ផលិតផលបោកបញ្ឆោតក្នុងសម័យទិញទំនិញតាមប្រៃសណីយ៍នៅប្រទេសជប៉ុនពីមុន
ផលិតផលបោកបញ្ឆោតក្នុងសម័យទិញទំនិញតាមប្រៃសណីយ៍នៅប្រទេសជប៉ុនពីមុន។
ការបញ្ជាទិញទំនិញដែលគ្មានគុណភាព នៅពេលដែលទទួលបានទំនិញទើបដឹងថាប្រើមិនបាន ប្រហែលមិនមែនជាបទពិសោធន៍ដោយឡែករបស់នរណាម្នាក់ឡើយ មែនទេ?
ទោះបីជាដឹងពីចំណុចនេះក៏ដោយ ប៉ុន្តែកាលពីជាង ៤០ ឆ្នាំមុននៅប្រទេសជប៉ុន ធ្លាប់មានផលិតផលជាច្រើន មិនដឹងហេតុអ្វីបានជាមានអ្នកជាប់អន្ទាក់ ហើយទិញទំនិញទាំងនោះឡើយ។
ទាំងនោះជាផលិតផលដែលតែងតែបង្ហាញនៅលើការផ្សាយពាណិជ្ជកម្មតាមទស្សនាវដ្ដី។ ដោយក្រឡេកទៅមើលចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលចំណាយលើការផ្សាយពាណិជ្ជកម្ម ដែលបង្ហាញយ៉ាងច្បាស់ថាមានមនុស្សមិនតិចទេដែលទិញផលិតផលទាំងនេះ។
ចូរយើងក្រឡេកមកមើលផលិតផលមួយចំនួនដែលធ្វើឲ្យយើងភ្ញាក់ផ្អើល ព្រោះតែភាពឆោតល្ងង់របស់ប្រជាជនជប៉ុននៅសម័យនោះតាមរយៈខ្លឹមសារខាងក្រោម។
ឧបករណ៍លុបកន្លែងព្រិល
វិស័យឧស្សាហកម្មវីដេអូមនុស្សពេញវ័យ (AV) របស់ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំង ដោយផ្អែកលើម៉ាស៊ីនថតវីដេអូ។ ទោះជាយ៉ាងណា ជាមូលដ្ឋានចំណុចមួយចំនួននៅលើរាងកាយត្រូវបានធ្វើឲ្យព្រិល (បិតបាំង mosaic) ដែលអ្នកមើលមិនឃើញនោះទេ។
ស្រាប់តែមាន “ឧបករណ៍អាថ៌កំបាំង” មួយបានលេចឡើងជាមួយនឹងការផ្សាយពាណិជ្ជកម្មថា “គ្រាន់តែភ្ជាប់ឧបករណ៍ទៅនឹងម៉ាសុីនចាក់វីដេអូ កន្លែងដែលបិតបាំងនឹងបាត់” ។
ប៉ុន្តែជាក់ស្តែង រូបភាពនៅលើវីដេអូត្រូវបានកែ និងសរសេរពីលើដោយប្រើផ្ទាំងព្រិល ជាការពិតណាស់ មិនអាចលុបចោលបានទេ។
យ៉ាងណាមិញ ទោះបីជាក្នុងចិត្តដឹងថាពិបាកមិនអាចធ្វើបាន ហាក់បីដូចជានៅតែមានមនុស្សមួយចំនួនសង្ឃឹមថា “ប្រហែលជា… លើកនេះនឹងដំណើរការ?”
ដូច្នេះហើយ ពួកគេបានចំណាយប្រាក់ទិញដោយអារម្មណ៍រំភើបអន្ទះសារ។
វ៉ែនតាមើលធ្លុះ
ហើយនេះជាផលិតផលដែលទាក់ទាញចំណាប់អារម្មណ៍ចង់ដឹងរឿងមនុស្សធំ។
ការផ្សាយពាណិជ្ជកម្មអះអាងថា គ្រាន់តែពាក់វ៉ែនតានេះ អាចមើលធ្លុះគ្រប់យ៉ាង។
ដូច្នេះប្រសិនបើពាក់វ៉ែនតានេះសម្លឹងមើលមនុស្សស្រីម្នាក់យ៉ាងម៉េចវិញ?
ជាការពិតណាស់ គ្មានអ្វីកើតឡើងនោះទេ។ មើលធ្លុះដោយរបៀបណា គ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា នេះជាប្រភេទផលិតផលដែលត្រូវបានដាក់លក់ក្នុងរយៈពេលយូរ។
នៅពេលដែលការលក់ធ្លាក់ចុះ ពួកគេនឹងផ្លាស់ប្តូរការរចនាបន្តិច ហើយបន្ថែមការពន្យល់។ ដូចជា៖ “ដោយប្រើបច្ចេកវិទ្យាកាំរស្មីអ៊ិច មានមុខងារអាចមើលធ្លុះបាន” ។
ប៉ុន្តែមនុស្សគ្រប់គ្នាដឹងហើយថា កាំរស្មីអ៊ិចជាប្រភេទរលកអេឡិចត្រូម៉ាញ៉េទិចដែលប្រើក្នុងវេជ្ជសាស្ត្រ អាចមើលទម្លុះវត្ថុរឹងជាច្រើន។ កាំរស្មីអ៊ិចត្រូវបានប្រើសម្រាប់ថតរូបភាពកាំរស្មីអ៊ិច ពិនិត្យឆ្អឹង សួត ឬដុំសាច់។ មិនមែនជាប្រភេទបច្ចេកវិទ្យាវេទមន្តអាចមើលធ្លុះសម្លៀកបំពាក់ ចំណែកឯរបស់ផ្សេងទៀតនៅដដែលនោះទេ។
ដូច្នេះហើយ នៅតែមានអ្នកជឿ។
ថ្នាំ “ព្យាបាលជំងឺល្ងង់ខ្លៅ”
នៅជប៉ុនមានសុភាសិតមួយឃ្លានិយាយថា “មនុស្សល្ងង់ស្លាប់ក៏មិនអស់ល្ងង់ដែរ” ។ ប៉ុន្តែមានផលិតផលមួយប្រកាសថា គ្រាន់តែលាបថ្នាំពីលើអាចព្យាបាលជំងឺល្ងង់ខ្លៅបាន។
ឈ្មោះរបស់វាគឺ Baka Naoru (តាមន័យត្រង់គឺ៖ ព្យាបាលជំងឺល្ងង់ខ្លៅ) ។ ជាឈ្មោះដែលដោះស្រាយចំគោលដៅ។
ប្រសិនបើមានប្រភេទថ្នាំបែបនេះមែន នោះពិភពលោកនឹងមិនមាននរណាឈឺក្បាលទៀតឡើយ។ ប៉ុន្តែគួរឲ្យហួសចិត្តត្រង់ថា ប្រហែលជាព្រោះតែ… ល្ងង់ទើបមនុស្សចំណាយប្រាក់ទិញ Baka Naoru!
នេះជាអន្ទាក់ដ៏ល្អឥតខ្ចោះ។
ក្រៅពីនេះ នៅមានផលិតផលចម្លែកៗជាច្រើនផ្សេងទៀតដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្តី។ ឧទាហរណ៍ដូចជា៖ ឧបករណ៍ទាញជើងដើម្បីបង្កើនកម្ពស់ (តាមពិតទៅគ្រាន់តែជាខ្សែស្ព្រីងសម្រាប់ទាញជើងប៉ុណ្ណោះ) ខោទ្រនាប់មានមុខងារជួយពង្រីកប្រដាប់ភេទ ឬ cassette ដែលមានប្រភេទតន្ត្រីឲ្យតែស្តាប់ជាមួយគ្នានឹងធ្វើឲ្យមនុស្សស្រីលង់ស្នេហ៍បុរសម្នាក់នោះ។
ជាការពិតណាស់ គ្រប់យ៉ាងសុទ្ធតែជាផលិតផលបោកប្រាស់។
ប្រសិនបើក្រឡេកទៅមើលផលិតផលទាំងនេះ ប្រហែលជាយើងសួរថា៖
“ប្រជាជនជប៉ុនសម័យនោះ ជាពិសេសបុរសៗ តើសុទ្ធតែជាអ្នកដែលងាយនឹងចាញ់បោកបែបនេះមែនទេ?”
ប៉ុន្តែតាមពិតទៅ នៅសម័យនោះមានល្បិចជាច្រើនដែលរហូតមកដល់ពេលនេះពិបាកនឹងប្រើបានទៀតខ្លាំងណាស់។
ឧទាហរណ៍ សូម្បីតែផលិតផលដែលមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាមិនសមហេតុផល ការផ្សាយពាណិជ្ជកម្មនៅតែដាក់រូបថត ឈ្មោះអាយុ និងសក្ខីកម្មពីអ្នកដែលបានប្រើផលិតផល ហើយទទួលបានជោគជ័យ។ ចំណុចនេះធ្វើឲ្យមនុស្សជាច្រើនគិតថា “ប្រហែលជាវាពិតជាមានប្រសិទ្ធិភាពមែន?”
ជាការពិតណាស់ ឈ្មោះ និងព័ត៌មានដែលបានបង្ហោះសុទ្ធតែក្លែងក្លាយ។
មិនត្រឹមតែប៉ុណ្ណឹង ការផ្សាយពាណិជ្ជកម្មថែមទាំងបញ្ចូលឃ្លាមួយចំនួនដែលហាក់បីដូចជាគួរឲ្យទុកចិត្ត “ត្រូវបាន NASA ទទួលស្គាល់” ឬ “ផលិតនៅប្រទេសបារាំង” ។
ហើយគ្រប់យ៉ាងសុទ្ធតែជាការកុហក។
ម្យ៉ាងវិញទៀត ដែលថាការផ្សាយពាណិជ្ជកម្មទាំងនេះមាននៅលើទស្សនាវដ្តី ជាពិសេសគឺទស្សនាវដ្តីសៀវភៅរឿងជាគំនិតដ៏ល្អឥតខ្ចោះ។
ក្នុងសៀវភៅរឿង តួឯកប្រុសមានកម្លាំងរឹងមាំ ឡូយឆាយ និងមានមនុស្សស្រីជាច្រើនស្រលាញ់ចូលចិត្ត។ បន្ទាប់ពីអានរឿងទាំងនេះ ក្មេងប្រុសដែលទើបធំដឹងក្តីតែងប្រាថ្នាថាខ្លួននឹងធ្វើបានដូច្នេះ ស្រាប់តែត្រូវការផ្សាយពាណិជ្ជកម្មទាំងនេះទាក់ទាញអារម្មណ៍។ រហូតមកដល់សព្វថ្ងៃនេះ តើកន្លែងបោះពុម្ពផ្សាយទស្សនាវដ្តីនៅសម័យនោះជាជនឃុបឃិតមែនទេ?
ទោះជាយ៉ាងណា ការផ្សាយពាណិជ្ជកម្មទាំងនោះពោរពេញដោយល្បិចដែលត្រូវបានរចនាឡើងធ្វើឲ្យអ្នកអានជឿ និងចំណាយប្រាក់។
នោះជាទម្រង់អាជីវកម្មដ៏អាក្រក់ ដោយផ្តោតទៅលើក្មេងប្រុសដែលកំពុងប្រមើស្រមៃ។
យ៉ាងណាមិញ អ្នកទិញទំនិញនៅសម័យនោះហាក់បីដូចជាមិនបានដាក់ពាក្យបណ្ដឹងច្រើននោះទេ។
ប្រហែលជាដោយសារតែភាពខ្មាស់អៀន។
ដូច្នេះហើយ ក្មេងប្រុសដែលពោរពេញដោយក្តីស្រមៃ ប៉ុន្តែក្តីស្រមៃបែរជារលាយបាត់ បានធំដឹងក្តីបន្ទាប់ពីទទួលយកការបាត់បង់ចំនួនទឹកប្រាក់នោះ។
ខ្ញុំផ្ទាល់មិនធ្លាប់ទិញផលិតផលទាំងនេះឡើយ។
មិនមែនដោយសារតែខ្ញុំឆ្លាតជាងអ្នកដទៃនោះទេ។ គ្រាន់តែពេលនោះខ្ញុំនៅតូចពេក មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់ទាំងនោះ។ ប្រសិនបើខ្ញុំកើតមុននោះប្រហែល ១០ ឆ្នាំ ខ្ញុំប្រហែលជាទិញទំនិញទាំងនោះ។
ហើយផលិតផលដែលខ្ញុំនឹងទិញ… នោះជាការសម្ងាត់។
Abe Kengo



