លាប់មានព្រះមហាក្សត្រមួយចំនួនសាងសង់ដំណាក់ក្រោយសម្រាប់ការសប្បាយតាមចិត្ត។
ប៉ុន្តែសម្រាប់លោកមេទ័ពជប៉ុន ការរួមមេត្រីមិនមែនគ្រាន់តែជាការសប្បាយផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ នោះជាទំនួលខុសត្រូវដែលផ្សារភ្ជាប់នឹងជោគវាសនារបស់គ្រួសារទាំងមូល។
ប្រហែលនេះជាមូលហេតុដែលជីវិតនៅដំណាក់ក្រោយមិនមែនជារឿងរ៉ាវដែលលោមេទ័ពអាចសប្បាយព្រោះស្រីស្អាតនោះទេ។ នោះជាពិភពមួយដែលសូម្បីតែក្នុងស្ថានភាពស្និទ្ធស្នាលបំផុតក៏ត្រូវបានគ្របដណ្ដប់ដោយបែបបទ ច្បាប់ទម្លាប់ និងទំនួលខុសត្រូវ។ នៅពីក្រោយបន្ទប់ដែលហាក់បីដូចជាកន្លែងឯកជន បែរជាបង្កប់អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍បំផុតទាក់ទងនឹងជីវិតរបស់លោកមេទ័ពនាសម័យនោះ។
ហើយបន្ទាប់ពីបានដឹងច្បាស់អំពីរឿងនេះ តើប្រិយមិត្តអ្នកអានដែលជាបុរសនៅតែចង់ក្លាយជាលោកមេទ័ដែរទេ?
Abe Kengo
