អាថ៌កំបាំងទាក់​ទង​នឹង​អាកាស​យាន​ដ្ឋាន​ដែល​សាង​សង់​នៅ​លើ​សមុទ្រ​របស់​ជប៉ុន

អាថ៌កំបាំង​ទាក់​ទង​នឹង​អាកាស​យាន​ដ្ឋាន​ដែល​សាង​សង់​នៅ​លើ​សមុទ្រ​របស់​ជប៉ុន។

នៅពេលដែលការសាងសង់អាកាសយានដ្ឋានត្រូវបានបញ្ចប់នឹងដាក់ឲ្យដំណើរការ។ ការសាងសង់ត្រូវបានបញ្ចប់ យន្តហោះចាប់ផ្តើមហោះហើរ និង​ចុះ​ចត ភ្ញៀវ​ចេញ​ចូរ​ច្រើន – ជាមូលដ្ឋាននោះជាពេលដែលដំណើរការសាងសង់ត្រូវបានបញ្ចប់។

ប៉ុន្តែនៅប្រទេសជប៉ុន មានអាកាសយានដ្ឋានមួយដែលផ្ទុយស្រឡះទាំងស្រុងនឹងចំណុចនេះ។ ទោះ​បីជាត្រូវ​បាន​សម្ពោធ និង​ដាក់​ឲ្យ​ដំណើរ​ការ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ទីនេះ​នៅ​តែ​បន្ត​សាង​សង់។

នោះគឺជាអាកាសយានដ្ឋានអន្តរជាតិ Kansai នៅ Osaka ប្រហែលជាភាគច្រើនយើងទាំងអស់គ្នាធ្លាប់ប្រើប្រាស់អាកាសយានដ្ឋាននេះ។ មើលពីខាងក្រៅ នេះជាអាកាសយានដ្ឋានដែលបានបញ្ចប់ការសាងសង់។ ប៉ុន្តែជាក់ស្តែងនៅតែស្ថិតក្នុងស្ថានភាព “មិនទាន់បញ្ចប់” ព្រោះការងារសាងសង់ និងការពង្រឹងនៅតែបន្ត។

អាកាសយានដ្ឋានអន្តរជាតិ Kansai ចាប់ផ្តើមដាក់ឲ្យដំណើរការចាប់ពីឆ្នាំ ១៩៩៤ ។ នេះ​ជា​អាកាស​យាន​ដ្ឋាន​​មួយ​​ដែលត្រូវបានសាងសង់ឡើងនៅកណ្តាលសមុទ្រ ប៉ុន្តែមូលដ្ឋានគ្រឹះ​ភូគព្ភសាស្ត្រនៅ​តំបន់​នេះមិន​រឹង​មាំ​នោះ​ទេ។

នៅខាងក្រោមអាកាសយានដ្ឋានមានស្រទាប់ដីឥដ្ឋក្រាស់ដែលផ្ទុកទឹកច្រើន។ មុនពេល​សាង​សង់ គេបានព្យាយាមបង្ហូរទឹកក្នុងបរិមាណច្រើនចេញពីស្រទាប់ដីនេះ ប៉ុន្តែនៅតែមិនអាចបង្ហូរចេញ​ទាំង​ស្រុង។ ហើយនៅពេលដែលសំណង់ដ៏ធំមួយដូចជាអាកាសយានដ្ឋានត្រូវបានសាងសង់ពី​លើ ទម្ងន់​ដោយផ្ទាល់របស់វានឹងធ្វើឲ្យដីស្រុតចុះ។

ដូច្នេះហើយ តាំងពីដំបូងអាកាសយានដ្ឋានត្រូវបានសាងសង់ និងដំណើរការដោយមានការសន្មត់​ថា ដីនឹងបន្តស្រកចុះជារៀងរាល់ឆ្នាំ ដែលមានន័យថា វិធានការទប់ស្កាត់ត្រូវបន្តអនុវត្តជាបន្ត​បន្ទាប់។

