ប្រជាជន​ជប៉ុន​ចូល​ចិត្ត​រដូវ​ស្លឹក​ឈើ​ជ្រុះ​មិន​មែន​ដោយ​សារ​តែ​ភាព​ស្រស់​ស្អាត​របស់​វា​ប៉ុណ្ណោះ​ទេ

ប្រជាជន​ជប៉ុន​ចូល​ចិត្ត​រដូវ​ស្លឹក​ឈើ​ជ្រុះ​មិន​មែន​ដោយ​សារ​តែ​ភាព​ស្រស់​ស្អាត​របស់​វា​ប៉ុណ្ណោះ​ទេ។

រដូវក្ដៅស្អុះស្អាប់បានកន្លងផុតទៅ នៅពេលដែលកម្តៅចាប់ផ្តើមកាត់បន្ថយ រដូវកាលចាប់ផ្តើមប្រែ​ប្រួល ជា​ពេល​ដែល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់។

នៅប្រទេសជប៉ុន នៅពេលដែលរដូវស្លឹកឈើជ្រុះមកដល់ ដើមឈើបៃតងខៀវស្រងាត់ចាប់ផ្តើមប្រែ​ទៅ​​ជា​​ពណ៌​​លឿង និង​ក្រហម​បន្តិច​ម្តងៗ។ ស្រដៀងគ្នាទៅនឹងផ្កាសាគូរ៉ានៅរដូវផ្ការីក រដូវស្លឹក​ឈើ​ជ្រុះ​នាំ​មក​នូវទេសភាព​ស្រស់​ស្អាតទាក់ទាញអារម្មណ៍។

ប៉ុន្តែប្រហែលជាចំណុចដែលធ្វើឲ្យប្រជាជនជប៉ុនចូលចិត្តរដូវស្លឹកឈើជ្រុះមិនមែនព្រោះតែសម្រស់​នៅ​ចំពោះ​មុខ​នោះ​ទេ។ គឺជាពេលដែលមនុស្សមើលឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូររដូវកាល ក៏ដូចជាយល់អំពី​កម្លាំងដ៏អស្ចារ្យរបស់ធម្មជាតិ និងសម្រស់ដ៏ផុយស្រួយនៃជីវិតដែលកំពុងផ្លាស់​ប្តូរ​ទៅ​តាម​រដូវ​កាល។

សង្ឃឹមថារឿងនេះនឹងជួយឲ្យប្រិយមិត្តទាំងអស់គ្នាយល់អំពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​របស់​ជប៉ុនកាន់តែសុីជម្រៅ និង​​ស្រទន់​​ជាង​​មុន។

សម្រាប់​អ្នក​ដែល​បានសិក្សា ឬ​កំពុង​រៀនភាសាជប៉ុន ប្រហែលជាធ្លាប់ឆ្ងល់ថា តើពាក្យ “紅葉 – ស្លឹក​ក្រហម” គួរ​តែ​អានបែបណាទើបត្រូវ? តាមពិតទៅ ពាក្យនេះមានរបៀបអានពីរ ហើយរបៀប​នីមួយៗ​មាន​​​អត្ថន័យ​​ខុសៗ​​គ្នា។

របៀបអានទីមួយគឺ こうよう (koyo) ។

ជាទូទៅពាក្យនេះប្រើសម្រាប់សំដៅលើបាតុភូតស្លឹកឈើប្រែទៅជាពណ៌លឿង ឬក្រហមនៅរដូវស្លឹក​ឈើ​ជ្រុះ មិនមែនសំដៅទៅលើប្រភេទរុក្ខជាតិជាក់លាក់ណាមួយឡើយ។

របៀបអានទីពីរគឺ もみじ (momiji) ។

នេះជាពាក្យដែលប្រើសម្រាប់សំដៅទៅលើប្រភេទដើមម៉េផល។

ហើយស្លឹកដើមម៉េផលពណ៌ក្រហមស្រស់ ស្រស់ស្អាតប្រៀបបីដូចជាកំពុងឆេះកណ្តាលព្រៃភ្នំ គឺជារូប​ភាព​ដ៏ល្បីល្បាញបំផុតដែលបង្កើតបានជាភាពស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះ។

ហេតុអ្វីបានជាស្លឹកឈើនៅរដូវស្លឹកឈើជ្រុះស្រស់ស្អាតដូច្នេះ?

ជារៀងរាល់ឆ្នាំ យើងអាចគយគន់ទេសភាពរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែតាមពិតទៅ មិនមែនឆ្នាំណាស្លឹកឈើក៏ស្អាតដូចគ្នានោះទេ។ នៅឆ្នាំដែលមានរដូវក្តៅខ្លាំង អាកាសធាតុស្រាប់តែប្រែជាត្រជាក់ ស្លឹកឈើច្រើនតែប្តូរពណ៌ស្រស់ឆើតឆាយ ដែលបង្កើតបានជាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

ម្យ៉ាងវិញទៀត ដើម្បី​បង្កើតបានជារដូវស្លឹកឈើជ្រុះ​ដ៏​ស្រស់​ស្អាត ធម្មជាតិត្រូវផ្អែកទៅលើសីតុណ្ហភាព​​​រវាង​​ពេល​​ថ្ងៃ ​និង​​ពេល​​យប់។

នៅពេលថ្ងៃកម្តៅធ្វើឲ្យយើងគិតភ្លាមដល់រដូវក្តៅស្អុះស្អាប់ដែលមិនអាចទ្រាំបាន។ នៅពេល​យប់​បែរជាចុះត្រជាក់ ហាក់បីដូចជាកំពុងប្រាប់ថារដូវរងាជិតមកដល់។ ក្នុងមួយថ្ងៃមានការប្រែប្រួល​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ជាការពិតណាស់ ប្រសិនបើមានជម្រើស ប្រហែលជាមនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ឲ្យអាកាសធាតុ​ល្អ។ យ៉ាងណាមិញ ប្រសិនបើខ្វះលក្ខខណ្ឌអាក្រក់ទាំងនោះ ស្លឹកឈើប្រហែលជាមិនអាចបង្ហាញ​ពណ៌​ដ៏​ស្រស់​ស្អាត​បែប​នេះ​បាន​ទេ។

អាកាសធាតុកាន់តែអាក្រក់ ស្លឹកឈើកាន់តែស្រស់ស្អាត ប្រៀបបីដូចជាអំណោយពីធម្មជាតិ។ ហាក់​បី​ដូចជាតាមរយៈស្លឹកឈើនៃរដូវស្លឹក​ឈើ​ជ្រុះ ធម្មជាតិ​កំពុង​ប្រាប់​ថា​ពេល​វេលា​ដ៏​លំបាកបាន​​កន្លង​​ផុត​​ទៅ និងការផ្តល់កម្លាំងចិត្តសម្រាប់រដូវរងាដ៏ត្រជាក់នាពេលខាងមុខ។

រដូវស្លឹកឈើជ្រុះនៅប្រទេសជប៉ុនមិនមែនគ្រាន់តែជារដូវកាលដើមឈើប្រែជាពណ៌ក្រហមនោះទេ។ ហើយ​នោះ​ក៏​ជា​រដូវកាល​ដែលដំណាំធម្មជាតិមានរសជាតិឆ្ងាញ់បំផុតផងដែរ។

នៅលើភ្នំមានផ្សិតម៉ាតស៊ូតាកេ ដែលជាប្រភេទផ្សិតដ៏មានតម្លៃមានក្លិនឈ្ងុយពិសេស។ នៅក្នុងសមុទ្រមានត្រីដាវ និងត្រីធូណា ក៏ជារដូវដែលឆ្ងាញ់បំផុតផងដែរ។

បន្ទាប់ពីរដូវក្តៅស្អុះស្អាប់បានធ្វើឲ្យមនុស្សអស់កម្លាំង គ្មានចំណង់អាហារ ស្លឹកឈើជ្រុះប្រៀបបី​ដូច​ជា​ការ​អញ្ជើញ​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ

រដូវរងានៅប្រទេសជប៉ុនត្រជាក់ខ្លាំងណាស់ ប្រភេទសត្វព្រៃមួយចំនួនដូចជាខ្លាឃ្មុំត្រូវសុីចំណីឲ្យបានច្រើនក្នុងរដូវស្លឹកឈើជ្រុះដើម្បីស្តុកទុកថាមពល បន្ទាប់មកសម្ងំគេង ហើយរង់ចាំរហូតដល់រដូវផ្ការីកត្រឡប់មកវិញ។

មនុស្សមិនអាចសម្ងំគេងនៅរដូវរងាបានទេ យើងនៅតែត្រូវធ្វើការ នៅតែត្រូវដើរទៅមុខឆ្លងកាត់​រដូវ​រងា​ដ៏​ត្រជាក់។

ដូច្នេះហើយ រដូវស្លឹកឈើជ្រុះក៏ដូចជាពេលវេលាដែលត្រៀមសម្រាប់រដូវកាលដ៏​លំបាក​បំផុត​ក្នុងមួយ​ឆ្នាំង​ផងដែរ។

ម្ហូបឆ្ងាញ់ៗនៃរដូវស្លឹកឈើជ្រុះ ប្រហែលជាពិធីជប់លៀងចុងក្រោយមុននឹងឈានចូលរដូវរងា ដែលធម្មជាតិប្រទានឲ្យមនុស្សជាតិ ដែលប្រៀបបីដូចជាការលួងលោមចិត្តត្រៀមឆ្លងកាត់រដូវ​រងា។

យ៉ាងណាមិញរដូវរងានឹងកន្លងផុតទៅ។

បន្ទាប់ពីស៊ូទ្រាំនឹងរដូវរងា រដូវផ្ការីកបានវិលត្រឡប់មកវិញជាមួយនឹងផ្កាសាគូរ៉ាធ្លាក់ចុះយ៉ាងស្រទន់​តាម​ខ្យល់។

ប្រសិនបើរដូវស្លឹកឈើជ្រុះជាអំណោយមុនពេលដែលរដូវរងាមកដល់ ចំណែកឯផ្កាសាគូរ៉ាប្រហែលជា​រង្វាន់​សម្រាប់​អ្នកដែលស៊ូទ្រាំនឹងរដូវរងាយ៉ាងក្លាហាន។

គេ​និយាយ​ថា ផ្កាសាគូរ៉ា​នឹង​មិន​អាច​រីក​បាន​យ៉ាង​ស្រស់​ស្អាត​បែប​នេះនោះទេ ប្រសិនបើមិនស៊ូទ្រាំ​នឹង​ភាព​ត្រជាក់​ខ្លាំង​នៃ​រដូវរងា។

ពិតជាអស្ចារ្យណាស់…

អាកាសធាតុអាក្រក់ដែលមិនចង់ឃើញ ពេលខ្លះបែរជាបង្កើតបានជាភាពស្រស់ស្អាត។ ធម្មជាតិតែងតែបង្រៀនយើងពីចំណុចទាំងនេះ។

ធម្មជាតិនាំមកនូវអាកាសធាតុ​ក្តៅ​ខ្លាំង ពេល​យប់​ប្រែ​ជា​ត្រជាក់​បំផុត រដូវរងាដ៏លំបាក។ ប៉ុន្តែទន្ទឹម​នឹង​នោះ ធម្មជាតិក៏នាំមកនូវសម្រស់ដ៏ស្រស់ស្អាត អាហារឆ្ងាញ់ៗ និងរដូវផ្ការីកគ្រប់កន្លែង​ផង​ដែរ។

ហាក់បីដូចជាបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនោះ ធម្មជាតិប្រទានអំណោយដល់យើងទាំងអស់​គ្នា​ជា​រង្វាន់​សម្រាប់​ការខិតខំប្រឹងប្រែង។ ប្រសិន​បើ​ដូច្នេះ​មែន ប្រហែល​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ ក៏​ដូច​​ជា​រដូវ​ផ្កាសាគូរ៉ា គឺជារង្វាន់ដែលធម្មជាតប្រទានដល់មនុស្សជាតិបន្ទាប់ពីការខិតខំប្រឹងប្រែង​អស់​រយៈ​ពេល​មួយ​ឆ្នាំ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: