ហេតុអ្វីបានជាប្រជាជនជប៉ុនមិនធ្លាក់ក្នុងអំពើអាក្រក់ទាំងដែលមិនមានទស្សនៈទាក់ទងនឹងឋានសួគ៌ ឬឋាននរក?
ហេតុអ្វីបានជាប្រជាជនជប៉ុនមិនធ្លាក់ក្នុងអំពើអាក្រក់ទាំងដែលមិនមានទស្សនៈទាក់ទងនឹងឋានសួគ៌ ឬឋាននរក?
“តើពិភពបន្ទាប់ពីមនុស្សស្លាប់ទៅយ៉ាងណា?”
ចម្លើយសម្រាប់សំណួរនេះប្រហែលជាមានភាពខុសគ្នាអាស្រ័យលើសាសនាដែលមនុស្សម្នាក់ៗគោរពប្រតិបត្តិ ក៏ដូចជាវប្បធម៌ និងផ្នត់គំនិតរបស់ប្រជាជាតិនីមួយៗ។
រស់នៅប្រកបដោយភាពសុចរិត ដើម្បីកុំឲ្យពេលដែលស្លាប់ទៅធ្លាក់នរក ក៏ជាមាគ៌ាមួយសម្រាប់មនុស្សធ្វើអំពើល្អផងដែរ។
ទោះជាយ៉ាងណា នៅប្រទេសជប៉ុនមានទស្សនៈដ៏គួរឲ្យចាប់អារម្មណ៍មួយ។ នោះគឺក្នុងសាសនាស៊ីនតូ – ដែលជាសាសនាដើមរបស់ប្រទេសនេះ – មិនមានទស្សនៈនិយាយពីឋានសួគ៌ ឬឋាននរកនោះទេ។
ដូច្នេះប្រសិនបើគ្មានឋានសួគ៌ ហើយក៏មិនមានឋាននរកដ៏គួរឲ្យខ្លាចដាក់ទណ្ឌកម្ម ហេតុអ្វីបានជាមនុស្សនៅតែត្រូវរស់នៅដោយទៀងត្រង់? ប្រសិនបើធ្វើអំពើអាក្រក់មិនធ្លាក់ឋាននរក តើយើងអាចរស់នៅដោយសេរីតាមអំពើចិត្ត និងធ្វើរឿងដែលមានប្រយោជន៍សម្រាប់ខ្លួនឯងមែនទេ?
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំចង់និយាយអំពីចំណុចដែលពិសេសបំផុតក្នុងស្មារតីរបស់ប្រជាជនជប៉ុន – ជាអ្វីដែលបានជះឥទ្ធិពលលើការយល់ឃើញរបស់ពួកគេចំពោះអំពីល្អ និងអាក្រក់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។
តាំងពីបុរាណកាលមក ប្រទេសជប៉ុនមានប្រព័ន្ធជំនឿដើមហៅថាស៊ីនតូ។
សាសនាស៊ីនតូមិនមានកម្រងគម្ពីរជាក់លាក់ណាមួយដែលបង្រៀនពីគោលលទ្ធិនោះទេ។ ហើយក៏មិនមានពិធីដូចជាសាសនាគ្រឹស្តនោះដែរ ជាកន្លែងដែលមនុស្សទៅព្រះវិហារដើម្បីសារភាពអំពើបាប ឬធ្វើពិធីបុណ្យជ្រមុជទឹកដើម្បីចូលរួមសាសនាជាផ្លូវការ។
ហើយសាសនាស៊ីនតូក៏មិនមែនជាសាសនាដែលមនុស្សត្រូវចូលជាសមាជិកផ្លូវការ ដើម្បីក្លាយជាអ្នកកាន់សាសនានោះទេ។
មិនចាប់ផ្តើមដោយពិធីណាមួយនោះទេ ហើយក៏មិនសម្គាល់ដោយពាក្យសច្ចានោះដែរ។ ផ្ទុយទៅវិញ បន្តិចម្តងៗ និងដោយធម្មជាតិ វាដិតជាប់ក្នុងចិត្តរបស់មនុស្សក្នុងអំឡុងពេលដែលពួកគេធំដឹងក្តីនៅលើទឹកដីជប៉ុន។
ដូច្នេះហើយ មនុស្សកម្រនឹងមានអារម្មណ៍ថានោះជា “សាសនា” ខ្លាំងណាស់។ ហើយនោះក៏ជាហេតុផលមួយដែលធ្វើឲ្យប្រជាជនជប៉ុនជាច្រើននៅពេលដែលទទួលបានសំណួរទាក់ទងនឹងសាសនា ពួកគេនឹងឆ្លើយថាខ្លួនមិនកាន់សាសនាអ្វីទាំងអស់។
ក្រោយមក ព្រះពុទ្ធសាសនាត្រូវបាននាំចូលប្រទេសជប៉ុនតាមរយៈប្រទេសចិន។
យូរៗទៅ ព្រះពុទ្ធសាសនា និងសាសនាស៊ីនតូបានរួមបញ្ចូលគ្នា បង្កើតបានជាទស្សនៈសាសនាដ៏ពិសេសរបស់ប្រជាជនជប៉ុននាពេលបច្ចុប្បន្ន។
ប្រសិនបើមិនធ្វើជាព្រះសង្ឃ មនុស្សម្នាក់ក៏មិនចាំបាច់ឆ្លងកាត់ពិធីពិសេសណាមួយដើម្បីទទួលបានការទទួលថា “ជាអ្នកកាន់ព្រះពុទ្ធសាសនា” នោះដែរ។
ក្នុងព្រះពុទ្ធសាសនាមានទស្សនៈដូចជាការចាប់កំណើតឡើងវិញ ឋានសួគ៌ និងឋាននរក។ ហើយប្រជាជនជប៉ុនយល់ច្បាស់អំពីទស្សនៈទាំងនេះ។ ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ និងខុសគ្នាត្រង់ថា ពិភពបន្ទាប់ពីស្លាប់ទៅតាមទស្សនៈរបស់សាសនាសុីនតូ។
យោងទៅតាមសាសនាស៊ីនតូ ពិភពរបស់មនុស្សនៅរស់ និងពិភពរបស់មនុស្សដែលបានស្លាប់ទៅត្រូវបានបែងចែកជាពិភពខុសគ្នា។ ប៉ុន្តែក្នុងពិភពនោះមិនមានឋានសួគ៌ ហើយក៏មិនមានឋាននរកនោះដែរ។
ទស្សនៈដែលនិយាយពីព្រះក្នុងសាសនាស៊ីនតូក៏ខុសគ្នាទាំងស្រុងនឹងគ្រិស្តសាសនា ឬឥស្លាមផងដែរ។ មិនមានព្រះតែមួយអង្គគត់ មានអំណោចលើអ្វីៗទាំងអស់នោះទេ។
មិនដូចជាសាសនាដែលគោរពព្រះមួយអង្គនោះទេ ក្នុងព្រះពុទ្ធសាសនាមានព្រះពុទ្ធ និងព្រះពោធិសត្វជាច្រើនអង្គ ព្រះមួយអង្គៗតំណាងឲ្យបំណងប្រាថ្នាធំមួយ និងជំនឿខុសៗគ្នា។
ប៉ុន្តែសាសនាស៊ីនបែរជាពិសេសជាងនេះទៅទៀត។
សាសនាស៊ីនតូមានប្រភពជំនឿយ៉ាងជ្រាលជ្រៅលើការគោរពបូជាធម្មជាតិ។
ព្រះអាទិត្យមានព្រះរបស់ព្រះអាទិត្យ ភ្នំមានព្រះរបស់ភ្នំ ទន្លេ ដើមឈើ ថ្ម សមុទ្រជាដើម ទាំងអស់សុទ្ធតែអាចមានវិញ្ញាណពិសិដ្ឋ។ ម្យ៉ាងវិញទៀត គេថែមទាំងនិយាយថា សូម្បីតែក្នុងផ្ទះបាយក៏មានវត្តមានរបស់អាទិទេពផងដែរ។
អាទិទេពទាំងនោះច្រើនរហូតដល់ថ្នាក់រាប់មិនអស់។ ប៉ុន្តែអ្វីដែលពិសេសត្រង់ថា… ចំនួនអាទិទេពទាំងនោះកើនឡើងឥតឈប់ឈរ។ ពីព្រោះមនុស្សម្នាក់ក៏អាចក្លាយជាព្រះបានដែរ។
ក្នុងប្រវត្តិសាស្ត្រជប៉ុន មានមនុស្សមួយចំនួនស្លាប់ដោយការចងគំនុំ ដោយមិនព្រមបោះបង់នាំយកការចងកំហឹង។ បន្ទាប់ពីស្លាប់ ព្រលឹងរបស់ពួកគេអាចនឹងក្លាយជា Onryo – វិញ្ញាណដែលពោរពេញដោយការចងកំហឹង ធ្វើអំពើអាក្រក់ និងធ្វើឲ្យមនុស្សភ័យខ្លាច។
ប៉ុន្តែក្នុងពិភពទស្សនៈរបស់សាសនាស៊ីនតូ សូម្បីតែវិញ្ញាណចងកំហឹងទាំងនោះក៏អាចក្លាយជាអាទិទេពបានដែរ។
ដើម្បីបំបាត់កំហឹងរបស់វិញ្ញាណមួយ គេអាចគោរពបូជា និងបម្រើវិញ្ញាណនោះប្រៀបបីដូចជាអាទិទេព។
យូរៗទៅ គំនុំត្រូវបានរំសាយ។ វិញ្ញាណដែលចងកំហឹងរកឃើញទីស្ងប់សុខ ហើយជាចុងក្រោយ ពួកគេពិតជាបានក្លាយជាព្រះដែលទទួលបានការគោរព។
មិនត្រឹមតែវិញ្ញាណដែលចងកំហឹងប៉ុណ្ណោះទេ សូម្បីតែមនុស្សជាទីស្រលាញ់របស់យើងដែលបានស្លាប់ទៅក៏អាចក្លាយជាអាទិទេពបន្តិចម្តងៗបានដែរ។ ដូច្នេះហើយ មនុស្សដែលបានស្លាប់ទៅមិនរលាយបាត់ទាំងស្រុងនោះទេ ពួកគេនៅតែនៅទីនោះ។
ហើយបើទោះបីជាគ្មានឋានសួគ៌ ឬឋាននរកក៏ដោយ ចំនួនអាទិទេពទាំងនោះនៅតែនៅទីនោះ តាមមើលយើងទាំងអស់គ្នាគ្រប់ពេល គ្រប់ទីកន្លែង។
អាទិទេពមិនបង្ហាញខ្លួន មិនវិនិច្ឆ័យ មិនដាក់ទោស ឬប្រទានរង្វាន់នោះទេ។ អាទិទេពគ្រាន់តែទតឃើញប៉ុណ្ណោះ។
ប៉ុន្តែនៅពេលដែលមនុស្សជឿថា មានក្រសែភ្នែកដែលមើលមិនឃើញកំពុងសម្លឹងមើលខ្លួន… តើមានមនុស្សប៉ុន្មាននាក់នៅតែអាចប្រព្រឹត្តអំពើអាក្រក់បានទៀត?
ប្រហែលនេះជាចំណុចមួយក្នុងចំណោមហេតុផលដែលប្រជាជនជប៉ុនមិនធ្លាក់ក្នុងអំពើបាប ទាំងដែលមិនមានឋានសួគ៌ ឬឋាននរកក៏ដោយ។
ហើយនេះក៏ជាហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឲ្យសាសនាគ្រឹស្តមានការលំបាកក្នុងការផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុនផងដែរ។
គេនិយាយតៗគ្នាថា អ្នកផ្សព្វផ្សាយសាសនាធ្លាប់និយាយថា៖
- “ប្រសិនបើមិនប្តូរទៅជឿលើគ្រិស្តសាសនា ហើយរស់នៅស្របតាមការបង្រៀនរបស់ព្រះ មនុស្សនឹងធ្លាក់នរក។”
ប៉ុន្តែចំណុចនេះបានធ្វើឲ្យប្រជាជនជប៉ុនជាច្រើនលើកឡើងជាសំណួរមួយ។ សំណួរមួយដែលហាក់បីដូចជាសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ៖
- “ដូច្នេះតើដូនតាដែលបានចែកឋានទៅមុនពេលដែលសាសនាគ្រិស្តមកដល់ប្រទេសជប៉ុននឹងទៅជាយ៉ាងណា? តើពួកគេទាំងអស់គ្នាកំពុងនៅក្នុងឋាននរកមែនទេ?”
អ្នកផ្សព្វផ្សាយសាសនាត្រូវបានគេនិយាយថា មិនអាចផ្តល់ចម្លើយដ៏គួរឲ្យជឿជាក់បានឡើយ។
ព្រោះក្នុងផ្នត់គំនិតរបស់ប្រជាជនជប៉ុន អ្នកដែលបានស្លាប់ទៅមិនមែនគ្រាន់តែជាព្រលឹងដែលត្រូវទុកចោលនោះទេ។ ពួកគេនៅតែមានវត្តមាន នៅតែតាមមើលថែកូនចៅ។
មានពាក្យមួយឃ្លាដែលប្រជាជនជប៉ុនយើងខ្ញុំតែងតែស្តាប់ឮកាលពីក្មេង៖
- “お天道様が見ているよ – Otentosama ga miteiru yo”.
បកប្រែថា៖
- “ទេវតាកំពុងមើល។”
តាមពិតទៅ お天道様 – Otentosama មានន័យថាព្រះអាទិត្យ។
ហើយព្រះអាទិត្យគឺជានិមិត្តសញ្ញានៅកណ្តាលរបស់សាសនាស៊ីនតូ។ ព្រះអាទិត្យគឺជាអាទិទេព។
ដូច្នេះហើយ ទោះបីជាគ្មានការពន្យល់បន្ថែមក៏ដោយ ខ្លឹមសារនៅតែត្រូវបានបង្ហាញយ៉ាងពេញលេញ។
ប្រសិនបើមនុស្សគ្រប់គ្នាសុទ្ធតែជឿលើចំណុចនេះ ប្រហែលជាប៉ូលីស ច្បាប់ និងតុលាការមិនចាំបាច់មានទៀតទេ។ ប៉ុន្តែជាក់ស្តែងមិនល្អឥតខ្ចោះដូច្នេះនោះទេ មនុស្សនៅតែជាមនុស្ស។ ដូច្នេះហើយ ប្រទេសជប៉ុននៅតែត្រូវការច្បាប់ ប៉ូលីស និងការវិនិច្ឆ័យ។
ច្បាប់អាចចងមនុស្សតាមរយៈការដាក់ទណ្ឌកម្ម ប៉ុន្តែទម្រង់នៃការដាក់ទណ្ឌកម្មអាចបង្កើតជាផ្នត់គំនិត “ឲ្យតែប៉ូលីសមិនចាប់បាន” ឬ “លួចលាក់បន្តិចឲ្យតែមិនបំពានច្បាប់ទៅបានហើយ” ។
ទោះជាយ៉ាងណា ជំនឿដែលថា “មាននរណាម្នាក់កំពុងមើលឃើញ” បែរជាលើសពីផ្នត់គំនិតខ្លាំងណាស់។
ព្រោះក្រសែភ្នែកនោះមិនត្រឹមតែមើលឃើញសកម្មភាព វាប៉ះពាល់ដល់សតិសម្បជញ្ញៈ។ ហើយពេលខ្លះ អ្វីដែលធ្វើឲ្យមនុស្សខ្លាចប្រព្រឹត្តរឿងអាក្រក់មិនមែនជាភាពភ័យខ្លាចការដាក់ទណ្ឌកម្មនោះទេ… ប៉ុន្តែជាភាពអាម៉ាស់នៅពេលដែលដឹងថាខ្លួនកំពុងត្រូវមើលឃើញ។
ប្រហែលជា ដើម្បីចិញ្ចឹមបីបាច់មនុស្សឲ្យរស់នៅប្រកបដោយភាពទៀងត្រង់ អ្វីដែលចាំបាច់មិនមែនគ្រាន់តែជាការដាក់ទណ្ឌកម្មនោះទេ។ ពេលខ្លះជាអារម្មណ៍ដែលថា ទោះក្នុងស្ថានភាពងងឹតគ្មាននរណាមើលឃើញ នៅតែមានក្រសែមួយកំពុងតាមមើលយើង។
ប្រហែលនោះជាអាទិទេព។
ប្រហែលជាដូនតា។
ប្រហែលជាទេវតា។
ឬប្រហែលជា… នោះជាផ្នែកមួយនៃសតិសម្បជញ្ញៈក្នុងជម្រៅចិត្តរបស់មនុស្សម្នាក់ៗ។
ហើយប្រហែលជា អ្វីដែលរក្សាឲ្យមនុស្សដើរតាមផ្លូវល្អមិនមែនជាភាពភ័យខ្លាចឋាននរកនោះទេ ប៉ុន្តែជាជំនឿដែលថា “គ្មានអ្វីអាចលាក់បាំងបានទេ” ។
ព្រោះនៅកន្លែងណាមួយក្នុងពិភពដែលមើលឃើញ និងមើលមិនឃើញនេះ តែងតែមានក្រសែភ្នែកមួយកំពុងសម្លឹងមើលយើង។
Abe Kengo