អាចនិយាយបានថា អាកាសយានដ្ឋាន​​ត្រូវ​បាន​សាងសង់​រួច​រាល់ និង​ដាក់​ឲ្យ​ដំណើរការ ប៉ុន្តែ… មិន​ធ្លាប់​ត្រូវ​បាន​បញ្ចប់​​ជា​​ស្ថាពរ​​ឡើយ នេះ​ជា​គម្រោង​ដ៏​កម្រ។

គម្រោងនេះត្រូវបានបែងចែកជាពីរដំណាក់កាលសាងសង់ (កោះសិប្បនិម្មិតពីរ)។

រហូតមកដល់បច្ចុប្បន្ន កោះសិប្បនិម្មិតនៃដំណាក់កាលទីមួយបានស្រកចុះប្រហែល ១៣,៧ ម៉ែត្រ ខណៈ​ដែលកោះនៃដំណាក់កាលទីពីរបានស្រកចុះរហូតដល់ទៅ ១៧,៦៧ ម៉ែត្រ។ ហើយអ្វីដែលគួរឲ្យ​កត់​សម្គាល់​រហូត​មក​ដល់​ពេល​នេះ​ការ​ស្រក​ចុះ​នៅ​តែ​បន្ត។

បច្ចុប្បន្នអាកាសយានដ្ឋានទាំងមូលមានកម្ពស់ប្រហែលពី ៥ ទៅ ៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ដោយតំបន់ខ្លះមានកម្ពស់ត្រឹមតែ ១,៤ ម៉ែត្រពីផ្ទៃទឹក។ ជាមួយនឹងកម្ពស់បែបនេះ ប្រសិន​បើគ្មានវិធានការត្រួតពិនិត្យជាបន្តបន្ទាប់នោះទេ សំណង់អាចប្រឈមនឹង​ហានិភ័យ​លិច​លង់​ដោយទឹក​សមុទ្រ​តាម​ពេល​វេលា។

ទោះជាយ៉ាងណា អាកាសយានដ្ឋាននៅតែកំពុងដំណើរការដោយសុវត្ថិភាពធម្មតា។ មូលហេតុដោយ​សារ​តែដំណើរការពង្រឹង និង​កែសម្រួល​គ្រឹះ​នៅតែដំណើរការជានិច្ច។

តាមពិតទៅ ស្ថានភាពស្រុតដីនេះត្រូវបានព្យាករណ៍ទុកមុនតាំងពីដំបូងមកម្ល៉េះ។ ដូច្នេះហើយ សសរ​ទ្រ​អាកាស​យាន​ដ្ឋាន​សុទ្ធ​តែត្រូវបានបំពាក់ឧបករណ៍លើកដូយ (jack) ។ ដីមិនស្រុតចុះស្មើៗគ្នានៅតាមកន្លែងទាំងអស់​នោះ​ទេ ប៉ុន្តែប្រព័ន្ធអាចរកឃើញកម្រិតផ្អៀងរបស់សំណង់ និងធ្វើដំណើរការលើកនៅត្រង់ចំណុច​ដែល​ចាំ​បាច់។

យ៉ាងណាមិញ ឧបករណ៍លើកដូយក៏មានដែនកំណត់កម្ពស់ផងដែរ។ ដូច្នេះហើយ នៅកន្លែងដែលស្រុតខ្លាំង ត្រូវប្រើវិធីសាស្ត្រមួយផ្សេងទៀតគឺបន្ថែមដីពីខាងលើ ទើបបន្ទាបប្រដាប់លើកចុះដើម្បី​បន្ត​កែ​តម្រូវ​កម្ពស់​របស់​សំណង់។

