ពិធីបុណ្យសែនព្រះខែនៅជប៉ុនកាលពីបុរាណ និងបច្ចុប្បន្ន
ពិធីបុណ្យសែនព្រះខែនៅជប៉ុនកាលពីបុរាណ និងបច្ចុប្បន្ន។
ក្នុងអំឡុងពេលនេះយើងកំពុងត្រៀមចូលដល់រដូវបុណ្យសែនព្រះខែ។
នៅតាមហាងមានលក់នំសែនព្រះខែ ដែលធ្វើឲ្យយើងទាំងអស់គ្នាមើលឃើញកាន់តែច្បាស់ថា រដូវស្លឹកឈើជ្រុះកំពុងមកដល់។
ចុះនៅប្រទេសជប៉ុនយ៉ាងម៉េចវិញ? តើពិធីបុណ្យសែនព្រះខែរបស់ជប៉ុនកាលពីសម័យបុរាណ និងបច្ចុប្បន្នបានផ្លាស់ប្តូរយ៉ាងដូចម្តេច?
ចូរយើងក្រឡេកមកមើលវប្បធម៌ដែលធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹង JAPO ទាំងអស់គ្នា។
កាលពីសម័យមុន ប្រជាជនជប៉ុនមានទំនៀមទម្លាប់មើលព្រះច័ន្ទដែលគេហៅថា お月見 (Otsukimi) – ទំនៀមទម្លាប់មើលព្រះច័ន្ទ។
គេនាំគ្នារៀបចំនំ dango សម្រាប់សែន ហើយគយគន់ព្រះច័ន្ទ។ ជាពិធីបុណ្យដែលស្ងប់ស្ងាត់ ល្អប្រពៃ និងមានលក្ខណៈបែបជប៉ុន។
ក្នុងអំឡុងពេលនេះព្រះច័ន្ទត្រូវបានគេហៅថា “中秋の名月” (Chushu no Meigetsu) – “ព្រះច័ន្ទដ៏ស្រស់ស្អាតនៅយប់បុណ្យសែនព្រះខែ” ព្រោះមនុស្សកាលពីសម័យមុនជឿថា នេះជាពេលវេលាដែលព្រះច័ន្ទស្អាតបំផុតក្នុងមួយឆ្នាំ។
ធ្លាប់មានរឿងដ៏ល្បីមួយនិយាយពីអ្នកនិពន្ធដ៏អស្ចារ្យរបស់ជប៉ុន Natsume Soseki ។
គេនិយាយថា នៅពេលបកប្រែឃ្លាជាភាសាអង់គ្លេស “I love you” លោកបានបកវាទៅជា៖
“月が綺麗ですね – (Tsuki ga kirei desu ne!)
ប្រែថា៖ – “ព្រះច័ន្ទយប់នេះពិតជាស្អាតណាស់” ។
ដូចដែល JAPO បានលើកឡើងពីមុនមក ក្នុងវប្បធម៌ជប៉ុន មនុស្សពេលខ្លះមិនអាចនិយាយពាក្យស្រលាញ់ដោយផ្ទាល់នោះទេ ប៉ុន្តែបង្ហាញពីក្តីស្រលាញ់តាមរយៈពាក្យពេចន៍បង្កប់អត្តន័យ។
ការដែលយកព្រះច័ន្ទសម្រាប់បង្ហាញពីក្តីស្រលាញ់ឃើញថាកាលពីសម័យមុន ព្រះច័ន្ទមានភាពស្រស់ស្អាត និងអាថ៌កំបាំងយ៉ាងណា។
ទោះជាយ៉ាងណា នោះជារឿងកាលពីអតីតកាលទៅហើយ។
ចូរយើងត្រឡប់មកជប៉ុននាសម័យបច្ចុប្បន្នវិញ។
សព្វថ្ងៃនេះ នៅតាមដងផ្លូវមានពន្លឺភ្លើងរហូតដល់យប់ជ្រៅ។ អគារខ្ពស់ៗព័ទ្ធជុំវិញ ហើយមនុស្សក៏លែងមានទម្លាប់សម្លឹងទៅលើមេឃទៀតដែរ។
