តើដូនតាត្រឡប់មកផ្ទះវិញដោយរបៀបណា? ទំនៀមទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរដូវ Obon

តើដូនតាត្រឡប់មកផ្ទះវិញដោយរបៀបណា? ទំនៀមទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរដូវ Obon ។

នៅប្រទេសជប៉ុន ប្រហែលពាក់កណ្តាលខែសីហាជារៀងរាល់ឆ្នាំ ជារដូវកាលប្រារព្ធពិធីបុណ្យ Obon (お盆) – ជាពិធីបុណ្យដ៏សំខាន់សម្រាប់រំលឹក និងទទួលវិញ្ញាណក្ខន្ធដូនតាត្រឡប់មកវិញ។ ហើយនេះ​ក៏​ជា​ពេល​ដែល​ក្រុម​ហ៊ុន​ជា​ច្រើន​អនុញ្ញាតឲ្យបុគ្គលិកសម្រាក ដើម្បីឲ្យគ្រប់គ្នាអាចត្រឡប់ទៅស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ។

ដូច្នេះតើ Obon ជាពិធីបុណ្យបែបណា?

តើវិញ្ញាណក្ខន្ធរបស់ដូនតាត្រឡប់មកផ្ទះវិញដោយរបៀបណា?

នៅថ្ងៃនេះ យើងនឹងស្វែងយល់អំពីទំនៀមទម្លាប់ពិសេសៗក្នុងរដូវកាលពិធីបុណ្យ Obon និងភាពច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រជាជនជប៉ុន ដែលបានធ្វើឲ្យមធ្យោបាយធ្វើដំណើររបស់ដូនតា​ក្លាយ​ជា​ស្នាដៃសិល្បៈដ៏ពិសេស។

ពិធីបុណ្យ Obon គឺជាពេលវេលាដែលប្រជាជនជប៉ុនជឿថា វិញ្ញាណក្ខន្ធរបស់អ្នកដែលបាន​ចែក​ឋាន​នឹងត្រឡប់មកវិញពីពិភពមួយផ្សេងទៀត ទៅកាន់ស្រុកកំណើត និងជួបជុំក្រុមគ្រួសារ។ ដូច្នេះ​ហើយ នេះ​ជាឳកាសសម្រាប់សមាជិកក្នុងគ្រួសារទទួលស្វាគមន៍ដូនតា បង្ហាញពីការ​ដឹងគុណ និងធ្វើពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ។

កាលពីមុន ការដែលក្រុមគ្រួសារទាំងមូលត្រឡប់ទៅស្រុកកំណើតប្រៀបបីដូចជារឿងធម្មតាទៅហើយ។ 

ស្រុកកំណើតឪពុករបស់ខ្ញុំនៅខេត្ត Iwate នៅពេលនោះក្រុមគ្រួសាររបស់ខ្ញុំរស់នៅក្នុងទីក្រុង Tokyo – ដែលមានចម្ងាយជាង ៥០០ គីឡូម៉ែត្រពីស្រុកកំណើត។

ក្នុងចំណោមហ្វូងមនុស្ស និងការធ្វើដំណើរយ៉ាងច្រើនកុះករក្នុងអំឡុងពេលពិធីបុណ្យ Obon គាត់ធ្លាប់បើកបរជាង ២០ ម៉ោងដើម្បីត្រឡប់ទៅស្រុកកំណើតវិញ។ ហើយគាត់បើកបរម្នាក់ឯងក្នុងអំឡុងពេលនោះ ឥឡូវ​នេះ នៅពេលដែលគិតឡើងវិញ ពិត​ជា​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់។

នៅពេលដែលរដូវកាលពិធីបុណ្យ Obon ចាប់ផ្តើម ជាដំបូងគេនឹងរៀបចំអាសនៈតូចមួយនៅផ្ទះ ដើម្បី​ទទួល​វិញ្ញាណក្ខន្ធ​ដូនតា។

បន្ទាប់មក ក្រុមគ្រួសារនឹងទៅកាន់ទីបញ្ចុះសព អុជចង្កៀង ហើយប្រើពន្លឺនោះសម្រាប់នាំផ្លូវវិញ្ញាណក្ខន្ធ​ដូនតា​ត្រឡប់​ទៅ​ផ្ទះវិញ។

នៅពេលដែលពិធីបុណ្យ Obon បញ្ចប់ ការប្រារព្ធធ្វើឡើងស្រដៀងគ្នា ប៉ុន្តែបញ្ច្រាសមកវិញ។ ក្រុមគ្រួសារ​នឹងលា ហើយជូនដំណើរវិញ្ញាណក្ខន្ធត្រឡប់ទៅទីបញ្ចុះសពវិញ ដើម្បីបញ្ចប់ពិធីបុណ្យ។

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលត្រឡប់ទៅវិញ និងចាកចេញទៅនោះ ដូនតាថែមទាំងទទួលបាន “មធ្យោបាយ​ធ្វើ​ដំណើរ” ដោយ​ឡែក​ផង​ដែរ។

នោះគឺជា Shoryouma (精霊馬) – “វិញ្ញាណសេះ” ដែលធ្វើពីត្រសក់ និងត្រប់វែង។

ជាទូទៅ គេនឹងធ្វើជាឈុតមានពីរក្បាល។ នៅពេលដែលដូនតាត្រឡប់មកផ្ទះវិញ ពួកគេនឹងជិះសេះដែលធ្វើពីត្រសក់ ព្រោះមនុស្សសង្ឃឹមថាដូនតាអាចត្រឡប់មកវិញឆាប់រហ័សដើម្បីជួបជុំក្រុមគ្រួសារ។ នៅពេលដែលពិធីបុណ្យ Obon បញ្ចប់ ដូនតានឹងជិះសត្វគោដែលធ្វើពីត្រប់វែង ព្រោះសង្ឃឹម​ថា​ពួក​គេ​អាច​ចាក​ចេញ​ដោយ​សន្សឹមៗ ហើយត្រឡប់ទៅពិភពមួយផ្សេងទៀត។

Shoryouma តាមបែបប្រពៃណីមានលក្ខណៈសាមញ្ញណាស់។ គ្រាន់តែដោតឈើចាក់ធ្មេញចំនួន​បួន​លើ​ត្រសក់ និងត្រប់វែងដែលតំណាងឲ្យជើងទាំងបួន ដូច្នេះអាចបង្កើតបានជា​រូប​រាង​សេះ និង​សត្វ​គោ។

យ៉ាងណាមិញសព្វថ្ងៃនេះ មិនដឹងថាផ្តើមចេញពីក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះដូនតា ឬព្រោះ​តែចំណូលចិត្តចង់ច្នៃប្រឌិត​នោះ​ទេ ប្រជាជន​ជប៉ុន​ជា​ច្រើន​បាន “ដំឡើង” សេះ​ទាំង​នេះ​ឈានដល់​កម្រិត​មួយ​ថ្មី។

ចូរយើងក្រឡេកមកមើលរូបភាពមួយចំនួនខាងក្រោមទាំងអស់គ្នា។

* រូបភាពសេះ និងគោដែលមើលទៅពិតជាដូចខ្លាំងណាស់។ ដែលប្រៀបបីដូចជាស្នាដៃសិល្បៈដ៏ពិសេស។

* មិនត្រឹមតែមានសត្វសម្រាប់ជិះប៉ុណ្ណោះទេ មនុស្សមួយចំនួនថែមទាំងបានធ្វើឲ្យ Shoryouma ក្លាយ​ជា​រថយន្តប្រណាំងទៀតផង។ ថែមទាំងមាន Pikachu និង Minion នៅលើនោះទៀត។ ត្រូវពួក​វា​ដណ្តើម​កន្លែង​អស់​ហើយ មិន​​ដឹង​ថា​ដូនតា​នៅ​មាន​កន្លែង​អង្គុយ​ទៀត​ទេ។

* បន្ទាប់មក ថែមទាំងមានទម្រង់ Shoryouma មនុស្សយន្ត។

ប្រសិនបើនៅតាមផ្លូវត្រឡប់ទៅវិញ មិនសំណាងជួបវិញ្ញាណអាក្រក់ ប្រហែលជាយានជំនិះរ៉ូបូតនេះ​អាច​នឹង​មាន​កម្លាំង​គ្រប់​គ្រាន់​សម្រាប់​កម្ចាត់​ពួក​វា។

* ទម្រង់ហោះហើរនៅលើអាកាស។

ប្រសិនបើទុកឲ្យដូនតាបើកយន្តហោះចម្បាំងបែបនេះ ពេលខ្លះអ្នក​នាំ​ផ្លូវ​អាច​​នឹង​តាម​​មិន​​ទាន់ដូនតា​​នោះ​​ឡើយ។

* ហើយនេះគឺជា… ឈុតស្គរ។ មួយនេះមិនមែនជាមធ្យោបាយធ្វើដំណើរនោះទេ ប្រហែលជាមានចេតនាធ្វើសម្រាប់ដូនតាកម្សាន្តហើយមើលទៅ។

* អ្នកខ្លះថែមទាំងប្រើចេក និងម្នាស់ ដើម្បីបង្កើតបានយានជំនិះសម្រាប់ទទួលដូនតាទៀត​ផង។

ប្រហែលជាដោយសារតែចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬជាគំនិតថ្មីមួយ ប៉ុន្តែធ្វើដូច្នេះហាក់បីដូចជា​ខុស​ពី​វប្បធម៌​ប្រពៃណី។

នៅពេលដែលក្រឡេកមើលទៅ ភាគច្រើន “មធ្យោបាយធ្វើដំណើរ” ទាំងនេះសុទ្ធតែធ្វើតាមរចនាបថ​កំប្លែង។ ទោះជាយ៉ាងណា នេះប្រហែលជាទម្រង់ល្អ ដែលមិនត្រឹមតែផ្តល់ភាពរីករាយ ថែម​ទាំង​បន្ត​ប្រពៃណី និង​វប្បធម៌​ដ៏​យូរ​អង្វែង​របស់​ជប៉ុន​ផង​ដែរ។

ជាងនេះទៅទៀត ពិធីបុណ្យ Obon ក៏ស្របពេលនឹងវិស្សមកាលរដូវក្តៅរបស់កុមារជប៉ុនផងដែរ។ ដូច្នេះហើយ ឪពុកម្តាយ និងកូនៗចំណាយពេលធ្វើ Shoryouma ក៏ជាសកម្មភាពគ្រួសារដ៏សប្បាយរីករាយ ថែមទាំងជួយឲ្យកុមារស្វែងយល់អំពីវប្បធម៌ និងប្រពៃណីស្រុកកំណើតផងដែរ។

ទំនៀមទម្លាប់ប្រពៃណីមិនចាំបាច់ត្រូវគោរពយ៉ាងតឹងរ៉ឹងខ្ជាប់ខ្ជួនទាំងស្រុងនោះទេ។ ពេលខ្លះធ្វើឲ្យវាប្រែក្លាយជាសកម្មភាពសប្បាយៗ ស្និទ្ធស្នាល ថែមទាំងជួយឲ្យតម្លៃកាលពីសម័យមុនបន្តពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ត្រសក់ក្លាយជាសេះនាំដូនតាត្រឡប់មកផ្ទះវិញយ៉ាងឆាប់រហ័ស។ ត្រប់វែងប្រែជាគោជូនដំណើរដូនតា​ត្រឡប់ទៅវិញដោយសន្សឹមៗ “មធ្យោបាយធ្វើដំណើរ” ទាំងនេះត្រូវបានផ្លាស់ប្តូរតាមវិធីសាស្រ្ត​ខុសៗ​គ្នា។

ប្រហែលជារឿងដែលសំខាន់បំផុតមិនស្ថិតលើ Shoryouma មើលទៅបែបណានោះទេ ប៉ុន្តែជាទឹកចិត្តរបស់អ្នកដែលនៅរស់សម្រាប់សាច់ញាតិដែលបានចាកចេញ។

ដូច្នេះ Obon មិនត្រឹមតែជាពិធីបុណ្យរំលឹកដល់វិញ្ញាណក្ខន្ធដូនតាប៉ុណ្ណោះទេ ថែមទាំងជាពេលវេលា​សម្រាប់ក្រុមគ្រួសារជួបជុំគ្នា ចងចាំឫសគល់ ហើយដឹងពីទំនាក់ទំនងរវាងអតីតកាល និងបច្ចុប្បន្ន​កាល​ផង​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: