តើសាច់គោសិប្បនិម្មិតសមនឹងអ្នកហូបបួសដែរទេ?
តើសាច់គោសិប្បនិម្មិតសមនឹងអ្នកហូបបួសដែរទេ?
ស្តេកមួយចាន សាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ឬហាំប៊ឺហ្គឺដែលមានរសជាតិឆ្ងាញ់។
ថ្វីត្បិតតែ ខ្ញុំយល់អំពីទស្សនៈដែលថា “កុំសម្លាប់សត្វមានជីវិត” ដែលអ្នកកំពុងហូបបួសចង់បាន សម្រាប់អ្នកដែលចូលចិត្តសាច់គោ ប្រហែលជាពិបាកនឹងទប់អារម្មណ៍ចំពោះមុខម្ហូបទាំងនេះខ្លាំងណាស់ ខ្ញុំផ្ទាល់ក៏ដូច្នេះដែរ។
ប៉ុន្តែប្រសិនបើមានប្រភេទសាច់គោដែលផលិតឡើងដោយមិនចាំបាច់សម្លាប់សត្វគោ តើប្រិយមិត្តទាំងអស់គ្នាចង់ភ្លក់ដែរទេ?
ស្តាប់ទៅដូចជារឿងនៅពេលអនាគត ប៉ុន្តែបច្ចេកវិទ្យានេះកំពុងត្រូវបានអនុវត្តបន្តិចម្តងៗ។ នៅប្រទេសជប៉ុន រោងចក្រផលិតសាច់គោបណ្តុះចេញពីកោសិកាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនាខែមករា ឆ្នាំ ២០២៨ – ដោយមានគោលបំណងផលិតសាច់តាមទម្រង់ខុសគ្នាទាំងស្រុងនឹងអ្វីដែលយើងបានដឹង។
សាច់នៅតែជាសាច់គោ អាចចម្អិនទៅជាស្តេក សាច់អាំងជាដើម… ប៉ុន្តែសត្វគោនៅតែនៅរស់។
ដូច្នេះហើយ តើប្រភេទ “សាច់គោដែលមិនចាំបាច់សម្លាប់សត្វគោ” នេះត្រូវបានផលិតឡើងយ៉ាងដូចម្តេច? តើវាពិតជាអាចក្លាយជាជម្រើសសាច់ដែលអ្នកហូបបួសអាចបរិភោគបានដែរទេ?
សាច់គោបណ្តុះចេញពីកោសិកាដោយមិនចាំបាច់កាប់សាច់ ឬសម្លាប់សត្វគោ។
ដំណើរការផលិតចាប់ផ្តើមដោយការយកកោសិកាសាច់ដុំ និងខ្លាញ់ពីសត្វគោទៅបណ្តុះកោសិកា។ បន្ទាប់មក ដោយប្រើបច្ចេកវិទ្យាពិសេស គេបំលែងទៅជាសរសៃ ហើយប្រើម៉ាសុីនបោះពុម្ព 3D ដើម្បីលាយបញ្ចូលគ្នារវាងសាច់ដុំ និងខ្លាញ់ ដើម្បីបង្កើតបានជាបំណែកសាច់គោ។
ដូច្នេះហើយ ទាំងបរិមាណខ្លាញ់ និងតុល្យភាពខ្លាញ់សុទ្ធតែអាចគ្រប់គ្រងបាន។ ឧទាហរណ៍ដូចជាគេអាចកែតម្រូវដោយផ្តល់អាទិភាពសម្រាប់ប្រភេទសាច់ដែលធ្វើជាស្តេក ចំណែកឯសាច់ដែលយកទៅអាំងអាចបង្កើនបរិមាណខ្លាញ់ច្រើនជាង។
ម្យ៉ាងវិញទៀត ដោយសារតែនេះជាដំណើរការបណ្តុះកោសិកា ដូច្នេះទាក់ទងនឹងគ្រឿងផ្សំ នេះជាសាច់គោពិតៗ។
ប្រភេទសាច់គោ “ក្នុងក្តីស្រមៃ” នេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតសាកល្បងនាខែមករា ឆ្នាំ ២០២៨ ។
ខ្សែសង្វាក់ផលិតកម្មនឹងត្រូវបានសាងសង់ឡើងស្របតាមស្តង់ដារ HACCP – ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារអន្តរជាតិ។
ទោះបីជាក្នុងដំណាក់កាលនេះនៅតែមិនទាន់ធ្វើពាណិជ្ជកម្ម យ៉ាងណាមិញ ក្រុមអភិវឌ្ឍកំពុងខិតខំប្រឹងប្រែងឆ្លងកាត់បទប្បញ្ញត្តិជាច្រើន ដើម្បីដាក់លក់ផលិតផល និងចរាចរណ៍នៅលើទីផ្សារ។
នៅប្រទេសដូចជាសិង្ហបុរី សាច់គោសិប្បនិម្មិតក៏បានបង្ហាញខ្លួនផងដែរ។ ទោះជាយ៉ាងណា ជាទូទៅផលិតផលទាំងនេះជាប្រភេទសាច់កិន ផលិតពីសណ្តែកសៀង និងគ្រឿងផ្សំផ្សេងទៀត ដូច្នេះត្រូវបានចាត់ទុកជាប្រភេទ “សាច់ជំនួស” ។ ប្រសិនបើធ្វើហាំប៊ឺហ្គឺពិតជាសាកសមខ្លាំងណាស់ ប៉ុន្តែបើធ្វើស្តេក ឬ yakiniku ពិបាកនឹងទទួលយកបាន។ ទន្ទឹមនឹងនោះ ប្រភេទសាច់ដែលផលិតនៅប្រទេសជប៉ុនមានរូបរាងដូចសាច់គោទូទៅ ដូច្នេះសាកសមសម្រាប់ធ្វើស្តេក និង yakiniku ។
ការចិញ្ចឹមសត្វគោតម្រូវឲ្យមានបរិមាណទឹក ចំណី និងការថែទាំយ៉ាងច្រើន ដែលមានរយៈពេលពីពីរឆ្នាំកន្លះទៅបីឆ្នាំ។
ក្រៅពីនេះ សត្វគោតែងតែភើញឹកញាប់ ហើយឧស្ម័នមេតាន (methane) ក្នុងពេលភើរបស់ពួកវាជាប្រភេទឧស្ម័នដែលបណ្តាលឲ្យមានផលប៉ះពាល់ផ្ទះកញ្ចក់។ ដូច្នេះហើយ កាលណាគោត្រូវបានចិញ្ចឹមកាន់តែច្រើន ការបង្កផលប៉ះពាល់ដល់បរិស្ថានកាន់តែខ្ពស់។
កាលពីមុន ដើមឡើយប្រជាជនជប៉ុនមិនមែនជាជនជាតិដែលមានទម្លាប់បរិភោគសាច់ច្រើននោះទេ។
ចាប់តាំងពីសម័យមេជី នៅពេលដែលដំណើរការធ្វើទំនើបកម្មកើនឡើងខ្លាំង ប្រជាជនជប៉ុនចាប់ផ្តើមបរិភោគសាច់គោ។ គិតរហូតមកដល់ពេលនេះ ត្រឹមរយៈពេលប្រហែល ១៥០ ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងរយៈពេលត្រឹមតែ ១៥០ ឆ្នាំយ៉ាងខ្លី ប្រទេសជប៉ុនបានបង្កើតម៉ាកយីហោ wagyu – ដែលជាពូជសាច់គោឈានមុខគេនៅលើពិភពលោក – ទន្ទឹមនឹងនោះទទួលយកវប្បធម៌សាច់អាំងពីប្រទេសកូរ៉េ ហើយអភិវឌ្ឍតាមរបៀបដោយឡែករបស់ខ្លួន។
ហើយឥឡូវនេះ ជប៉ុនកំពុងឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសដំបូងលើពិភពលោកខាងវិស័យផលិតសាច់គោបណ្តុះកោសិកា។
ដោយក្រឡេកទៅមើលដំណើរការនេះ ប្រហែលជាយើងអាចយល់បានថាប្រជាជនជប៉ុនចូលចិត្តសាច់គោដល់កម្រិតណា។
បច្ចេកវិទ្យាសាច់បណ្តុះកោសិកាកំពុងពង្រីកទិសដៅថ្មីសម្រាប់វិស័យឧស្សាហកម្មម្ហូបអាហារ។ ជាក់ស្តែង កាត់បន្ថយការពឹងផ្អែកលើការចិញ្ចឹមសត្វតាមបែបប្រពៃណី សន្សំសំចៃធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ទោះជាយ៉ាងណា រឿងនេះមិនមែនគ្រាន់តែជាការផលិតសាច់គោដោយមិនចាំបាច់សម្លាប់សត្វប៉ុណ្ណោះទេ។ ព្រោះទោះបីជាត្រូវបានផលិតក្នុងមន្ទីរពិសោធន៍ក៏ដោយ សាច់បណ្តុះកោសិកានៅតែមានប្រភពមកពីកោសិកាសត្វ។ ដូច្នេះហើយ តើវាពិតជាសមស្របនឹងទស្សនៈនៃការហូបបួសដែរទេ គឺអាស្រ័យលើនិយមន័យ និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ។
Abe Kengo