ដំណើរការសាងសង់នេះនៅតែបន្តជាបន្តបន្ទាប់។

ជាគោលការណ៍ អាកាសយានដ្ឋានត្រូវតែសាងសង់នៅលើដីដែលមានស្ថេរភាព។ ទោះបីជា​សាង​សង់​នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ នៅតែមានតំបន់ខ្លះមានផ្ទៃដីរឹងមាំ។ ប៉ុន្តែច្បាស់ណាស់តំបន់ដែល​ត្រូវបានជ្រើសរើសសម្រាប់អាកាសយានដ្ឋាន Kansai មិនស្ថិតក្នុងករណីនេះឡើយ។ ការទទូច​លើ​ការ​សាង​សង់​នៅ​ទី​នោះគឺជាបញ្ហាប្រឈមដ៏ធំមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែដឹងតាំងពីដំបូង។

ដូច្នេះហេតុអ្វីបានប្រជាជនជប៉ុនបែរជាជ្រើសយកផ្លូវដ៏លំបាកគឺសាងសង់អាកាសយានដ្ឋាននៅ​លើ​សមុទ្រ?

ចម្លើយគឺដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់តំបន់លំនៅដ្ឋានជុំវិញ ជាពិសេសសំឡេងរំខាន។

យន្តហោះធំមានសំឡេងម៉ាសុីនខ្លាំងណាស់ នៅពេលដែលហោះហើរ និងចុះចត សំឡេងរំខានអាច​កើន​ឡើងប្រហែល ៩០ ទៅ ១០០ ដេស៊ីបែល (dB)។ កម្រិតនេះស្មើនឹងសំឡេងស៊ីរ៉ែនរថយន្ត ឬសំឡេង​រថភ្លើង​ឆ្លង​កាត់​ក្រោម​ស្ពាន​អាកាស។

នោះក៏ជាមូលហេតុដែលអាកាសយានដ្ឋានជាច្រើនត្រូវបានសាងសង់នៅឆ្ងាយពីតំបន់ទីក្រុងដើម្បី​ការ​ពារ​ភាព​ស្ងប់​ស្ងាត់​របស់​ទីក្រុង។ ប៉ុន្តែនៅពេលដែលអាកាសយានដ្ឋាននៅឆ្ងាយពីទីក្រុងពេក បញ្ហាចរាចរណ៍ និងភាពងាយស្រួលប្រែជាពិបាក។

មិនត្រឹមតែប៉ុណ្ណឹង ជាទូទៅឧប្បត្តិហេតុទាក់ទងនឹងយន្តហោះច្រើនតែកើតឡើងក្នុងអំឡុងពេល​ហោះ​ឡើង និង​ចុះ​ចត។ ប្រសិនបើអាកាសយានដ្ឋានមានទីតាំងនៅជិតតំបន់លំនៅដ្ឋានដែលមាន​ប្រជាជន​រស់​នៅ​ច្រើន ការខូចខាតបន្ទាប់បន្សំចំពោះប្រជាជននឹងធ្ងន់ធ្ងរខ្លាំងណាស់។

ដើម្បីដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ – ដូចជាសំឡេងរំខាន ចរាចរណ៍ រហូតដល់សុវត្ថិភាព – ជប៉ុនបានជ្រើសយកបញ្ហាប្រឈមដើម្បីសាងសង់អាកាសយានដ្ឋាននៅលើសមុទ្រ។

អាចនិយាយបានថា នេះជាគំនិតបែប “ជប៉ុន” – ស្មុគស្មាញ ជ្រុលហួសហេតុរហូតដល់ថ្នាក់ត្រូវគិត​​ច្រើន​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហានីមួយៗ។

យ៉ាងណាមិញ អាកាសយានដ្ឋាននេះក៏ធ្លាប់ជួបប្រទះនឹងឧប្បត្តិហេតុធំមួយផងដែរ។

ទោះជាយ៉ាងណា ហេតុការណ៍នោះមិនទាក់ទងនឹងរឿងព្រលានយន្តហោះស្រុតនោះទេ ប៉ុន្តែបែរជាកើតឡើងនៅត្រង់ស្ពានដែលតភ្ជាប់អាកាសយានដ្ឋានទៅកាន់ដីគោក។

