ហេតុអ្វីបានជាប្រជាជនជប៉ុនចូលចិត្តបបួលគ្នាទៅផឹកស្រា?
ហេតុអ្វីបានជាប្រជាជនជប៉ុនចូលចិត្តបបួលគ្នាទៅផឹកស្រា?
កាលពីពេលថ្មីៗនេះ JAPO ទទួលបានសំណួរមួយពីប្រិយមិត្តអ្នកអាន ដោយមានខ្លឹមសារដូចខាងក្រោម៖
“ហេតុអ្វីបានជាបុរសជនជាតិជប៉ុនតែងតែទៅផឹកស្រា?”
នេះជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ហើយនៅថ្ងៃនេះយើងខ្ញុំសូមអនុញ្ញាតឆ្លើយតបសំណួរមួយនេះ។ ចូរយើងតាមដានទាំងអស់គ្នា។
វប្បធម៌ផឹកស្រារបស់ជប៉ុនត្រូវបានចាត់ទុកថាមានដើមកំណើតប្រហែល ២០០០ ឆ្នាំមុន។ ដំបូងឡើយ នោះជាពិធីដែលមានអត្តន័យដ៏ពិសិដ្ឋ ដែលជាប់ទាក់ទងនឹងស្រីក្រមុំ (miko – 巫女) – នារីព្រហ្មចារីដែលបម្រើនៅទីសក្ការៈបូជាស៊ីនតូ។ ទោះជាយ៉ាងណា ក្នុងខ្លឹមសារអត្តបទថ្ងៃនេះយើងខ្ញុំសូមមិននិយាយពីចំណុចនេះទេ។
លើកនេះ យើងខ្ញុំសូមចែករំលែកអំពីវប្បធម៌ផឹកស្រារបស់ប្រជាជនជប៉ុនប្រហែលពី ៤០-៥០ ឆ្នាំមុន និងនៅក្នុងសង្គមជប៉ុនសម័យបច្ចុប្បន្ន។
នៅប្រទេសជប៉ុនមានវប្បធម៌មួយហៅថា “飲みニケーション – nomi-nication” ភ្ជាប់រវាង nomi (ផឹកស្រា) និង communication (ប្រាស្រ័យទាក់ទង) ។
និយាយឲ្យងាយយល់ នេះជាការផឹកស្រាជាមួយគ្នាដើម្បីបង្កើតភាពស្និទ្ធស្នាលជាងមុន។
ប្រហែលជាដោយសារតែប្រជាជនជប៉ុនមិនងាយនិយាយពីគំនិតរបស់ខ្លួនក្នុងស្ថានភាពធម្មតា ដូច្នេះពួកគេចង់ពឹងទៅលើស្រា ដើម្បីកាត់បន្ថយគម្លាតរវាងមនុស្ស និងមនុស្ស។
ក្រៅពីនេះថែមទាំងមានទស្សនៈមួយហៅថា “無礼講 (bureiko)” ។ ពាក្យនេះសំដៅទៅលើពេលដែលអង្គុយផឹកស្រា មិនបែងចែកថ្នាក់លើ ឬថ្នាក់ក្រោម ឋានៈ ឬវណ្ណៈនោះទេ មនុស្សគ្រប់គ្នាអាចជជែកគ្នាដោយស្មើភាព។
ដោយសារតែពាក្យនេះ ខ្ញុំធ្លាប់បានទះក្បាលថ្នាក់លើដែលទំពែករបស់ខ្លួនក្នុងពិធីជប់លៀងផឹកស៊ី ហើយលទ្ធផលត្រូវស្តីបន្ទោសយ៉ាងខ្លាំង។ ដូច្នេះហើយ ចូរចាំពាក្យថា “មិនបែងចែកឋានៈ” គ្រាន់តែជាការនិយាយលេងពេលផឹកស្រាប៉ុណ្ណោះ។
តាមពិតទៅ ការដែលទៅផឹកស្រាជាមួយភ្ញៀវគ្រាន់តែដើម្បីគោលបំណងជជែកគ្នាពេលផឹកស្រា ភាគីទាំងពីរមានភាពជិតស្និទ្ធ និងបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើង។
នៅពេលដែលគម្រោងធំចាប់ផ្តើម នៅពេលដែលគម្រោងបញ្ចប់ នៅពេលដែលមានអ្នកថ្មីចូលធ្វើការក្នុងក្រុមហ៊ុន ឬនរណាម្នាក់លាឈប់ពីការងារជាដើម។ មានឱកាសជាច្រើនសម្រាប់ប្រជាជនជប៉ុនរៀបចំពិធីជប់លៀងផឹកស្រាបែបនេះ។
មូលហេតុមួយផ្សេងទៀតផ្តើមចេញពីបរិស្ថានរស់នៅរបស់ប្រជាជនជប៉ុន។
លំនៅដ្ឋានតាមបណ្តាទីក្រុងរបស់ជប៉ុនច្រើនតែមានទំហំតូច ទម្រង់គ្រួសារនុយក្លេអ៊ែរក៏ពេញនិយមណាស់ដែរ (គ្រួសារនុយក្លេអ៊ែរគឺជាទម្រង់គ្រួសារតូចដែលមានតែពីរជំនាន់ប៉ុណ្ណោះ គឺគូស្វាមីភរិយា និងកូនដែលមិនទាន់ពេញវ័យ ឬមិនទាន់រៀបការរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ) ។ ហើយភាគច្រើនគ្មាននរណាជួលអ្នកសម្អាតផ្ទះនោះទេ។
ដូច្នេះហើយ ប្រសិនបើរៀបចំពិធីជប់លៀងនៅផ្ទះ អ្នកដែលលំបាកបំផុតគឺប្រពន្ធ។
បន្ទាប់ពីគ្រប់គ្នារីករាយនឹងពិធីជប់លៀងរួច ការដែលធ្វើយ៉ាងណាលួងលោមប្រពន្ធឲ្យបាត់ខឹងគឺជាបញ្ហាដ៏ធំមួយ។ ដូច្នេះហើយ បុរសជប៉ុនគ្មាននរណាចង់នាំមិត្តភក្តិផឹកស៊ីមកផ្ទះនោះទេ។ នោះជាមូលហេតុដែលពួកគេតែងតែចេញទៅក្រៅផឹកស្រា។
ប្រសិនបើរាប់ទាំងប្រាក់ទិញអំណោយលួងលោមប្រពន្ធបន្ទាប់ពីនោះ ការដែលចេញទៅផឹកខាងក្រៅពេលខ្លះថោកជាងទៀតផង។
ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះទៅផឹកស្រាម្នាក់ឯងផងដែរ។ មនុស្សម្នាក់ៗមានហេតុផលខុសៗគ្នា។
ទោះជាយ៉ាងណា អាចនិយាយបានថា ភាគច្រើនមូលហេតុកើតចេញពីភាពឯកា។
ហាក់បីដូចជាគូស្វាមីភរិយាជនជាតិជប៉ុនកម្រចុះសម្រុងគ្នា ឬមានចំណងអាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចនៅប្រទេសដទៃទៀតណាស់។
នៅពេលដែលមានអារម្មណ៍ថាខ្លួនលែងមានកន្លែងនៅក្នុងផ្ទះរបស់ខ្លួន បុរសច្រើនតែមានទំនោរទៅផឹកស្រាក្រោយពេលធ្វើការ។
នៅប្រទេសជប៉ុនមានគ្រួសារជាច្រើន ប្រពន្ធតែងតែមើលងាយប្តី។ បុរសច្រើនតែស្តាប់ប្រពន្ធរអ៊ូរទាំ ត្អូញត្អែរទាក់ទងនឹងបញ្ហាដូចជាប្រាក់ខែ ឬមិនឡើងឋានៈក្នុងការងារ។ ពាក្យសម្ដីអាក្រក់ទាំងនោះ ថែមទាំងត្រូវភាគីព្រងើយកន្តើយ អាចនឹងធ្វើឲ្យបុរសមានអារម្មណ៍ថាខ្លួនមិនទទួលបានការគោរព។
ហើយបន្ទាប់មកពួកគេចាប់ផ្តើមទៅរកមនុស្សស្រីដែលមានភាពទន់ភ្លន់ អាចជជែកគ្នាពេលផឹកស្រា។ ដូច្នេះពួកគេក៏ទៅបារ ក្លឹបរាត្រី ស្វែងរកមនុស្សស្រីវ័យក្មេងដើម្បីបំបាត់កង្វល់។
មនុស្សស្រីដែលធ្វើការនៅកន្លែងទាំងនោះ អ្នកខ្លះស្អាត អ្នកខ្លះមិនស្អាតនោះទេ ប៉ុន្តែប្រាកដជាមានភាពទន់ភ្លន់។ ជាការពិតណាស់ ភាគច្រើនភាពទន់ភ្លន់ទាំងនោះព្រោះតែការងារ ព្រោះតែដើម្បីរកប្រាក់ពួកគេបង្ខំចិត្តនិយាយស្តីសប្បាយរីករាយ។
ប៉ុន្តែមានបុរសមួយចំនួនបែរជាយល់ច្រឡំថានោះជាការស្រលាញ់ពិត ហើយតែងតែមករកនាង។ ពួកគេសង្ឃឹមថានៅថ្ងៃណាមួយអាចធ្វើជាសង្សាជាមួយនារីដែលពួកគេចូលចិត្តជាផ្លូវការ ព្រោះតែជឿថានាងក៏ចូលចិត្តខ្លួនដែរ។
ក្រៅពីមនុស្សដូចខាងលើ បុរសដែលឯកោច្រើនតែគ្មានមនុស្សស្រីអើពើនោះទេ ក៏មានការស្រមើស្រមៃស្រដៀងគ្នាដែរ។ តែងតែស្រមៃថានៅថ្ងៃណាមួយអាចឳបស្រីស្អាតក្នុងដៃ ដូច្នេះទើបតែងតែទៅកាន់ហាងដែលមានបុគ្គលិកស្រីបម្រើការ។
ក្នុងនាមជាអ្នកជំនួញ ខ្ញុំតែងតែទៅកាន់ហាងដែលមានបុគ្គលិកស្រីបម្រើការដើម្បីជួបអតិថិជន។ ជាពិសេសនៅពេលដែលចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូ ប៉ុន្តែប្រសិនបើមានតែបុរសអង្គុយផឹកជាមួយគ្នា បរិយាកាសដូចជាសោះកក្រោះពេក។ ក្នុងស្ថានភាពបែបនេះ ខ្ញុំនឹងនាំភ្ញៀវទៅកាន់កន្លែងដែលផ្លាស់ប្តូរបរិយាកាស នៅទីនោះ មនុស្សស្រីដែលស្រស់ស្អាត និងឆ្លាតវៃអាចបង្កើតការជជែកកម្សាន្តកាន់តែគួរចាប់អារម្មណ៍ ហើយធ្វើឲ្យបរិយាកាសកាន់តែអ៊ូអរ។ នៅពេលដែលបរិយាកាសកាន់តែប្រសើរឡើង អតិថិជនមានអារម្មណ៍សប្បាយរីករាយ ដូច្នេះការជជែកគ្នាក៏កាន់តែងាយស្រួលផងដែរ។
យ៉ាងណាមិញ ស្រាគ្រាន់តែជាភេសជ្ជៈមួយប្រភេទប៉ុណ្ណោះ។ ប៉ុន្តែក្នុងវប្បធម៌ជប៉ុន នៅពេលខ្លះវាជាស្ពានតភ្ជាប់រវាងមនុស្ស និងមនុស្ស។
មានរឿងខ្លះ ធម្មតាពិបាកនិយាយខ្លាំងណាស់ ប៉ុន្តែនៅពេលដែលអង្គុយផឹកស្រាមួយកែវ ហាក់បីដូចជាលែងមានគម្លាត។ ថ្នាក់លើ និងថ្នាក់ក្រោម មិត្តរួមការងារ និងដៃគូ ជាមនុស្សដែលយើងមិនធ្លាប់ស្គាល់… កាន់តែមានភាពស្និទ្ធស្នាលគ្នាតាមរយៈការជជែកគ្នាដែលហាក់បីដូចជាមិនសំខាន់ទៅវិញ។
ជាការពិតណាស់ សម័យកាលកំពុងផ្លាស់ប្តូរ។ យុវវ័យសព្វថ្ងៃនេះលែងចាត់ទុកការផឹកស្រាក្រោយពេលធ្វើការជាកាតព្វកិច្ចទៀតហើយ ហើយការជជែកគ្នាក៏មិនចាំបាច់ត្រូវផឹកស្រានោះដែរ។
ប៉ុន្តែមិនថាផឹក ឬអត់នោះទេ អ្វីដែលសំខាន់បំផុតប្រហែលជាការបង្កើតពេលវេលាសម្រាប់មនុស្សអង្គុយចុះ ហើយជជែកគ្នា។
ស្រាអាចជួយឲ្យយើងបើកចិត្ត ប៉ុន្តែអ្នកដែលកំណត់ថាទំនាក់ទំនងនោះល្អ ឬអត់… គឺអាស្រ័យទៅលើយើង។
ដូច្នេះហើយ ប្រសិនបើចង់ផឹក ផឹកល្មមដើម្បីបង្កើតភាពស្និទ្ធស្នាលនឹងគ្នា កុំផឹកច្រើនរហូតដល់ថ្នាក់អាចនឹងធ្វើឲ្យអ្នកស្តាយក្រោយ។ ហើយសូមចងចាំថា កុំវាយក្បាលរបស់ថ្នាក់លើដូចដែលខ្ញុំបានធ្វើពីមុនឲ្យសោះ។
Abe Kengo