ពិតជាគួរឲ្យស្តាយណាស់ដែលទំនៀមទម្លាប់ប្រពៃណីមើលព្រះច័ន្ទដ៏ស្រស់ស្អាតរបស់ជប៉ុនកាលពីបុរាណកំពុងតែបាត់បង់បន្តិចម្តងៗ និងស្ទើរតែបាត់បង់ក្នុងជីវិតរបស់ប្រជាជនជប៉ុននាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ រឿងមួយផ្សេងទៀតបានលេចឡើង នោះគឺ Tsukimi Burger – នំប៉័ងប៊ឺហ្គឺគយគន់ព្រះច័ន្ទ – ជាផលិតផលប៊ឺហ្គឺដែលមានកំណត់តាមរដូវកាលដ៏ល្បីបំផុតនៃខ្សែសង្វាក់អាហាររហ័ស McDonald’s ក្នុងប្រទេសជប៉ុន។
McDonald’s បានប្រដូចរូបភាពស៊ុតចៀនរាងមូលដូចជាព្រះច័ន្ទ រួចដាក់ក្នុងនំប៉័ងហាំប៊ឺហ្គឺ ហើយហៅថា “Tsukimi Burger” ។
ជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃខ្លាំងណាស់។
ដោយសារតែយុទ្ធសាស្ត្រនេះត្រូវបានធ្វើឡើងវិញជារៀងរាល់ឆ្នាំ យូរៗទៅក្លាយជាទម្លាប់ ដូច្នេះនៅពេលដែលរដូវស្លឹកឈើជ្រុះមកដល់ ក្នុងគំនិតរបស់ប្រជាជនជប៉ុនបែរជាចង់បរិភោគ Tsukimi Burger ។
ហើយខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនជប៉ុនទាំងនោះផងដែរ។
ទោះបីជាខ្ញុំបានចាកចេញពីប្រទេសជប៉ុន និងកំពុងរស់នៅប្រទេសវៀតណាម ប៉ុន្តែនៅពេលដែលមើលឃើញនំព្រះខែ ខ្ញុំតែងតែនឹកឃើញដល់ Tsukimi Burger ។
ភាពជោគជ័យនេះទំនងជាលើសពីការរំពឹងទុក ដែលបានជម្រុញឲ្យម៉ាកយីហោផ្សេងទៀតចាប់ផ្តើមដាក់ឲ្យដំណើរការយុទ្ធសាស្រ្តស្រដៀងគ្នា។
មិនត្រឹមតែ McDonald’s ប៉ុណ្ណោះទេ ហាងប៊ឺហ្គឺជាច្រើនផ្សេងទៀតក៏បានដាក់ចេញផលិតផល “Tsukimi” នេះផងដែរ។ សូម្បីតែភោជនីយដ្ឋានគ្រួសារក៏ដាក់ស៊ុតចៀននៅលើសាច់ចិញ្ច្រាំ hamburg ហើយហៅមុខម្ហូបនោះថា “Tsukimi” ។
តាមពិតទៅ មុខម្ហូបទាំងនេះគ្រាន់តែជាប៊ឺហ្គឺ ឬសាច់ចិញ្ច្រាំដែលមានស៊ុតប៉ុណ្ណោះ។ យ៉ាងណាមិញ ដោយធ្វើឲ្យវាក្លាយទៅជាមុខម្ហូបមានកំណត់តាមរដូវកាល ពួកគេបង្កើតបានជាអារម្មណ៍ “មុខម្ហូបរដូវបុណ្យសែនព្រះខែ” សម្រាប់ភ្ញៀវ។
តាមពិតទៅ មិនចាំបាច់បរិភោគនៅពេលនេះនោះទេ ពួកគេអាចដាក់បញ្ចូលក្នុងម៉ឺនុយមុខម្ហូបពេញមួយឆ្នាំ ប៉ុន្តែពួកគេបែរជាមានចេតនាលក់ក្នុងបរិមាណមានកំណត់តាមរដូវកាល។
ពីទំនៀមទម្លាប់មើលព្រះច័ន្ទដ៏ស្រស់ស្អាតកាលពីសម័យមុន វប្បធម៌ជប៉ុនបានផ្លាស់ប្តូរពិធីបុណ្យនេះក្លាយទៅជាចំណង់ចំណូលចិត្តធ្វើម្ហូបអាហារ។
ប្រជាជនជប៉ុនបានផ្លាស់ប្តូរទំនៀមទម្លាប់មើលព្រះច័ន្ទដ៏ស្រស់ស្អាតក្លាយទៅជារដូវកាលទទួលទានអាហារមិនដឹងតាំងពីពេលណា។
នៅពេលខ្លះខ្ញុំក៏ធ្លាប់សួរខ្លួនឯងដែរថា មិនដឹងថាវប្បធម៌ជប៉ុនដូចនេះល្អដែរអត់ទេ? ប៉ុន្តែប្រហែលជាយ៉ាងហោចណាស់ពាក្យ “Tsukimi” នៅតែមិនទាន់បាត់បង់នោះទេ។ ប្រហែលជាចំណុចនេះជាអ្វីដែលគួរតែត្រេកអរទៅហើយ។
និយាយពី McDonald’s – ម៉ាកយីហោដែលបានផ្តួចផ្តើម sukimi Burger ខ្ញុំសូមចែករំលែកបន្ថែម។
នៅរដូវរងា McDonald’s ជប៉ុនថែមទាំងមានមុខម្ហូបល្បីតាមរដូវកាលមួយហៅថា Gurakoro Burger (Burger croquette gratin) នេះជានំប៉័ងប៊ឺហ្គឺដែលមានស្នូលក្រែមគ្រឿងសមុទ្រ។
ប៊ឺហ្គឺនេះមានលក្ខណៈពិសេសព្រោះស្នូល និងសំបកខាងក្រៅសុទ្ធតែធ្វើពីម្សៅ បង្កើតបានជាសំបកនំទន់ និងរសជាតិខ្ទិះ។ មិនថាសំបកនំប៉័ង macaroni ទឹកជ្រលក់ពណ៌ស និងកំទេចនំប៉័ងខាងក្រៅសុទ្ធតែធ្វើពីម្សៅ។
ជាទូទៅមុខម្ហូបនេះដាក់លក់រយៈពេលប្រហែលមួយខែក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយតែងតែត្រូវបានប្រជាជនជប៉ុនរកទិញនៅពេលដែលរដូវរងាមកដល់។
នេះជារឿងរ៉ាវនិយាយពីរដូវបុណ្យសែនព្រះខែនៅប្រទេសជប៉ុន។
ចំណែកឯរដូវបុណ្យសែនព្រះខែនៅប្រទេសរបស់ប្រិយមិត្តទាំងអស់គ្នា ខ្ញុំសង្ឃឹមថា ទំនៀមទម្លាប់ដ៏ស្រស់ស្អាតនោះអាចបន្តដល់មនុស្សជំនាន់ក្រោយៗទៀត។
ព្រោះវប្បធម៌មិនមែនស្ថិតនៅលើរឿងដែលធំដុំប៉ុណ្ណោះទេ។ ពេលខ្លះវាផ្តើមចេញពីនំ ពន្លឺភ្លើង រាត្រីពន្លឺព្រះច័ន្ទ ឬពេលវេលាដែលគ្រួសារទាំងមូលអង្គុយជុំគ្នា ហើយសម្លឹងមើលទៅលើមេឃ។
ខ្ញុំគ្រាន់តែសង្ឃឹមថា ជាច្រើនឆ្នាំទៅមុខទៀត នៅពេលដែលរដូវស្លឹកឈើជ្រុះមកដល់ ប្រជាជននៅតែចងចាំពិធីបុណ្យសែនព្រះខែ ប៉ុន្តែមិនបាត់បង់សម្រស់វប្បធម៌ប្រពៃណី។
Abe Kengo