នៅឆ្នាំ ២០១៨ ព្យុះដ៏ធំមួយបានវាយប្រហារតំបន់នោះ។ នាវាដឹកប្រេងខ្នាតធំមួយគ្រឿងដែល​ចត​នៅ​ទី​នោះត្រូវខ្យល់បក់ខ្លាំង ចរន្តទឹកបោកបក់ទៅឆ្ងាយ ហើយបុកនឹងស្ពាន។ ទាំងចរាចរណ៍ផ្លូវ​ដែក និង​ផ្លូវថ្នល់សុទ្ធតែផ្អាក ដែលធ្វើឲ្យមនុស្សប្រហែល ៧៨០០ នាក់ជាប់គាំងនៅអាកាស​យាន​ដ្ឋាន ដោយ​មិន​អាច​ចាក​ចេញ​បាន។

ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតគឺមិនមាននរណាម្នាក់រងរបួសនោះទេ។

ថ្វីត្បិតតែ នេះជាគ្រោះថ្នាក់ដ៏កម្រ និងមិននឹកស្មានដល់ក៏ដោយ ប៉ុន្តែភ្លាមៗនោះវិធានការត្រូវបាន​​ដាក់​ចេញ​ជា​បន្ត​បន្ទាប់។ ឧទាហរណ៍ដូចជាហាមឃាត់កប៉ាល់ចូលតំបន់ដែលកំពុងមានព្យុះ។

មិនថាស្ថានភាពបែបណាកើតឡើងនោះទេ ស្វែងរកមធ្យោបាយទប់ទល់ និងដោះស្រាយតែងតែជាលក្ខណៈរបស់ប្រជាជនជប៉ុន។ ក្នុងបរិបទនោះ បញ្ហាដែលត្រូវបានព្យាករណ៍ទុកមុនដូចជាបញ្ហា​ស្រុត​ដី ពួក​គេ​ចាត់ទុកនោះគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ។

អាកាសយានដ្ឋានអន្តរជាតិ Kansai អាចនឹងមើលទៅដូចជាអាកាសយានដ្ឋានទំនើបៗដទៃទៀត​ដែរ។ យន្តហោះហោះឡើង និងចុះចតជាប្រចាំ អ្នកដំណើរប្រញាប់ប្រញាល់ឆ្លងកាត់ស្ថានីយដ៏ធំ​ទូលាយ​ជាមួយនឹងវ៉ាលីរបស់ពួកគេ ហើយគ្រប់សកម្មភាពនៅតែដំណើរការធម្មតា។ ប៉ុន្តែនៅពីក្រោយ​ទិដ្ឋភាព​ដែល​ហាក់​បី​ដូច​ជា​មានស្ថេរភាពនោះ ផ្ទៃដីនៅតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

អាកាសយានដ្ឋានដែលត្រូវបានសាងសង់នៅលើសមុទ្រ នៅលើផ្ទៃដីដែលដឹងមុនថានឹងស្រុត ហើយ​​ត្រូវ​បាន​បន្ត​ដោយ​ដំណើរ​ការ​កែសម្រួល និង​ការ​ពង្រឹង​ជា​បន្ត​បន្ទាប់។ ប្រហែល​នោះ​ជាអ្វីដែល​ធ្វើ​​ឲ្យ​​កន្លែង​នេះ​​ក្លាយ​ជា​ចំណុច​ពិសេស។

ពេលខ្លះ បច្ចេកទេសមិនមែនជាការសាងសង់សំណង់​ដែល​អាច​ឈរ​នៅ​ស្ងៀមជារៀងរហូតនោះទេ ប៉ុន្តែដឹងមុនថាវានឹងផ្លាស់ប្តូរ ហើយ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ត​ដោយ​សុវត្ថិភាព។

ដូច្នេះហើយ ប្រសិនបើមានឱកាសទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kansai សូមក្រឡេកមើលកន្លែងនេះម្តងទៀត! ខ្ញុំជឿថា បន្ទាប់ពីបានអានរឿងនេះ អ្នកទាំងអស់គ្នានឹងមានការគិតផ្សេង​​ទៀត​​ទាក់​​ទង​​នឹង​ស្ថាបត្យ​កម្ម​របស់​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: